សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋពីរឃុំក្នុងខេត្តបន្ទាយមាន​ជ័យ​បន្តស្នើសុំឱ្យអាជ្ញាធរកុំដោះដូរដីរស្រែរបស់ពួកគាត់ទៅទីតាំងផ្សេង

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរកុំឱ្យដោះដូរដីស្រែរបស់ពួកគាត់ទៅតំបន់ផ្សេងក្រោយចាប់ឆ្នោត។ ថតអំឡុងខែសីហា ឆ្នាំ២០២៤ ស្ថិតឃុំភ្នំលាប និងឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូបភាពផ្តល់ឱ្យ)
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរកុំឱ្យដោះដូរដីស្រែរបស់ពួកគាត់ទៅតំបន់ផ្សេងក្រោយចាប់ឆ្នោត។ ថតអំឡុងខែសីហា ឆ្នាំ២០២៤ ស្ថិតឃុំភ្នំលាប និងឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋពីរឃុំក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរកុំដោះដូរដីស្រែដែលពួកគាត់កំពុងធ្វើទៅតំបន់ផ្សេងអី គឺចង់នៅធ្វើស្រែកន្លែងចាស់ដដែល ព្រោះមានប្រឡាយទឹកស្រាប់ ទោះបីរដ្ឋកាត់ដីសល់ប៉ុន្មានហិកតាក៏ដោយក៏យល់ព្រមដែរ។

ពលរដ្ឋម្នាក់រស់នៅភូមិក្របៅ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ លោក មាន វាសនា បានឱ្យដឹងថាគាត់ធ្វើស្រែ៨ហិកតាក្នុងភូមិក្របៅនេះជាង២០ឆ្នាំមកហើយ តពីឪពុកម្តាយមក និងទិញថែមខ្លះដោយសហការជាមួយអ្នកភូមិធ្វើប្រឡាយទឹកដើម្បីបានធ្វើស្រែពីររដូវរហូតមក ដោយបច្ចុប្បន្នសង្ឃឹមលើស្រែដើម្បីដោះបំណុលធនាគារ៣ម៉ឺនដុល្លារដែលជំពាក់ថ្លៃទិញដី និងឈូស​ឆាយដើម្បីធ្វើស្រែកន្លងមក។

លោក វាសនា បញ្ជាក់ថា៖ «ដីស្រែចាស់របស់ខ្ញុំធ្វើ២០ឆ្នាំហើយធ្វើបានពីររដូវ ដោយសារមានប្រឡាយទឹក តែអាជ្ញាធរចាប់ឆ្នោតដោះដូរឱ្យទៅធ្វើនៅកន្លែងផ្សេងឆ្ងាយពីភូមិចាស់ជាង២០គីឡូ ហើយឱ្យអ្នកភូមិផ្សេងមកធ្វើលើដីខ្ញុំវិញ ដីថ្មីមិនមានប្រភពទឹកធ្វើស្រែទេគេធ្វើតែស្រែវស្សា ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេពេលឥឡូវនេះ»

លោក វាសនា បន្តថា ដល់ឆ្នាំ២០២១រដ្ឋាភិបាលបានសម្រេចដកដីតំបន់បីទាំងអស់ គាត់នឹងអ្នកភូមិក៏ប្រគល់ដីជូនរដ្ឋ បន្ទាប់មកនៅឆ្នាំ២០២៣រាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីឱ្យប្រជាពលរដ្ឋដែលមានដីជាក់ស្តែងនឹងបានអាស្រ័យផល១០ឆ្នាំឡើង ក្រោយមកដីរបស់គាត់ត្រូវបានអាជ្ញាធរកាត់សល់តែ៤ហិកតាប៉ុណ្ណោះ បើទោះជាដីគាត់ស្ថិតក្នុងតំបន់២ដែលមានសិទ្ធិអាស្រ័យផលហើយក៏ដោយ។

