បន្ទាប់ពីការចរចាអស់រយៈពេលជាងពីរឆ្នាំ ក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមហ៊ុនសាវជីវកម្មហូឡង់អយកូក្រេឌីត (Oikocredit) មិនបានឈានដល់ការព្រមព្រៀងណាមួយ លើផែនការក្នុងការដោះស្រាយករណីរំលោភបំពានសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទេ។
សេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ខែមករា ពីក្រុមអង្គការសិទ្ធិមនុស្សចំនួនបីមាន អង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាល្លឺម៉ង់ បានឱ្យដឹងថា ដំណើរការសម្រុះសម្រួល ដែលបានដាក់ទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីតផ្តល់ការអនុគ្រោះដល់កូនបំណុល បានបញ្ចប់កាលពីសប្តាហ៍មុនដោយមិនមានការព្រមព្រៀងណាមួយទេ។
ផ្ទុយទៅវិញ ក្រុមហ៊ុនសាជីវកម្មនេះ បានសន្យាថា នឹងបង្កើតក្របខណ្ឌសម្រាប់យន្តការសម្រុះសម្រួលឯករាជ្យមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ ឬពេលវេលាកំណត់ណាមួយនោះទេ ដែលធ្វើឱ្យក្រុមអង្គការសិទ្ធិមនុស្សមានការព្រួយបារម្ភ ហើយបានអះអាងថា ក្រុមហ៊ុននេះខកខានមិនបានផ្តល់ដំណោះស្រាយភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការមិនមែនរដ្ឋាភិបាលទាំងបីបានអះអាងថា កូនបំណុលកម្ពុជាសមនឹងទទួលបាន «ការអនុគ្រោះជាក់លាក់» និងសំណងពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីត ដែលបានប្រមូលប្រាក់ចំណេញរាប់លានដុល្លារពីឧស្សាហកម្ម ដែលរងការចោទប្រកាន់ថា បានផ្តល់កម្ចីបែបកេងប្រវ័ញ្ច ហើយដែលតាមចោទថា ក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីតបានដឹងរឿងនេះ តាំងពីឆ្នាំ២០១៧។
អង្គការទាំងបី ក៏បានលើកឡើងផងដែរថា ក្រុមអ្នកវិនិយោគអន្តរជាតិផ្សេងទៀតមានចំណែកក្នុងការទទួលខុសត្រូវ រួមមានបណ្តាធនាគារអភិវឌ្ឍន៍នៃប្រទេសនៅអ៊ឺរ៉ុបជាច្រើន ដែលបានលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដ៏ធំបំផុតនៅកម្ពុជាកាលពីប៉ុន្មានសប្តាហ៍មុនក្នុងទឹកប្រាក់ចំនួន៥៥០លានដុល្លារ។
ក្រុមទាំងបីនេះបានអះអាងថា៖ «នេះ គឺពិតជាគួរឲ្យសោកស្ដាយយ៉ាងខ្លាំងដែលនៅចុងបញ្ចប់នៃដំណើរការសន្ធានកម្មនេះ មិនមានចំណុចណាមួយត្រូវបានព្រមព្រៀងគ្នា ដែលឈានដល់មានការដោះស្រាយបញ្ហាខាងលើនោះឡើយ […] វិបត្តិមួយនេះ កាន់តែមានភាពធ្ងន់ធ្ងរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំហើយ ប៉ុន្តែមិនដឹងថា នឹងអាចដោះស្រាយបាននៅពេលណា»។
ខណៈពេលដែលក្រុមសាជីវកម្មអយកូក្រេឌីតអះអាងថា ផែនការដំណោះស្រាយរបស់ខ្លួនឆ្លើយតបតាមស្តង់ដារអន្តរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស អ្នកចរចាមកពីក្រុមអង្គការសង្គមស៊ីវិលបានអះអាងថា ផែនការនេះ ខ្វះភាពច្បាស់លាស់អំពីរបៀបដែលខ្លួននឹងការពារកូនបំណុលពីការបង្ខំឱ្យលក់ដីរបស់ពួកគេ ឬទប់ស្កាត់ការធ្វើអត្តឃាតដែលជំរុញដោយសារបំណុល ជាការរំលោភបំពាន ដែលត្រូវបានកត់ត្រាច្រើនឆ្នាំមកហើយ ដោយក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពូលរបស់កម្ពុជារួមមានគ្រឹះស្ថានប្រាសាក់ អម្រឹត និង LOLC គឺជាគ្រឹះស្ថានដ៏គួរឱ្យកត់សំគាល់បំផុត ដែលមានការជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស ដូចជាការគំរាមកំហែង ការបង្ខំឱ្យលក់ដី (រួមទាំងដីជនជាតិដើមភាគតិច) និងការលំបាកដោយសារបំណុល។
ក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីត អះអាងថា មូលនិធិរបស់ខ្លួនមានចំនួនតិចជាង១ភាគរយនៃវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ដែលធ្វើឱ្យឥទ្ធិពលរបស់ខ្លួនមានកម្រិត។ ក្រុមហ៊ុននេះ លើកឡើងថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់យ៉ាងមុតមាំថា មីក្រូហិរញ្ញវត្ថុអាចជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរស់នៅ ប៉ុន្តែលុះត្រាតែអនុវត្តប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌»។
នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងអ្នកនាំពាក្យរបស់គ្រឹះស្ថាន ប្រាសាក់ និង អម្រឹត Plc មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីម៉ែលទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានសម្តែងការខកចិត្តចំពោះការខកខានមិនបានឈានដល់ការព្រមព្រៀងស្តីពីការកាត់បន្ថយគ្រោះថ្នាក់ចំពោះកូនបំណុលតូចតាចជាពលរដ្ឋខ្មែរ និងការខកចិត្តដែលសេចក្តីថ្លែងការណ៍ និងការសន្យារបស់ក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីតមិនបានកំណត់ជាក់លាក់ចំពោះការដោះស្រាយការរំលោភបំពានសិទ្ធិមនុស្ស ដែលទាក់ទងនឹងការវិនិយោគរបស់ខ្លួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) ភ្លាមៗនេះ មិនបានធ្វើអត្ថាធិប្បាយចំពោះការចរចាមិនបានសម្រេចរវាងក្រុមអង្គការមិនមែនរដ្ឋាភិបាលនិងក្រុមហ៊ុនសាជីវកម្មអយកូក្រេឌីតនោះទេ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ជាស្ថាប័នតំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបានប្រឈមមុខនឹងការរិះគន់កន្លងមកចំពោះបទប្បញ្ញត្តិទន់ខ្សោយនៅក្នុងវិស័យនេះ បានមានប្រសាសន៍ថា សមាគមបានរឹតបន្តឹងស្តង់ដារសេវាកម្ម ដើម្បីធានាបាននូវការវាយតម្លៃឥណទានត្រឹមត្រូវ។ CMA ក៏បានបើកវគ្គបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិធនាគារនិងមីក្រូហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងសាខាស្តីពីការការពារអតិថិជន និងបទប្បញ្ញត្តិថ្មីផងដែរ។
យោងតាមលោក តុងងី បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ CMA បានបង្កើតឱ្យមានការប្រឡងយកវិញ្ញាបនប័ត្រសម្រាប់មន្ត្រីឥណទាន ដោយតម្រូវឱ្យពួកគេប្រឡងឡើងវិញរៀងរាល់បីឆ្នាំម្តង។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មន្ត្រីឥណទានជាង៤០ ០០០នាក់ក្នុងចំណោម៥៤ ០០០នាក់នៅក្នុងវិស័យនេះ បានបញ្ចប់វគ្គសិក្សា។
ទោះបីជាការពិភាក្សាអំពីសំណងត្រូវបានគេទុកចោលក៏ដោយ ក៏នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអង្គការសហប្រជាជាតិ និងធនាគារជាតិនៃកម្ពុជា បានបង្ហាញ «សកម្មភាពអាទិភាពចំនួន២២ចំណុច» បន្ទាប់ពីដំណើរការសម្របសម្រួលបានបញ្ចប់។ ទាំងនេះរួមមានការពង្រឹងការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវតាមរយៈការវាយតម្លៃរបស់ភាគីទីបីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣០ ដោយហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិជនជាតិដើមភាគតិចជាវត្ថុបញ្ចាំ និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។
សកម្មភាពអាទិភាពទាំងនេះក៏និយាយអំពីការបង្កើតយន្តការការពារអ្នកប្រើប្រាស់មជ្ឈមណ្ឌលដោះស្រាយបណ្តឹង និងយុទ្ធនាការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាជាមួយបំណុល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rights Groups and Dutch Investor Fail to Reach Agreement on Microfinance Abuses