សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រូបង្វឹក និងថ្នាក់ដឹកនាំ​ក្លឹប​មួយ​ចំនួន ​បង្ហាញក្តីបារម្ភលើការអភិវឌ្ឍ​បាល់​ទាត់​នៅ​កម្ពុជា ​ក្រោយ​​លីគ​២​បាន​ផ្អាក

អ្នកចាំទីរបស់ក្រុមក្រសួងមហាផ្ទៃ បានលោតទៅដោលបាល់ចេញ ពីការប្រជែងតែតរបស់ក្រុម Life FC ក្នុងពេលប្រកួតដណ្តើមយកលេខ១ និងលេខ២នៃលីគ២ ឆ្នាំ២០២៣-២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)
អ្នកចាំទីរបស់ក្រុមក្រសួងមហាផ្ទៃ បានលោតទៅដោលបាល់ចេញ ពីការប្រជែងតែតរបស់ក្រុម Life FC ក្នុងពេលប្រកួតដណ្តើមយកលេខ១ និងលេខ២នៃលីគ២ ឆ្នាំ២០២៣-២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ការ​ប្រកួត​ជម្រើសជើងឯក​កម្ពុជា​​លីគ​២ (Cambodian League 2) ត្រូវបានផ្អាករៀបចំការប្រកួតនៅរដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ ខណៈលីគនារីដែល​បានផ្អាកការ​ប្រកួត​ចូល​៣ឆ្នាំមក​ហើយ​​នោះ ត្រូវសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា សម្រេច​រៀបចំ​ឱ្យ​មាន​ការ​ប្រកួតឡើង​​វិញ ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៤ រហូត​ដល់​​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​១០​ក្រុមបាន​​ចូលរួម។

​​ការ​ប្រកួត​ជម្រើសជើងឯក​កម្ពុជា​​លីគ​២ (Cambodian League 2) ដែល​បានរៀបចំ​ឱ្យ​មាន​ឡើង​តាំងពី​ឆ្នាំ​២០១៦មក​នោះ មិន​ត្រូវ​បាន​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ Cambodian Premier League (CPL) ដែលទទួល​​សិទ្ធិ​​​រៀបចំ​ការ​ប្រកួត​លីគ​ជំនួស​សហព័ន្ធ​​កីឡាបាល់​ទាត់​កម្ពុជា (FFC) រៀបចំឱ្យ​មានការ​ប្រកួត​នៅ​​រដូវ​កាលថ្មី ឆ្នាំ​២០២៤-២០២៥​​នេះ​ទេ។

ការ​សម្រេច​មិនរៀបចំ​ការ​ប្រកួត​លីគ​២​នេះ ត្រូវ​បាន​លោក កាំង សេន ប្រធាន​ក្លឹប​បាល់ទាត់ ISI ដង្កោសែន​ជ័យ ដែល​ទើប​ឡើង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុម​ហ៊ុន​ CPL ​អះអាង​ថា ដោយសារ​​មិនមាន​ចំនួន​ក្រុម​ចូលរួម​គ្រប់​គ្រាន់ ហើយ​លោក​​ក៏​មិន​បាន​បង្ហើប​ពី​តម្រុយច្បាស់​លាស់ក្នុង​ការ​រៀបចំ​ឱ្យមានលីគ​២ឡើង​វិញ នៅពេលណា​នោះ​ដែរ។

នៅក្នុង​សន្និសីទ​សារព័ត៌មានស្តីពី​ «ការ​ធ្វើ​បច្ចុប្បន្ន​ភាព​កំណែ​ទម្រង់​ និងការ​ប្រកាសតែង​តាំង​សមាសភាពនាយក​គ្រប់​គ្រងទូទៅ» របស់​ក្រុម​ហ៊ុន CPL​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ លោក កាំង សេន បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​លីគ២ នឹង​អាច​បង្កើត​ឱ្យ​មាន​វិញ នៅពេល​ណា CPL មានManual ​ឬសៀវភៅ​ក្បួន​ច្បាប់ថ្មី ដើម្បី​ឱ្យ​ការ​បង្កើត​ក្លឹប​បាល់​ទាត់នៅ​កម្ពុជា កាន់តែ​មាន​ភាពរឹងមាំ និងមាន​ស្ថិរភាព​ ចៀសវាង​បង្កើតក្លឹប​​បាន​រយៈពេល​ខ្លី ​រួច​ក៏បិទ​​ទៅ​វិញ ដោយ​សារ​​​មិនអាចរកចំណូល​​ទ្រទ្រង់​បាន។

លោក​បញ្ជាក់​ថា៖ «ការ​បង្កើត​លីគទី​​២នេះ វាសុទ្ធ​តែជា​ការ​ចំណាយ​ដូចគ្នា ហើយ​ស្រប​ពេល​លីគ​កំពូល​របស់​យើង អត់​ទាន់​រឹង​មាំ និងមានស្ថិរភាព​ផង អ៊ីចឹង​យើងក៏​សម្រេច​ចិត្ត​ផ្តោត​ទៅលើ​​លីគ​កំពូល​សិន ជួន​ពេល​ដែល​លីគ​២ ក៏​អត់​ទាន់​មាន​ចំនួនក្រុម​គ្រប់​គ្រាន់​​ក្នុងការចូលរួមប្រកួត​​ប្រជែងដែរ។ នៅពេល​​យើង​មាន Manual ថ្មី ដែល​អាច​បង្កើត​ក្លឹបផ្សេងៗ​នៅថ្ងៃអនាគត​បាន​ហើយ​ យើងនឹង​ចាប់​ផ្តើម​លីគ​២​ឡើង​វិញ»

ការ​មើល​ឃើញ​ពី​ហានិភ័យ ចំពោះ​ការ​បង្កើត​ក្លឹបបាល់​ទាត់នៅ​កម្ពុជា​ រហូត​ឈាន​ដល់ផ្អាក​ការ​ប្រកួតលីគ​២​ជាបណ្តោះអាសន្ននេះ ក៏ព្រោះ​តែ​ក្លឹប​មួយចំនួន ដែល​ធ្លាប់​លេង​នៅ​លីគ​២ និង​លីគ​កំពូល ដូចជា​ក្រុមព្រៃវែង​អេហ្វស៊ី អគ្គិសនី​កម្ពុជា អាស៊ីអឺរ៉ុប សូលទីឡូអង្គរ កោះកុងអេហ្វស៊ី និង​ក្រុម​ណិចស្តិប​អេហ្វស៊ី ជា​ដើម សុទ្ធតែ​បាន​ប្រកាស​រំសាយ​ក្លឹប​ទៅ​វិញ ហើយបញ្ហាចម្បង គឺ​មិនមានលទ្ធភាពរកចំណូល​ ក្នុងការ​​ចំណាយ​បន្ត​ទៅ​មុខ​ទៀត។

បន្ថែម​លើ​នេះ ការ​សម្រេច​មិន​រៀបចំលីគ​២​នៅ​ឆ្នាំ​នេះ ក៏​អាច​មក​ពី​ក្រុម​យុជន​របស់​ក្លឹប​កំពុង​លេង​នៅលីគ​កំពូល​​មួយ​ចំនួន ហើយ​​ធ្លាប់ចូលលេង​លីគ​២​កន្លងមក​ បាន​ងាក​​ទៅ​​ចូលរួមការ​ប្រកួត​ជម្រើសជើង​ឯក​ខេមបូឌាន​លីគ​យុវជនអាយុ​ក្រោម​១៩​ឆ្នាំ នៅ​ឆ្នាំ​នេះ​វិញ ធ្វើ​ឱ្យ​ចំនួនក្រុម​ធ្លាប់​លេង​នៅ​លីគ​២ បាន​ធ្លាក់​ចុះ។

យ៉ាង​ណា​ក៏​ដោយ ការប្រកាស​មិនរៀបចំ​ការ​ប្រកួត​លីគ​២​ នៅ​ឆ្នាំ​​នេះ​​ ត្រូវបាន​គ្រូ​បង្វឹក និង​ថ្នាក់​ដឹកនាំ​ក្លឹប​មួយចំនួន ដែល​ធ្លាប់លេង​នៅលីគ២ អះអាង​ថា ជា​ការ​ប្រកាស «ដោយទាន់​ហន់» គឺ​មិន​បានជូនដំណឹង​ទៅ​សាមីក្លឹប ដែល​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ​ឱ្យ​បាន​មុន២ខែ​​នោះ​ទេហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ក្លឹប​​ដែល​​បានចំណាយទាំង​កម្លាំង និង​ថវិកា សម្រាប់​​ត្រៀម​​លីគ​២នេះ មានការ​ខក​ចិត្ត​ខ្លាំង។

ជាក់ស្តែង​ក្លឹបបាល់​ទាត់​ខេត្តសៀម​រាប ដែលបានចូលរួម​ប្រកួត​លីគ​២ តាំងពី​ឆ្នាំ​២០១៩​មក​នោះ បានអះអាង​ថា ពួកគេ​បានត្រៀម​ខ្លួន​សម្រាប់​ចូលរួមការ​ប្រកួត​លីគ​២ នា​រដូវ​កាល​ថ្មី​នេះ តាំងពី​ការ​ប្រកួត​រដូវ​កាលចាស់បានបញ្ចប់ ព្រោះ​ខាង​​​ក្រុមហ៊ុន​ CPL មិន​បានប្រកាស ឬជូនដំណឹង​​ចំពោះ​ការ​មិនរៀបចំលីគ​២​នៅឆ្នាំ​នេះ​ទេ។

លោក ហ៊ឹម ឧត្តម ជាអគ្គលេខាធិការ និងជាអ្នកចាត់ការទូទៅ​របស់​ក្លឹប​បាល់​ទាត់​សៀម​រាប បានប្រាប់​ថា៖ «ក្រុម​របស់យើង​បាន​ត្រៀម តាំងពីការ​ប្រកួត​លីគ​២​ឆ្នាំ​ចាស់ បានបញ្ចប់ ដោយ​យើងបាន​រក្សាទុក​​កីឡាករ​ល្អៗមិនឱ្យ​ទៅលេង​ក្លឹប​ផ្សេង​ទេ គឺ​យើង​បាន​ផ្តោត​ខ្លាំង​សម្រាប់​​ការ​ប្រកួត​នៅរដូវ​កាល​ថ្មីនេះ ប៉ុន្តែនៅពេល​ខាង CPL ប្រកាសមកបែបនេះ ធ្វើ​ឱ្យ​ខក​ចិត្ត​ទាំង​អស់​គ្នា»

ជាមួយគ្នា​នេះ ក្រុមសៀមរាបអេហ្វស៊ី ដែលបានត្រឹម​ចំណាត់ថ្នាក់លេខ​៦ សម្រាប់​ការ​ប្រកួត​លីគ​២ កាល​ពី​ឆ្នាំ​២០២៣នោះ បានដាក់​គោលដៅ​ច្បាស់លាស់ ក្នុងការ​ប្រជែង​យក​​ពាន​សម្រាប់​​ការ​ប្រកួតនៅ​​ឆ្នាំនេះ ដើម្បី​បាន​ឡើង​ទៅលេង​នៅលីគកំពូល​កម្ពុជា​​​ឆ្នាំ​ក្រោយ ទៅតាម​មហិច្ឆតា​របស់​ពួកគេ។

លោក ហ៊ឹម ឧត្តម បញ្ជាក់​ថា៖ «តាមពិត​នៅ​ឆ្នាំ​​នេះ យើង​មាន​​គម្រោង​រួច​ហើយ សម្រាប់​ឈ្នះការ​ប្រកួតលីគ​២ ដើម្បី​​បាន​ឡើង​ទៅ​លេង​​នៅលីគ​ទី​១ ហើយ​ភាព​ជឿជាក់នេះ ដោយសារ​យើង​បានត្រៀម​ទាំង​គ្រូ​បង្គោល​ និងកីឡាករ តាំងពី​មុន​បញ្ចប់​ការ​ប្រកួតលីគ​២ ឆ្នាំ​២០២៣មក​ម្ល៉េះ»

ទន្ទឹម​នឹងនេះ លោក ឧត្តម បានមើល​ឃើញ​ថា ការ​មិនរៀបចំ​លីគ​២ នឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់ការ​បណ្តុះធានធាន​កីឡាករ​នៅតាម​ខេត្ត។ លោកថា៖ «​ធនធាន​កីឡាករ​មានសមត្ថ​ភាព នៅខេត្ត​សៀម​រាប​ មាន​​ច្រើន អ៊ីចឹង​នៅពេល​លីគ​២ អត់រៀបចំបែបនេះ នឹង​មានការប៉ះពាល់ ជាពិសេស​ក្លឹប ដែល​ប៉ះពាល់ទាំង​​ទៅលើ​ការ​​ចំណាយក្នុង​ក្លឹប និងចំណាយ​ទៅលើ​កីឡាករ»

យ៉ាងណា​ក៏​ដោយ ក្លឹប​បាល់​ទាត់សៀមរាប នឹង​មិនរំសាយ​ក្រុម​នោះ​ទេ ព្រោះ​ក្លឹប​នេះ នៅតែ​ចិញ្ចឹម​ចិត្តចូល​រួម​​ប្រកួត​លីគ​២ ហើយ​ពួកគេ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​មើល​ភាពប្រែ​ប្រួល​របស់លីគកម្ពុជា។ នៅ​ក្នុងចំណុច​នេះ លោក ហ៊ឹម ឧត្តម បាន​បង្ហើប​ថា ​បើសិនជា​មានព័ត៌​មាន​ណាមួយ ឱ្យក្រុម​របស់​លោក​បាន​​លេង​នៅលីគ​កំពូល​នៅ​ឆ្នាំ​ក្រោយ ដោយមិនចាំបាច់​លេង​លីគ​២ គឺ​សៀមរាបអេហ្វស៊ី នឹង​រៀបចំ​​ចាប់ពី​ពេលនេះ​ទៅ ដើម្បី​ចូល​រួម។​ ​