លោក វាសនា បន្ថែមថា៖ «ខ្ញុំទើបចាប់ធ្វើស្រែឡើងវិញបានមួយរដូវនៅឆ្នាំ២០២៤នេះ ស្រូវនៅពេញស្រែមិនទាន់បានច្រូតកាត់ផង អាជ្ញាធរបានចុះមកវាស់វែង ចាប់ឆ្នោតឱ្យខ្ញុំទៅធ្វើកន្លែងផ្សេង ហើយអ្នកភូមិផ្សេងមកធ្វើលើដីខ្ញុំវិញ នៅថ្ងៃទី២ កញ្ញា ២០២៤ គឹមិនប្រាប់មូលហេតុអីច្បាស់លាស់ទេ ខ្ញុំឆ្ងល់ណាស់តែមិនហ៊ានតវ៉ា»

ពលរដ្ឋម្នាក់ទៀត លោក អៀត ភាស បានត្អូញត្អែដែរថា គាត់បានធ្វើស្រែជិតភូមិនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ តាំងពីឆ្នាំ២០០២មកទល់បច្ចុប្បន្ន២២ឆ្នាំហើយ។ លោករំលឹកថា កាលនោះអាជ្ញាធរចែកឱ្យមួយគ្រួសារ២ហិកតា គាត់បានធ្វើរហូតមកមិនដែលខាន និងបានទិញពីប្រជាពលរដ្ឋថែមសរុប៩ហិកតា ដែលដីរបស់គាត់ស្ថិតនៅតំបន់ពីរ ហើយស្ថិតនៅឆ្ងាយពីបង្គោលដែលអាជ្ញាធរកាត់ឆ្វៀលចេញពីតំបន់បីកាលពីឆ្នាំ២០២៣ រហូតដល់៤គីឡូម៉ែត្រឯណោះ។

លោកបន្តថា ស្រាប់តែថ្ងៃទី១៧ ខែកក្កដា ២០២៤ អាជ្ញាធរខេត្តបានរៀបចំចាប់ឆ្នោតឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទីតាំងដីគ្នា ពីឃុំភ្នំលាប មកឃុំប្រាសាទ ច្របូកច្របល់ និងកាត់បន្ថយផ្ទៃដីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលជាក់ស្តែង បែងចែកទៅឱ្យប្រជាជននៅតំបន់ផ្សេងៗទៀត។

លោក អៀត ភាស ឱ្យដឹងទៀតថា ក្រោយចាប់ឆ្នោតប្រជាពលរដ្ឋខ្លះតវ៉ា ខ្លះមិនហ៊ានតវ៉ាសម្ងំស្ងៀមព្រោះដីគាត់តិច  ខ្លះ១០ហិកតាទទួលបាន៣ ខ្លះ៥ហិកតាបាន២ ខ្លះ២០ហិកតាបាន៥ហិកតា ខ្លះ៣០ហិកតាក៏បាន៥០ហិកតា ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តស្ទើរគ្រប់គ្នា។

លោក អៀត ភាស លើកឡើងថា៖ «ដីខ្ញុំ៩ហិកតាក្នុងតំបន់ពីរសោះ គេកាត់សល់៥ហិកតា គេចាប់ឆ្នោតឱ្យទៅយកដីខាងលិចបឹងក្ងានឃុំផ្សេង ដែលជាដីព្រៃចូលមិនរួច ចូលវាស់ដីក៏មិនកើតផង ឱ្យខ្ញុំធ្វើស្រែម៉េច»។ លោកបន្ថែមថា៖ «ដីខ្ញុំចាស់ក្បែរភូមិមានប្រឡាយទឹក៤ម៉ែត្រ មានថ្នល់ក្រួសក្រហមទទឹងជិត១០ម៉ែត្រ អាចធ្វើបានពីរដងក្នុង១រដូវ ខ្ញុំធ្វើរាល់តែឆ្នាំមិនដែលខាន  ដល់ពេលនេះគេដកចឹងមិនដឹងនិយាយយ៉ាងម៉េច? បើគេកាត់ៗទៅ តែសុំធ្វើនៅកន្លែងដដែលមកតែគេមិនឱ្យ គេគំរាមថាអាជ្ញាធរបោះបង្គោលហើយ តែហ៊ានចូលធ្វើស្រែវិញចាប់ដាក់គុក ប្រជាពលរដ្ឋឡើងតវ៉ាដល់ខេត្តក៏មិនបាន»

