សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អតិថិជន បុរី ឡេង ណាវ៉ាត្រា ធូរចិត្តបន្តិច ក្រោយរដ្ឋមន្ត្រីក្រសួងដែនដីធានាបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦

អ្នកសារព័ត៌មានសម្ភាសជាមួយអ្នកទិញផ្ទះបុរី ឡេង ណាវ៉ាត្រា បន្ទាប់ពីពួកគេជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
អ្នកសារព័ត៌មានសម្ភាសជាមួយអ្នកទិញផ្ទះបុរី ឡេង ណាវ៉ាត្រា បន្ទាប់ពីពួកគេជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ក្រោយការសន្យាពីមួយឆ្នាំទៅមួយឆ្នាំ និងបំណុលចេះតែកើនឡើង អ្នកទិញអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បាននិយាយ ថា ពេលនេះ ពួកគេមានក្តីសង្ឃឹមមកវិញហើយ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានធានាថា ផ្ទះ និងដីរបស់ពួកគេនឹងត្រូវបញ្ចប់ការសាងសង់និងរៀបចំ ហើយនឹងប្រគល់ជូនពួកគេក្នុងឆ្នាំនេះ ដោយថាអាជ្ញាធរកំពុងពិចារណារឹបអូស និងលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដើម្បីយកថវិកាសម្រាប់ការសាងសង់។

អតិថិជនប្រហែល១០០នាក់ ដែលទិញផ្ទះនិងដីពីគម្រោងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រី សាយ សំអាល់ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីបញ្ហាដែលអូសបន្លាយកាន់តែយូរ និងទទួលបានព័ត៌មានថ្មីៗ បន្ទាប់ពីរង់ចាំជាច្រើនឆ្នាំរង់ចាំគម្រោងនេះបញ្ចប់​។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីអ្នកទិញបុរីបានតវ៉ាបិទផ្លូវកាលពីថ្ងៃអាទិត្យ ដោយសង្ឃឹមថា រដ្ឋមន្ត្រីនឹងជួយអន្តរាគមន៍ ព្រោះពួកគេជាច្រើនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងបំណុលកើនឡើង ខណៈមិនទាន់ទទួលបានផ្ទះ ឬដីអស់រយៈពេលជាច្រើនឆ្នាំ ទោះបីពួកគេបានបង់ប្រាក់ហើយក៏ដោយ។

អ្នកស្រី ស្រ៊ី លីណា ដែលបានទិញផ្ទះល្វែងពីគម្រោង ឡេង ណាវ៉ាត្រា នៅផ្លូវ៦A ក្នុងតម្លៃជិត ៣០ ០០០ ដុល្លារ បាននិយាយថា រដ្ឋមន្ត្រីស្នើសុំពេលវេលាដើម្បីដោះស្រាយ ប៉ុន្តែបានធានាថា គម្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។ ពួកគេត្រូវបានប្រាប់ថា ក្រសួងនឹងរឹបអូសទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីប្រមូលថវិកាសាងសង់ផ្ទះឱ្យហើយ។​

អ្នកស្រីបានប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តពេលឮដំណឹងនេះ ព្រោះយើងរង់ចាំឱ្យឧកញ៉ាបំពេញសន្យារបស់គាត់អស់ជាច្រើនឆ្នាំ ប៉ុន្តែគ្មានលទ្ធផល។ ដូច្នេះ ខ្ញុំសង្ឃឹមថា លោក[រដ្ឋមន្ត្រី]នឹងផ្តល់លទ្ធផលដល់អតិថិជន»។

អ្នកស្រី លីណា បានខ្ចីប្រាក់ធនាគារដើម្បីទិញផ្ទះតាំងពីឆ្នាំ២០២២ ដោយបង់ការប្រាក់ជាង ២០០ដុល្លារក្នុងមួយខែ។ រហូតមកដល់ពេលនេះ ផ្ទះនៅមិនទាន់សាងសង់នៅឡើយទេ។ អ្នកស្រីបានឱ្យដឹងថា «សូម្បីតែបុកគ្រឹះក៏មិនទាន់បានចាប់ផ្តើមផង» ដោយបានបន្ថែមថា គ្រួសាររបស់អ្នកស្រីត្រូវរស់នៅបន្ទប់ជួល ដោយបង់ ៨០ដុល្លារក្នុងមួយខែ ក្នុងរយៈពេលបីឆ្នាំមកហើយ​។

អ្នកស្រី បាននិយាយថា៖ «ខ្ញុំជឿជាក់ ១០០% ថា រដ្ឋមន្ត្រីនឹងជួយយើងទទួលបានផ្ទះឆាប់ៗនេះ»។​

អតិថិជនម្នាក់ទៀតរបស់បុរី ឡេង ណាវ៉ាត្រា លោក ម៉ុក ឃៀង បាននិយាយថា លោកក៏បានទទួល​ក្តីសង្ឃឹមឡើងវិញដែរ បន្ទាប់ពីរដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំ និងធានាការបញ្ចប់ការសាងសង់ផ្ទះ ព្រមទាំងការចាក់បំពេញដី។ លោក ឃៀង បានទិញផ្ទះល្វែងពីគម្រោង​នេះបីបួនឆ្នាំមុន ហើយនៅតែជំពាក់បំណុលធនាគារនៅឡើយ។

បន្ទាប់ពីការសន្យារបស់រដ្ឋមន្ត្រី លោក ឃៀង បាននិយាយថា អតិថិជនជាច្រើនឥឡូវមានទំនុកចិត្តថា នឹងទទួលបានផ្ទះនៅចុងឆ្នាំនេះ ព្រោះក្រសួងមានផែនការលក់ទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីយកលុយសាងសង់បង្ហើយ។

លោក ឃៀង បានបន្តថា៖ «រដ្ឋមន្ត្រីអះអាងថា បើមានលុយក្នុងដៃគាត់ គាត់នឹងសាងសង់ផ្ទះឱ្យប្រជាពលរដ្ឋស្អែកភ្លាម ប៉ុន្តែបញ្ហាគឺមិនទាន់មានលុយ។ ដូច្នេះ ពួកគេនឹងរឹបអូស និងលក់ទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីប្រមូលថវិកាសាងសង់ផ្ទះឱ្យប្រជាពលរដ្ឋ»។

អតិថិជនជាច្រើនបានប្រើប្រាក់កម្ចីធនាគារដើម្បីទិញផ្ទះនិងដី ហើយសង្ឃឹមថា ធនាគារ ឬក្រសួងនឹងមានវិធានការគាំទ្រ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដោយសារភាពមិនច្បាស់លាស់យូរអង្វែង។ លោក ឃៀង​ បានសំណូមពរថា៖ «បើពួកគេអាចជួយយើងបន្តិចនៅពេលនេះ វាអាចងាយស្រួលជាងសម្រាប់យើង»។

គ្មានតំណាងក្រុមហ៊ុនចូលរួមកិច្ចប្រជុំនេះជាមួយអតិជន និងរដ្ឋមន្រ្តី ទេ តាមការបញ្ជាក់ពីអតិថិជនមួយចំនួនដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ ពួកគេត្រូវបានប្រាប់ដោយលោក សាយ សំអាល់ ឱ្យផ្តល់ពេលវេលាដល់ក្រសួងដើម្បីដោះស្រាយបញ្ហាសម្រាប់អ្នកទិញគម្រោងជ្រែ១០០ និងផ្លូវ៦A។

អ្នកសារព័ត៌មានសម្ភាសជាមួយអ្នកទិញផ្ទះបុរី ឡេង ណាវ៉ាត្រា បន្ទាប់ពីពួកគេជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោក សេង វណ្ណលី អ្នកវិភាគភូមិសាស្ត្រនយោបាយ បានចែករំលែកទស្សនៈរបស់លោកលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយចោទប្រកាន់ថា ការពន្យារពេល និងការខ្វះសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងករណីឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើន«ការសង្ស័យ» អំពីឥទ្ធិពលនៃទំនាក់ទំនងជិតស្និទ្ធរវាងម្ចាស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលកម្ពុជា។

លោកបានចោទថា៖ «ភាពស្និទ្ធស្នាលនេះ ត្រូវបានគេមើលឃើញថា ជាខែលការពារដ៏រឹងមាំដែលធ្វើឱ្យក្រុមហ៊ុនអាចគេចវេះពីទំនួលខុសត្រូវ បើទោះបីជាមានការរំលោភបំពានលើកិច្ចសន្យាម្តងហើយម្តងទៀត និងការផ្ទុះបាតុកម្មជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋរងគ្រោះក៏ដោយ»។

លោក វណ្ណលី បានបន្ថែមថា៖ «ការបណ្តែតបណ្តោយឱ្យក្រុមហ៊ុនបន្តប្រើប្រាស់លេសដើម្បីអូសបន្លាយពេល បង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ ដែលគួរតែការពារផលប្រយោជន៍រាស្ត្រជាធំ ជាងការយោគយល់ដល់បុគ្គលមានខ្នងបង្អែក»។

លោកបានព្រមានថា បើរដ្ឋាភិបាលមិនមានចំណាត់ការជាក់លាក់ដើម្បីដោះស្រាយវិបត្តិនេះទេនោះ បញ្ហាដីធ្លី និងការបោកប្រាស់តាមរយៈគម្រោងអចលនទ្រព្យ នឹង«រីករាលដាលដូចជំងឺមហារីកដែលមិនអាចព្យាបាលបាន» នៅក្នុងសង្គម។

លោកបានបន្ថែមថា៖ «អសកម្មភាពរបស់រដ្ឋ នឹងក្លាយជាគំរូអាក្រក់ដែលផ្តល់ឱកាសឱ្យជនទុច្ចរិតផ្សេងទៀត ហ៊ានយកស្ទីលតាមក្រុមហ៊ុននេះដើម្បីបន្តបោកប្រាស់ពលរដ្ឋស្លូតត្រង់តាមអំពើចិត្ត ដោយអាងលើទំនាក់ទំនង និងឥទ្ធិពលបុគ្គលជាជាងការគោរពច្បាប់»។

ឧកញ៉ា ឡេង ណាវ៉ាត្រា មិនបានឆ្លើយតបការហៅតាមទូរសព្ទពី សារព័ត៌មានខេមបូចា ដែលសុំការអត្ថាធិប្បាយលើការចោទប្រកាន់ពីអ្នកទិញផ្ទះបានទេ។ ទោះជាយ៉ាងណា លោកបានបង្ហោះធ្វើបច្ចុប្បន្នភាពនៅលើទំព័រហ្វេសប៊ុក របស់លោកពីគម្រោងដីល្វាឯម និងអំពាវនាវឱ្យអ្នកទិញទៅយកប្លង់ដីពីក្រុមហ៊ុន។

រដ្ឋមន្ត្រី​ សាយ សំអាល់ ក៏មិនបានឆ្លើយតបការហៅតាមទូរសព្ទពីអ្នកសារព័ត៌មានខេមបូចា ដែលសុំការបញ្ជាក់លើដំណោះស្រាយដែលបានស្នើសម្រាប់គម្រោងដី និងលំនៅឋានរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម