សង្គមស៊ីវិលថា «ចំនួនអនីតិជនជាប់ឃុំកើនឡើង» នៅតាមពន្ធនាគារភាគច្រើនដែលនេះជា «អត្រាគួរឱ្យព្រួយបារម្ភ»។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានចេញផ្សាយនៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ។
ចំនួនអ្នកទោសដែលមានអាយុក្រោម១៨ឆ្នាំបានកើនឡើងច្រើនជាង៣០ភាគរយបើធៀបនឹងឆ្នាំកន្លងទៅនៅក្នុងពន្ធនាគារចំនួន១៩ ចំណោមពន្ធនាគារទាំង៣០ ដែលអង្គការលីកាដូបានតាមដានឃ្លាំមើល។ របាយការណ៍របស់អង្គការ លីកាដូ នេះ ធ្វើឡើងដោយផ្អែកលើការ «ផ្ដល់ព័ត៌មានពីមន្ត្រីពន្ធនាគារ»។ អង្គការ លីកាដូ លើកឡើងថា ចំនួនអ្នកទោសវ័យក្មេងជាច្រើនត្រូវបានជាប់ពន្ធនាគារទំនងដោយសារយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលកំពុងអនុវត្ត។
អង្គការលីកាដូឱ្យដឹងថា ក្នុងខែមេសា អនីតិជនចំនួន ១ ៦៥៨នាក់ត្រូវបានឃុំខ្លួន ដែលភាគច្រើនជាក្មេងប្រុស។ អង្គការដដែលបញ្ជាក់ថាស្ទើរតែពាក់កណ្ដាលនៃពួកគេកំពុងជាប់ឃុំបណ្ដោះអាសន្ន ខណៈមាន៣៧ភាគរយកំពុងរង់ចាំការប្រកាសសាលក្រមពីតុលាការ។ ក្នុងចំណោមអនីតិជនទាំងនោះ មាន៨២នាក់ជា «កុមារតូច» រស់នៅក្នុងពន្ធនាគារ និងមាន៣០នាក់ផ្សេងទៀតជាស្រ្តីមានផ្ទៃពោះ និងក្មេងស្រី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា តុលាការធ្វើទៅតាមច្បាប់ពេលដែលអនុវត្តនីតិវិធីឃុំខ្លួនបណ្ដោះអាសន្ន។
លោក ជិន ម៉ាលីន លើកឡើងថា៖ «បើតាមអ្វីដែលយើងបានកត់ត្រា [អនីតិជន] ដែលជាប់ឃុំក្នុងពន្ធនាគារ គឺមិនមានការកើនឡើងទេ វាដូចជានៅដដែល ឬធ្លាក់ចុះ»។ យ៉ាងណាលោកមិនបានផ្ដល់ជាតួលេខនោះទេ។
បើតាមអង្គការ លីកាដូ ពន្ធនាគារជាច្រើនបានដាក់អ្នកជាប់ឃុំលើសចំណុះជាក់ស្ដែងរហូតដល់ទៅ២៥០ភាគរយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា មានប្រសាសន៍ថា ខាងពន្ធនាគារគ្រាន់តែទទួលអ្នកជាប់ចោទពីតុលាការតែប៉ុណ្ណោះ។
លោកថ្លែថា៖ «កន្លែងខ្ញុំគឺគ្រាន់តែទទួលពួកគាត់មកឃុំឃាំង»។ លោកបន្តថា៖ «ចំពោះ [អ្នកជាប់ឃុំជាអនីតិជន] មានការកើនឡើង យើងមិនមានលទ្ធភាពធ្វើអ្វីបានក្រៅតែពីទទួលពួកគេ។ ពេលដែលគេបញ្ជូន [ជនជាប់ចោទ] មកយើង នោះយើងក៏ដាក់ពួកគេក្នុងពន្ធនាគារ»។
លោកលើកឡើងថា៖ «ស្ថានភាពក្នុងពន្ធនាគារមិនចង្អៀតដូចពេលមុនទេ ហើយស្ថានភាពនៃការឃុំឃាំងអនីតិជនក៏មានភាពល្អប្រសើរឡើងដែរ»។ យ៉ាងណា លោកមិនបានផ្ដល់តួលេខជាក់លាក់នោះទេ។ លោកបន្ថែមថា៖ «យើងមិនបានឃុំពួកគាត់ជាមួយអ្នកជាប់ឃុំ ផ្សេងទៀតដូចពីមុនទេ» ដែលលោកចង់សម្ដៅថាអនីតិជនដែលជាប់ឃុំគឺត្រូវបានដាក់នៅកន្លែងមួយដូចមនុស្សពេញវ័យដែរ។
យ៉ាងណា របាយការណ៍អង្គការ លីកាដូ បង្ហាញថា ពន្ធនាគារខ្លះបានឃុំខ្លួនអនីតិជនជាមួយនឹងអ្នកជាប់ឃុំពេញវ័យដែរ។
ដោយយកចិត្តទុកដាក់ទៅនឹងការជាប់ឃុំរបស់កុមារ រដ្ឋាភិបាលបានកសាងមណ្ឌលយុវនីតិសម្បាទាមួយនៅខេត្តកណ្ដាល កាលពីខែធ្នូ ឆ្នាំ២០២១ ដើម្បីដាក់អ្នកត្រូវឃុំខ្លួនដែលជាកុមារ និងមនុស្សវ័យក្មេងមានអាយុត្រឹម២៤ឆ្នាំ។ បើតាមអង្គការ លីកាដូ មណ្ឌលនេះបានឃុំខ្លួនក្មេងប្រុសដែលមានទោសយ៉ាងតិច១៣០នាក់។
អង្គការ លីកាដូ អះអាងថាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពណែណាន់តាន់តាប់ក្នុងពន្ធនាគារគឺ «បរាជ័យ» និងបានព្រមានថាការយកកុមារមកដាក់នៅកន្លែងតែមួយនឹងបង្កការលំបាកដល់សមាជិកគ្រួសារ ហើយអ្នកទាំងនោះ «អាចប្រឈមនឹងការមិនអាចទាក់ទង ឬផ្ដល់ការគាំទ្រចាំបាច់ដល់កូនៗរបស់ពកគេ»។
អង្គការដដែលគូសបញ្ជាក់ថា ការទទួលបានអ្នកតំណាងផ្នែកច្បាប់គឺជារឿងចាំបាច់សម្រាប់អនីតិជនដែលកំពុងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែថា «កុមារជាច្រើនបានប្រាប់អង្គការលីកាដូថាខ្លូនមិនមានឱកាសជួបមេធាវី ឬការស្នើសុំនៅក្រៅឃុំនោះទេ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អង្គការ លីកាដូ ក៏បានអំពាវនាវឱ្យមានការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នចំពោះកុមារ ស្រ្តីជាម្ដាយ និងស្រ្តីមានផ្ទៃពោះដែលស្របតាមលក្ខខណ្ឌច្បាប់។ មួយវិញទៀតចំពោះកុមារដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌត្រូវឱ្យមានមេធាវី ហើយថាស្ថានភាពនៅពន្ធនាគារគួរតែធ្វើឱ្យបានល្អប្រសើរឡើងដើម្បីឱ្យប្រាកដថាអ្នកជាប់ឃុំអាចទទួលបានសេវាសុខាភិបាល និងតម្រូវការចាំបាច់ផ្សេងៗទៀត។
សម្រាប់ផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺព្យាយាមកាត់បន្ថយចំនួនអ្នកជាប់ឃុំដែលជាអនីតិជន។
ផែនការអនុវត្ត និងយុទ្ធសាស្រ្តច្បាប់យុត្តិធម៌សម្រាប់អនីតិជនដែលគាំទ្រដោយអង្គការយូនីសេហ្វ បានលើកឡើងថា៖ «ក្នុងការគិតបែបទំនើប ដែលទទួលស្គាល់ដោយច្បាប់ថ្មី គឺថាការដាក់ទណ្ឌកម្មកុមារតាមរយៈការដាក់ទោសព្រហ្មទណ្ឌ គឺពិតជាអាចធ្វើឱ្យក្មេងធ្លាក់ចូលទៅក្នុងគំនិតមួយថាខ្លួនជាឧក្រិដ្ឋជន និងងាយនឹងបង្កបទល្មើសជាថ្មី ហើយទំនងជាអាចជាបទល្មើសកាន់តែធ្ងន់ធ្ងរថែមទៀតផង។
របាយការណ៍២៤០ទំព័រដែលរៀបចំដោយក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច បានកត់សម្គាល់ថា៖ «នេះហើយជាហេតុផលសំខាន់ដែលត្រូវអន្តរាគមន៍ឱ្យបានទាន់ពេលដើម្បីចូលរួមការពារ ស្ដារឡើងវិញ និងបញ្ចូលក្មេងៗទាំងនោះទៅក្នុងសង្គមវិញមុននឹងពួកគេក្លាយជាឧក្រិដ្ឋជន»។
ខណៈដែលច្បាប់ស្ដីអំពីយុត្តិធម៌អនីតិជនឆ្នាំ២០១៦ បានចែងថា ការបម្រើសេវាសហគមន៍ ការព្យួរទោស និងការដោះលែងតាមលក្ខខណ្ឌអាចត្រូវប្រើជំនួសរយៈពេលជាប់ពន្ធនាគារ ប៉ុន្តែអង្គការលីកាដូថា «អ្វីទាំងនេះមិនត្រូវបានអនុវត្តទេ»។
អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បតិ៍បានទាក់ទងទៅអ្នកនាំពាក្យអង្គការយូនីសេហ្វប្រចាំកម្ពុជា លោក Hadrien Bonnaud ដោយលោកមានប្រសាសន៍ថាអង្គការមិនអាចឆ្លើយតបមុនមានការបោះពុម្ពផ្សាយនោះទេ។
ក្រសួងយុត្តិធម៌បានប្រាប់ខេមបូចា ថា ខ្លួនបដិសេធទៅនឹងការទាមទាររបស់អង្គការ លីកាដូ និងថាមាន «វិធានការច្រើន និងវិធីសាស្ត្រច្រើនដោយផ្អែកលើច្បាប់» ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
លោក ជិន ម៉ាលីន បញ្ជាក់ថា៖ «ដោយបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាពសាធារណៈ យើងមិនអាចយកនូវអ្វីដែលអង្គការ លីកាដូ ទាមទារឱ្យដោះលែងអ្នកជាប់ឃុំដើម្បីបន្ថូរបន្ថយភាពណែនណាន់តាន់តាប់ក្នុងពន្ធនាគារនោះទេ»។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី អះអាងថា បញ្ហាដែលថាចំនួនកុមារជាប់ឃុំមានការកើនឡើងគឺមិនមែនជាកំហុសរបស់ក្រសួងលោកនោះទេ។
លោកថ្លែងថា៖ «ការឃុំខ្លួនអនីតិជន និងកុមារគឺមិនមែនជាបញ្ហារបស់យើងទេ មណ្ឌលរបស់ខ្ញុំ [មណ្ឌលយុវនីតិសម្បទា] គ្រាន់តែទទួល [អ្នកត្រូវជាប់ឃុំ] ពីពន្ធនាគារ»។
លោកបន្តថា៖ «យើងគ្រាន់តែចាំទទួលពេលគេបញ្ជូនពួកគេមក»។ លោកបន្ថែមថាមិនមានការឃុំខ្លួនអនីតិជនក្នុងស្ថានភាពណែណាន់តាន់តាប់ទេនៅមណ្ឌលខេត្តកណ្ដាល ដោយថាមានអ្នកជាប់ឃុំប្រហែល១០០នាក់ប៉ុណ្ណោះ។
អង្គការ លីកាដូ ព្រមានថា ការឃុំខ្លួន «លើសកម្រិត» នឹងធ្វើឱ្យកុមារ និងគ្រួសារពួកគេរងគ្រោះ។
អង្គការ លីកាដូ បន្ថែមថា៖ «យើងទាមទារឱ្យបញ្ចប់វិធីមិនសមហេតុផលនៃការឃុំខ្លួននេះ វាបានបំពានទៅនឹងសិទ្ធិអនីតិជន និងផលប្រយោជន៍ផ្សេងៗរបស់កុមារ»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ “Soaring Number” of Children Detained in Prisons, Rights Group Reports