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ប្រជាពលរដ្ឋជិត២០០នាក់តំណាងឱ្យ២២០គ្រួសារមកពីឃុំចំនួនបីក្នុងនោះឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(៤០នាក់) និងមកពីឃុំប្រាសាទ ឃុំភ្នំលាភស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យស្នើសុំឱ្យអាជ្ញាធរខេត្តរៀបចំដីកសិកម្មរបស់ពួកគាត់ឡើងវិញ ដោយសុំរក្សាទីតាំងដីនៅដដែល។ ប្រជាពលរដ្ឋនិងមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថាការតវ៉ារបស់ពលរដ្ឋនេះដោយសារការចាប់ឆ្នោតបែងចែកដីរបស់អាជ្ញាធរកន្លងមកដោយសារមិនមានផ្ទៃដីនៅកន្លែងចាស់ ដោយផ្លាស់ប្តូរគ្នាទៅវិញទៅមកច្របូកច្របល់គ្នា។ ពួកគាត់បន្ថែម​ថា ចំណែកលទ្ធផលការតវ៉ារបស់ពលរដ្ឋនេះអាជ្ញាធរសម្រេចប្រកាន់ជំហរដដែលមិនផ្លាស់ប្តូរអ្វីនោះទេ ចំពោះប្រជាពលរដ្ឋ៤០នាក់ មកពីឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលធ្លាប់មកធ្វើស្រែនៅឃុំប្រាសាទ ត្រូវប្រគល់ដីឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ រួចវិលទៅសុំដីពីអាជ្ញាធរ ខេត្តសៀមរាប វិញ។ ក្រោយមិនបានលទ្ធផលប្រជាពលរដ្ឋជិត២០០នាក់ខកបំណង ក៏បានវិលត្រឡប់មកផ្ទះវិញ។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិក្របៅ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ចំនួន១៣៩គ្រួសារបានផ្តិតមេដៃធ្វើលិខិតជូនលោក ប៉ាន់ខែម ប៊ុនថង នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ដើម្បីបានអាស្រ័យផលលើទីតាំងដីស្រែចាស់ចំនួន៧៥០ហិកតាវិញ ដែលដីស្រែទាំងនេះអាជ្ញាធរចាប់ឆ្នោតបែងចែកដីឱ្យប្រជាពលរដ្ឋតែមិនចំទីតាំងចាស់នៅមូលដ្ឋាន ដែលបោះបង្គោលព្រំរួចហើយនោះទេ។

ខេមបូចា មិនអាចទំនាក់ទំនង លោក ប៉ាន់ខែម ប៊ុនថង នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បំភ្លឺបន្ថែមបាននោះទេ។

លោក មាឃ ហ៊ឺ មេឃុំប្រាសាទ បានបញ្ជាក់ថា ករណីខាងលើនេះជាវិធានការរបស់ថ្នាក់ខេត្តដែលជាអ្នករៀបចំការចាប់ឆ្នោត ប្រជាពលរដ្ឋខ្លះបានដីស្រែខាងឃុំភ្នំលាប ខ្លះបានទៅឃុំប្រាសាទ វាច្របូកច្របល់គ្នា ដោយលោកថាមិនអាចរៀបរាប់អីបានច្រើនទេ ព្រោះជាវិធានការខេត្តគាត់រៀបចំចឹងហើយឃុំមិនមានសិទ្ធិនោះទេ។

លោកបញ្ជាក់ថា ផ្ទៃដីដែលរដ្ឋាភិបាលកាត់ឆ្វៀលពីតំបន់៣មកតំបន់២ឱ្យប្រជាពលរដ្ឋអាស្រ័យផលនៅឃុំប្រាសាទ គឺត្រូវកាត់ចំណែកដីរបស់ប្រជាពលរដ្ឋខ្លះមិនបានដូចដើមនោះទេ។ ហើយមានប្រជាពលរដ្ឋមកពីឃុំផ្សេងៗទៀតជាច្រើនមានដីនៅទីនេះ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានឃុំបានដីប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ដែលលោកកំពុងស្រង់ឈ្មោះ និងចំនួនដីសម្រាប់ប្រជាជនរស់នៅឃុំប្រាសាទជាក់ស្តែងនៅឡើយ។

មេឃុំប្រាសាទលើកឡើងថា៖ «ចំពោះចំនួនផ្ទៃដីប៉ុន្មាននោះខ្ញុំមិនអាចទាន់ផ្តល់ព័ត៌មានបានទេ ព្រោះអ្នកមកពីឃុំភ្នំលាប ឃុំទឹកជោរ អូរអំបិល ប៉ោយប៉ែត  សៀមរាប សំបួរ ស្រុកក្រឡាញ់ ក៏មកយកដីពីឃុំប្រាសាទដែរវាច្រើនពេកបាទ»។ លោកបន្តថា៖ «ប្រជាពលរដ្ឋនៅឃុំប្រាសាទធ្វើស្រែតំបន់៣ រាជរដ្ឋាភិបាលកាត់ឆ្វៀលរួចហើយមកតំបន់ពីរ រួចយកមកចែកគ្នាទៀត ខ្លះមាន២០ហិកតា  ៣០ហិកតា ៥០ហិកតា ក៏ដោយមកចុះបញ្ជីទទួលបានដីតែ៥ហិកតាទេ បើមានដី៥ហិកតាទទួលបាន៣ រឺ ២ហិកតា មាន២ហិកតាទទួលបាន១ហិកតា  អស់ធំត្រឹម៥ហិកតាទោះមានដីប៉ុណ្ណោក៏ដោយ»

ទោះបីយ៉ាងណាលោក មាឃ ហ៊ឺ ឱ្យដឹងទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋមិនទាន់បានដោះដូរដីគ្នានៅឡើយទេ គ្រាន់តែចាប់ឆ្នោតសម្គាល់ដីរៀងខ្លួនប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលចាប់ឆ្នោតបានដីហើយ គឺត្រូវសហការព្រមព្រៀងគ្នាសុំការដោះដូរគ្នាទៅវិញទៅមកនៅពេលក្រោយ ហើយក៏មានការឯកភាពពីថ្នាក់លើដែរ ដោយគាត់បានអាធ្យាស្រ័យថាដោះដូរក៏ដោះដូរចុះអត់បញ្ហាអីទេបើចាប់ឆ្នោតរួចហើយ។

លោកមេឃុំបានកត់សម្គាល់ពីទឹកចិត្តប្រជាជនក្នុងមូលដ្ឋានរបស់គាត់ថា៖ «ទឹកចិត្តប្រជាពលរដ្ឋ ការសន្និដ្ឋានរបស់ខ្ញុំដែលជាអាជ្ញាធរមូលដ្ឋានផ្ទាល់គាត់មិនសូវពេញចិត្តទេ ព្រោះដីរបស់គាត់១០បានតែ៥ហិកតា ហើយខុសទីតាំងទៀត យន្តការរបស់ខេត្តរៀបចំចឹងហើយ យើងមិនមានសិទ្ធិតវ៉ានោះទេ!»

ប្រជាពលរដ្ឋជិត២០០នាក់ តវ៉ាដល់សាលាខេត្តបន្ទាយមានជ័យ សុំធ្វើស្រែនៅទីតាំងដដែល ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ។ រូបថតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់​ឱ្យ​)

លោក មាស ដារ៉ា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានបដិសេធធ្វើអត្ថាធិប្បាយលើករណីការដោះដូរដីស្រែនេះ។

លោក មាស ដារ៉ា ថ្លែងថា៖ « ខាងអន្តរវិស័យអ្នករៀបចំ បើខ្ញុំឆ្លើយទៅវាខុស បើនេះបងមកជួបខ្ញុំផ្ទាល់បានទេ បងចាត់តំណាងមកបានទេ មកជួបនៅមន្ទីរតែម្តងទៅខ្ញុំអញ្ជើញផ្នែកអន្តរវិស័យឆ្លើយជូនទៅច្បាស់លាស់ជាង បើឆ្លើយតាមទូរសព្ទ បើបងអញ្ជើញមកមានឯកសារមើលទៀតវាស្រួល»

ទាក់ទងករណីចាប់ឆ្នោតទទួលដីស្រែខាងលើនេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានថ្លែងថា ការងារនេះជារបស់ថ្នាក់ដឹកនាំខេត្ត លោកថាដីនេះជាដីតំបន់បី ជាដីខុសច្បាប់ ដូច្នេះការកាត់ឆ្វៀលឱ្យគាត់មួយចំនួនអាស្រ័យផល គាត់អត់មានសិទ្ធិចាត់ចែងទេ ហើយដីនោះជាដីរបស់រដ្ឋ ជាដីតំបន់បី ដីគម្របត្រីពងដីទន្លេសាប គឺគ្មានសិទ្ធិដោះដូ រដោះអីនោះទេ ព្រោះមិនមែនជាដីស្ថិតនៅតំបន់ពីរនោះទេ។

លោក ឃូ ពៅ បន្ថែមថា៖ «តើនរណាថាកាត់ចេញពីតំបន់២ ប្រជាជនចេះតែនិយាយ មានអនុក្រឹត្យណាកាត់ចេញតំបន់២ មានធ្វើអនុ ប្រយោគហើយរឺនៅ? មានអនុក្រិតចេញហើយនៅ? មានអីយោងបានថាជាដីតំបន់២? ចឹងអ្នកសារព័ត៌មានមុនចុះផ្សាយ ត្រូវមានលិខិត រឺឯកសារគតិយុត្តិណាមួយមកសំអាង ប៉ុណ្ណឹងបានហើយខ្ញុំកំពុងជាប់ប្រជុំបាទ!»

ទាក់ទងករណីខាងលើនេះដែរលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យជាអ្នកដឹកនាំកម្លាំងចុះវាស់វែងផ្ទាល់បានថ្លែងថា ដីដែលបងប្អូនប្រជាពលរដ្ឋកំពុងធ្វើ លើដីទីតាំងអតីតតំបន់បី ដីសាធារណៈរបស់រដ្ឋ ការងារទាំងអស់នេះគឺគេធ្វើតាមនីតិវិធី។

 លោក ង៉ោ ម៉េងជ្រួញ ថ្លែងថា៖ «ខ្ញុំអត់មានពេលណាពន្យល់ជូនបងច្រើនទេ បងចង់ច្បាស់បងមករដ្ឋបាលខេត្តធ្វើកិច្ចការងារនៅរដ្ឋបាលខេត្ត»

នៅពេលដែល ខេមបូចា សាកសួរសំណួរ អ៊ីចឹងដីខាងលើមិនទាន់កាត់ចូលតំបន់ពីរហើយទេបាទ ? លោកអភិបាលរងខេត្តបានឆ្លើយតបខ្លីថា៖ «ចឹងបានថាលោកមកសិក្សាឱ្យច្បាស់ !

សួរអ៊ីចឹងខ្ញុំក៏ពិបាកដែរ ខ្ញុំកំពុងប្រជុំទៀត ចឹងបានថាខ្ញុំមិនបដិសេធទេអ្នកសារព័ត៌មានទេ ប៉ុន្តែលោកត្រូវសិក្សាឱ្យច្បាស់អំពីប្រភព»

ទោះបីយ៉ាងណា លោក សួន សំផុង មេឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ដីដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ យកមកចាប់ឆ្នោតបែងចែកឱ្យប្រជាពលរដ្ឋនៅឃុំភ្នំលាប និងឃុំប្រាសាទនេះ គឺជាដីតំបន់២ ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលចេញពីតំបន់៣ ដោយមានអនុក្រឹត្យរួចហើយ។

លោកបញ្ជាក់ថា ប្រជាជនក្នុងឃុំរបស់លោក ចំនួន២៥៩គ្រួសារ នឹងត្រូវទទួលបានដីដែលចាប់ឆ្នោតរួចចំនួនជាង៨០០ហិកតា នឹងមានប្រជាជននៅឃុំស្រុកឆ្ងាយៗច្រើនផ្សេងទៀតក៏មកទទួលបានដីនៅឃុំរបស់លោកដែរ ប៉ុន្តែ មិនទាន់ដឹងចំនួនប៉ុន្មាននោះទេ ។

លោកបន្តថា ប្រជាពលរដ្ឋដែលទទួលបានដីក្រោយកាត់ឆ្វៀលរួចនេះ ខ្លះបាន២ហិកតា បីហិកតា ខ្លះ៤ហិកតា និងច្រើនបំផុត៥ហិកតាទេ ទោះពីមុនគាត់មានដីច្រើនប៉ុណ្ណាក៏ដោយ ។

