សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋក្នុងខេត្តតាកែវអះអាងថាក្រុមហ៊ុនឧកញ៉ាម្នាក់មិនផ្ដល់សំណងជូនពួកគេបន្ទាប់ពីក្រុមហ៊ុនពង្រីកផ្លូវ

ផ្លូវចូលទៅដីលោកឧញ្ញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
ផ្លូវចូលទៅដីលោកឧញ្ញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ពលរដ្ឋជាង២០០គ្រួសារនៅស្រុកបាទី ខេត្តតាកែវ បានអះអាងថា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បានមកអភិវឌ្ឍន៍និងពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ដីស្រែ​ក៏ដូចជារបងផ្ទះរបស់ពួកគាត់តែក្រុមហ៊ុននេះមិនបានផ្ដល់សំណងសមរម្យណាមួយឱ្យពួកគាត់ឡើយ ខណៈដែលពួកគាត់ស្នើសុំឱ្យទូទាត់សំណងសមរម្យមុននឹងមាន​ការ​​អភិវឌ្ឍ។

លោក ធូ សាមុត អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី តំណាង​ប្រជាពលរដ្ឋ​​រងគ្រោះម្នាក់បានប្រាប់ ខេមបូចា ថា លោកមិនបដិសេធនឹងការអភិវឌ្ឍនោះទេ ប៉ុន្ដែមុននឹងមានការអភិវឌ្ឍក៏ត្រូវគិតគូរឱ្យបានសមរម្យណាមួយដែលឱ្យប្រជាពលរដ្ឋអាច​ទទួលយកបានដែរ មិនមែនថាឱ្យតែមកអភិវឌ្ឍន៍ចេះតែធ្វើអ្វីតាមតែអំពើចិត្តនោះទេ ជាក់​ស្ដែង​ក្រុមហ៊ុនរបស់លោកឧញ្ញ៉ា ឡេង ណាវ៉ាត្រា នេះ ចុះមកភ្លាមធ្វើភ្លាមសូម្បីតែអាជ្ញាធរ​មូលដ្ឋាន​ក៏គាត់មិនដឹងដែរ។

លោកបន្ដថា យ៉ាងហោចណាស់ ក៏ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន​មុន​សិន​ដែរ ហើយត្រូវគិតគូរសងសំណងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះដែលការពង្រីកផ្លូវ​វាប៉ះ​របងដែលគ្នាធ្វើអស់រាប់ពាន់ដុល្លារដែរ ប៉ុន្ដែមកដល់ពេលនេះគឺគ្មានសំណងអីសោះ វា​អយុត្តិធម៌​ណាស់សម្រាប់ប្រជាពលរដ្ឋ។

តំណាងពលរដ្ឋរូបនេះបន្ដថា៖ «មុននឹងអភិវឌ្ឍន៍ត្រូវគិតគូរសំណងឱ្យគ្នាផង ពីព្រោះរបង​មួយៗ​សុទ្ធតែខ្ចីលុយធនាគារមកធ្វើ មិនមែនលុយខ្លួនឯងរកបានឯណា។សុំអាជ្ញាធរពាក់ព័ន្ធ​មេត្តា​ជួយគិតគូរផង»

ប្រជាពលរដ្ឋម្នាក់ទៀត  លោក ម៉ី ចន្ថា អាយុ៥០ឆ្នាំរស់នៅឃុំក្រាំងធ្នង់​ ស្រុកបាទី បាន​និយាយ​ថា លោកគ្រាន់តែចង់ឱ្យក្រុមហ៊ុនជួយគិតគូរសំណងឱ្យបានសមរម្យទេ ពីព្រោះ​របង​ម្នាក់ៗធ្វើអស់លុយច្រើនណាស់ ហើយនៅសុខៗស្រាប់តែវាយចោលខ្ទេចហើយអត់បាន​សំណង​ទៀត អ្នកណាមិនខឹង ជាពិសេសមុនការបោះឆ្នោតសន្យាថានឹងដោះស្រាយ​ឱ្យ​ប៉ុន្ដែ​មកដល់ពេលនេះស្ងាត់ឈឹង មិនដឹងថាគិតយ៉ាងម៉េចនោះទេ។

លោកបន្ដថា៖ «ខ្ញុំគ្រាន់តែចង់បានសំណងសមរម្យឬក៏ធ្វើរបងឱ្យខ្ញុំវិញទេ ពីព្រោះខ្ញុំធ្វើ​អស់​លុយច្រើនណាស់ សុំជួយគិតគូរឱ្យខ្ញុំវិញផង»

ពលរដ្ឋរងគ្រោះដោយសារតែក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ឈូសរបងផ្ទះគាត់​ចោលដោយមិនផ្ដល់សំណងឈ្មោះ  ធូ សាមុត អាយុ៥០ឆ្នាំ រស់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកេវ។ រូបថតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

អ្នកស្រី ណាត់ ស្រីម៉ៅ អាយុ៥៣ឆ្នាំ រស់ឃុំក្រាំងធ្នង់ស្រុកបាទី បានលើកឡើងយ៉ាងដូច្នេះថា  ខាងក្រុមហ៊ុនគេនិយាយថា ដីរដ្ឋទេ គេគ្មានសំណងឱ្យទេ ពីព្រោះគេបានទទួលការសម្បទាន​ពីរដ្ឋដូច្នេះគឺគ្មានសំណងសងប្រជារដ្ឋដែលប៉ះពាល់នោះទេ។

អ្នកស្រីអះអាងថា៖«សុំគិតគូរឱ្យខ្ញុំផង បើមិនឱ្យជាលុយ ក៏គួរតែធ្វើឱ្យខ្ញុំវិញមក ខ្ញុំចំណាយ​លុយច្រើនណាស់»

ខេមបូចាមិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនបានទេ ពាក់ព័ន្ធនិងរឿងខាងលើ។

មេភូមិបាទី លោក ហាក់ មាំង អាយុ៦២ឆ្នាំ បានថ្លែងឱ្យដឹងថា សូម្បីតែរបងផ្ទះ​លោកដែល​ធ្វើអស់លុយយ៉ាងច្រើន ប៉ុន្ដែក្រុមហ៊ុនក៏មិនគិតគូរឱ្យដែរ។ លោកបន្តថា ក្នុងនាមលោកជា​អាជ្ញាធរមូលដ្ឋានគឺពិតជាចង់ឱ្យមានការដោះស្រាយមួយសមរម្យជូនប្រជាពលរដ្ឋដែលរងគ្រោះ២០០គ្រួសារជាងហ្នឹងណាស់ ដើម្បីបញ្ចប់បញ្ហា។ លោកបន្ដទៀតថា សូម្បីលោកជា​អាជ្ញាធរ​មូលដ្ឋានក៏មិនបានដឹងរឿងអស់នេះដែរ ដល់ថ្ងៃខាងក្រុមហ៊ុនចុះមកធ្វើភ្លាមៗតែម្ដង។

មេភូមិបន្ដថា៖ «ទាំងខ្ញុំ  ទាំងអូនឯង ក៏អាក់អន់ចិត្តដែរ ខំធ្វើអស់លុយម៉ាគំនរ ហើយអត់​មាន​សំណង។ ប៉ុន្ដែធ្វើម៉េច ចាំមើលខាងលើគេថានឹងដោះស្រាយ»។ លោកបន្ថែមថា៖ «ហ្នឹង​ហើយ​​ផ្លូវធ្វើចូលទៅដីហ្នឹង[ឡេង ណាវ៉ាត់ត្រា] ប៉ុន្ដែគេបានអាជ្ញាបណ្ណពីថ្នាក់លើមក ប៉ុន្ដែ​គ្រាន់តែថា​ ទាំងគេ ទាំងយើងបើសិនជាមានលុយប៉ុណ្ណឹងហើយ រកលុយដោះស្រាយជូន​ប្រជាជន​តិចតូចមិនបាន វាធ្វើឱ្យប្រជាជនតូចចិត្ត»

ខេមបូចា មិនអាចទាក់ទងទៅលោកមេឃុំក្រាំងធ្នង់លោក ជិន អ៊ីម បានទេដោយទូរសព្ទ​ចូលប៉ុន្ដែគ្មានអ្នកលើក។

រីឯអភិបាលស្រុកបាទីលោក ភួន ឈីម បានមានប្រសាសន៍ថា លោកសុំបញ្ជាក់ថា​គម្រោង​ធ្វើក្នុងការពង្រីកផ្លូវហ្នឹង វាជាគម្រោងរបស់រដ្ឋបាលខេត្តដែលជាអ្នកអនុវត្តន៍ ហើយការ​ធ្វើហ្នឹង​ត្រឹមតែដីចំណីផ្លូវទេ​ ហើយគម្រោងរដ្ឋបាលខេត្តអត់មានគោលនយោបាយ​ក្នុងការ​សង​សំណង​ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះទេ។

លោកបន្ដថា៖ «រដ្ឋបាលខេត្តគ្មានគោលនយោបាយក្នុងការសងសំណងជូនពួកគាត់ទេ»

ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវរបស់ក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ចំណែកឯលោក  មាស អ៊ុយ ប្រធានរដ្ឋបាលខេត្តតាកែវ បានលើកឡើងថា​ បើសិនជាមាន​ករណីហ្នឹងមែន សុំឱ្យពួកគាត់ដាក់ពាក្យបណ្ដឹងមករដ្ឋបាលខេត្តមក ដើម្បីឱ្យរដ្ឋបាលខេត្ត​ត្រួតពិនិត្យមើលថាវាប៉ះពាល់យ៉ាងម៉េច ត្រូវគិតគូរសងអីយ៉ាងម៉េច​ បើអត់មានឃើញ​ដាក់​លិខិតអីមកផង តើឱ្យដោះស្រាយយ៉ាងម៉េច?។

ប្រធានរដ្ឋបាលខេត្តមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថាម៉េចទេ សំខាន់ឱ្យពួកគាត់ដាក់ពាក្យ​មកសិន ដើម្បីមានគណៈកម្មការចុះទៅត្រួតពិនិត្យ សិក្សាមើលថាត្រូវដោះយ៉ាងម៉េច? ឥឡូវ​ខ្ញុំមិនដឹងម៉េចទេ មិនទាន់ឃើញពាក្យផង»

លោក អ៊ាង វុទ្ធី នាយកប្រតិបត្ដិនៃអង្គការសមធម៌កម្ពុជា បានអះអាងថា ជាគោលការណ៍​មុននឹងមានការអភិវឌ្ឍមួយ ហើយវាប៉ះពាល់ដល់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋក្រុមហ៊ុនត្រូវតែ​ទូទាត់ជាសំណងសមរម្យណាមួយជាមុនសិន ពីព្រោះវាជាកាតព្វកិច្ចរបស់ក្រុមហ៊ុនឯកជន​ដែលតម្រូវដោយច្បាប់រដ្ឋថា មុននឹងអភិវឌ្ឍន៍ក្រុមហ៊ុនត្រូវសិក្សាអំពីផលប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ ដូចជាករណីនេះអ៊ីចឹង ការអភិវឌ្ឍកើតក្រោយប្រជាពលរដ្ឋនៅតំបន់អស់ហ្នឹងទេ ហើយការធ្វើរបងរបស់ពួកគាត់គឺធ្វើមុនហ្នឹងទៅទៀត។

លោកបានសង្កត់ធ្ងន់ថា៖ «ចាំបាច់ក្រុមហ៊ុនត្រូវផ្ដល់នូវសំណងការខូចខាតដល់ប្រជាពលរដ្ឋ នេះយើងអត់ទាន់និយាយអំពីផលប៉ះពាល់ផ្សេងៗទៀតផង យើងនិយាយតែលើទ្រព្យសម្បត្តិ​រូបវន្តដែលប៉ះពាល់ដល់ប្រជាពរដ្ឋ ពីព្រោះការអភិវឌ្ឍជៀសវាងការប៉ះពាល់ទ្រព្យរបស់​ប្រជាពលរដ្ឋ»

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទទួលដី​សម្បទានពីរដ្ឋដើម្បីធ្វើការអភិវឌ្ឍហើយក្រុមហ៊ុននេះបានចុះមកធ្វើសកម្មភាពពង្រីកផ្លូវតាំងពីមុនការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ  ហើយការពង្រីកផ្លូវនេះដែរបានធ្វើឱ្យប៉ះពាល់​ដល់​របង​ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ភូមិគឺថ្នល់ទក្សិណក្នុងភូមិទន្លេបាទីដែលមានចំនួន២៣៥គ្រួសារ​និងដីស្រែរបស់ពួកគាត់មួយចំនួនផង​ដែរ ដោយមិនទាន់បានទទួលសំណងណាមួយឡើយ។

បើយោងតាម​​លិខិតរបស់ទីស្ដីការគណៈមន្ដ្រីបានចេញសេចក្ដីសម្រេចមួយកាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះ​ដូរ​ដី​៣០០​ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅនិងដី៥០០ហិកតាទៀត​របស់រដ្ឋបាលព្រៃឈើ​ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ហើយអនុញាឱ្យមានការផ្ទេរសិទ្ធិ​ឱ្យក្រុមហ៊ុន​និងដៃគូរ​សហការ មុនធ្វើការអភិវឌ្ឍ។

ក្នុងនោះដែរ ក៏មានដីមួយចំនួនត្រូវបានកាត់ទៅឱ្យ​ក្រុមហ៊ុន​លោក ឧញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្ដែទំហំប៉ុណ្ណានោះមិនមានការបញ្ជាក់​ច្បាស់លាស់នោះទេ ដោយសារ​តែនៅក្នុងអនុក្រឹត្យមិនបានបញ្ជាក់ឱ្យបានច្បាស់ហើយការកាត់ដីនេះផងក៏មានអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលទៅលេងសួនសត្វភ្នំតាម៉ៅ មានការព្រួយបារម្ភ​ជាខ្លាំងចំពោះការកាត់ដីរដ្ឋមួយចំនួនទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគដែលធ្វើឱ្យពួកគាត់យល់ថា ការកាត់ដីនេះរដ្ឋហាក់មិនបានគិតពីជម្រកសត្វដែលកំពុងរស់នៅក្នុងព្រៃឈើទាំងនោះ៕

567 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម