ជនជាតិចិនមួយចំនួនបង្កអសន្តិសុខ បានធ្វើឱ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ ព្រួយបារម្ភនិងភ័យខ្លាច ដោយសារពួកគេបានធ្វើសកម្មភាពប្លន់ និងប្រើអាវុធបាញ់បោះខុសច្បាប់នៅទីសាធារណ:តាមបណ្តាខេត្ត និងក្រុងមួយចំនួន នៅពេលថ្មីៗនេះ។
ជនជាតិចិនចំនួនពីរក្រុមកាន់អាវុធគ្រប់ដៃដេញបាញ់ប្រហារគ្នានៅទល់មុខហាងអាហារឆ្នេរអូរឈើទាល នៅចំណុចព្រិនម៉ល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នា។ ក្រោយទទួលដំណឹងស្នងការនគរបាលខេត្តនេះ ក៏ចុះបង្ក្រាបបានករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ដោយឃាត់ជនសង្ស័យជនជាតិចិនចំនួន១៣នាក់(ប្រុស) និងស្រី១នាក់ ព្រមទាំងដកហូតអាវុធខ្លីចំនួន១ដើម ម៉ាកZoraki ដែលមានបង់១ និងគ្រាប់កាំភ្លើងចំនួន១គ្រាប់។ យោងតាមស្នងការនគរបាលខេត្តព្រះសីហនុផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា។
ពលរដ្ឋរស់នៅ និងធ្វើការនៅខេត្តព្រះសីហនុ លោក ណាក់ រុន ថ្លែងថា លោកភ័យខ្លាចចំពោះសកម្មភាពអសន្តិសុខរបស់ជនជាតិចិនមួយរយ:ចុងក្រោយនេះ ខណ:ដែលលោកត្រូវចេញទៅធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត និង បើកបរយប់ព្រលប់ជាប្រចាំ។
លោក ណាក់ រុន បន្តថា៖ «ត្បិតបាញ់តែគ្នាវាមែន តែខ្ញុំនៅបារម្ភដែរ ជនជាតិចិនខាងលើនេះដេកថ្ងៃរកស៊ីយប់ តែមិនដឹងធ្វើម៉េចបើយើងចេញធ្វើការរកស៊ី មានតែប្រថុយទៅ»។
ចំណែកឯភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តខេត្តព្រះសីហនុ លោក ម៉ាលី សានី ក៏បារម្ភសុវត្ថិភាព និងភ័យខ្លាច អំឡុងពេលធ្វើដំណើរកម្សាន្ត មិនខុសពី លោក ណាក់ រុន។ លោកសង្កេតឃើញអំពីការរីកចម្រើននៃខេត្តនេះថាមានសោភ័ណភាពល្អ និងហេដ្ឋារចនាសម្ព័ន្ធគួរជាទីទាក់់ទាញដល់ភ្ងៀវ ក៏ប៉ុន្តែការរក្សាសន្តិសុខសណ្តាប់ធ្នាប់បង្កដោយជនជាតិចិន នៅតែកើតមានរៀងរាល់ឆ្នាំ។
លោក ម៉ាលី សានី ឱ្យដឹងថា៖ «ក្រុងព្រះសីហនុស៊ីវិល័យ ហើយហេដ្ឋារចនាសម្ព័ន្ធស្អាតណាស់បើមើលពីការរស់នៅរបស់ប្រជាជន។ ឯចិនមករស់នៅខ្មែរដូចជាពួកក្រុមហ៊ុន កាស៊ីណូ អ្នករកស៊ីផ្សេងៗឃើញថានៅតែពិបាក ទោះបីភាគច្រើនវាបង្ករឿងតែជាមួយចិន តែខ្ញុំក៏បារម្ភរាលដាលដែរ»។
ការភ័យខ្លាចបង្កដោយជនជាតិចិន មិនត្រឹមតែពលរដ្ឋខេត្តព្រះសីហនុទេ លោកស្រី យស សុភ័ណ ជាអ្នកខេត្តស្វាយរៀងឯនោះក៏សម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពគ្រួសារ និងកូនចៅរបស់គាត់ដែរ ខណ:កាលពីថ្ងៃទី១២ កញ្ញា ឃុំរបស់គាត់ក៏មានករណីជនជាតិចិនចំនួន៦នាក់ប្លន់មេប៉ុស្តិ៍រដ្ឋបាលឈើទាលបង្កការភ្ងាក់ផ្អើលដល់អ្នកភូមិផងដែរ។
លោក ស្រី យស សុភ័ណ និយាយថា៖ «រឿងប្លន់មេប៉ុស្តិ៍កើតមែន អ្នកភូមិឃើញចិនដើរអាវ៉ាសែក៏រាយការណ៍ទៅគាត់ ហើយគាត់[មេប៉ុស្តិ៍]បើកឡានទៅមើល ក៏សួរនាំអីគាត់តើមានរឿងអី បានខ្លះអត់អាវអត់អីចឹង? ស្រាប់តែពួកវាចាប់វាយគាត់ ច្របាច់កអីធ្ងន់ដែលណាស់ បានឃើញឌុបយកទៅពេទ្យ» ។
ជុំវិញរឿងនេះ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ លោក សោម សុភ័ណ្ឌ មិនអត្ថាធិប្បាយអ្វីលម្អិតទៀតនោះទេ ដោយលោកឱ្យទៅមើលការចុះផ្សាយ តាំងពីថ្ងៃកើតហេតុនោះមក។
លោក សោម សុភ័ណ្ឌ មានប្រសាសន៍៖ «បើចង់ដឹងរឿងនេះពិត មិនពិត ប្អូនអាចទៅមើល Fresh Newsផ្សាយបាន» ។
បើតាមការចុះផ្សាយ ជនរងគ្រោះដែលត្រូវជនជាតិចិនប្លន់មានឈ្មោះ អ៊ុក ផេត តួនាទីជានាយប៉ុស្តិ៍ឃុំឈើទាល។ ជនសង្ស័យមានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាពវាយ និងច្របាច់ក រួចបើកឡានទៅប្លុងចោលនៅមុខកាស៊ីណូ ថាយថិន ក្រុងបាវិត។ ករណីនេះ បានកើតឡើងនៅម៉ោង៤ទៀបភ្លឺ តាមបណ្តោយផ្លូវ ភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចជនសង្ស័យទាំង៦នាក់ បានរត់គេចខ្លួនតាមរយ:ឡានឈ្នួលឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ១ សំដៅទៅក្រុងកំពង់សោម ខេត្តព្រះសីហនុ មិនទាន់ឃាត់ខ្លួនបាននៅឡើយ។
សារពត៌មានខេមបូចា មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ជុំវិញវិធានការបង្ក្រាបបទល្មើសបង្កដោយជនជាតិចិនបានទេ គិតត្រឹមថ្ងៃ១៧ ខែកញ្ញា។
តែយ៉ាងណាថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញតាមហ្វេសប៊ុកផ្លូវការថា សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤៧នាក់ ស្រី៥នាក់ ក្នុងនោះ មានជនជាតិចិនចំនួន៣៥នាក់ ព្រមទាំងដកហូតអាវុធវែងខ្លី១៣ដើម រថយន្ត៥គ្រឿង និងម្សៅស ដែលសង្ស័យថាជាសារធាតុញៀន។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា ការប្រតិបត្តិគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់អាជ្ញាធរបច្ចុប្បន្ននេះ ហាក់មិនទាន់គ្រប់គ្រងល្អប្រសើរនៅឡើយទេពិសេស ចំណាត់ការលើជនបរទេសមករស់នៅ រកស៊ីស្រុកខ្មែរ។លោក ប៉ោ មករា ចាត់ទុកបទល្មើសនេះ ថាមានកំណើនគួរឱ្យកត់សម្គាល់។
លោក ប៉ោ មករា ថ្លែងបន្ត៖ «ទាក់ទងនឹងកេរ្តិ៍ឈ្មោះរឿងនេះសំខាន់ណាស់ កុំព្រោះតែជនឆ្លៀតឱកាសមួយចំនួនបំផ្លាញប្រយោជន៍ធំ។ រដ្ឋាភិបាលត្រូវពង្រឹងត្រួតពិនិត្យបញ្ហាអន្តោប្រវេសន៍ទាំងជនជាតិចិន និងជនជាតិផ្សេងៗ និយាយរួម គឺអំពើពុករលួយដែលបណ្តោយឱ្យការចេញ-ចូល និងប្រើអាវុធខុសច្បាប់តាមទំនើងចិត្ត»។
របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៥ សមត្ថកិច្ចបណ្តេញជនជាតិបរទេសចេញចំនួន ៦ ៦០៨នាក់ មាន៤៥សញ្ជាតិ ភាគច្រើនជាជនជាតិចិន និងវៀតណាម។ ឯឆ្នាំ២០២៤ បណ្ដេញចំនួន ៥ ៨៥២នាក់ មាន៤៦សញ្ជាតិ ក្នុងនោះ ជនជាតិចិនចំនួន ២ ៦៩៥នាក់។ ការបណ្តេញនេះ ក៏ដោយសារពួកគេជាប់ពាក់ព័ន្ធនករណីប្រព្រឹត្តបទល្មើសឆ្លងដែន បើកល្បែងស៊ីសង ឆបោកអនឡាញ ជួញដូរមនុស្ស-គ្រឿងញៀន និងធ្វើការងារខុសច្បាប់ ជាដើម៕











