សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក រ៉ុង ឈុន ចូលសវនាការជាថ្មីពាក់ព័ន្ធបទញុះញង់លើបញ្ហាព្រំដែន តែលោកថាខ្លួនគ្មានកំហុស

លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណនបក្សកម្លាំងជាតិ មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការរបស់គាត់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណនបក្សកម្លាំងជាតិ មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការរបស់គាត់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន បាន​ចូល​រួម​សវនាការ​នៅសាលាដំបូងរាជធានីភ្នំពេញ កាលពី​ថ្ងៃពុធ ទាក់ទងនឹង​បទ​ចោទ​ញុះញង់​បង្ក​ភាពវឹកវរ​ក្នុង​សង្គម ដែល​ការ​ចោទ​ប្រកាន់នេះពាក់ព័ន្ធ​នឹង​បទ​អត្ថាធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា និង​វៀត​ណាម​។​ 

សាលក្រម​ក្នុង​សំណុំរឿង​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២៥​។​ 

បទ​ចោទ​នេះ កើត​ឡើង​​ពី​វីដេអូ​ឃ្លីបរបស់​លោក​​មួយ​ដែល​ថត​កាលពី​ខែ​កក្កដា នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាទី​ដែល​លោក​បាន​ថ្លែងទៅកាន់សមាជិក​គណបក្ស​កម្លាំងជាតិ និង​បាន​រិះគន់​រដ្ឋាភិបាល​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ​។ ក្នុង​វីដេអូ​ឃ្លីប​នោះ លោក​បាន​លើក​ឡើង​ថា​កម្ពុជា «ជាប់​ចំណាត់ថ្នាក់លេខ​មួយ​ខាង​ឆបោក ឧក្រិដ្ឋជន បទល្មើស​អនឡាញ និងចាប់​ជំរិត»។​ ​ 

លោក​ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី ទាក់ទង​​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ទៅ​កាន់​តំបន់​ព្រំដែនកម្ពុជា-​វៀតណាម​។ ក្នុង​បទ​សម្ភាសន៍ លោក​បាន​លើក​ឡើង​ថាមាន «ភាពមិនប្រក្រតី» ក្នុង​ចំណោម​បង្គោល​ព្រំ​ដែន​ដែល​បាន​បោះ​រួច​៨៤% រវាង​ប្រទេស​ទាំង​ពីរ​។​ 

នៅ​ក្នុង​បន្ទប់​សវនាការលោក​លើក​ឡើង​ទៅ​កាន់ចៅក្រម​ថា៖ «​ខ្ញុំ​មិន​ទទួល​ស្គាក់​បទ​ចោទ​ញុះញង់​​មក​លើ​រូប​ខ្ញុំនោះទេ»។ លោក​បន្តរក្សា​នូវ​ខ្លឹមសារដែល​លោក​បាន​អត្ថាធិប្បាយ​នោះដោយ​ថា «គ្រាន់​ជា​ទស្សននយោបាយ​ធម្មតា»។ លោក​បន្ថែម​ថា ហើយ​ក៏គ្មាន​ហេតុការណ៍អាក្រក់ណា​មួយ​កើត​ឡើង​ក្រោយ​ពេល​លោក​និយាយរឿងទាំង​នោះ​​ដែរ។​ 

យ៉ាងណា​លោក​ឲ្យ​ដឹង​ថា ​លោក​ពិតជា​បាន​ទៅ​ជួប​សមាជិក​គណបក្ស​នយោបាយ​របស់​លោក និង​អ្នក​ភូមិនៅពេល​នោះ​។ លោក​ថា៖ «​ខ្ញុំជា​អ្នក​នយោបាយ​ម្នាក់ បើ​សិនជា​ខ្ញុំ​មិន​ចុះទៅ​ជួប​ប្រជា​ពល​រដ្ឋ ឲ្យ​ខ្ញុំ​ធ្វើ​នយោបាយ​របៀប​ម៉េច»។​ 

ក្នុង​សវនាការ លោក រ៉ុង ឈុន ម្ដង​ហើយ​ម្ដងទៀត បាន​រក្សា​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​មិន​ឆ្លើយ​សំណួរ ពេល​ដែល​ព្រះ​រាជ្ញា និង​ចៅក្រម​សួរ​ផ្ដោត​ទៅ​លើ​ថា​តើ​លោក​ពិត​ជា​បាន​ធ្វើអត្ថាធិប្បាយ​ដូច​ដែល​មាន​ក្នុង​វីដេអូឃ្លីប និងក្នុង​បទ​សម្ភាសន៍ជាមួយ​វិទ្យុ​អាស៊ីសេរី​។​ 

លោក​លើក​ឡើងថា៖ «​ខ្ញុំ​មិន​ចង់​ផ្ទៀង​ផ្ទាត់​សម្ដី​របស់​ខ្ញុំ [ម្ដងហើយ​ម្ដងទៀត​នោះទេ]។ ខ្ញុំ​រក្សា​សិទ្ធិ​របស់​ខ្ញុំ​ក្នុង​ការ​មិន​ឆ្លើយ​សំណូរ​»​។ លោក​ថា បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (AI) ​អាច​ក្លែង​សំឡេង​របស់​លោក​បាន​។ លោក​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទ​នេះ។​ 

ព្រះ​រាជអាជ្ញា លោក សេង ហៀង បាន​ស្នើ​ឲ្យ​ចៅក្រម​ពិចារណា​ដាក់​ទោស​លោក​ រ៉ុង ឈុន ទោះបីជា​ លោក រ៉ុង ឈុន បដិសេដបទចោទ​ក៏ដោយ​។ លោកព្រះរាជអាជ្ញា ថា​លោក រ៉ុង ឈុន «មិនរាង​ចាល» ប្រព្រឹត្តបទល្មើសដដែល ដោយកាលពីឆ្នាំ២០២១ លោក​ត្រូវ​បាន​កាត់ទោស​ម្ដង​ហើយក្នុង​សំណុំ​រឿង​បប្រហាក់ប្រហែល​គ្នា​នេះ ទាក់ទង​នឹងការ​ធ្វើអត្ថាធិប្បាយ​ពី​រឿង​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម​ដែរ​។​ 

លោក សេង ហៀង លើក​ឡើងថា៖ «តើ​មាន​ភស្តុតាងពីណា​ថា​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ​១ខាង​ឆបោក​ និង​​បទល្មើស​អនឡាញ? គឺ​មិនមាន​ទេ…វាជា​ព័ត៌មាន​បំភ្លៃ»។ លោក​ថា ប្រទេស​ផ្សេង​ទៀត​ក៏​រង​ផល​ប៉ះពាល់​ពី​ការ​ឆបោក​តាម​អនឡាញ​នេះដែរ​។​ 

លោក​បន្តថា៖ «ទី២ គ្មាន​ភស្តុតាង​ការវាយតម្លៃ​ការលើក​ឡើងថា​ការបោះបង្គោល​ព្រំ​ដែន​បាន​៨៤%​ មាន​ភាពមិនប្រក្រតី»។ លោក​បន្ថែមថា ជនជាប់ចោទ​មិន​មែន​ជាអ្នក​ជំនាញ​ផ្នែក​កិច្ច​ការព្រំដែនទេ​។​ 

មេធាវីការពារក្ដីឲ្យ​លោក រ៉ុង ឈុន គឺ​លោក ជួង ជូងី បានលើកឡើងថា​កូន​ក្ដី​របស់​លោក​មិនមានកំហុស​​ទេ ដោយអះអាង​ថាការ​អត្ថាធិប្បាយ​របស់​លោក រ៉ុង​ ឈុន ជា​ការសម្ដែង​មតិ ដោយ​មាន​ចេតនា​លើក​ពីបញ្ហា​ដើម្បីជា​ប្រយោជន៍សាធារណៈ។​ 

លោក​បន្ថែមថា៖ «វាជាការបញ្ចេញ​មតិ មិនមែនជា​ការ​ញុះញង់ទេ…​យើង​សួរថា​មាន​ករណីឆបោក​កើត​មាន​ឬអត់។ បាទ ពិតជាមាន មាន​ឧកញ៉ាមួយ​ចំនួន បាន​ប្រព្រឹត្ត​អំពើ​ឆបោក​»។​ 

លោក កត់​សម្គាល់ថា លោក រ៉ុង ឈុន គ្រាន់តែ​អត្ថាធិប្បាយ​លើ​រឿងពិត​ដែល​បាន​កើតឡើង​រួច​មក​ហើយ​តែប៉ុណ្ណោះ ដូចជាការនិយាយពី​​ការ​កាត់​ការ​អនុគ្រោះពន្ធ​ក្នុង​កម្មវិធីអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងអាវុធ របស់សភាពអឺរ៉ុបចំនួន​២០% ការ​មិន​បាន​ទទួល​ការ​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធពីអាមេរិក GSP និង​ការ​រំលាយ​គណបក្សសង្ក្រោះជាតិ​ជាដើ​ម។​ 

ប្រធានសមាគម​សិទ្ធិ​មុស្ស​អាដហុក លោក នី សុខា ដែល​បាន​ចូល​រួម​ស្ដាប់​សវនាការ​ បាន​ជំរុញ​ឲ្យ​ចៅក្រម​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​លោក​ រ៉ុង ឈុន​ ដោយ​ថា​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ស្ដារឡើងវិញ​នូវ​សិទ្ធិមនុស្ស និង​ស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។​ 

លោក​ឲ្យ​ដឹងថា៖ «តាមការ​សង្កេត​របស់​យើង នេះគឺជា​ការ​អនុវត្តសិទ្ធិបញ្ចេញមតិ និង​ទស្សនៈនយោបាយ។ ខ្ញុំ​មើល​មិន​ឃើញ​ថា​វាជា​បទ​ញុះញង់​នោះទេ»។​ 

លោក រ៉ុង ឈុន ជា​មេដឹកនាំសហជីព និង​ជាអ្នក​នយោបាយ​លេចធ្លោ​មួយ​រូប​ ហើយ​កន្លង​មក​លោក​ក៏​ធ្លាប់ជា​ប្រធានសមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ផង​ដែរ។​ ក្រៅពីនេះ លោក​ក៏​ធ្លាប់​បំពេញ​ការងារ​ជា​សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ផង​ដែរ។​ 

កាល​ពី​ឆ្នាំ២០១៨ លោក រ៉ុង ឈុន ជា​ថ្នាក់​ដឹក​នាំសហជីព​ម្នាក់ ក្នុង​ចំណោម​ប្រាំមួយ​នាក់​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ទនាគារ​ពីរ​ឆ្នាំ​កន្លះ ទាក់ទង​បទចោទ «អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ បទ​ចោទ​នេះ កើត​ចេញ​ពី​ការចោទ​ប្រកាន់ថា​លោក​បាន​ដឹកនាំការ​តវ៉ា​ដោយ​ហិង្សា​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេង​ក្នុង​រាជធានីភ្នំពេញ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rong Chhun Back on Incitement Trial Over Border Issue Comment, Continues to Maintain Innocence

48 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម