សហគមន៍នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ស្នើឱ្យក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាលផ្តល់ថាមពលស្រូបពីពន្លឺព្រះអាទិត្យឡើងវិញនៅក្នុងតំបន់របស់ពួកគេ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បម្រើវិស័យអេកូរទេសចរណ៍ក្នុងស្រុក និងការពារប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
យោងតាមលោក Dean Rizzetti នាយកគោលនយោបាយនៃ EnergyLab រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅដើម្បីសម្រេចបាននូវថាមពលកកើតឡើងវិញឲ្យបាន៧០ភាគរយ នៅក្នុងឆ្នាំ២០៣០ ដោយបង្កើនថាមពលតាមរយៈពន្លឺព្រះអាទិត្យឲ្យកើនឡើងទ្វេដង។ លោកបានមានប្រសាសន៍ថា៖ «មានហេតុផលជាច្រើនដែលមានអារម្មណ៍ថាពួកយើងអាចរកដំណោះស្រាយ អំពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការធ្វើដូច្នេះហើយ ពួកយើងនឹងធ្វើអ្វីមួយដូចជា កាត់បន្ថយការនាំចូលប្រេងឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសដើម្បីបង្កើតសង្គមមួយដែលមានភាពធន់ និងយុត្តិធម៌ជាងមុន»។
នៅក្នុងកិច្ចពិភាក្សាមួយស្តីពីការអនុវត្តការផ្លាស់ប្តូរថាមពលដោយគ្រាន់តែប្រើកញ្ចក់ក្នុងសហគមន៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ក្នុងកំឡុងកម្មវិធីសប្តាហ៍ថាមពលស្អាតក្នុងឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា, លោក ប៊ុន ពេញភ័ក្ត្រ ជាទីប្រឹក្សាអភិវឌ្ឍន៍ទីផ្សារនៃអង្គការក្រៅរដ្ឋាភិបាល ប្រជាជនក្នុងតម្រូវការ (PIN) មានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបស្រូបយកអគ្គិសនីពីពន្លឺព្រះអាទិត្យបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ និងបានគាំទ្រដល់ប្រជាពលរដ្ឋកសិករ និងសហគមន៍មូលដ្ឋានយ៉ាងខ្លាំងផងដែរ។
ទោះយ៉ាងណាក៏ដោយ លោកក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមមួយចំនួនក្នុងចំណោមនោះ គឺតម្លៃបន្ទះសូឡាមានតម្លៃថ្លៃ ដែលធ្វើឱ្យវាពិបាកសម្រាប់គ្រួសារជាច្រើន មិនមានលទ្ធភាពទិញបន្ទះសូឡាប្រើប្រាស់។
លើសពីនេះ ក្នុងវិស័យឯកជនដែលរួមមានអាជីវកម្មខ្នាតតូច ភាគច្រើននៅតែមានកម្រិត ក្នុងការបំពេញតម្រូវការលក់ទៅកាន់អតិថិជនក្នុងការប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ហើយការប្រើប្រាស់ផ្ទាំងសូឡាពីថាមពលពន្លឺព្រះអាទិត្យមាននិន្នាការទាក់ទាញតែ«អតិថិជនដែលមានថវិការច្រើន»។
លើសពីនេះ កង្វះជម្រើសនៃការទូទាត់ដែលអាចបត់បែនបាន ដូចជាគម្រោងបង់រំលស់ កំណត់ការចូលប្រើគ្រួសារដែលមានចំណូលទាប និងបង្ខំមនុស្សជាច្រើនឱ្យដកប្រាក់កម្ចីពីធនាគារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលអាចជាបន្ទុកដ៏ធំ។
លោកបន្តថា៖ «អ្វីជាយោបល់ក្នុង[ការទាក់ទងដោះស្រាយក្នុងសហគមន៍] ទី១ ជាពិសេសរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ទៅលើការផ្តល់គោលនយោបាយលើកទឹកចិត្ត ក្នុងការសម្របសម្រួលក្នុងអង្គភាពក្រោមឱវាទទៅ របស់ធនាគាអភិវឌ្ឍន៍ជនបទ ឬក៏ធនាគារ SMBក្នុងការសម្រួលលក្ខខណ្ឌកម្ចីឲ្យស្របទៅតាមបរិបទជាក់ស្តែងនៅក្នុងសហគន៍»។ លោកបានបន្ថែមថាវិធីសាស្រ្តានេះ ធ្វើឲ្យសហគមន៍អាចទទួលបានកម្ចីការប្រាក់ទាបរយៈពេលវែង ដើម្បីដំឡើងបន្ទះសូឡាស្រូបដោយពន្លឺព្រះអាទិត្យ។
អ្នកស្រី ឈឿន សុឌី ប្រធានសមគមន៍ព្រៃឈើចង្រ្កានរយ ដែលជាតំបន់ដាច់ស្រយ៉ាល នៅភូមិបាលដុត ឃុំស្វាយស ស្រុកវ៉ារិន ក្នុងខេត្តសៀមរាប បាននិយាយប្រាប់ ខេមបូចា ថា អំពីគម្រោងកម្មវិធីរបស់ពួកគេ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទឹក និងអគ្គិសនីដល់សហគមន៍។
គំនិតផ្តួចផ្តើមនេះបានផ្តល់អត្ថប្រយោជន៍រហូតដល់២៥០គ្រួសារ ដែលតម្រូវការប្រើប្រាស់អគ្គិសនីជាប្រចាំថ្ងៃត្រូវបានគាំទ្រ រួមទាំងការផ្តល់ថាមពលអគ្គិសនីដល់សកម្មភាពសំខាន់ៗជាច្រើនទៀត។ ការប្រើប្រាស់បន្ទះសូឡាស្រូបដោយពន្លឺព្រះអាទិត្យក៏រួមចំណែកជួយដល់ការការពារព្រៃឈើក្នុងតំបន់ ជំរុញសុខុមាលភាពហិរញ្ញវត្ថុរបស់សហគមន៍ និងគាំទ្រដល់ការកើនឡើងភ្លៀវទេសចរណ៍ ក្នុងវិស័យទេសចរណ៍ធម្មជាតិនៃសហគមន៍។
លើសពីនេះ គម្រោងនេះជួយកាត់បន្ថយថ្លៃកម្លាំងពលកម្មក្នុងសហគមន៍។ អ្នកស្រី សុឌី ឱ្យដឹងថា គម្រោងនេះត្រូវបានអនុវត្តក្នុងរយៈពេល៧ខែនេះមកហើយ ហើយដោយធ្វើឡើងមានការគាំទ្រពីអង្គការសង្គមស៊ីវិលដូចជាអង្គការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ (HURREDO) និង Oxam។
ទោះជាយ៉ាងណាក៏ដោយ សហគមន៍បានជួបប្រទះបញ្ហាប្រឈមជាច្រើន រួមទាំងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន និងកង្វះការផ្គត់ផ្គង់អគ្គិសនីម្តងម្កាល ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ។ វាក៏មានការលំបាកផ្នែកបច្ចេកទេសដែលទាក់ទងនឹងការប្រើប្រាស់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យផងដែរ ដោយសារសមាជិកសហគមន៍ជាច្រើនកំពុងសិក្សាដើម្បីរៀនសូត្រអំពីបច្ចេកវិទ្យាថ្មី។
អ្នកស្រី សុឌី បញ្ជាក់ថា៖ «ជាសំណូមពរចង់ឃើញរដ្ឋាភិបាលផ្តល់[វិនិយោគ]ទៅលើផ្ទាំងសូឡាដល់សហមន៍ជនបទពីព្រោះពួកគាត់ត្រូវការអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ពាក់ពន្ធ័ទៅនឹងអេកូទេសចរណ៍នេះផង ប្រសិនជាពួកយើងមានផ្ទាំងសូឡាតាមព្រៃឲ្យកាន់តែច្រើនពេលយប់យើងអាចភ្ញៀវទេសចរណ៍មកកាន់តែច្រើន»។ អ្នកស្រីបន្ថែមថា ប្រសិនបើរដ្ឋាភិបាលសហការជាមួយដៃគូជិតស្និត នឹងធ្វើភ្ញៀវទេសចរកាន់តែច្រើនមកលេងទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ។
អ្នកស្រី ប៊ុន សំផាន ជាប្រធានតំណាងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅកោះស្នែង ស្រុកបូរីអូស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង បានណែនាំនៃប្រើប្រាស់ថាមពលស្រូបដោយពន្លឺព្រះអាទិត្យ បានផ្លាស់ប្តូរជីវិតទៅប្រជាពលរដ្ឋចំនួន២៨៣គ្រួសារនៅក្នុងសហគមន៍របស់គាត់ចាប់តាំងពីឆ្នាំ២០១៨។ អ្នកស្រីបាននិយាយថា អ្នកភូមិទទួលបានអគ្គិសនីប្រើប្រាស់ស្របគ្នា និងតម្លៃសមរម្យ ដែលពីមុនមកពិបាកក្នុងការទទួលប្រើប្រាស់អគ្គិសនី។
អ្នកស្រីបានបន្ថែមថា សហគមន៍បានទទួលបន្ទះសូឡាស្រូបដោយពន្លឺព្រះអាទិត្យខ្នាតធំ និងមានអំណោយផលពីថាមពលពន្លឺព្រះអាទិត្យចល័ត ដែលអាចផ្តល់ថាមពលដល់ឧបករណ៍ក្នុងការប្រើប្រាស់ក្នុងផ្ទះបាយ។ ជាមួយគ្នានេះ សហគមន៍ក៏បានទទួលការបណ្តុះបណ្តាលក្នុងការដំឡើង ថែទាំ និងគ្រប់គ្រងបច្ចេកទេសប្រព័ន្ធថាមពលពីពន្លឺព្រះអាទិត្យ ពីសមាគមថែរក្សាបរិស្ថាន និងវប្បធម៍ (CEPA)។
អ្នកស្រី សំផន បានគូសបញ្ជាក់ពីរបៀបដែលប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យបានធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងនៅភូមិកោះហាន តាំងពីមានពន្លឺសម្រាប់ការសិក្សាពេលយប់ រហូតដល់អាចផ្តល់ថាមពលដល់ម៉ាស៊ីនបូមទឹក និងសូម្បីតែភ្លើងបំភ្លឺក៏អាចប្រើប្រាស់ក្នុងផ្នែករដ្ឋបាលនៅសាលាឃុំ និងមណ្ឌលសុខភាពមូលដ្ឋាន។
ការទទួលបានថាមពលពន្លឺពីព្រះអាទិត្យក៏បានរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ ព្រោះវាបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ អ្នកស្រី សំផន បានកត់សម្គាល់ថា យុវជនបានទទួលជំនាញដ៏ល្អក្នុងការប្រើប្រាស់ និងរៀនអំពីថែទាំបច្ចេកវិទ្យាពីពន្លឺថាមពលព្រះអាទិត្យ។ សហគមន៍ក៏ទទួលបានសិទ្ធិអំណាចពីការគាំទ្រជួយដល់ទេសចរណ៍ក្នុងស្រុក។
អ្នកស្រីបានបញ្ជាក់ថា៖ «កាលពីមុន គ្រួសារពឹងផ្អែកលើម៉ាស៊ីនភ្លើង ឬអាគុយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ឥឡូវនេះ យើងមានអគ្គិសនីគ្រប់គ្រាន់ ដែលផ្តល់ថាមពលដល់សេវាសហគមន៍សំខាន់ៗ»។ អ្នកស្រីបន្តថា៖ «ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ ពួកយើងសន្សំលើការចំណាយប្រចាំខែ ហើយសិស្សមានពន្លឺសម្រាប់សិក្សានៅពេលយប់»។
ប៉ុន្តែបញ្ហាប្រឈមនៅតែមានដដែល អ្នកស្រី សំផន បានថ្លែងថា ដូចក្នុងរដូវវស្សាដែលការផលិតទាញយកអគ្គិសនីប្រើប្រាស់ត្រូវបានរងផលប៉ះពាល់ដោយសារពន្លឺថ្ងៃមានកម្រិត ដូច្នេះគ្រួសារត្រូវរក្សាថាមពលសម្រាប់ប្រើប្រាស់បានតែពេលយប់។
លើសពីនេះទៅទៀត សមត្ថភាពពន្លឺព្រះអាទិត្យរបស់កោះហាននៅមានកម្រិត។ អ្នកស្រីបានកត់សម្គាល់ថា បន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានស្រាប់មិនអាចផ្តល់ថាមពលពេញលេញដល់ទូកដើម្បីដឹកជញ្ជូនភ្ញៀវទេសចរបានទេ។ សហគមន៍របស់អ្នកស្រីត្រូវការបន្ទះស្រូបពន្លឺព្រះអាទិត្យធំជាងនេះ ឬបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់សហគមន៍។
ទោះបីជាមានកម្រិតក៏ដោយ សហគមន៍មិនបានចាប់អារម្មណ៍លើការប្រើប្រាស់អគ្គិសនីរបស់រដ្ឋឡើយ។ បង្គោលភ្លើងត្រូវបានដំឡើងនៅក្នុងសហគមន៍របស់អ្នកស្រី ប៉ុន្តែតម្លៃអគ្គិសនីប្រចាំខែខ្ពស់សម្រាប់ការប្រើប្រាស់ការផ្គត់ផ្គង់របស់រដ្ឋបានប៉ះពាល់ដល់គ្រួសារជាច្រើន។ ចំណុចនេះបានធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យកាន់តែទាក់ទាញ ដោយសារថវិកាគ្រួសារតឹងតែង។
ទន្ទឹមនឹងនោះ អ្នកស្រី សំផន សង្ឃឹមសម្រាប់ការគាំទ្រពីពន្លឺព្រះអាទិត្យកាន់តែទូលំទូលាយ និងការអប់រំបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់សហគមន៍។
អ្នកស្រីបន្ថែមថា៖ «អ្វីដែលយើងមានពេលនេះគឺមានប្រយោជន៍ណាស់ ប៉ុន្តែនៅមានអ្វីដែលត្រូវធ្វើច្រើនទៀត។ មនុស្សត្រូវការចំណេះដឹងដើម្បីប្រើប្រាស់ និងថែទាំឧបករណ៍ថាមពលពន្លឺព្រះអាទិត្យឱ្យបានត្រឹមត្រូវ»។
លោក វឿន វុធ ជាប្រធានគ្រប់គ្រងកម្មវិធី នៅអង្គការក្រៅរដ្ឋាភិបាល Live and Learn Cambodia មានប្រសាសន៍ថា គម្រោងរបស់ពួកគេជាមួយសហគមន៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីបូមទឹកស្អាតចេញពីទន្លេ និងអណ្តូង។ វាផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ចំនួនប្រាំបី រួមមានជាង៨០គ្រួសារនៅតំបន់ដាច់ស្រយាល ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី និងស្ទឹងត្រែង។
គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវជីវភាពរស់នៅរបស់សហគមន៍ជាមួយនឹងថាមពលពន្លឺពីព្រះអាទិត្យដែលផ្តល់នូវការសន្សំហិរញ្ញវត្ថុដ៏សំខាន់ ខណៈពេលដែលការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត និងនិរន្តរភាព។
លោកថ្លែងថា៖ «ពីមុនសហគមន៍យកម៉ាស៊ូតសម្រាប់បូមទឹក ប៉ុន្តែការចំណាយទៅលើថវិកាត្រូវអស់ច្រើន បើធៀបទៅនឹងការប្រើប្រាស់សូឡាចំណេញជាង និងការចំណាយ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់បញ្ហាប្រឈមដែលគម្រោងបង្កើតសម្រាប់សហគមន៍នៅតំបន់ដាច់ស្រយាលមួយចំនួន ដូចជាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាមានកម្រិត និងធនធានមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះ។
បញ្ហាមួយទៀត គឺទាក់ទងទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលកម្ពុជាមានបំណងសម្រេចបានថាមពលកកើតឡើងវិញ៧០ភាគរយនៅឆ្នាំ២០៣០ ប៉ុន្តែផែនការថាមពលកកើតឡើងវិញ គឺផ្តោតជាសំខាន់លើថាមពលវារីអគ្គិសនី រីឯដោយថាមពលពីពន្លឺព្រះអាទិត្យបានទទួលការចាប់អារម្មណ៍ និងការវិនិយោគតិចតួច។
លោកមានប្រសាសន៍ថា៖«អ្វីដែលជាសំណូមពររដ្ឋាភិបាល ចង់ឲ្យរដ្ឋាភិបាលវិភាគកញ្ចប់ថវិកា[ទៅផ្ទាំងសូឡា] គ្រាំទ្រយុវជនជំនាន់ក្រោយឲ្យក្លាយជាធនធានចាំបាច់មួយនៅមូលដ្ឋានហ្នឹង ពាក់ព័ន្ធទៅនឹងប្រព័ន្ធសូឡានឹងដោយសារប្រព័ន្ធសូឡានឹងសមស្របបំផុតទៅតាមសហគមន៍ជនបទជាពិសេសទៅលើកសិកម្ម»។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល មិនឆ្លើយតប ដូចគ្នាដែរជាមួយ លោក ជួប ប៉ារីស៍ និងលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន៕
រាយការណ៍បន្ថែមដោយ៖ ស៊ើង និមល់
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rural Communities Prefer Solar Energy As It’s Cheaper, Empowering And Supports Livelihoods