លោក សួន សំផុង បញ្ជាក់ពីមូលហេតុបន្ថែមថា៖ «អ្នកមួយចំនួនក្រោយកាត់ឆ្វៀលចូលតំបន់បីអស់ ខ្លះកាត់ឆ្វៀលមកតំបន់ពីរបានសល់ដីខ្លះ ដូច្នេះដើម្បីទទួលបានដីទាំងអស់គ្នាអាជ្ញាធរ​ខេត្តរំលាយដីតំបន់២ដែលកាត់ឆ្វៀលហើយនេះជាថ្មី ដើម្បីបែងចែកដីបានបង្កបង្កើនផលទាំងអស់គ្នា ព្រោះពេលគាត់ចូលរុករានដីព្រៃអាស្រ័យផលក៏ទាំងអស់គ្នាដែរពីមុន»

លោកមេឃុំបញ្ជាក់ថា ប្រជាជនខ្លះចាប់ឆ្នោតទៅចំកន្លែងមាត់អូរ ខ្លះចាប់ដីចំកន្លែងឆ្ងាយ ខ្លះចំកន្លែងជិតទៅ វាជាយន្តការរបស់ខេត្តអ្នករៀបចំ ប្រជាជនសំណូមពរមកឃុំសុំឱ្យជួយបានដីនៅជិតដែរ តែវាការងារបច្ចេកទេសរបស់ខេត្ត វាហួសសមត្ថភាពអាជ្ញាធរឃុំហើយ ខាងឃុំបានត្រឹមតែផ្សព្វផ្សាយឱ្យប្រជាជនបានទទួលដំណឹងតែប៉ុណ្ណឹងទេ។

លោកមេឃុំបានកត់សម្គាល់ថាបន្ថែមថា៖ «ប្រជាជនដែលមានដីជិត គាត់ចាប់ឆ្នោតទៅបានដីឆ្ងាយគាត់មានប្រតិកម្មមិនសប្បាយចិត្ត  ចំណែកអ្នកខ្លះដីគាត់ឆ្ងាយចាប់ឆ្នោតបានដីជិតគាត់សប្បាយមិនតវ៉ាទេ​ ចំណែកអ្នកខ្លះមកពីស្រុកឆ្ងាយស្រាប់ទោះចាប់បានឆ្ងាយ រឺជិតក៏គាត់មិនមានប្រតិកម្មដែរ»

ទោះបីយ៉ាងណាលោកបន្ថែមថា ប្រជាជនមួយចំនួនក៏គាត់មានការដោះដូរគ្នាគាត់ដែរ ប្រជាជន​ខ្លះ​បានដីឃុំភ្នំលាប ខ្លះបាននៅប្រាសាទឆ្ងាយពីភូមិរៀងខ្លួនគាត់និយាយដោះដូរគ្នាដោយចចារផ្ទាល់មាត់មិនទាន់មានឯកសារនោះទេ ចំណុចនេះរដ្ឋបាលខេត្តក៏អនុញ្ញាតឱ្យដោះដូរគ្នាបាន ដើម្បីបានដីជិតរៀងខ្លួនដែរ ប៉ុន្តែ អាជ្ញាធរមិនទាន់ចេញឯកសារកាន់កាប់ឱ្យនៅឡើយទេ គ្រាន់តែធ្វើការវាស់វែងជូនសិនប៉ុណ្ណោះ។

អនុក្រឹត្យលេខ៥៧របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣នៃតំបន់ទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៣ ៤៤១ហិកតា១០អា រួមបញ្ចូលទាំងផ្ទៃដីបម្រុងទុកចំនួន១០% និងផ្ទៃដីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២០%ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចេញពីតំបន់៣នៃតំបន់ទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ១៩៧ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS1984 ដូចមានក្នុងផែនទី នឹងតារាងនិយាមការភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជូនប្រជាពលរដ្ឋចំនួន៨៣៧គ្រួសារប្រើប្រាស់ និងអាស្រ័យផល ក្នុងនោះ ស្រុកមង្គលបូរី ឃុំសំបួរ ទំហំ ១ ១៥៥ហិកតា៧០អា និងស្រុកព្រះនេត្រព្រះ ឃុំភ្នំលាប និងឃុំប្រាសាទទំហំ ២ ២៨៥ហិកតា៤០អា ។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូរ ប្រចាំខេត្តបន្ទាយមានជ័យដែលបានចុះស្រាវជ្រាវតំបន់ខាលើផ្ទាល់បានកត់សម្គាល់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ គាត់ប្រឹងប្រែងរៀបចំការចាប់ឆ្នោតនេះក្នុងបំណងឱ្យមានភាពសមធម៌ ប៉ុន្តែភាពសមធម៌របៀបនេះវានាំឱ្យមានភាពច្របូកច្របល់ដល់ប្រជាជនដែលអាស្រ័យផលនៅទីតាំងចាស់ ។ លោកបន្តថា អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាព លោកធ្លាប់មានប្រសាសន៍ថា បើប្រជាពលរដ្ឋគាត់អាស្រ័យផលនៅកន្លែងណា គឺកាត់ឆ្វៀលដីតំបន់នោះប្រគល់ឱ្យគាត់ទៅ នេះជាប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចដែលជួយដល់កសិករឱ្យមានដី​កសិកម្មសម្រាប់បង្កបង្កើនផល។

លោកបន្ថែមថា៖ «ប៉ុន្តែយើងឃើញអាជ្ញាធរខេត្តគាត់អនុវត្តន៍ផ្ទុយពីនេះ អ្វីដែលពួកគាត់ធ្លាប់បង្កបង្កើនផលពីមុនមក មានសុខដុមរមនា ប្រមូលបានទិន្នផលខ្ពស់គាត់បានចំណូលផ្គត់ផ្គង់គ្រួសារ ប៉ុន្តែនៅពេលនេះគាត់បានបាត់បង់ដីពាក់កណ្តាលទៅហើយ ដីធ្លាប់អាស្រ័យផលជាយូរឆ្នាំ ខ្លះពីទស្សវត្ស៨០មកគាត់លែងបានគ្រប់គ្រង យកទៅបែងចែកឱ្យអ្នកផ្សេងក្រៅមូលដ្ឋានទៅវិញ»

លោកគង់ ជិត បន្តថា ការបែងចែកដីដោយចាប់ឆ្នោតនេះធ្វើឱ្យប្រជាពលរដ្ឋខ្លះខកចិត្តខ្លាំង ដោយសារគាត់ស្តាប់អាជ្ញាធរ គោរពអាជ្ញាធរ អ្នកខ្លះទទួលយកទាំងបង្ខំ ទាំងមិនអស់ចិត្ត និងទាំងឈឺចាប់។ ការរៀបចំបែងចែកនេះ ធ្វើឱ្យបង្កើតបញ្ហាដល់ពួកគាត់វិញទេ វាមិនបានសម្រួលបញ្ហា និងដោះស្រាយទៅតាមគតិរបស់រាជរដ្ឋាភិបាល ដែលលោកចង់បានឱ្យប្រជាពលរដ្ឋបានអាស្រ័យផលដីកសិកម្ម ដែលលោកខំសម្បទាន ខំកាត់ពីតំបន់៣ ឱ្យប្រជាកសិករអាស្រ័យផលដែលជាគោលការណ៍ល្អ  បែរជាមន្រ្តីខេត្តលោកចាត់ចែងមិនបានយុត្តិធម៌សម្រាប់​ពួកគាត់ ធ្វើឱ្យពួកគាត់មិនអាចទទួលយកបាន។

លោក អ៊ិនគង់ជិតបានសំណូមពរបន្ថែមថា៖ «ខ្ញុំស្នើសុំឱ្យអាជ្ញាធរខេត្តគិតគូរឡើងវិញហើយដោះស្រាយក្តីកង្វល់ពួកគាត់ នឹងស្នើឱ្យក្រុមការងារថ្នាក់ជាតិ ជាពិសេសរាជរដ្ឋាភិបាលគួរបង្កើតគណៈកម្មាធិការថ្នាក់ក្រសួងចុះមក ដែលមានសមាសភាព អាជ្ញាធរបឹងទន្លេសាប តំណាងក្រសួងមហាផ្ទៃ ក្រសួងអធិការកិច្ច និងមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ចុះមកពិនិត្យធ្វើអធិការកិច្ចរកឱ្យឃើញការពិត ដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋដែលមានទុក្ខសោកក្នុងការទទួលយកចំណែកដីនេះ»

472 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម