សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នករើសអេតចាយរួមចំណែកសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ

អ្នករើសអេតចាយម្នាក់កំពុងប្រមូលសំបកកំប៉ុងទុកលក់ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នករើសអេតចាយម្នាក់កំពុងប្រមូលសំបកកំប៉ុងទុកលក់ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កម្ពុជា​នៅ​តែ​បន្ត​ជួប​ប្រទះ​បញ្ហាក្នុង​ការ​ទុក​ដាក់​កាកសំណល់​ និង​នៅ​មាន​ការ​ខ្វះ​ខាត​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​មួយ​ដែល​មាន​ប្រ​សិទ្ធភាព។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​កាក​សំណល់​​ដែល​រៀប​ចំឡើង​កាលពី​ថ្ងៃទី​១៣ ខែសីហា ប៉ុន្តែបានលើកឡើង​ថា​ក្រុម​អ្នក​រើស​អេតចាយ​បាន​ជួយ​បំពេញ​ចន្លោះ​នេះ ដោយ​បាន​ក្លាយ​ជា «អ្នក​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការចូល​រួម​​កែច្នៃកាកសំណល់​នៅ​កម្ពុ​ជាឡើង​វិញ»។

​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​លឿន​ផ្នែក​នគរូបនីយកម្ម ដែល​នេះ​មាន​ន័យ​ថា​កាក​សំណល់​មិន​ត្រូវ​បាន​បែង​ចែក ហើយ​ក៏​មិន​បាន​កែច្នៃឡើង​វិញ​ដែរ និង​ចុង​ក្រោយ​កាក​សំណល់​​ទាំ​ង​នោះ​ត្រូវ​យក​ទៅ​ចោល​នៅ​កន្លែង​ចាក់​សំរាម​នៅ​ទូទាំង​ប្រទេស​។​

មិន​ត្រឹម​តែ​ខ្ជះខ្ជាយ​ធន​ធាន​នោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​ផង​ដែរ។ នេះ​បើ​តាមការ​លើក​ឡើង​របស់លោក Daniel Schmücking ​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អាល្លឺម៉ង់ Konrad Adenauer Stiftung (KAS)។ KAS ជាអង្គការមួយក្នុងចំណោមអង្គការផ្សេងទៀតដែលបានចូលរួមរៀបចំកម្មវិធីជាមួយនឹងវត្តមាននៃការចូលរួមរបស់ក្រសួងបរិស្ថាន។

ប៉ុន្តែ​ក៏​ព្រោះ​តែ​រឿង​នេះ​ ក៏​មាន​មនុស្សសំខាន់​លេច​មុខ​ឡើង​ដោះ​ស្រាយ​បញ្ហា​នេះ​។​

លោក Daniel Schmücking លើក​ឡើង​ថា៖ «ពួ​កគាត់​ច្រើន​ត្រូវ​គេបំភ្លេចចោល និង​ក៏​មិនត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដែរ នោះ​គឺ​អ្ន​ក​ដើរ​រើស​សំរាម​ ដែល​​គេ​ស្គាល់​​ថា​​អេតចាយ ហើយ​​អ្នក​​ទាំង​​នោះ​​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​កិច្ច​ខិត​ខំ​កែ​ច្នៃ​កាក​សំណល់​របស់​កម្ពុជា»។​

អ្នក​ស្រី ប៉ាក ចាន់ណា វ័យ ៤០​ឆ្នាំ មានកូន​បី​នាក់​ក្នុង​បន្ទុក និង​កំពុង​រស់​នៅ​ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ គឺ​ជា​អ្នក​រើស​អេតចាយ​ម្នាក់​ដែរ​។​

អ្នកស្រី ប្រាប់​ខេមបូចាថា អ្នកស្រី​ដើរ​រើស​សំរាម​នៅ​កន្លែង​ចាក់​សំរាម​ក្នុងខណ្ឌ​ដង្កោ ដោយ​រើស​យក​ពពួក​កំប៉ុង​អាលុយមីញ៉ូម ដប​ប្លាស្ទិក និង​លោហធាតុ​ផ្សេង​ៗ​ទៀត។​

ដោយសារ​តែស្វាមី​មាន​ជំងឺ​មិន​អាច​ធ្វើ​ការ​បាន​ មុខ​របរ​រើស​អេតចាយ​មួយ​នេះ​បាន​ជួយ​ទ្រ​ទ្រង់​សេដ្ឋកិច្ចគ្រួសារ​ទាំង​មូល​។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា អ្នក​ស្រី​លក់​អេតចាយ​ដែល​រើស​បាន​ទៅ​ឲ្យ​អ្នក​ទិញ​នៅ​ម្ដុំ​កន្លែង​ចាក់​សំរាម និង​ថា​អាច​រក​ប្រាក់​បាន​ប្រហែល​ ៣០ ០០០​រៀល ​ក្នុង​មួយ​ថ្ងៃ​ពី​ការ​លក់​របស់​របរ​អេតចាយ​នេះ​។​

អ្នកស្រី​បន្ត​ទៀត​ថា ការ​ងារ​នេះ​ហត់​ខ្លាំង កខ្វក់ និង​ជា​ការ​ងារ​គ្រោះ​ថ្នាក់​ទៀត​ផង​ ប៉ុន្តែ​ថា​អ្នក​ស្រី​បន្ត​ធ្វើ​ការ​ងារ​នេះ​ដើម្បី​កូនៗ​បាន​រស់​នៅ​ល្អ​ប្រសើរ​បន្តិច​។ អ្នកស្រី​ក៏​រីក​រាយ​ដែរ ដែល​បាន​រួម​​ចំណែក​កាត់​បន្ថយ​បរិមាណ​សំរាម​ពី​​ក្នុង​ទីលានចាក់​សំរាម​។

អ្នកស្រី​លើក​ឡើង​ថា៖ «ការ​ដើរ​រើស​សំរាម​នេះ ខ្ញុំ​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ដូច​ជា​ប្រឈម​ទៅ​នឹង​ជំងឺ ក្ដៅ និងអាច​​គ្រោះ​ថ្នាក់​ដោយ​សារ​រថយន្ត​ដឹក​សំរាម ត្រាក់ទ័រ ឬ​គ្រឿង​ចក្រកាយ​សំរាម​​ផង​ដែរ»​។​​

បុគ្គលិកប្រមូល​សំរាម​កំពុង​សម្អាត​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង​

អ្នកស្រី ឆែប ស្រី​អន វ័យ​ ៣០​ឆ្នាំ​ ជា​អ្នក​រើស​អេត​ចាយ​ម្នាក់​ទៀត​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ដែរ​។​ អ្នកស្រី​ប្រាប់​ខេមបូ​ចាថា អ្នក​ស្រី​ប្រកប​របរ​នេះ​អស់​ពេល​បួន​ឆ្នាំ​មក​ហើយ ជាមួយ​នឹង​ស្វាមី​។ អ្នក​ស្រី​ថា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​បាន​ ៦០ ០០០​រៀល​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​ប្ដី​ខ្ញុំ​ និង​ខ្ញុំ​ប្ដូរ​វេន​គ្នា​ចេញ​រើស​អេត​ចាយ​។ ប្ដី​ខ្ញុំ​ចេញ​រើស​ពេល​យប់ ហើយ​ខ្ញុំ​វិញ​ចេញ​រើស​ពេល​រសៀល ពីព្រោះ​កូន​ប្រុស​របស់​ពួក​យើង​នៅ​តូ​ចពេក ដូច​នេះ​យើង​មិន​អាច​យក​តាម​បាន​ទេ»។​

យ៉ាងណា​អ្នកស្រី​អនថា ដោយសារ​តែ​សមាជិក​គ្រួសារ​ច្រើន ចំណូល​ដែល​រក​បាន​គឺ​ពិបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ឲ្យ​បាន​ពេញ​លេញ​តាម​តម្រូវ​ការ​គ្រួសារ​ណាស់​។​

អ្នកស្រី បន្ថែម​ថា៖​ «​យើង​បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​បរិមាណ​កាក​សំណល់ ហើយ​នៅ​កន្លែង​ចាក់​សំរាម​វិញ​ក៏​មាន​អ្នក​ចាំទិញ​ថង់ ក្រដាស និង​កាក​សំណល់​ប្លាស្ទិក​ដែរ ប៉ុន្តែ​វា​មាន​តម្លៃ​ថោក​ណាស់»។ អ្នក​ស្រី​ថា អ្នកស្រី​​ចង់​ឲ្យ​តម្លៃ​អេត​ចាយ​ខ្ពស់​ជាង​សព្វ​ថ្ងៃ​បន្តិច​។​

អ្នកស្រី នួន​ ម៉ូនីកា អ្នក​គ្រប់​គ្រង​កម្មវិធី​និរន្តភាព និង​ឌីជីថលភាវូបនីយកម្ម​  របស់​អង្គការ​ KAS បាន​ឲ្យ​ដឹង​ថា​​កម្ពុជា​មានកាកសំណល់​រឹង​ប្រមាណ​ជា​ ៤,០៩​ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ អ្នកស្រី​បន្ត​ថា តាមការ​ប៉ាន់​ស្មាន​នៅឆ្នាំ​២០៥០ ចំនួននេះ​នឹង​កើន​ឡើង​ចំនួន​ ៣០០​ភាគ​រយ​។​

អ្នកស្រី​បន្ថែម​ថា ​កាក​សំណល់​ប្រហែល​ ៦៣​ភាគ​រយ​ត្រូវ​បាន​ប្រមូល (ការប្រមូល​​របស់​ក្រុមហ៊ុន) ២៩​ភាគ​រយ​ទៀត​ បោះចោល ឬដុត​ចោល​ដោយ​ខុស​ច្បាប់ និង​ការ​ប្រមូល​សំរាម​ក្រៅ​ផ្លូវ​ការ​យក​ទៅ​កែច្នៃឡើង​វិញ​មាន​ ៨ភាគ​រយ​។​

លោក ជោ គឹម ហេង នាយកប្រតិបត្តិ​អង្គការ​កែច្នៃសំរាម និងការ​​សិក្សានៅកម្ពុជា ហៅ​កាត់​ថា CAMPED មាន​ប្រ​សាសន៍​ថា​អង្គការ​របស់​លោក​យក​ចិត្ត​ទុក​ដាក់ប្រមូល​​កាក​សំណល់​ប្លាស្ទិក​ដែល​មិន​អាច​កែច្នៃ​បាន និង​លក់​ជាអេតចាយបាន​។​

លោក​បន្ថែម​ថា ក្រុម​ការងារ​លោក​បាន​ប្រមូល​ជា​ទៀងទាត់​នូវ​សំរាម​ដែល​គេ​បោះ​ចោល​ក្នុងទន្លេ និង​ទី​សារធារណៈ​នានា និង​យក​ទៅ​ចាក់​នៅ​​កន្លែងកែច្នៃ​សំរាម​ក្រុមហ៊ុន ជីប ម៉ុង​​ ​( Chip Mong Ecocycle) ក្នុង​ខេត្ត​កំពត​។​

លោក​លើក​ឡើង​ថា៖ «​យើង​មាន​គោល​ដៅ​ប្រមូល​សំរាម​ចំនួន​បួន ដូច​នេះ​កាក​សំណល់​ប្លាស្ទិក​ដែល​យើង​ប្រមូល​បាន​មាន​យ៉ាង​តិច​ ២០០​ ទៅ​ ៣០០​គីឡូក្រាម​​ក្នុង​មួយ​ថ្ងៃ»​។ លោក​បន្ថែម​ទៀត​ថា ក្នុង​មួយ​ខែអង្គការ​លោក​អាច​​បញ្ជូន​ចេញ​ប្លាស្ទិក​១០​តោន​ទៅ​កន្លែង​កែច្នៃ​សំរាម​ជីប​ ម៉ុង​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ប្រ​ជា​ពល​រដ្ឋ​គួរ​តែ​ត្រូវ​បង្រៀន​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ កុំ​បោះ​ចោល​ផ្តេស​ផ្ដាស​ និង​ដឹងពី​របៀប​ទុក​ដាក់​កាក​សំណល់​ប្លាស្ទិក និង​កាក​សំណល់​ផ្សេង​ទៀត ហើយ​ក៏​គួរ​មាន​ច្បាប់​ទប់​ស្ដាត់​អ្នក​បោះ​សំរាម​ចោល​មិន​ត្រឹម​ត្រូវ​តាម​គោល​ដៅ​ផង​ដែរ​។​

ធុង​ដាក់​សំរាមធំៗ​ដាក់នៅ​តាម​មាត់​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ។ រូបភាពថត កាលពី​ថ្ងៃទៅ១៥ ខែសីហា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

សម្រាប់​ លោក ហេង​ ណារ៉េត អនុរដ្ឋលេខាធិការ​ក្រ​សួង​បរិស្ថាន​ មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ថា​​បញ្ហា​សំរាម​មាន​ពីរ​ចំណុច មួយ​គឺ​ការ​កើន​ឡើង​បរិមាណ​សំរាម និង​ទី​ពីរ​គឺ​កង្វះ​ប្រសិទ្ធភាពប្រព័ន្ធ​គ្រប់គ្រង​​សំរាម​តាំង​ពី​ដើ​ម​ទី​ដល់​ចុង​ទី​។​​

លោក​បន្ថែម​ថា៖ «​ដូច​អ្នក​ទាំង​អស់​គ្នា​ដឹង​ស្រាប់​ហើយ ការ​គ្រប់​គ្រង​សំណល់​រឹង​ក្នុង​ទី​ក្រុង​ភ្នំពេញ​​កំពុង​ស្ថិត​ក្នុង​ការ​កែទម្រង់​ស៊ីជម្រៅ​មួយ​»។ លោក​ពន្យល់​ថា ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​ការ​ដោយ​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​សំណល់​រឹង​នេះ​។​​

លោក​​ឲ្យ​ដឹង​ដែរថា មានការធ្វើ​ប្រតិភូកម្ម​អំណាច​ និងផ្ដល់​​ការ​ទទួល​ខុស​ត្រូវ​ដល់​ថ្នាក់​ក្រោម​ជាតិ​ ​ក្រុង ស្រុក ខណ្ឌ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​សំណល់​រឹង​នៅ​តាម​តំបន់​របស់​ខ្លួន​ផង​ដែរ​។​​

លោក ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា អ្នក​ប្រមូល​សំរាម​ក្រៅ​ប្រព័ន្ធ​បាន​ដើរតួ​សំខាន់​ក្នុង​ការ​កែច្នៃ និង​ការពារ​កុំ​ឲ្យ​មាន​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​ទៅ​ក្នុង​ទន្លេ ឬ​សមុទ្រ​។ លោក​ថា​អ្នក​ទាំង​នោះ​បាន​បំពេញ​ចន្លោះ​ខ្វះខាត​​លើ​ការ​គ្រប់​គ្រង​សំណល់​របស់​អាជ្ញាធរ​ក្រុង​ទៅ​លើ​តំបន់​ដែល​មិន​ទាន់​អាច​គ្រប់​គ្រង​បាន​​។​

លោក Schmücking មាន​ប្រសាសន៍​ដែរថា ​អ្នក​រើស​អេត​ចាយ​បាន​រួម​ចំណែក​កាត់​បន្ថយ​បរិមាណ​សំរាម​ដែល​ត្រូវ​យក​ទៅ​ចាក់​នៅ​កន្លែង​ចាក់​សំរាម​ ដែល​ការណ៍​នេះ​មាន​ប្រយោជន៍​ដល់​បរិស្ថាន។ លោក​ថា​​អ្នក​រើស​អេតចាយ​បាន​គ្រប់​គ្រង​ និង​បែង​ចែក​កាក​សំណល់​ទៅ​តាម​ប្រភេទ​ប្លាស្ទិក​ ក្រដាស កែវ និង​អាលុមីញ៉ូម ដែល​នេះ​មាន​ន័យ​ថា​ក្រុម​ហ៊ុន​កែច្នៃ​អាច​ទទួលបាន​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​។​

ប៉ុន្តែ លោក​ថា អ្នក​រើស​អេតចាយ​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ច្រើន​ទៀត​ជាមួយ​ក្រុម​ហ៊ុន​កែ​ច្នៃ​សំរាម​។​

លោកបន្ត​ថា៖ «​អ្នក​រើស​អេត​ចាយ​មិន​ទាន់​មាន​ទំនាក់​ទំនង​ច្រើន​ទៅ​នឹង​រោងចក្រកែច្នៃ​នៅ​ឡើង ដែល​នេះ​គឺ​ជា​បញ្ហា ហើយ​ខ្ញុំ​គិត​ថា​វា​ត្រូវ​ការ​ការ​ផ្លាស់ប្ដូរ ដែល​អាច​នាំ​ឲ្យ​ស្ថានភាព​ផ្សេងៗ​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Scavengers unlikely heroes in Cambodia’s waste management, recycling efforts

82 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម