បុគ្គលិកដែលបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានផ្ទុះការតវ៉ាសាជាថ្មី ក្រោយពួកគេត្រូវបានបញ្ឈប់ពីការងារកំឡុងពេលរាតត្បាតជំងឺកូវីដ១៩កាលពីឆ្នាំ២០២០។ ពួកគេទាមទារឱ្យក្រុមហ៊ុនព្រលានយន្តហោះមួយនេះ ទទួលយកពួកគេឱ្យចូលធ្វើការវិញតាមការសន្យា ខណៈពួកគេឃើញក្រុមហ៊ុនប្រកាសរើសបុគ្គលិកថ្មី។
បើតាមលោក ហេង បូរ៉ា អាយុ៣៥ឆ្នាំ ប្រាប់ឱ្យដឹងថា លោកជាបុគ្គលិកមួយរូបដែលត្រូវបានក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិរបស់បារាំងឈ្មោះVinci បញ្ឈប់កិច្ចសន្យាការងារក្រោមហេតុផលកូវីដ១៩។
លោក បូរ៉ា បន្តថា ក្រុមហ៊ុនបានសន្យាថានឹងយកបុគ្គលិកដែលបានបញ្ឈប់ឱ្យចូលធ្វើការវិញ បន្ទាប់ពីកូវីដបានធូរស្បើយ តែក្រុមហ៊ុនមិនបានគោរពសន្យាឡើយ ដូច្នេះហើយទើបមានការលើកបដាតវ៉ាដោយសន្តិវិធី គឺដើម្បីឱ្យក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យា និងទទួលយកបុគ្គលិកទាំង១៣០នាក់ឱ្យចូលធ្វើការវិញ។
លោកថ្លែថា៖ «មូលហេតុដែលពួកខ្ញុំតវ៉ា គឺចង់ឱ្យក្រុមហ៊ុនយកពួកខ្ញុំចូលធ្វើការវិញ ព្រោះអីពេលដែលក្រុមហ៊ុនបញ្ឈប់ពួកខ្ញុំ ក្រុមហ៊ុនថាមកពីបញ្ហាកូវីដ ហើយពេលដែលចប់កូវីដក្រុមហ៊ុនសន្យានឹងយកពួកខ្ញុំចូលធ្វើការវិញ ប៉ុន្តែពេលចប់កូវីដក្រុមហ៊ុនប្រកាសរើសបុគ្គលិកថ្មី ចឹងពួកខ្ញុំអត់ព្រមទេ»។
លោក បូរ៉ា ចាត់ទុកទង្វើរបស់ក្រុមហ៊ុនអន្តរជាតិដែលមករកស៊ីនៅកម្ពុជាមួយនេះ គឺជាការរំលោភបំពានច្បាប់ការងារនៃប្រទេសកម្ពុជា ត្បិតក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកទាំងគ្មានកំហុស។
លោកថា៖ «ខ្ញុំគិតថាទង្វើរបស់ក្រុមហ៊ុន ជាទង្វើមួយដែលកំពុងតែបំពានច្បាប់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ព្រោះអីក្រុមហ៊ុនជាក្រុមហ៊ុនបារាំង កាលណាក្រុមហ៊ុនបារាំងមករកស៊ីស្រុកខ្មែរ អត់គោរពច្បាប់ស្រុកខ្មែរ មានន័យថាគាត់ជាន់ឈ្លីច្បាប់ស្រុកខ្មែរហើយ។ ច្បាប់ការងារមាន ហេតុអ្វីបញ្ឈប់បុគ្គលិកគ្មានកំហុស បញ្ឈប់ស្រេចតែចិត្តក្រុមហ៊ុន»។
លោក បូរ៉ា បញ្ជាក់ថា ទង្វើក្រុមហ៊ុនព្រលានយន្តហោះនេះ នឹងជាគំរូអាក្រក់ដល់ក្រុមហ៊ុនផ្សេង ហើយរូបលោកនឹងបន្តធ្វើការទាមទារ រហូតទាល់តែមានដំណោះស្រាយ។
លោកបន្តថា៖ «ទង្វើរបស់ព្រលានយន្តហោះអន្តរជាតិនេះ នឹងក្លាយជាគំរូអាក្រក់ទៅដល់ក្រុមហ៊ុនផ្សេង ព្រោះបានបញ្ឈប់បុគ្គលិកដោយខុសច្បាប់ និងមិនមានក្រសួងឬស្ថាប័នពាក់ព័ន្ធណាអើពើដោះស្រាយបញ្ហានេះដល់ជនរងគ្រោះឡើយ»។
យោងតាមវីដេអូដែលបង្ហោះដោយក្រុមបុគ្គលិក កាលពីថ្ងៃទី០១ និងទី០២ ខែវិច្ឆកា នេះ ឃើញថា បុគ្គលិកស្រីប្រុសជិត៤០នាក់ បានលើកបដា ដើរក្បែររបងព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយទាមទារឱ្យក្រុមហ៊ុននេះ ដោះស្រាយវិវាទការងារ និងទទួលយកពួកគេឱ្យចូលធ្វើការវិញតាមការសន្យា។
ទន្ទឹមនឹងការតវ៉ាកាលពីម្សិលមិញនេះ គេឃើញមានកម្លាំងសមត្ថកិច្ចប្រមាណ១០នាក់ បានចុះមកអង្កេតសកម្មភាពនៃការតវ៉ានេះផងដែរ ប៉ុន្តែនៅរសៀលថ្ងៃទី៣ វិច្ឆិកា នេះ ក្រុមបុគ្គលិកថាសមត្ថកិច្ចហាមពួកគេមិនឱ្យឈរថតរូបក្បែរព្រលានយន្តហោះឡើយ។
អ្នកស្រី ជុង ចំណាន អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានឱ្យដឹងថា អ្នកស្រីបម្រើការងារនៅក្រុមហ៊ុនព្រលានយន្តហោះនៅឆ្នាំ២០០០ ពោលតាំងតែពីព្រលានយន្តហោះនេះកកើតដំបូងមកម្ល៉េះ ហើយមិនគួរណាក្រុមហ៊ុនដាច់ចិត្តបញ្ឈប់បុគ្គលិកដែលធ្វើការយូរឆ្នាំ និងមិនគោរពតាមការសន្យាដូច្នេះសោះ។
អ្នកស្រី ចំណាន និយាយថា៖ «គាត់បញ្ចប់កិច្ចសន្យានៅឆ្នាំ២០២០ បងធ្វើការតាំងពីឆ្នាំ២០០០ តាំងពីព្រលានរ៉ោករ៉ាកបំផុត ខ្ញុំដើរជាមួយក្រុមហ៊ុនពេលកំពុងលំបាក រហូតដល់រីកចម្រើន ប៉ុន្តែដល់ចុងក្រោយគាត់ធ្វើចឹងដាក់ខ្ញុំ»។
អ្នកស្រី ចំណាន ចាត់ទុកថា ទង្វើរបស់ក្រុមហ៊ុនបារាំង ដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិសៀមរាប គឺជាការរំលោភបំពានទៅលើសិទ្ធការងារ និងរើសអើងបុគ្គលិក ត្បិតថាក្រុមហ៊ុនបានសន្យាថានឹងយកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់កំឡុងកូវីដ១៩ ឱ្យចូលធ្វើការវិញនៅពេល៣ឆ្នាំបន្ទាប់ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនបែជារើសបុគ្គលិកថ្មីជាច្រើននាក់ទៅវិញ។
អ្នកស្រីថ្លែងថា៖ «ចា៎ ខ្ញុំគិតថានេះជាការរើសអើង បើគាត់មិនរើសអើងគាត់យកយើងចូលធ្វើការវិញហើយ ខ្ញុំមិនគិតថាគេបាតដៃខ្នងដៃអ៊ីចឹងណា៎ គេអត់យកយើង[អត់យកឱ្យចូលធ្វើការវិញ]ទេ ។ មិនដឹងថាគាត់គិតថាបុគ្គលិកចាស់ធ្វើការអត់កើតក៏មិនដឹង បើសិនជាពួកគាត់ធ្វើតាមសន្យាការងារថាយកចូលធ្វើការដូចគាត់និយាយ ក៏ពួកយើងធ្វើការកើតដែរ តែគាត់រើសបុគ្គលិកថ្មីពីខាងក្រៅរហូត មិនទទួលយកពួកខ្ញុំ»។
អ្នកស្រីរំពឹងថា ក្រសួងការងារនឹងដោះស្រាយបញ្ហានេះ ហើយអ្នកស្រី មិនចង់បានអ្វីទេ ក្រៅតែពីទាមទារឱ្យក្រុមហ៊ុនទទួលយកអ្នកស្រី ក៏ដូចជាបុគ្គលិកដែលត្រូវក្រុមហ៊ុនបញ្ឈប់ឱ្យចូលធ្វើការវិញតែប៉ុណ្ណោះ។
លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប អះអាងថា ក្រុមហ៊ុនបានដោះស្រាយទៅតាមច្បាប់ការងាររួចរាល់អស់ហើយ ដោយបដិសេធថា មិនមានការរើសបុគ្គលិកថ្មីដូចការលើកឡើងរបស់សហជីពឡើយ។
លោកថ្លែងថា៖ «ក្រុមហ៊ុនបានទូទាត់សំណងទៅតាមលក្ខខណ្ឌនៃច្បាប់ការងារ ហើយក៏មានការតវ៉ាទៅមន្ទីរការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយពាក់ព័ន្ធនឹងការរើសបុគ្គលិកថ្មីគឺអត់មានទេ»។
លោក រដ្ឋា បញ្ជាក់ថា ក្រុមហ៊ុនមិនមានគម្រោងយកបុគ្គលិកទាំងនោះឱ្យចូលធ្វើការវិញឡើយ ក្រោមហេតុផលថាជើងយន្តហោះមានត្រឹមតែ១០ជើងប៉ុណ្ណោះ ខណៈបុគ្គលិកដែលកំពុងបម្រើការរាល់ថ្ងៃមិនទាន់មានការងារបំពេញទៅតាមតួនាទីផង។
លោក រដ្ឋា បន្ថែមថា៖ «ក្រុមហ៊ុនមិនទាន់មានដំណោះស្រាយយកចូលវិញទេ ដោយសារតែបុគ្គលិកដែលនៅហ្នឹង មិនទាន់មានការងារធ្វើគ្រប់គ្នាផងហ្នឹង»។
ខេមបូចា មិនអាចសុំការអធិប្បាយពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឡើយ ដោយទូរសព្ទចូលប៉ុន្តែចុចបិទ។
លោក រ៉ន រ៉ាវ៉ាន់ ប្រធានសហជីពព្រលានយន្តហោះខេត្តសៀមរាប បកស្រាយថា កាលពីថ្ងៃទី១៤កញ្ញា ក្រុមហ៊ុនបានសន្យាជាមួយសហជីពថា នឹងផ្ដល់អត្ថប្រយោជន៍ឱ្យ៣ខែនៃប្រាក់ខែគោល និងទុករយៈពេល៣ឆ្នាំយកបុគ្គលិកចូលធ្វើការវិញដោយស្វ័យប្រវត្តិ។ ប៉ុន្តែនៅពេលជួបប្រជុំជាមួយសហជីពម្ដងទៀតនៅថ្ងៃទី០១ ខែវិច្ឆិកា ក្រុមហ៊ុនមិនបានគោរពតាមការសន្យាឡើយ និងរើសបុគ្គលិកថ្មី ដូច្នេះហើយទើបបុគ្គលិកផ្ទុះការតវ៉ា។
លោក រ៉ាវ៉ាន់ ថ្លែងថា៖ «ប្រជុំថ្ងៃទី១ក្រុមហ៊ុនគាត់ក្រឡាស់សម្ដីវិញ គាត់ថាអត់បាននិយាយថាឱ្យ៣ឆ្នាំហើយយកចូលធ្វើការដោយស្វ័យប្រវត្តិទេ គាត់ឱ្យតែ២ឆ្នាំនិងអាស្រ័យលើការជ្រើសរើសរបស់ក្រុមហ៊ុន»។
ប្រធានសហជីពរូបនេះ មើលឃើញថា ក្រុមហ៊ុននេះមិនបានគោរពទៅតាមច្បាប់ការងារមាត្រា៩៥ទេ ដូច្នេះក្រុមហ៊ុនគប្បីគោរពទៅតាមអ្វីដែលបានសន្យាជាមួយបុគ្គលិក ដោយទទួលយកបុគ្គលិកទាំង១៣០នាក់ឱ្យចូលធ្វើការវិញ និងគោរពទៅតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
លោក រ៉ាវ៉ាន់ ថ្លែងថា៖ «ក្រុមហ៊ុនអត់មានចេតនាចង់ឱ្យកម្មករ១៣០នាក់ហ្នឹងចូលធ្វើការវិញតែម្ដង។ ក្រុមហ៊ុនបញ្ឈប់បុគ្គលិកអត់បានគោរពទៅតាមច្បាប់ការងារមាត្រា៩៥ ដែលគេនិយាយថាត្រូវបញ្ឈប់អ្នកដែលមានអតីតភាពការងារតិចជាងគេមុន តែនេះក្រុមហ៊ុនបញ្ឈប់អ្នកដែលមានអតីតភាពច្រើនជាងគេមុនហ្នឹង»។
លោក រ៉ាវ៉ាន់ ថ្លែងថា ប្រសិនបើបញ្ហានេះមិនមានការដោះស្រាយទេ បុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់នឹងជួបភាពលំបាកកាន់តែខ្លាំង ត្បិតពួកគេមិនមានជំនាញអ្វីផ្សេងប្រកបរបររកស៊ីឡើយ ក្រៅពីជំនាញធ្វើការនៅព្រលានយន្តហោះ ខណៈស្ថានភាពគ្រួសារពួកគេក៏ប្រទះការលំបាក។
លោកថា៖ «ពួកគេអត់មានជំនាញអ្វីផ្សេងក្រៅពីជំនាញនៅព្រលានយន្តហោះទេ វាប៉ះពាល់ទៅដល់ក្រុមគ្រួសារគាត់ កូនចៅគាត់រៀននិយាយទៅវេទនាណាស់»។
សូមជម្រាបជូនថា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ក្រុមហ៊ុនព្រលានយន្តហោះ VINCI របស់បារាំង បានចេញសេចក្ដីប្រកាសបកស្រាយ ថា ក្រុមហ៊ុនបង្ខំចិត្តបញ្ឈប់បុគ្គលិកចំនួន១៣០នាក់ ដោយសារជួបប្រទះនូវវិបត្តិកូវីដ១៩ដែលមិនធ្លាប់ មានពីមុនមក និងមានការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរជាង៩៥ភាគរយ ដែលធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូល។
យ៉ាងណាមិញ ក្នុងសេចក្ដីប្រកាសនោះ ក្រុមហ៊ុនបានអះអាងថា ការបញ្ឈប់បុគ្គលិក គឺបានធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ស្របតាមច្បាប់ស្តីពីការងារផងដែរ៕