សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ុង ឈុន

លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ
លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ

តុលាការកំពូល​បានបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​របស់លោក រ៉ុង ឈុន កាលពីថ្ងៃពុធ ខណៈតុលាការ​ជាន់ទាប​បានប្រកាស​កាលបរិច្ឆេទ​ជំនុំជម្រះក្តីមេដឹកនាំ​សហជីពដ៏លេចធ្លោរូបនេះ ដែលប្រឈមនឹងការចោទ​ប្រកាន់ពីបទញុះញង់ ដោយសារការបញ្ចេញមតិ​របស់លោក​ទាក់ទង​នឹងការបោះបង្គោល​ព្រំដែន​រវាងប្រទេស​វៀតណាមនិងកម្ពុជា។

តុលាការកំពូល​បានចេញសេចក្តីសម្រេច​កាលពីព្រឹក​ថ្ងៃពុធនេះ ដោយលោក ស្រីចៅក្រម គឹម សត្ថាវី បាននិយាយថា សេចក្តីសម្រេច​របស់សាលាឧទ្ធរណ៍​ក្នុងការបន្តការឃុំខ្លួនលោក រ៉ុង ឈុន បណ្តោះអាសន្នគឺសមហេតុផល។ លោក រ៉ុង ឈុន គឺជាប្រធានសហភាពសហជីពកម្ពុជា។

ចៅក្រម គឹម សត្ថាវី មានប្រសាសន៍ថា៖ «ការឃុំខ្លួនបណ្តោះអាសន្នជនជាប់ចោទគឺជារឿងចាំបាច់ ដោយសារតែបទចោទនេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសន្តិភាពរបស់ប្រទេស។ ដូច្នេះ តុលាការកំពូលសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាប»

លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា និងត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដោយសារការបញ្ចេញមតិរបស់លោកនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។ ក្នុងបទសម្ភាសន៍នេះ លោក រ៉ុង ឈុន បាននិយាយថា ទាហានវៀតណាមបានបោះបង្គោលព្រំដែននៅទីតាំងមួយ ចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយ ៥០០ម៉ែត្រ នៅក្នុងទឹកដីកម្ពុជា ដែលប៉ះពាល់ដល់កសិករ ដែលរស់នៅតាមព្រំដែនមានជម្លោះ។

លោក រ៉ុង ឈុន ដែលជាបេក្ខភាពគណបក្សសង្គ្រោះជាតិនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរនោះ បាននិយាយថា លោកខកចិត្តនឹងសេចក្តីសម្រេចរបស់តុលាការកំពូល  ដោយលោកអះអាងថា ការចោទប្រកាន់នេះ គឺជារឿង នយោបាយ។

នៅពេលដែលដើរចេញពីបន្ទប់សវនាការ លោកបានមានប្រសាសន៍ថា៖«វាអយុត្តិធម៌ណាស់​សម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនបានធ្វើអ្វី ដូចដែលគេបានចោទប្រកាន់ខ្ញុំនោះទេ ហើយវាគ្រាន់តែជាការសម្តែងមតិរបស់ខ្ញុំ។ វាជារឿងនយោបាយ»

លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន បាននិយាយថា បទចោទ ប្រកាន់កូនក្តីរបស់លោកជុំវិញការបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមអំពីបញ្ហាព្រំដែនមិនបានបង្ហាញសញ្ញាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទេ។

លោក ជូង ជូងី បានមានប្រសាសន៍ថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថា ការចោទ ប្រកាន់ប្រឆាំងនឹងគាត់ត្រូវបាន [តុលាការ] ធ្វើឲ្យកាន់តែអាក្រក់ ពីព្រោះយើងមិន ឃើញមានសញ្ញាណាមួយដែលថា គាត់ព្យាយាមបង្កឲ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សង្គមនោះទេ បន្ទាប់ពីគាត់បានទៅព្រំដែន រួមទាំងការចេញសេចក្តីថ្លែងការណ៍»

លោក ជូង ជូងី ក៏បានបញ្ជាក់ដែរថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំ ពេញក្នុងសំណុំរឿងនេះ បានបិទការស៊ើបសួរ ហើយបានបញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះនៅថ្ងៃទី២ ខែធ្នូ។

លោក អំ សំអាត អនុប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ទស្សនៈរបស់សាធារណជនគឺថា  ករណីនេះហាក់មិនពាក់ព័ន្ធនឹងការអនុវត្តច្បាប់ដើម្បីធានានូវសណ្តាប់ធ្នាប់សង្គមនោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក រ៉ុង ឈុន ស្តីពីបញ្ហាដ៏រសើបទៅវិញទេ។

ក្រុមប្រឆាំងផ្នែកនយោបាយដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលនោះ បានចោទប្រកាន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជារឿយៗថា បានបណ្តោយឲ្យបាត់បង់ទឹកដីកម្ពុជាទៅប្រទេសវៀតណាម ខណៈប្រទេសទាំង ពីរបានធ្វើការបោះបង្គោលកំណត់ព្រំដែន។

លោកបានមានប្រសាសន៍ថា៖ «ពួកគាត់មើលឃើញថា ការចាប់ខ្លួនគាត់គឺជារឿងនយោបាយជាជាងការអនុវត្តច្បាប់»

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា តុលាការខកខានមិនបានត្រួតពិនិត្យលើការប្រើប្រាស់វិធានការរដ្ឋបាលហួសហេតុ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការចោទប្រកាន់ទៅលើអ្នកប្រឆាំងជាប្រចាំ។

លោកស្រីមានប្រសាសន៍ថា«តុលាការបានផ្តល់ភាពស្របច្បាប់ដល់ការបង្ក្រាបរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ទៅលើសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិ ការចូលរួម និងការជួបជុំដោយសន្តិវិធី ដែលផ្ទុយពីកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា»

លោស្រី បានបន្ថែមថា៖ «ជាអកុសល ការធ្វើបែបនេះ មិនបង្ហាញពីការវិលត្រឡប់ទៅរកសង្គមមួយដែលលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សត្រូវបានគោរពនិងលើកកម្ពស់នៅក្នុងប្រទេសកម្ពុជានោះទេ»

កាលពីសប្តាហ៍មុន អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិមួយក្រុមបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ «ការឃុំខ្លួនជាប្រព័ន្ធ» នូវសកម្មជននិងអ្នក ការពារសិទ្ធិមនុស្ស ដោយសំដៅដល់ការចាប់ខ្លួនមនុស្សដ៏ច្រើន បន្ទាប់ពីការចាប់លោក រ៉ុង ឈុន ដាក់ពន្ធនាគារ។

បន្ទាប់ពីការចាប់ខ្លួនលោក រ៉ុង ឈុន យុវជននិងសកម្មជនបរិស្ថានបានធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះនៅទីក្រុងភ្នំពេញ ដោយអាជ្ញាធរបានឃុំខ្លួនពួកគេយ៉ាងហោចណាស់ ១២នាក់។

លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដោយលើកឡើងថា លោកស្រីបានពិនិត្យមើលភស្តុតាងដែលថា សកម្មជនទាំង នោះ ត្រូវបានរារាំងមិនឱ្យប្រមូលផ្តុំដោយសន្តិវិធី ហើយការខិតខំតស៊ូមតិដើម្បីឲ្យមាន ការដោះលែងលោក រ៉ុង ឈុន បែរជានាំឲ្យមានការចាប់ខ្លួនបន្ថែមទៀតទៅវិញ៕

206 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម