សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង អំឡុងពេលបិទខ្ទប់អាចធ្វើឱ្យរាំងស្ទះដល់ភាពជោគជ័យនៃកម្មវិធីផ្តល់វ៉ាក់សាំងរបស់កម្ពុជា

ស្ត្រីម្នាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅភ្នំពេញកាលពីថ្ងៃទី១ ខែមេសាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្ត្រីម្នាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅភ្នំពេញកាលពីថ្ងៃទី១ ខែមេសាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទោះបីជាប្រទេសកម្ពុជាកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ -១៩ក៏ដោយ ក៏ប្រទេសនេះបានដំណើរការចាក់វ៉ាក់សាំងបានច្រើនជាងប្រទេសជិត ខាងរបស់ខ្លួន ដោយមានប្រជាពលរដ្ឋជិត១,៣លាននាក់បានទទួលយ៉ាងហោច ណាស់ដូសទី១ នេះបើតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងសុខា ភិបាលនិងក្រសួងការពារជាតិ។

ប៉ុន្តែដោយការចាក់វ៉ាក់សាំងដូសទី១ ត្រូវបានផ្អាកអំឡុងពេលមានការបិទខ្ទប់នៅរាជ ធានីភ្នំពេញនិងក្រុងតាខ្មៅដែលនៅក្បែរខាង ក្នុងខេត្តកណ្តាលនោះ ដំណើរការទៅមុខនៃការចាក់វ៉ាក់សាំងនេះទំនងជាមានការយឺតយ៉ាវ។

ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបានចាក់វ៉ាក់សាំងជូនជនស៊ីវិលចំនួន ៩៨៣.១៤៥នាក់ក្នុងនោះមានកម្មករ មន្រ្តីរាជការ មន្ត្រីរដ្ឋាភិបាល សាធារណៈជននិងជនបរទេស ខណៈក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានចាក់វ៉ាក់សាំងដល់សមាជិកកងកម្លាំងប្រដាប់អាវុធចំនួន២៩៤.៥៤៣នាក់។

នៅគ្រប់បណ្តាប្រទេសអាស៊ានទាំងអស់ មានតែប្រទេសសឹង្ហបុរីប៉ុណ្ណោះ បានចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងគេ ដោយមានប្រជាជនប្រមាណ២៤ភាគ រយទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស នេះបើយោងតាមទិន្នន័យពីគម្រោង Our World in Dataរបស់សាកលវិទ្យាល័យ Oxford ដែលបានប្រមូលទិន្នន័យចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលមកពីជុំវិញពិភពលោក។ ប្រជាជនឡាវប្រមាណ១,៥ភាគរយបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ចំណែកក្រោម១ភាគរយនៃចំនួនប្រជាជនថៃបានទទួលយ៉ាងហោចណាស់មួយដូស។ពលរដ្ឋវៀតណាម១ភាគរយបានទទួលដូសទី១។ ផ្ទុយទៅវិញ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង៧,៦ភាគរយក្នុងចំណោមពលរដ្ឋរបស់ខ្លួនចាប់តាំងពីបានចាប់ផ្តើមយុទ្ធនាការកាលពីថ្ងៃទី១០ ខែកុម្ភៈ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម១៼,៣លាន ដូស ដែលជាជំនួយរបស់ចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូសបានទិញពីប្រ ទេសចិននិងវ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៣២៤.០០០ដូសដែលផ្តល់ដោយអង្គ ការសុខភាពពិភពលោកតាមរយៈកម្មវិធី COVAX ដែលមានបំណងបរិច្ចាគវ៉ាក់សាំងឱ្យបានគ្រប់រហូតដល់២០ភាគរយនៃប្រជាពលរដ្ឋរបស់ប្រទេស។

វ៉ាក់សាំងចំនួន១,៥លានដូសបន្ថែមទៀតគ្រោងនឹងមកដល់នៅខែឧសភា។ នៅខែ មិថុនា ប្រទេសនេះនឹងទទួលបាន៣លានដូសផ្សេងទៀត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា អំឡុងខែកក្កដានិងខែសីហា វ៉ាក់សាំងចំនួន៣លានដូសផ្សេងទៀតនឹងមកដល់ប្រទេសកម្ពុជាផងដែរ។

ជាសរុបប្រទេសកម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួន ២០ លានដូស។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើវ៉ាក់សាំងទាំងនេះមកដល់តាមពេលវេលាកំណត់ប្រទេសកម្ពុជានឹងមានចំនួនច្រើនជាង ១១លានដូសនៅចុងឆ្នាំនេះ។

មុនពេលការបិទខ្ទប់ចាប់ផ្តើម ប្រទេសកម្ពុជាបាននិងកំពុងពង្រីកវិសាលភាពចាក់វ៉ាក់សាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃទី១ ខែមេសា ប្រជាពលរដ្ឋប្រមាណ ២,៦ភាគរយបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ដែលតួលេខនេះបានលោតដល់៧,៣ភាគរយនៅពេលចាប់ផ្តើមមានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅកាលពីថ្ងៃទី១៥ ខែមេសា។

កាលពីថ្ងៃទី១៨ ខែមេសា រដ្ឋាភិបាលបានប្រកាសពីការរឹតបន្តឹងការបិទខ្ទប់តឹងរ៉ឹងជាងមុន រួមទាំងការផ្អាកសកម្មភាពចាក់វ៉ាក់សាំងដូសលើកទី១ ដែលធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវខ្លាំង។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ការផ្អាកនេះបានធ្វើឱ្យប៉ះពាល់មួយផ្នែកដល់ភាពជឿនលឿនដែលប្រទេសកម្ពុជាបានធ្វើក្នុងការទទួលបាននិងការផ្តល់វ៉ាក់សាំង។

លោក សុខា បានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើនការចាក់វ៉ាក់សាំង ​យើងកំពុងព្យាយាមទទួលវ៉ាក់សាំងឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីប្រទេសមួយចំនួន យើងកំពុងព្យាយាមទិញនិងទទួលជំនួយ ប៉ុន្តែយើងកំពុងពន្យារពេលចាក់វ៉ាក់ សាំង ដែលអាចធ្វើឲ្យមានការព្រួយបារម្ភនាពេលអនាគត ពីព្រោះប្រសិនបើយើងចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើន យើងអាចជួយទប់ស្កាត់និងកាត់បន្ថយការរីករាលដាលបាន»

លោកបន្តថា៖ «ប្រសិនបើប្រជាពលរដ្ឋមិនបានទទួលវ៉ាក់សាំងបង្ការច្រើនទេ យើងនឹងនៅតែមានហានិភ័យខ្ពស់នាពេលអនាគត»

លោកបានមានប្រសាសន៍ទៀតថា ការចាក់វ៉ាក់សាំងដូសដំបូងត្រូវបានផ្អាកក្នុងកិច្ចប្រឹងប្រែង ដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរ។ លោកមានប្រសាសន៍ថា បើនិយាយអំពីរឿងនោះ វាជាការប្រសើរ ប្រសិនបើរដ្ឋាភិបាលមានមធ្យោបាយ ក្នុងការនាំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តូចៗដោយផ្ទាល់។

បច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងត្រូវបានផ្តល់ជូននៅតាមមន្ទីរពេទ្យ ក្រសួង មន្ទីរពេទ្យបង្អែកស្រុកនិងតាមសាលារៀនមួយចំនួន។ ចំណែកនៅតាមបណ្តាប្រទេសខ្លះ គេអាចទទួលបានវ៉ាក់សាំងនៅតាមគ្លីនិក ឱសថស្ថានធំៗ ឬការចាក់ជូនដល់ផ្ទះដោយមន្រ្តីសុខាភិបាល។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្ស៥៩នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលករណីស្លាប់ទាំងអស់នេះផ្តើមចេញពីការផ្ទុះឡើងថ្មីបំផុតនេះ។ មន្ត្រីសុខាភិបាលបានកត់ត្រាករណីឆ្លងថ្មីចំនួន៧.៦៤៨នាក់ ចាប់តាំងពីព្រឹត្តិការណ៍​សហគមន៍ថ្ងៃទី២០ ខែកុម្ភៈដែលធ្វើឲ្យតួលេខសរុបកើនដល់៨.១៩៣ករណី ចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៅដើមឆ្នាំ២០២០។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា រដ្ឋាភិបាលពឹង ផ្អែកលើប្រជាពលរដ្ឋ ក្នុងការអនុវត្តបទបញ្ជាបិទខ្ទប់និងកាត់ផ្តាច់ការឆ្លងរាលដាល។

លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំនៅតែនិយាយម្តងហើយម្តងទៀតថា តើយើងអាចគ្រប់គ្រង [ស្ថានភាពនៃជំងឺកូវីដ-១៩] បានឬអត់ អាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ»

លោកស្រីបានបន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់អាចប្រកាន់ខ្ជាប់នូវវិធានការ ណ៍របស់រដ្ឋាភិបាលក្នុងរយៈពេលខ្លី ពួកគាត់នឹងវិលត្រឡប់ទៅរកជីវភាពធម្មតាវិញយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋបំពានវិធានបិទខ្ទប់ នោះនឹងមិនអាចប៉ាន់ស្មានបានទេថា តើពេលណាអាចគ្រប់គ្រងវីរុសនេះបានទេ។

ការចាក់វ៉ាក់សាំងដូសទីពីរនៅតែបន្តផ្តល់ជូន។ នៅលើទំព័រហ្វេសប៊ុករបស់លោកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោក ភរិយានិងកូនស្រីពៅរបស់លោកបានទទួលការចាក់វ៉ាក់សាំងលើកទី២ នៅព្រឹកថ្ងៃដដែលនោះនៅគេហដ្ឋាន។

នៅថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពីប្រទេសមីយ៉ាន់ម៉ា ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ី។ លោកបានមានប្រ សាសន៍ថា សមាជិកគណៈប្រតិភូដែលមានចំនួនតិចជាងធម្មតានឹងអមដំណើរលោកដោយសារការផ្ទុះឡើងនិងការបិទខ្ទប់ ហើយលោកបានមានប្រសាសន៍ថា ពួកគេនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលត្រឡប់មកវិញ ក៏ដូចជាត្រូវបានធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Slowing vaccinations amid lockdown may hamper Cambodia’s outsized inoculation success story

371 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម