លោក ចាន់ វិបុល អ្នកស្រាវជ្រាវឯករាជ្យត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ បន្ទាប់ពីលោកចូលរួមក្នុងសិក្ខាសាលាមួយនៅក្នុងខែឧសភានេះ ដែលរៀបចំដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) នេះបើយោងតាមសេចក្តីថ្លែងការណ៍តុលាការខេត្តរតនគិរីកាលពីល្ងាចថ្ងៃអង្គារ។
លោក វិបុល ដែលមិនមែនជាបុគ្គលិក CCFC គឺជាមនុស្សទី៤ ដែលត្រូវបានចោទប្រកាន់ដោយសារចូលរួមសិក្ខាសាលាច្រើនថ្ងៃនៅខេត្តរតនគិរី។ យោងតាមលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីបានឲ្យដឹងថា តុលាការបានចេញដីកាចាប់ខ្លួនលោក វិបុល។
បន្ទាប់ពីពិនិត្យភស្តុតាងរួច តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានរកឃើញនូវតម្រុយដែលអាចសន្មតថា «ការលួចជួបជុំនេះ មានខ្លឹមសារក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់កសិករឲ្យងើបបះបោរ បង្កឲ្យមានចលាចលសង្គមនិងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព» នេះបើតាមសេចក្តីថ្លែងការណ៍ថ្ងៃអង្គាររបស់តុលាការ។
លោក ពិសុទ្ធ មានប្រសាសន៍ថា៖ «ចៅក្រមស៊ើបសួរកំពុងស៊ើបអង្កេតបន្ថែមលើកុំព្យូទ័ររបស់ពួកគេនិងឯកសារមួយចំនួន» ។ ប៉ុន្តែលោកបដិសេធមិនចែករំលែកព័ត៌មានបន្ថែមអំពីភស្តុតាងជាក់លាក់ ដែលគាំទ្រការចោទប្រកាន់របស់តុលាការទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការបានឱ្យដឹងថា អ្នកចូលរួមសិក្ខាសាលារបស់ CCFC ជាច្រើននាក់ត្រូវបានប្រមូលទូរសព្ទទុក ហើយដាក់ក្នុងកេសទឹកសុទ្ធ ចំណែកកាមេរ៉ាសុវត្ថិភាពត្រូវបានគេបង្វិលចុះក្រោម មិនឲ្យឃើញសកម្មភាពនៅក្នុងសិក្ខាសាលា។
កាលពីថ្ងៃចន្ទ តុលាការចោទប្រកាន់ដូចគ្នាពីបទរួមគំនិតក្បត់ និងញុះញង់លើលោក ថេង សាវឿន ប្រធាន CCFC និងសហការីពីររូបទៀត ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី១៧ ខែឧសភា ហើយត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅដើមសប្តាហ៍នេះ។
កាលពីសប្តាហ៍មុន លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចោទប្រកាន់អ្នកចូលរួមសិក្ខាសាលាថា មានផែនការធ្វើ «បដិវត្តន៍កសិករ» ដែលតំណាង និងអ្នកគាំទ្ររបស់ CCFC បានបដិសេធម្តងហើយម្តងទៀត។
ការចោទប្រកាន់លើអ្នកចូលរួមសិក្ខាសាលា ទាំងបួននាក់នេះធ្វើឡើងតាមមាត្រា៤៥៣ ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បទរួមគំនិតក្បត់ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំនិងពិន័យជាប្រាក់ ៤លានរៀល ប្រមាណ៩៧២ដុល្លារ។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា លោកស្រងាកចិត្តចំពោះការសន្មត់របស់តុលាការអំពីសិក្ខាសាលារបស់ CCFC ថា ជាការជួបជុំ «សម្ងាត់» ដែលផ្ទុយពីការពិភាក្សាផ្ទៃក្នុងជាប្រចាំនោះ។
លោកបានមានប្រសាសន៍ថា៖ «វាគួរឲ្យព្រួយបារម្ភមែនទែន ព្រោះជាធម្មតាអង្គការសង្គមស៊ីវិលសហការគ្នាក្នុងការឃ្លាំមើល និងបណ្តុះបណ្តាលពលរដ្ឋអំពីសិទ្ធិរបស់ពួកគេ។ នៅក្នុងកិច្ចប្រជុំទូទៅ គេមិនចង់បង្ហាញពីអ្វីដែលពួកគេកំពុងពិភាក្សាជាសាធារណៈទេ ហើយខ្ញុំជឿថា ស្ថាប័នផ្សេងទៀតដែលមានកិច្ចប្រជុំក៏មិនចង់ឱ្យមនុស្សគ្រប់គ្នាដឹងអំពីកិច្ចប្រជុំរបស់ខ្លួនដែរ»។
លោកបានបន្ថែមថា៖ «វានឹងធ្វើឲ្យអង្គការសង្គមស៊ីវិលផ្សេងទៀតព្រួយបារម្ភអំពីការរៀបចំការជួបប្រជុំ ដោយសារអាចមានការចោទប្រកាន់ណាមួយ»។
លោក វិបុល ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំ២០១៣។
ក្នុងនាមជាអ្នកស្រាវជ្រាវឯករាជ្យ លោក វិបុល បានផលិតរបាយការណ៍សម្រាប់អង្គការនានា ដែលផ្តល់នូវទិដ្ឋភាពទូទៅ នៃប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងអនុសាសន៍សម្រាប់កែលម្អរការងារសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក វិបុល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក វិបុល បានសរសេរនៅលើ Linkedin របស់លោកថា គាត់កំពុងស្រមៃចង់ឃើញមនុស្សគ្រប់គ្នារស់នៅក្នុងសន្តិភាពនិងសេចក្តីថ្លៃថ្នូរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Researcher Chan Vibol Charged with Plotting for CCFC Workshop Participation