លោក ឧត្តម បញ្ជាក់ថា៖ ​«នាយក​ប្រតិបត្តិ​ក្លឹប​របស់​យើង បាន​ប្រកាសថ្ងៃមុន​រួច​ហើយ​ថា យើងអត់​បោះបង់​នោះ​ទេ គឺ​ថ្ងៃណា​មួយ​យើង​នឹង​ត្រឡប់មក​វិញ។ បើ​មានការ​ប្រកួត​លីគ​២ នៅ​ឆ្នាំ​ក្រោយ យើងនឹង​ចូលរួម​ប្រកួត​វិញ ប៉ុន្តែ​បើ​មានតែ​លីគ​ទី​១​ទេ យើងនឹងដាក់​ពាក្យស្នើសុំ​ទៅ​លេង​នៅលីគ​ទី​១»

ប្រធានក្រុម នួន បុរី របស់ក្រុមក្រសួងមហាផ្ទៃ (ខៀវ) បានលោតតែតបាល់ប្រជែងគ្នាជាមួយកីឡាកររបស់ក្រុម Life FC ក្នុងការប្រកួតលីគ២ ឆ្នាំ២០២៣-២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ចំណែកគ្រូ​បង្វឹក និង​ថ្នាក់ដឹកនាំ​ក្លឹប​បាល់​ទាត់មួយចំនួន​ទៀត ដែល​ធ្លាប់​ចូលរួម​ការ​ប្រកួត​លីគ​២​កន្លងមក ​​បាន​​យល់​ឃើញ​ថា ការ​ផ្អាក​ការ​ប្រកួតលីគ​២ ​វា​បាន​​បង្ហាញ​ឱ្យ​ឃើញ​ពីការ​ដើរ​ថយក្រោយ​​នៃ​ការ​អភិវឌ្ឍ​​វិស័យ​បាល់​ទាត់នៅ​កម្ពុជា ព្រោះលីគ​២ ជា​​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​ស្វែង​រក​ក្រុម​ជើងឯក និងជើងឯក​រង ឡើង​ទៅលេង​នៅលីគ​កំពូល​កម្ពុជា ជំនួស​ក្រុម​ដែល​ត្រូវកាត់​ចេញ។

ជាក់ស្តែង​ការ​ប្រកួត​លីគ​២ រដូវ​កាល​ឆ្នាំ​២០២៣ ក្រុម​​ម្ចាស់​ជើងឯកឡាយហ្វខេត្តព្រះសីហនុ (Life FC) និងក្រុមជើងឯក​រង​សមាគមកីឡាបាល់​ទាត់​​ក្រសួង​មហាផ្ទៃ ត្រូវបាន​ដំឡើង​ឱ្យ​ទៅលេង​នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២៤-២០២៥ ដែល​​ទើប​បានចាប់​ដំណើរ​ការ​ប្រកួត​ កាល​​ថ្ងៃទី​១០ ខែសីហា ដោយមាន​១១​ក្រុម​ចូលរួម ហើយ​គ្រោង​បញ្ចប់​នៅថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៥។

លោក ឡុង ឬទ្ធា អតីត​គ្រូ​បង្វឹក​ក្រុមព្រៃវែង​អេហ្វស៊ី បានបញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការ​មិន​មាន​ក្រុម​គ្រប់​គ្រាន់ សម្រាប់ចូល​រួម​​ប្រកួត​លីគ​២ ដោយសារ​ក្លឹប​មួយ​ចំនួនមាន​ការ​លំបាក​​រកចំណូល សម្រាប់​ទ្រទ្រង់ដល់​ការចំណាយ នៅ​ក្នុង​ក្លឹប​ផ្ទាល់​ផង និងចំណាយ​ទៅ​លើ​ការ​រៀបចំការ​ប្រកួត​ទាំង​ក្នុង​ទឹក​ដី និង​ក្រៅ​ទឹក​ដី ដែល​ត្រូវចំណាយ​ច្រើន។

តែទោះបីជា​យ៉ាងណា លោក​នៅតែគាំ​ទ្រ​ឱ្យរៀបចំការ​ប្រកួត​លីគ​២​ឡើង​វិញ ដើម្បី​ពង្រឹង​គុណ​ភាព​លេង​នៅលីគកំពូល។ លោក​និយាយ​ថា៖ «មាន​លីគ​២ នឹង​ធ្វើ​ឱ្យ​ក្រុមលេង​នៅលីគ​កំពូល មាន​ការ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​ម៉េច​កុំ​ឱ្យខ្លួន​ឯង​ធ្លាក់​ទៅ​លីគ​២ ប៉ុន្តែ​នៅពេល​អត់​មាន​លីគ​២ នឹង​ធ្វើ​ឱ្យ​ក្រុម​មួយ​ចំនួ​ន​​លែងសូវ​ខំប្រឹង​ប្រកួត​ ព្រោះ​ទោះបីជា​ស្ថិត​នៅ​ចំណាត់ថ្នាក់ក្រោយ​គេ ក៏មិន​ត្រូវបានកាត់ចេញ ដល់អ៊ីចឹង​ការ​ប្រកួត​ប្រជែង​នៅលីគកំពូល ក៏​លេង​សូវ​ល្អមើលទៅតាម​ហ្នឹង​ដែរ»

ជាមួយគ្នានេះ លោក ឡុង ឬទ្ធា បានស្វាគមន៍ ដែល​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​បាន​បង្កើត​ឱ្យ​មាន​​​លីគ​​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ប៉ុន្តែ​លោក​បាន​លើកជាយោបល់​ថា សហព័ន្ធគួរ​បង្កើត​ឱ្យមាន​លីគ​សម្រាប់​ក្រុម​អាយុ​ក្រោម​២១ឆ្នាំ (U21) និង U23 ដើម្បី​ឱ្យ​កីឡាករ​ ​អាច​លេង​បានជាប់ៗគ្នា​ពី​អាយុ​ក្រោម​១៩​ឆ្នាំ ដល់​អាយុ​ក្រោម​២៣​ឆ្នាំ ក្នុងការ​រក្សា​កម្រិត​លេង​របស់ពួកគាត់ ក្នុងពេលដែល​មិនមានលីគ​២​។

លោក​បានបញ្ជាក់​ថា៖ «ការមិន​មានលីគ​២ នៅ​តែជា​កង្វល់ ព្រោះបើ​យើងមានលីគ​២ យើង​អាច​ដាក់​កីឡាករ​ជា​យុវជន​ល្អៗ​របស់​យើងចូល​​លេង​ ដើម្បី​ទទួល​បាន​បទពិសោធន៍​​បន្ថែម ក្នុងការ​អភិវឌ្ឍ​ខ្លួនឡើង​ទៅលេង​នៅ​លីគកំពូល ព្រោះ​តាម​រយៈការ​ប្រកួត​លីគ​២​កន្លង​មក​នេះ យើង​ឃើញមានកីឡាករ​យុវជន​របស់​យើង​មួយចំនួន​ធំ បាន​ឡើង​ទៅលេង​នៅលីគ​កំពូល​»

ចំពោះ​លោក ឈឹម យៀក​ គ្រូ​បង្វឹក​ក្រុម​បន្ទាយ​មានជ័យអេហ្វស៊ី វិញ បានចាត់​ទុក​ការ​មិន​រៀបចំ​​លីគ​២ ជាសកម្មភាព​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពីការ​ដើរ​ថយ​ក្រោយ​របស់​វិស័យ​បាល់​​ទាត់នៅ​កម្ពុជា។ ទោះបីជា​ក្រុម​បន្ទាយ​មានជ័យ ​មិន​ទាន់​មាន​លទ្ធភាព​ចូលរួមការ​ប្រកួត​លីគ​២​វិញ ប៉ុន្តែ​លោក យៀក បាន​បង្ហើប​ថា ក្រុម​នៅតាម​ខេត្ត​មួយចំនួន​ទៀត បាន​​កំពុងនឹង​​ត្រៀម​ខ្លួន​​សម្រាប់ការ​ប្រកួត​នេះ ហេតុនេះ​វាជារឿងដ៏​គួរ​ឱ្យ​សោក​ស្តាយ ដែលគ្មានការ​ប្រកួត​លីគ​២​។  

លោក ឈឹម យៀក បាន​និយាយ​ថា៖ «ក្រុម​មួយ​ចំនួន និង​គ្រូបង្វឹក ដែល​ខ្ញុំ​ធ្លាប់ស្គាល់​ គឺ​ពួកគាត់​បាន​ត្រៀម​កីឡាករ​លេង​លីគ​២ ប៉ុន្តែ​បែរ​ជា​អត់​មាន​​លីគ​២។ សហព័ន្ធ​បាន​ងាក​ទៅ​រៀប​ចំការ​ប្រកួត​ U16​ និង U19 ចំណែក​កីឡាមហាជន (លីគ​២) អត់​មានរៀបចំ​ឱ្យ​គាត់​លេង​ ធ្វើ​ឱ្យ​​ការចំណាយយ៉ាងច្រើន​​របស់ពួកគាត់ ​សម្រាប់ត្រៀម​រដូវកាលថ្មី​នេះ ក្លាយ​​ជាមោឃ​ទាំង​អស់»

នៅ​ក្នុង​បញ្ហា​នេះ លោក ឈឹម យៀក បាន​ស្នើទៅ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា និងក្រុមហ៊ុន CPL គួរ​ពិចារណា និង​គិត​គូរ​​បង្កើត​ឱ្យ​មានការ​ប្រកួតលីគ​២​វិញ ដើម្បី​រក្សា​បាន​នូវតុល្យភាព​នៃ​ការ​អភិវឌ្ឍ​បាល់​ទាត់​នៅ​កម្ពុជាទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្តនានា។

លោក​បញ្ជាក់​ថា៖ «​លីគ​២​ ជា​ការ​ប្រកួតបន្ទាប់ពីលីគ​ទី​១ អ៊ីចឹង​វា​អាច​ប្រម៉ូត​ក្រុម​ឡើងបណ្តើរៗ ដើម្បី​ឱ្យ​មាន​តុល្យភាព​គ្នា​។ បើ​គាត់​ឡើង​ទៅលេង​នៅ​លីគកំពូល ហើយ​មាន​អ្នក​គាំ​ទ្រ​ធំៗ​ជួយ នោះ​គាត់នឹង​​មាន​លទ្ធភាព​បណ្តុះ​បណ្តាល​កីឡាករ​ថ្មីៗ​ និង​យុវជន​បន្ត​ទៀត ប៉ុន្តែ​ឥឡូវនេះ​ចប់​ហើយ! បើ​មិនរៀបចំ​លីគ​២ គឺ​បាល់​ទាត់​យើង ប្រហែល​ជា​​​ដើរ​ថយ​ក្រោយ​ហើយ។ យើង​ផ្តោតតែលើ​​លីគ​ទី​១​ពេក ក៏​អត់​បានដែរ»

ស្រដៀង​គ្នា​នេះ គ្រូ​បង្វឹក​នៅតាមខេត្តមួយចំនួន​ទៀត ក៏​បានបង្ហាញ​ក្តីកង្វល់ នៅពេល​ក្រុម​ហ៊ុន CPL បាន​ប្រកាស​ដោយមិនបានជូនដំណឹងជាមុន ចំពោះ​ការ​មិន​រៀបចំ​ការ​ប្រកួត​លីគ​២ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការខិតខំ​របស់ក្លឹប​នៅ​តាម​ខេត្ត ក៏ដូចជា​កីឡាករ ដែលបាន​​ប្រឹង​ប្រែង សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ។

គ្រូ​បង្វឹក​ទាំងនោះ បាន​និយាយ​ដោយសុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «​ប្រទេស​ជិត​ខាង​យើង គេ​រៀបចំដល់​លីគ​ទី​៣ និងលីគ​ទី​៤​ទៅ​ហើយ ប៉ុន្តែ​យើងវិញ​​គ្រាន់តែ​លីគ​ទី​២​បំបិទ​ចោល​ រក​តែ​អ្នកឧបត្ថម្ភ​​ដល់​គ្នា​មិន​បាន។ យើង​អាណិត​ដល់​កីឡាករ ព្រោះ​អ្នក​​ខ្លះ​មាន​ប្រាក់​ខែ​ត្រឹម​១៥០ដុល្លារ ហើយ​សួរ​ថាយក​ទៅ​ធ្វើអី​កើត? ប៉ុន្តែសំខាន់ពួកគេ​ស្រឡាញ់​បាល់​ទាត់ ទើប​នៅខំប្រឹង​ប្រែង​បន្ត»

ប្រភពជា​គ្រូ​បង្វឹក​ទាំងនោះ ក៏បានសម្តែងការ​ខក​ចិត្ត​ទៅ​ដល់ថ្នាក់​ដឹកនាំ​នៅ​តាម​ខេត្តមួយ​ចំនួន ដែល​​មិនសូវ​​ខ្វល់ខ្វាយចូលរួម​ជួយ​ដល់​ក្រុមបាល់​ទាត់តំណាង​ឱ្យ​ខេត្ត​របស់​ខ្លួន។ ពួកគាត់បញ្ជាក់​ថា៖ «បើសិនជាថ្នាក់ដឹក​នាំនៅ​គ្រប់​ខេត្ត​ទាំង​អស់ ដាក់​ចិត្ត​ជួយ​ដល់​ក្លឹបបាល់​ទាត់នៅ​ក្នុង​ខេត្ត​របស់​ខ្លួន នោះ​វិស័យបាល់​ទាត់​របស់​យើងនឹងរីកចម្រើន​ជាង​ហ្នឹង ប៉ុន្តែ​សំខាន់​ចៅហ្វាយ​ខេត្ត​ខ្លះ ​សម្ងំឈឹង»

ក្រុមឡាយហ្វខេត្តព្រះសីហនុ បាននាំគ្នាស្រែកអបអរ ក្នុងពេលពួកគេលើកពានរង្វាន់លីគ២  កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)​

ចំណែកលោក ជា ម៉េងលី ដែល​ធ្លាប់បំពេញ​ការងារនៅ​ក្លឹប​សូលទីឡូអង្គរ ក្នុង​តួនាទីជា​អ្នក​ចាត់ការទូទៅ និង​ធ្លាប់​ជា​អគ្គលេខាធិការ​ក្លឹបណិចស្តិបផង​នោះ បាន​អះអាង​ថា ក្លឹប​នីមួយៗដែលបានលេង​នៅលីគ​២ គឺ​ចំណាយ​ច្រើន។ លោក​ថា គ្រាន់​តែ​​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​ខ្លួនឯង ទាបបំផុត១លើក​​ក៏​​អស់​១៥០០ដុល្លារ​ដែរ ចំណែក​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​នៅក្រៅ​ទឹកដី​ គឺ​មួយ​លើកៗ អាចអស់ចាប់ពី​២ពាន់ដុល្លារ​ឡើង​ទៅ។

ជាមួយ​ហេតុ​ផលនេះ លោក ម៉េងលី បាន​លើក​ជាគំនិត​​ថា៖ «ការផ្អាករៀបចំ​លីគ​២ វាជា​រឿង​ដ៏គួរ​ឱ្យ​សោកស្តាយ​មួយ ដែល​យើង​មិន​មានការ​ប្រកួត​ច្រើន ពិសេស​យើងមានការសោកស្តា​យ​ទៅលើ​ក្លឹប​ដែលមាន​លទ្ធភាព និង​ធនធាន​ក្នុង​ការ​ចូលរួម ព្រោះ​នៅពេល​ក្លឹប​មាន​សកម្ម​ភាព​ កីឡាករ​ក៏មានចំណូលប្រាក់ខែ ហើយ​បានបញ្ចេញ​សមត្ថភាព ប៉ុន្តែនៅពេល​អត់អ៊ីចឹង ​គឺ​ពិបាក​ទាំង​អស់គ្នា»

យ៉ាង​ណា​ក៏​ដោយ លោក ជា ម៉េងលី យល់​ថា ក្រុមដែល​លេង​នៅលីគ២ភាគ​ច្រើន ក៏នៅមានកម្រិត​ដែរ បើធៀបទៅនឹង​ក្រុម​លេង​នៅលីគកំពូល​ ព្រោះ​លក្ខខណ្ឌ​ប្រកួត​របស់លីគ​ទាំង​២នេះ​ខុស​គ្នា អ៊ីចឹងការ​រៀបចំ​ក៏​ខុស​គ្នា​ដែរ ហើយ​លើសពីនេះ​​លក្ខខណ្ឌ​​ប្រកួត​របស់លីគកំពូល តែង​​បត់​បែន​ទៅ​តាមចំនួន​ក្លឹប។ សម្អាង​លើ​​ហេតុផលនេះ លោក ម៉េងលី ​បញ្ជាក់​ថា៖ «យើងមិនទាន់​អាច​និយាយ​បាន​ថា ការ​មិន​រៀបចំ​លីគ​២ វា​នឹងប៉ះពាល់ ឬមិនប៉ះពាល់​ដល់លីគ​កំពូល​​នោះទេ គឺ​វា​អាស្រ័យ​លើ​ការ​បត់បែន​របស់​CPL»

ចំពោះ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​កំណែ​ទម្រង់នៃ​ការ​ប្រកួត​លីគ​នៅ​កម្ពុជា​ លោក កាំង សេន បាន​ឱ្យ​ដឹង​ថា ទិសដៅ​របស់​ CPL នៅ​ដដែល គឺ​យើង​ចង់​ក្លាយជា​លីគ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ គ្រាន់តែ​ការ​អនុវត្ត​លើក​នេះ យើង​នឹង​ធ្វើ​ឱ្យ​ប្រសើរជាង​មុន​ ព្រោះ​ការអនុវត្ត​ពីមុន ដោយសារយើង​ខ្វះ​ចំណេះ​ដឹង​​​ធ្វើ​ការជាមួយគ្នា​នៅ​ក្នុង​ស្រុក គឺ​ការ​ងារ​ខ្លះ​បាន​ធ្វើ​ដោយ​តក់​ក្រហល់ពេក​ ដូចជាការកំណត់ឱ្យក្លឹប​នីមួយៗ​ត្រូវមាន​​អាជ្ញាបណ្ណក្លឹប (Club Licensing) ជាដើម​។

អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុម​ហ៊ុន​ CPL រូប​នេះ​បាន​បញ្ជាក់​ថា៖​ «យើង​ដឹង​ថា Club Licensing ត្រូវ​ចំណាយ​ច្រើន និង​ត្រូវ​ប្រើ​ពេល​យូរ​ អ៊ីចឹង​ពេល​ខ្លះ​យើងមិនគួរ​ជំរុញ​ខ្លាំង​ពេកទេ។ ​យើង​ត្រូវជំរុញ​តាម​ដំណាក់កាលៗ​ តាម​រយៈពេល និង​តាម​ធន​​ធាន​ដែល​យើង​មាន ប៉ុន្តែ​ឱ្យវា​មានស្ថិរភាព​ កុំ​ឱ្យ​យើង​ខំប្រឹងជំរុញ​ហើយ វា​ធ្លាក់​មក​វិញ»

លោក​បន្ថែម​ថា៖ «គោលដៅ CPL ​នៅ​ដដែល ប៉ុន្តែ​ការ​អនុវត្ត​របស់​យើង​នឹងខំប្រឹង​ឱ្យ​បាន​​ប្រសើរជាង​មុន ដោយ​យើង​នឹង​ទទួល​យក​​មតិ​របស់​ក្លឹប​ឱ្យ​បាន​ច្រើន​ ដើម្បី​សម្រេច​ធ្វើ​ការងារ​អ្វី​មួយឱ្យ​បាន​ល្អជាង​មុន ក្នុងការ​គ្រប់​គ្រង​លីគ​របស់​យើង​។ នៅពេល​យើងចាប់​ផ្តើម​លីគ​២​ឡើង​វិញ ខ្ញុំ​ជឿ​ថា ពេល​នោះ ​​CPL របស់​យើង​មាន​ភាព​រឹង​មាំ​ស្រេច​ទៅ​ហើយ»។​

ចំណែក ​លោក Peter Koo ដែល​ទើប​ត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CPL ជំនួស​លោក Satoshi Saito ដែលផុតកិច្ចសន្យាពីតួនាទីជានាយកប្រតិបត្តិ កាលពីខែតុលា ឆ្នាំ២០២៣ បាន​បង្ហាញ​ជំហរ​​ច្បាស់​លាស់​​​​ក្នុងការដឹកនាំ​លីគ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ហើយ​លោក​ក៏បានប្រកាស​ឈប់ពី​តួនាទី​ជា​អគ្គលេខាធិការក្លឹបកីឡាបាល់ទាត់​ឡាយហ្វខេត្តព្រះសីហនុ (Life FC) ដើម្បី​ផ្តោត​ឱ្យ​បាន​ខ្លាំង​លើការងារថ្មី​នេះ​​ផងដែរ។

បុរសសញ្ជាតិ​កូរ៉េខាងត្បូង លោក Peter Koo បាន​និយាយ​ថា៖​ «នៅពេល​ខ្ញុំ​គ្រប់​គ្រង​ក្លឹប ខ្ញុំបានដឹង​ពីស្ថាន​ភាពបាល់​ទាត់នៅស្រុកខ្មែរ។ ​​ខ្ញុំ​ចាប់​ផ្តើម​ដឹកនាំ​ក្រុម Life FC មិន​មែន​ដើម្បី​​ខ្លួនខ្ញុំ​​ទេ ប៉ុន្តែដើម្បី​សង្គមកំពង់សោម ហើយ​ឥឡូវ​នេះ​ខ្ញុំ​អាច​ដក​ដៃ​ចេញបាន​ហើយ។ ចាប់ពីពេលនេះទៅ​ខ្ញុំ​នឹង​ខិតខំ​ដើម្បី CPL ព្រមទាំង​ក្លឹប និ​ង​កីឡាករ​​នៅស្រុក​ខ្មែរ​យើង​ឱ្យ​បានល្អ ព្រោះ​ចិត្ត​របស់​ខ្ញុំ ពិតជា​ស្រឡាញ់​កីឡាករ​ស្រុក​​ខ្មែរ​មែន​ទែន»

94 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម