សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ទណ្ឌកម្មលើព្រីនស៍គ្រុប នាំឱ្យមានចម្ងល់អំពីកម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុននេះ

ម៉ាស៊ីន ATM របស់ធនាគារព្រីនស៍ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនមេរបស់ធនាគារ ព្រីនស៍ គ្រុប ក៏មានមូលនិធិសប្បុរសធម៌ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យផងដែរ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រូបថតថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ (ខេមបូចា/ ព្រីង សំរាំង)
ម៉ាស៊ីន ATM របស់ធនាគារព្រីនស៍ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនមេរបស់ធនាគារ ព្រីនស៍ គ្រុប ក៏មានមូលនិធិសប្បុរសធម៌ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យផងដែរ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រូបថតថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ (ខេមបូចា/ ព្រីង សំរាំង)

និស្សិតដែលកំពុងទទួលអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប កំពុងរងផលប៉ះពាល់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានចាត់ទុកក្រុមហ៊ុននេះជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន។ អ្នករិះគន់បានលើកឡើងថា កម្មវិធីសប្បុរសធម៌នេះ គឺជាការបិទបាំងការចោទប្រកាន់ពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។

ក្រុមបញ្ញវន្តក្នុងស្រុកកំពុងជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់ភាពជាដៃគូជាមួយកម្មវិធីនេះ ប៉ុន្តែបានក្រើនរំលឹកដល់ក្រសួងថាការធ្វើសកម្មភាពណាមួយមិនត្រូវឱ្យប៉ះពាល់ដល់និស្សិតឡើយ។

មូលនិធិព្រីនស៍ ដែលជាសម្ព័ន្ធសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (ព្រីនស៍ គ្រុប) បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមទាំងកម្មវិធីអាហារូបករណ៍ដែលដាក់តាមឈ្មោះថៅកែក្រុមនេះ គឺ អាហារូបករណ៍ចេនហ្ស៊ី។ លោក ចេន ហ្ស៊ី ត្រូវបានក្រុងវ៉ាស៊ីនតុនបានចោទប្រកាន់ថា ជាមេខ្លោងនៃមជ្ឈមណ្ឌលបោកប្រាស់ដ៏ធំមួយចំនួននៅក្នុងប្រទេសកម្ពុជា និងបានចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធអនឡាញ បន្ទាប់ពីរឹបអូសបាន Bitcoin មានតម្លៃ១៥ពាន់លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។

មូលនិធិព្រីនស៍ បានអះអាងថា ខ្លួនបានចាប់ផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៨០ ជួយដល់មនុស្សជាង ១,៥លាននាក់ និងបានបរិច្ចាគថវិកាសរុបជាង ១៨លានដុល្លារ។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី បានចាប់ផ្តើមនៅឆ្នាំ២០២១ ក្រោមអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ជូនថ្លៃសិក្សា ថ្លៃស្នាក់នៅ ឱកាសកម្មសិក្សា និងការអភិវឌ្ឍអាជីពពេញលេញនៅ ព្រីនស៍ គ្រុប និង Bay of Lights ដែលជារមណីយដ្ឋានខ្នាតយក្សរបស់ខ្លួននៅក្រុងព្រះសីហនុ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានកំណត់គោលដៅលើអង្គភាពចំនួន ១៤៦ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រីនស៍ ហើយបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតបណ្តាញបោកប្រាស់ដោយប្រើប្រាស់ទាសភាពសម័យទំនើបជាមធ្យោបាយ​។ ហេតុនេះហើយ ប្រភពនៃថវិកា ២លានដុល្លារ ដែលបានផ្តល់ជាអាហារូបករណ៍ដល់និស្សិត កំពុងក្លាយជាប្រធានបទនៃការចោទសួរ។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បានលើកឡើងថា​៖ «​វា​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​បង្កើត​ប្រជាប្រិយភាព​ក្រោម​ការ​បង្ហាញ​រូបភាពជា​ទំនួល​ខុស​ត្រូវ​សង្គម​» ដោយសំដៅលើមូលនិធិព្រីនស៍។

លោក​បាន​បន្ថែម​ថា​៖ «​ពួកគេ​ប្រើ​លុយ​ដើម្បី​សាង​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ដល់​ក្រុមហ៊ុន​របស់​ពួកគេ ប៉ុន្តែ​នៅ​ពីក្រោយ​ឆាក ពួកគេ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ធ្ងន់ធ្ងរ​»​

ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កម្មវិធីអាហារូបករណ៍នេះ បានផ្តល់​ការគាំទ្រដល់និស្សិតសាកលវិទ្យាល័យចំនួន ៤ជំនាន់ រួចមកហើយ ដោយជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ១០០នាក់ជារៀងរាល់ឆ្នាំ។ តែក្នុងឆ្នាំនេះ កម្មវិធីនេះបានទាក់ទាញអ្នកដាក់ពាក្យសុំអាហារូបករណ៍ជាង ២ ៥០០នាក់។

លោក ចន្ទរឿន បានបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវការជំនួយក្នុងវិស័យ​ជាច្រើន ជាពិសេសការអប់រំ ប៉ុន្តែត្រូវធានាថាប្រភពថវិកាមានភាពស្អាតស្អំ និងមានក្រមសីលធម៌។

យោងតាម World Population Review វិស័យអប់រំរបស់កម្ពុជានៅតែខ្វះខាតថវិកា ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតនៅក្នុងអាស៊ាន និងលេខ ១២០ ក្នុងចំណោមប្រទេសចំនួន ២០៣ នៅទូទាំងពិភពលោក ។

លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​មូលនិធិ​ដែល​ផ្តល់​ក្នុង​ទម្រង់​ជា​អាហារូបករណ៍​មិន​មាន​ភាព​សុចរិត​ទេ ក្រសួង​អប់រំ​គួរ​តែ​ឈប់​ទទួល​ថវិកា​នោះ​ទៅ។ ប៉ុន្តែយើងក៏ត្រូវតែស្វែងរកប្រភពមូលនិធិផ្សេងទៀត ដើម្បីបន្តគាំទ្រសិស្សដែលពឹងផ្អែកលើអាហារូបករណ៍របស់ក្រុមហ៊ុនព្រីនស៍»

សារព័ត៌មានខេមបូចា មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បាន​ទេ​ថា តើ​ថវិកា​អាហារូបករណ៍​ត្រូវ​បាន​ផ្ដល់​ទៅ​ក្រសួង​ជា​មុន​សិន មុន​នឹង​បែងចែក​ទៅ​សិស្ស​និស្សិត និង​សាកលវិទ្យាល័យ​ឬ​យ៉ាង​ណា​នោះទេ។

លោក ចន្ទរឿន បានបន្ថែមថា ការបន្តសហការជាមួយក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋឆ្លងដែន អាចធ្វើឱ្យខូចដល់ភាពជឿជាក់នៃវិស័យអប់រំ និងប៉ះពាល់ដល់អនាគតរបស់សិស្សនិស្សិត។

លោក គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ទំនួលខុសត្រូវមិនគួរធ្លាក់ទៅលើក្រសួងអប់រំ យុវជន និងកីឡាតែម្នាក់ឯងនោះទេ ដោយកត់សម្គាល់ថា ស្ថាប័នត្រួតពិនិត្យផ្សេងទៀតក៏គួរតែផ្ទៀងផ្ទាត់សុចរិតភាពរបស់ក្រុមហ៊ុនឯកជនដែលរួមចំណែកដល់វិស័យអប់រំផងដែរ។

លោក ភា បានមានប្រសាសន៍ថា ក្រសួងគួរតែបញ្ចប់កម្មវិធីនេះភ្លាមៗ នៅពេលដែលមាន «ភស្តុតាងជាក់លាក់» បង្ហាញថាប្រភពថវិកាមិនត្រឹមត្រូវតាមច្បាប់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ្នកដែលទទួលបានអាហារូបករណ៍មិនគួររងការរើសអើងឡើយ។

យោងតាមច្បាប់ដាក់ក្រុមហ៊ុនក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក អ្នកណាដែលបន្តធ្វើជំនួញជាមួយ ព្រីនស៍ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន អាចប្រឈមមុខនឹងទណ្ឌកម្មដែរ។

និស្សិតម្នាក់ដែលទើបទទួលបានអាហារូបករណ៍ចេនហ្ស៊ី បានប្រាប់ សារព័ត៌មានខេមបូចា ថាកញ្ញាបានដឹងអំពីឱកាសនេះតាមរយៈហ្វេសប៊ុក ហើយបន្ទាប់មកបានដាក់ពាក្យស្នើសុំ ដែលក្រោយមកត្រូវបានផ្តល់អាហារូបករណ៍ពេញលេញរយៈពេល៤ឆ្នាំ រួមជាមួយនឹងប្រាក់ឧបត្ថម្ភចំនួន៥០ដុល្លារក្នុងមួយខែ។ កញ្ញាបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលសន្តិសុខផ្ទាល់ខ្លួន។

និស្សិតរូបនោះបាននិយាយថា ខ្លួនបានស្រាវជ្រាវអំពីកម្មវិធីអាហារូបករណ៍នេះ ប៉ុន្តែមិនបានដឹងអំពីប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែនដែលត្រូវបានចោទប្រកាន់របស់ ព្រីនស៍ គ្រុប រហូតដល់មានការដាក់ទណ្ឌកម្ម។

កញ្ញាបានលើកឡើងថា៖ «ខ្ញុំចាប់ផ្តើមគិតក្នុងចិត្តថា តើលុយដែលគេឱ្យអាហារូបករណ៍ខ្ញុំជាលុយខ្មៅមែន។​

ទោះបីជាមានការព្រួយបារម្ភថា អាហារូបករណ៍របស់កញ្ញាអាចនឹងត្រូវលុបចោលដោយសារតែការដាក់ក្នុងបញ្ជីខ្មៅក៏ដោយ កញ្ញាបានបញ្ជាក់ថា កញ្ញានៅតែមានបំណងប្រើប្រាស់ការឧបត្ថម្ភនេះដើម្បីបង់ថ្លៃសាលា។

កញ្ញាបានបន្ថែមទៀតថា ក្រុមការងាររបស់កម្មវិធីអាហារូបករណ៍បានធានាដល់អ្នកទទួលអាហារូបករណ៍ថា ការសិក្សារបស់ពួកគេនឹងបន្តដូចដែលបានគ្រោងទុកដដែល រួមទាំងការផ្តល់ថ្លៃសិក្សាពេញលេញ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

នៅពេលដែលត្រូវបានទាក់ទងតាមតេឡេក្រាម ដើម្បីសាកសួរថាតើក្រសួងនឹងបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិព្រីនស៍ដែរឬទេ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានអានសំណួរទាំងនោះ ប៉ុន្តែមិនបានផ្តល់ចម្លើយអ្វីឡើយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sanctions on Prince Group Spark Questions About Scholarship Program

99 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម