ពលរដ្ឋដែលរស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានសាទរចំពោះការស្ថាបនាផ្លូវថ្មី បន្ទាប់ពីពួកគេលើកឡើងថា មានបញ្ហាសុខភាព និងប៉ះពាល់ដល់ការរកស៊ី ដោយសារតែផ្លូវនេះពីមុនមានសភាពហុយខ្លាំង។
ផ្លូវលំមួយខ្សែប្រវែងជិត៤គីឡូម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ២ ទៅរមណីយដ្ឋានន្លេបាទី កំពុងរៀបចំក្រាលកៅស៊ូ បន្ទាប់ពីផ្អាកការសាងសង់ជាច្រើនខែបណ្តាលឱ្យផ្លូវនេះហុយខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
កំឡុងពេលហុយខ្លាំង ពលរដ្ឋនៅតំបន់នោះបានលើកឡើងពីបញ្ហាផ្សេងៗគ្នា ដោយពលរដ្ឋខ្លះថាធូលីទាំងនោះធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអនាម័យក្នុងការរស់នៅរបស់ពួកគេ ឯពលរដ្ឋខ្លះទៀត បាននិយាយថា ផ្លូវមិនស្អាត ដីហុយ ធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មលក់ដូរប្រចាំថ្ងៃផងដែរ។
ជាពលរដ្ឋមួយរូប ដែលកន្លងមកបានលើកឡើងពីបញ្ហាប្រឈមនានា ដោយសារតែដីហុ អ្នកស្រី ជា ស្រីនីន បានប្រាប់ឱ្យដឹងថា នៅពេលនេះអ្នកស្រីមានការសប្បាយចិត្ត ត្បិតផ្លូវដែលធ្លាប់តែហុយធ្វើឱ្យប៉ះពាល់សុខភាព និងរំខានដល់ការប្រកបរបររកស៊ី កំពុងតែស្ថាបនាជាបណ្ដើរៗហើយ ដោយក្រាលកៅស៊ូលើផ្លូវប្រវែងជិត៤គីឡូម៉ែត្រ។
អ្នកស្រី នីន លើកឡើងថា៖ «សប្បាយចិត្តហ្នឹងហើយបង បានរៀបចំលក់ដូរវិញ លែងហុយគេចាប់ផ្ដើមធ្វើជាងមួយអាទិត្យហើយ»។
អ្នកស្រី នីន រំលឹកកាលពីផ្លូវនៅហុយថា ផ្លូវនេះចាប់ផ្ដើមហុយតាំងពីមានក្រុមហ៊ុនមួយដែលបើកការដ្ឋានឈូសឆាយដីតំបន់ក្បែរភូមិអ្នកស្រី ហើយវាបានក្លាយជាដើមចមដែលធ្វើឱ្យអ្នករស់នៅជិតផ្លូវមានបញ្ហាសុខភាព ដូចជាក្មេងតូចៗ មានបញ្ហា ក្អក ផ្ដាសាយ ចំណែកមនុស្សចាស់ដែលមានសុខភាពខ្សោយស្រាប់ កើតជំងឺផ្លូវដង្ហើមជាដើម ខណៈរូបអ្នកស្រីដែលកើតជំងឺដុះសាច់ច្រមុះស្រាប់ ក៏បង្កឱ្យជំងឺនេះវិវត្តន៍ទៅជាធ្ងន់ធ្ងរផងដែរ ដោយសារតែបញ្ហាដីហុយនេះ។
អ្នកស្រី នីន ឱ្យដឹងថា៖ «ក្មេងៗតូចដូចប្អូនជីទួតមួយគ្នាក្មេងៗឃើញឈឺរហូត ក្ដៅខ្លួនផ្ដាសាយ ចុះដីប៉ះជាមួយច្រមុះហ៎។ ដុះសាច់ច្រមុះខ្ញុំតាំងពីតូច តែពេលប៉ះជាមួយធូលី វាកាន់តែអាលេកហ្ស៊ី ចំណែកប្ដីខ្ញុំគាត់ដុះសាច់ច្រមុះដែរ ឥឡូវកំពុងធ្វើទុក្ខ»។
មិនខុសពីអ្នកស្រី នីន ពលរដ្ឋមួយរូបទៀត ដែលរស់នៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ គឺអ្នកស្រី តឹប សុភាព អាយុ៥៣ឆ្នាំ បានប្រាប់ឱ្យដឹងថា អ្នកស្រីគ្រាន់តែឃើញគ្រឿងចក្រកំពុងបើកនៅលើផ្លូវក៏សប្បាយចិត្តរកអ្វីប្រៀបពុំបានទៅហើយ ត្បិតដឹងថាផ្លូវដែលធ្លាប់តែមានបញ្ហាហុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ការលក់ដូរប្រចាំថ្ងៃរបស់អ្នកស្រីនឹងប្រែមកជាសភាពល្អប្រសើរវិញ។
អ្នកស្រី សុភាព និយាយថា៖ «រំភើបណាស់អូនអើយ! ខំតែងរង់ចាំៗ ឥឡូវបានសម្រេច ទោះបីធ្វើពីរ បីខែយូរក៏ដោយក៏សប្បាយចិត្ត ឱ្យតែថាគេមកធ្វើ»។
បើតាមពលរដ្ឋរូបនេះ ក្រុមអ្នកសាងសង់ផ្លូវ ចាប់ផ្ដើមការដ្ឋានសាងសង់ជិតមួយសប្ដាហ៍មកហើយ ដោយធ្វើផ្លូវមួយជំហៀង និងទុកមួយជំហៀងទៀតសម្រាប់ឱ្យពលរដ្ឋធ្វើដំណើរទៅមក។
អ្នកស្រី សុភាព រំលឹកផងដែរ កាលពីផ្លូវកំពុងតែហុយខ្លាំង អ្នកស្រីប្រទះនឹងបញ្ហាសុខភាពដូចជាក្អក និងប៉ះពាល់ដល់របរលក់ដូរប្រចាំថ្ងៃផងដែរ ដោយសារតែឡានដែលឆ្លងកាត់បើកលឿនៗ។
អ្នកស្រីបន្តថា៖ «បើហុយៗដល់ហើយ បើបំពង់កខ្ញុំអត់មានស្រឡះសោះហើយ អត់ព្រមបាត់សោះដូចរាងស្លេះៗ ស្អិតៗនៅក រហូតហ្មង៎លេបថ្នាំអីក៏អត់បាត់ៗ ខ្ញុំខ្លាចទៅជាសួតទៅជាអី អ៊ីចឹងទៅណា៎»។
អ្នកស្រី សុភាព បានថ្លែងអំណរគុណទៅអាជ្ញាធរពាក់ព័ន្ធ ដែលពន្លឿនក្នុងការសង់ផ្លូវលំមួយខ្សែនេះទៅតាមសំណូមពររបស់ពលរដ្ឋ ហើយអ្នកស្រីនិយាយទៀតថា ប្រសិនបើផ្លូវនេះនៅតែបន្តដូច្នេះ អ្នកដែលពិបាករស់នៅគឺប្រជាពលរដ្ឋនេះឯង។
អ្នកស្រី សុភាព បន្ថែមថា៖ «បើអត់ធ្វើតទៅមុខមិនដឹងជាកើតជំងឺ កើតរោគម៉េចទេ តែឥឡូវបានគេមកធ្វើហ្នឹង ខ្ញុំអរៗដល់ហើយ»។ អ្នកស្រីបន្តថា៖ «ដីហុយ ខោអាវផ្ទះសម្បែងមួយចប់ មើលមិនយល់ហ្មង៎។ ឡានគេបើកគេមិនចេះបង្អង់ គេពួយមួយទំហឹងៗមើលលែងចង់ឃើញឡាន»។
ឆ្លើយតបចំពោះបញ្ហាដែលពលរដ្ឋលើកឡើងនេះ មេឃុំក្រាំងធ្នង់លោក ជិន អ៊ីម មានប្រសាសន៍ថា ផ្លូវលំមួយខ្សែដែលចូលរមណីយដ្ឋានទន្លេបាទី បាននឹងកំពុងសាងសង់បានជិតមួយសប្ដាហ៍ហើយ ក្រោមថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោកអ៊ីម បញ្ជាក់ថា៖ «ធ្វើហើយតាស៎ ធ្វើចង់ហើយៗ កំពុងធ្វើហុយ ហុយបណ្ដើរធ្វើបណ្ដើរធម្មតាអាហ្នឹង»។
បើតាមលោក អ៊ីម ផ្លូវលំប្រវែង៤គីឡូម៉ែត្រនេះ ស្ថាបនាបានជិតមួយសប្ដាហ៍ និងទើបតែក្រាលកៅស៊ូបានមួយចំហៀងប៉ុណ្ណោះ។
លោកមេឃុំបន្ថែមថា៖ «ធ្វើប៉ុន្មានថ្ងៃមុនទើបបានប្រាំ ប្រាំមួយថ្ងៃមុន ចាក់កៅស៊ូជិតហើយៗទ្រាំហុយតិចទៅ»។
ចំណែកអ្នកស្រី ផូ ស្រីណែត អាយុ២៩ឆ្នាំ ជាគិលានុបដ្ឋាយិការ នៅមណ្ឌលសុខភាពទន្លេបាទី ថ្លែងប្រាប់ខេមបូចា ថាក្នុងមួយខែមណ្ឌលសុខភាពទន្លេបាទីទទួលអ្នកជំងឺប្រមាណពី៣០០ ទៅ៤០០នាក់ ប៉ុន្តែជាអ្នកជំងឺដែលមកទទួលសេវាចម្រុះ ហើយក្នុងនោះមានអ្នកជំងឺប្រហែល៥០នាក់ប៉ុណ្ណោះ ដែលមានបញ្ហាក្អក និងផ្ដាសាយ ដែលអាចបណ្ដាលមកពីបញ្ហាដីហុយផងដែរ។
អ្នកស្រី ណែត និយាយថា៖ «ផ្ដាសាយមានតាំងពីយូរហើយ តាំងពីយើងផ្ទុះកូវីដ មិនមែនមកពីថ្នល់ហុយមួយមុខទេ គ្រាន់តែថាពួកគាត់[ពលរដ្ឋ] មកទទួលសេវាចឹង គាត់រអ៊ូចង់បានផ្លូវឱ្យហើយទាំងអស់ហ្មង៎ទៅ គាត់គិតថាមកពីហុយដែរ បានគាត់ឈឺចឹងណា៎ ព្រោះពេលក្ដៅខ្លាំងពិបាកដែរ ហុយខ្លាំង»។
កាលពីមិនទាន់ចាក់កៅស៊ូ នៅតាមបណ្ដោយផ្លូវលំនេះ គេឃើញពលរដ្ឋជាច្រើនគ្រួសារបានចងឈើដាក់បាវ នៅលើចិញ្ចើមផ្លូវជាសញ្ញាសម្គាល់ដើម្បីកុំឱ្យឡានដឹកដី ឬដឹកថ្ម បើកលឿន និងមានការប្រុងប្រយ័ត្នជាងមុនផងដែរ។
សម្រាប់អ្នកស្រី ណែត ជាគ្រូពេទ្យមួយរូបនៅមណ្ឌលសុខភាពទន្លេបាទី បានលើកឡើងថា ប្រសិនជាបញ្ហាផ្លូវលំនេះ មិនត្រូវបានដោះស្រាយ ហើយនៅតែមានធូលីហុយជាប្រចាំដូច្នេះ អ្នកស្រីបារម្ភខ្លាចពលរដ្ឋកើតជំងឺរបេង ត្បិតវាអាចឆ្លងតាមរយៈខ្យល់បរិយាកាស ហើយអ្នកដែលមានបញ្ហាដុះសាច់ច្រមុះអាចនឹងធ្ងន់ធ្ងរជាងមុនផងដែរ។
អ្នកស្រីណែតនិយាយថា៖ «អ្វីដែលខ្ញុំបារម្ភ គឺខ្លាចរបេង ព្រោះថា របេងវាឆ្លងតាមទឹក អ៊ីចឹងបើផ្លូវស្អាត ហើយប្រជាជនយើងដឹងច្រើនជាងហ្នឹង វាអាចនឹងបាត់របេង»។ [ពលរដ្ឋ]មានជំងឺហ្នឹងស្រាប់[ដុះសាច់ច្រមុះ] ពេលហុយទៅមេរោគហ្នឹងទៅទុំ កាលណាគាត់ហិតចេញ ហិតចូលទៅ ដូចទៅជួយជំងឺហ្នឹងឱ្យរឹតធំចឹង»៕