អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៃកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរក្នុងឆ្នាំ២០២២បានកើនឡើងចំនួន១៣នាក់ដែលស្មើនឹង២៦%បើធៀបនឹងឆ្នាំ២០២១ ដោយបញ្ហាចម្បងគឺបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ និងកត្តាផ្សេងៗ យោងតាមមន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គមបានលើកឡើង។
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត លោក ហេង សុផាន់ណារិទ្ធ ថ្លែងថា៖ «ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺមានការកើនឡើងសម្រាប់ឆ្នាំ២០២២នេះ ដែលមានអ្នកស្លាប់ចំនួន៦៣នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២១កន្លងមកវិញយើងឃើញថាមានអ្នកស្លាប់[..] មានការកើនឡើងអ្នកស្លាប់ចំនួន១៣នាក់ វាស្មើនឹង២៦%»។
យោងតាមទិន្នន័យផ្ដល់ដោយលោក សុផាន់ណារិទ្ធ បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២២ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើង បានកើតឡើងសរុបចំនួន ៣ ២៧៥ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៦៣នាក់ របួសធ្ងន់៨៥៤នាក់ និងរងរបួសស្រាលចំនួន ៣ ១៣៩នាក់។
ខណៈទិន្នន័យគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងឆ្នាំ២០២១ មានសរុបចំនួន ២ ៥១២ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន៥០នាក់ របួសធ្ងន់៤៧០នាក់ និងរបួសស្រាលចំនួន ១ ៩៩២នាក់។
ជាមួយគ្នានេះ លោក សុផាន់ណារិទ្ធ បន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងគ្រប់វិស័យទូទាំងប្រទេសក្នុងឆ្នាំ២០២២ គឺមានសរុបចំនួន ៥ ១៥៨ករណី ក្នុងនោះអ្នករងរបួសស្រាល ៤ ២៧១នាក់ របួសធ្ងន់ ១ ៦២៤នាក់ និងស្លាប់ចំនួន១៥៦នាក់។ ដោយលោកបន្តថា តួលេខនេះបើធៀបនឹងឆ្នាំ២០២១ គឺមានការកើនឡើងចំនួន ១ ៨៩០ករណី ស្មើនឹង៥៨%។
លោក សុផាន់ណារិទ្ធ បញ្ជាក់ថា៖ «ក្នុងនោះ គ្រោះថ្នាក់បង្កឡើងដោយម៉ូតូមានចំនួន ៤ ៨៤៥ករណី រថយន្ត១៣១ករណី រ៉ឺម៉ក២៥ករណី កង់៣៣ករណី ដោយថ្មើរជើង១១១ករណី និងករណីផ្សេងៗ១៣ករណី»។
ចំពោះមូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកម្មករនិយោជិត លោកថា គឺដោយសារកត្តាមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់មានទិន្នន័យជារួម៣៦ភាគរយ មិនគោរពសិទ្ធិអទិភាព២១ភាគរយ មិនប្រកាន់ស្ដាំ(បើកបញ្ច្រាសទិស)១៣,៥ភាគរយ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់១០,៩ភាគរយ បត់មិនត្រឹមត្រូវ៨,២ភាគរយ កត្តាផ្លូវ២,៤ភាគរយ លក្ខណៈបច្ចេកទេសយានយន្ត២,៨ភាគរយ និងបញ្ហាផ្សេងៗទៀត៥,២ភាគរយ។
មួយវិញទៀត លោកមើលឃើញថា កត្តាដែលធ្វើឱ្យមានករណីគ្រោះថ្នាក់ដោយសារម៉ូតូច្រើន គឺដោយសារកម្មករនិយោជិតមានលក្ខខណ្ឌការងារល្អដែលធ្វើឱ្យគាត់មួយចំនួនមានលទ្ធភាពទិញម៉ូតូជិះដោយខ្លួនឯង និងមិនប្រើរថយន្តដឹកកម្មករដើម្បីធ្វើដំណើរទៅកន្លែងធ្វើការបន្តទៀត។
លោក ឡូញ ឡា អាយុ៣១ឆ្នាំ រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាកម្មកររោងចក្រកាត់ដេរម្នាក់ដែលបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូរយៈពេល៦ឆ្នាំ ឱ្យដឹងថា ការធ្វើដំណើរដោយម៉ូតូនេះគឺវាមិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេ ដោយសារគាត់ក៏បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកផងដែរ។ មួយវិញទៀត លោកថាអ្នកបើកបរម៉ូតូភាគច្រើនគឺគាត់មិនសូវគោរពនូវច្បាប់ចរាចរណ៍នោះឡើយ ដោយបានជិះពាសពេញផ្លូវពេលចេញពីធ្វើការ ខណៈរថយន្តដឹកកម្មករមួយចំនួនក៏បើកបរក្នុងល្បឿនលឿនថែមទៀត។
លោកបន្តថា៖ «មិនសូវសុវត្ថិភាពប៉ុន្មានទេសម្រាប់អ្នកជិះម៉ូតូអ៊ីចឹង។ កាលមុនឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍ដែរ[..] តាមខ្ញុំមើលឃើញអ្នក(កម្មកររោងចក្រ)គោរពច្បាប់មានតិចវិញ ដូចថាចេញពីធ្វើការចឹងទៅ គឺម៉ូតូជិះពេញផ្លូវចឹងតែម៉ង»។
អ្នកស្រី ឈន ចាន់សូត្រ អាយុ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម ជាកម្មកររោងចក្រកាត់ដេរដែលធ្វើដំណើរដោយរថយន្តរយៈពេល៦ឆ្នាំ ហើយគាត់ត្រូវចំណាយថវិកា ៥៥ ០០០រៀលក្នុងមួយខែដើម្បីបង់ថ្លៃសេវា។
អ្នកស្រីឱ្យដឹងថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវធ្វើដំណើរប្រមាណជា១៨គីឡូពីផ្ទះទៅកន្លែងធ្វើការ។ មូលហេតុដែលគាត់ជ្រើសរើសជិះឡាន គឺដោយសារគាត់មិនមានទំនុកចិត្តក្នុងការធ្វើដំណើរដោយម៉ូតូ ជាពិសេសនៅពេលឆ្លងថ្នល់ដោយថាយានយន្តបើកបរឆ្លងកាត់ទៅមកក្នុងល្បឿនលឿន ក៏ដូចជាការបារម្ភថានៅពេលដែលខូចម៉ូតូគឺត្រូវបណ្ដើរស្ងាត់តែម្នាក់ឯង។
អ្នកស្រីបន្តថា៖ «ខ្ញុំនៅតែមានក្ដីបារម្ភមិនថាធ្វើដំណើរដោយម៉ូតូ ឬឡានក្ដី តែថាពេលជិះឡានវាមានការបារម្ភតិចជាងដោយសារមានគ្នីគ្នា ហើយណាមួយតៃកុងគាត់បើកបរដោយប្រុងប្រយ័ត្នផង»។
លោក គឹម បញ្ញា នាយកប្រត្តិបត្តិនៃអង្គការបង្ការរបួសអាស៊ី បានឱ្យដឹងថា ទោះថាគ្រោះថ្នាក់ចរាចរណ៍មានតួលេខមួយខ្ពស់ក៏ពិតមែនតែនៅក្នុងកម្រិតមួយអាចទទួលយកបាន។ លោកបន្តថា ចំពោះទិដ្ឋភាពនៃការដឹកអ្នកដំណើរគឺមានភាពប្រសើរឡើងខ្លះ ដោយថាម្ចាស់រថយន្តមួយចំនួនបានធ្វើការផ្លាស់ប្ដូរបច្ចេកទេសរថយន្តទៅតាមស្ដង់ដារដឹកអ្នកដំណើរដែលមានកៅអីអង្គុយត្រឹមត្រូវ និងមួយចំនួននៅមិនទាន់ផ្លាស់ប្ដូរទៅជារថយន្តដឹកអ្នកដំណើរតែបានដាក់កៅអីឱ្យអង្គុយ ខណៈមានរថយន្តជាច្រើនទៀតដែលនៅពុំទាន់ផ្លាស់ប្ដូរពីរថយន្តទ្រុង ដែលមានសភាពចាស់និងតម្រូវឱ្យអ្នកដំណើរឈរប្រជ្រៀតគ្នានៅឡើយ។
លោក បញ្ញា លើកឡើងទៀតថាតួលេខនៃគ្រោះថ្នាក់ចរាចរណ៍លើអ្នកដំណើរដោយរថយន្តដឹកជញ្ជូនរួមគឺមានកម្រិតប្រហាក់ប្រហែលគ្នានឹងតួលេខឆ្នាំកន្លងទៅ។
លោកបញ្ជាក់ថា៖ «ចំពោះអ្នកដែលគាត់ប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូគឺអត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្ពស់ មិនថាចំនួនអ្នករបួសនិងស្លាប់»។
លោកបន្តថា៖ «ក្នុងឆ្នាំ២០២២ នេះកម្មករកម្មការិនីចំនួន៦៣ត្រូវបានស្លាប់ បើគិតតែក្នុងម៉ោងបំពេញការងារប៉ុណ្ណោះ»។
លោក គឹម បញ្ញា ក៏បានស្នើដល់អាជ្ញាធរក្នុងការជំរុញឱ្យមានជាគោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងចំណោមរោងចក្រទាំងអស់ទូទាំងប្រទេស ដោយផ្ដោតទៅលើរោងចក្រដែលនៅតាមបណ្ដោយផ្លូវជាតិជាមុន ក៏ដូចជានៅតាមបណ្ដាគ្រឹះស្ថានដែលនៅក្រោមការចុះបញ្ជីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ លើកឡើងថា ដោយសារតែបញ្ហាកូវីដ-១៩ គួបផ្សំនឹងការហៅចូលទំនិញមានការធ្លាក់ចុះ និងការដែលកម្មកររោងចក្របានប្ដូរមកជិះម៉ូតូវិញនោះ បានធ្វើឱ្យអ្នកបើកបររថយន្តដឹកកម្មករមួយចំនួនជួបនឹងវិបត្តិសេដ្ឋកិច្ច មិនសូវមានចំណូលដែលអាចឈានដល់ការបោះបង់នូវមុខរបរនេះ ក៏ដូចជាមិនមានលទ្ធភាពក្នុងការផ្លាស់ប្ដូរទៅជារថយន្តក្រុងដឹកអ្នកដំណើរ។
លោកបន្តថា៖ «បច្ចុប្បន្ននេះអត្រានៃការផ្លាស់ប្ដូររថយន្តគឺមានភាពអវិជ្ជមាននៅឡើយ។ វាមានចំនួនតិចតួចបំផុតដែលបានផ្លាស់ប្ដូររថយន្តតាមស្ដង់ដារបច្ចេកទេស តែថាប្រសិនបើទៅថ្ងៃមុខច្បាប់ចរាចរណ៍មានការតឹងរឹងនោះ អ្នកបើកបររថយន្តគឺត្រូវតែអនុវត្តតាមហើយ»។
លោក ណាង វុត្ថា ជាអ្នកបើករថយន្តទ្រុងប្រភេទ២តោនកន្លះរស់នៅខេត្តកំពង់ចាម ឱ្យដឹងថា អាជ្ញាធរធ្លាប់បានចុះមកប្រាប់គាត់ឱ្យផ្លាស់ប្ដូរតាំងពី៣-៤ ឆ្នាំមុន ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ចទើបធ្វើឱ្យលោកមិនទាន់សម្រេចប្ដូរបាន តែថាប្រសិនបើមានលទ្ធភាពលោកនឹងប្ដូរពីឡានទ្រុងទៅឡានក្រុងដឹកអ្នកដំណើរតាមការណែនាំរបស់អាជ្ញាធរ។ លោកបន្តថា បច្ចុប្បន្ននេះចំនួនអ្នកដំណើរគឺមិនមានភាពឋិតឋេរនោះឡើយ ដែលធ្វើឱ្យលោកដឹកបានអ្នកដំណើរចំនួនតែ៣០នាក់ប៉ុណ្ណោះព្រោះថារោងចក្រមួយចំនួនត្រូវបានបិទ។
លោកបញ្ជាក់ថា៖ «គេឱ្យដូរឡានដែរប៉ុន្តែអ្នកដឹកកម្មករភាគច្រើនគ្មានសមត្ថភាព រកលុយទិញតែឡានយកមកដឹកកម្មករប៉ុណ្ណឹងជំពាក់ធនាគារមួយគំនរ ទម្រាំតែដូរទៀតជំពាក់កាន់តែច្រើនទៅទៀត»។
លោក វុត្ថា បានបន្តទៀតថា សម្រាប់សេវាថ្លៃធ្វើដំណើរគឺមនុស្សម្នាក់ត្រូវបង់ ៤ ៨០០០រៀលក្នុងមួយខែ។ ដោយលោកថា ទោះបីសព្វថ្ងៃដឹកបានមនុស្សតិចតែនៅបន្តធ្វើ ដោយសារលោកត្រូវរកលុយបង់សងធនាគារ និងថ្លៃប្រេងខ្លះ។
ចំណែកឯ លោក ឯក ភឿន អ្នកបើកបររថយន្តក្រុងដឹកកម្មករ បានឱ្យដឹងថា គាត់បានប្ដូរពីឡានទ្រុងមកជាឡានត្រូវតាមស្ដង់ដារអស់រយៈពេល៤ឆ្នាំមកហើយ។ ចំពោះមូលហេតុដែលគាត់សម្រេចចិត្តប្ដូរ គឺដោយសារខាង ប.ស.ស និងប៉ូលិសចរាចរណ៍ បានចុះមកប្រជុំដោយប្រាប់ឱ្យផ្លាស់ប្ដូរដោយថាមុននិងក្រោយគង់តែប្ដូរដដែល។
លោក ភឿន ឱ្យដឹងទៀតថា សម្រាប់ការបម្លាស់ប្ដូររថយន្តគឺគាត់បានយករថយន្តទ្រុងទៅប្ដូរតែត្រូវបន្ថែមថវិកាជិត៧ពាន់ដុល្លារអាមេរិក ទើបអាចបានឡានក្រុងប្រភេទ៣៥កៅអីដែលស្របតាមស្ដង់ដារបច្ចេកទេស។ លោកបន្ថែមថា ចំពោះការបង់ថ្លៃសេវាគឺអាស្រ័យលើទីតាំងរបស់អ្នកដំណើរ ដោយលោកថាជាទូទៅមនុស្សម្នាក់អស់ត្រឹមខ្ទង់ជាង៦ម៉ឺនរៀលក្នុងមួយខែ។
សម្រាប់មូលហេតុដែលម្ចាស់រថយន្តទ្រុងមួយចំនួនមិនទាន់ធ្វើការផ្លាស់ប្ដូរនោះ លោកយល់ថា៖ «គឺគេគិតថាឡានទ្រុងដូចពួកឡាន២តោនកន្លះអីគឺម៉ាស៊ីនវា៤ ហើយឡានក្រុងពួកឡាន៣៥កៅអីហ្នឹងម៉ាស៊ីនវា៦។ អ៊ីចឹងគេដឹកឡានទ្រុង គេដឹកបានច្រើនជាងយើង ហើយយើងដឹកបាន៣៥កៅអី។ អ៊ីចឹងគេថាបើផ្លាស់ប្ដូរពីឡានទ្រុងទៅឡានក្រុងក៏គេត្រូវចំណាយបន្ថែមទៀត។ អ៊ីចឹងពួកគេនៅតែប្រើអាហ្នឹងដដែលទៅ ដោយសារគេ[អាជ្ញាធរ]មិនរឹតត្បិតអី បិទទាំងស្រុងផង»។
លោក គង់ អាទិត្យ ប្រធានសហព័ន្ធសហជីព CCAWDU បានឱ្យដឹងថា ចំពោះការសម្រេចចិត្តផ្លាស់ប្ដូររថយន្តគឺវាអាស្រ័យលើកត្តាពីរសំខាន់គឺកត្តានៃការយល់ដឹង និងកត្តាថវិការបស់អ្នកបើកបររថយន្ត។
លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់យល់ដឹងបានល្អទៅនោះគាត់នឹងព្យាយាមរកវិធីដូរ ប៉ុន្តែនៅតែជួបឧបសគ្គរឿងថវិកា អាហ្នឹងគឺជាបញ្ហា»។លោកបន្តថា៖ «ដូចដែលយើងធ្លាប់បានចូលរួមប្រជុំជាមួយគណៈកម្មការផ្សេងៗថា វាត្រូវការមានការលើកទឹកចិត្តពីភាគីអភិវឌ្ឍន៍ផ្សេងៗដែលនៅក្នុងវិស័យហ្នឹង! បើគាត់[អ្នកបើកបរ]តែឯងរាងពិបាកបន្តិច ពីព្រោះដឹងស្រាប់ហើយគឺគាត់ខ្ចីលុយធនាគារយកមកទិញឡានអ៊ីចឹងទៅ»។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ លោក គង់ អាទិត្យ យល់ឃើញថា កត្តាដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍លើកម្មករកម្មការិនីរោងចក្រនៅតែបន្តកើតមាន គឺដោយសារកត្តាបើកបរដោយមិនមានទំនួលខុសត្រូវនិងប្រុងប្រយ័ត្នរបស់ម្ចាស់រថយន្តទ្រុងមួយចំនួន ក៏ដូច ជាកត្តាយល់ដឹងពីច្បាប់ចរាចរណ៍របស់ពួកគាត់នៅពុំទាន់បានគ្រប់ជ្រុងជ្រោយ និងកត្តាមួយចំនួនទៀតអាចបណ្ដាលមកពីអ្នកបើកបរយាន្តជំនិះទូទៅគឺគាត់មិនសូវអនុវត្តច្បាប់ចរាចរណ៍ជាដើម។
លោកបន្ថែមថា៖ «កត្តាអនុវត្តច្បាប់ចរាចរណ៍ដោយអន្លើរបស់អាជ្ញាធរក៏អាចជាចំណែកមួយក្នុងការបន្តឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឱ្យដឹងដែរថា ស្ថានភាពនៃការធ្វើដំណើរគឺវាមិនសូវខុសគ្នាពីឆ្នាំកន្លងទៅនោះទេ។ ដោយមិនសូវខុសពីលោក អាទិត្យ ប៉ុន្មានគឺ លោកថាកម្មករនិយោជិតនៅតែប្រឈមនឹងហានិភ័យខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវ ដោយសារកត្តានៃការប្រើប្រាស់ឡាន ឬរ៉ឺម៉កកែច្នៃ និងអ្នកធ្វើដំណើរមិនគោរពច្បាប់ឱ្យខ្ជាប់ខ្ជួន។ យ៉ាងណា លោកបន្ថែមថា កត្តាផ្លូវក៏ជាបញ្ហាមួយដែរ ដោយថាផ្លូវជាច្រើនគឺមិនមានផ្លាកសញ្ញា ឬភ្លើងសម្គាល់ឱ្យបានត្រឹមត្រូវ ខណៈផ្លូវខ្លះកំពុងជួសជុលនិងមានសភាពហុយជាដើម។
ដូចនេះ លោកបានស្នើឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធចាត់ជាវិធានការ និងពង្រឹងបន្ថែមលើបញ្ហាទាំងអស់នេះ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពលើការធ្វើដំណើរតាមដងផ្លូវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតរោងចក្រផងដែរ។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មិន មាណវី មានប្រសាសន៍ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធបានកំពុងខិតខំក្នុងការពន្លឿនដំណោះស្រាយចំពោះបញ្ហាទាំងអស់ខាងលើហើយ តែថាវាក៏ត្រូវផ្អែកលើបញ្ហាសេដ្ឋកិច្ចដែរ។
លោកស្រីបញ្ជាក់ថា៖ «រដ្ឋាភិបាលនិងដៃគូគេកំពុងតែធ្វើហើយ ក៏មានការកែប្រែបណ្ដើរៗហើយ ដែលរដ្ឋាភិបាលជាមួយនឹងខាង ប.ស.ស គេជំរុញលើកទឹកចិត្តផង គេអប់រំណែនាំអីផង ប៉ុន្តែវាមិនអាចទៅបានភ្លាមហ្នឹងណាក្មួយ»។ លោកស្រីបន្ថែមថា៖ «[សម្រាប់ការផ្លាស់ប្ដូរពីរថយន្តទ្រុងទៅរថយន្តក្រុងដឹកអ្នកដំណើរ] វាចង់ពាក់កណ្ដាលហើយ ហើយគាត់ក៏កែទៅជិះម៉ូតូជិះអីខ្លួនឯងទៅទៀតនោះ។ អាហ្នឹងវាត្រូវការអប់រំបន្ថែមទៀត ដោយការប្រើម៉ូតូផ្ទាល់ខ្លួនក៏វាច្រើន អ៊ីចឹងត្រូវការអប់រំណែនាំច្រើនណាស់»។
វិលមកលោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ បន្ថែមទៀតថា កន្លងមកសមាគមបានធ្វើការសំណូមពរទៅកាន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារពីការស្នើឱ្យមានការសម្រួលដល់ការអត្រាកម្ចីប្រាក់ដល់ម្ចាស់រថយន្ត ប៉ុន្តែហាក់មិនមានជាលទ្ធផលនោះឡើយ៕