អាជ្ញាធររាជធានីភ្នំពេញបន្តចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍យកទៅធ្វើចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ខណៈអ្នកសារព័ត៌មានមួយចំនួនត្រូវបានអាជ្ញាធរគំរាមកំហែងកំឡុងពេលពួកគេចុះយកព័ត៌មានអំពីកូដកម្មនេះ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយរូប អ្នកស្រី សុខ រតនា បានប្រាប់ថា កូដករដែលត្រូវបាននាំយកទៅមណ្ឌលចត្ដាឡីស័កថ្ងៃសុក្រនេះ មានចំនួន១៦០នាក់។ អ្នកស្រីក៍បានឃើញអាជ្ញាធរ ព្យាយាមចាប់ទាញអ្នកសារព័ត៌មានស្រីម្នាក់ឱ្យចូលរថយន្តក្រុងជាមួយពួកគាត់ផងដែរ។
អ្នកស្រីនិយាយថា៖«ការចាប់នេះដូចជាឃាត់មិនឱ្យពួកខ្ញុំទៅធ្វើកូដកម្មចឹង។ ហើយរឿងនេះវាជារឿងពួកខ្ញុំជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ទេ ហេតុអ្វីបានជាមកចាប់ពួកខ្ញុំដូច្នេះ?។ ហើយពួកខ្ញុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយ តែពេលពួកខ្ញុំចេញកូដកម្ម គឺនៅតែចាប់ពួកខ្ញុំរហូត»។
អ្នកស្រី ច្រាយ នីម អាយុ ៤៣ ឆ្នាំ ជាអ្នកសារព័ត៌មានពលរដ្ឋ និងជាសមាជិកសមាគមសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា ថ្លែងថា អាជ្ញាធរបានទាញអ្នកស្រីយ៉ាងកំរោលឱ្យចូលរថយន្តក្រុងជាមួយកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ បើទោះបីជាអ្នកស្រីប្រាប់ថាជាអ្នកសារព័ត៌មានក៏ដោយ។
អ្នកស្រីបន្តថា ក្រុមកូដករណាហ្គាវើលដ៍ដែលនៅខាងក្នុងរថយន្តក្រុង បានជួយរុញអ្នកស្រីចេញពីរថយន្ត ខណៈអាជ្ញាធរខាងក្រៅបានរុញឱ្យត្រលប់ចូលវិញជាច្រើនដង។
អ្នកស្រីប្រាប់ថា៖«បងឈឺជើងធ្ងន់ឈឺជើងខាងស្ដាំខ្លាំងដោយសារបងអត់ឱ្យគេបិទទ្វារ បងយកជើងបងកៀបនឹងទ្វារឡាន វាទាញបិទទ្វារឡានបងទាញជើងបងចេញក្រៅអត់ឱ្យបិទទ្វារឡាន»។
អ្នកស្រីឱ្យដឹងទៀតថា អាជ្ញាធរបានអនុញ្ញាតឱ្យអ្នកស្រីចេញក្រៅវិញ ក្រោយពិនិត្យឃើញកាតអ្នកកាសែតរួចហើយ។ អ្នកស្រីសង្ស័យថា អាជ្ញាធរប្រហែលមានបំណងមិនល្អដោយសារតែអ្នកស្រីតែងទៅថតរូបនៅកន្លែងកូដកម្ម។
អ្នកស្រីបន្ថែមថា៖«ខ្ញុំថាខ្ញុំមិនមែនបុគ្គលិកណាហ្គាវើលដ៍ទេខ្ញុំអ្នកកាសែត [សមត្ថកិច្ច] ថាអ្នកកាសែតស្អី អ្នកកាសែតស្អីក៏ចូលដែរ។ ហើយម្នាក់ទៀតសួរបើអ្នកការសែតមានកាតអត់ ខ្ញុំថាមានតើ វាទាញចុះទាញឡើងវាអត់ព្រមមើល។ កន្លែង[ចាប់ចូលរថយន្ត]ក្បែរនាគបាញ់ទឹក»។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា បានសម្ដែងនូវការថ្កោលទោសចំពោះសកម្មភាព គំរាមគំហែងនិងយាយីរបស់កម្លាំងអាជ្ញាធរមកលើអ្នកសារព័ត៌មាននៅរសៀលថ្ងៃសុក្រនេះ ផងដែរ។
ប្រភពដដែលឱ្យដឹងទៀតថា អាជ្ញាធរដែលស្លៀកពាក់ស៊ីវិលបានយាយីមកលើអ្នកសារព័ត៌មានវីអូឌីចំនួនពីរនាក់ និងពលរដ្ឋអ្នកសារព័ត៌មានម្នាក់ ខណៈពួកគេកំពុងយកព័ត៌មានអំពីការបន្តធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍។
អ្នកយកព័ត៌មានស្រ្ដីម្នាក់របស់វីអូឌី (VOD) ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខេមបូចាថា៖ «កម្លាំងអាជ្ញាធរបានមកឃាត់ខ្ញុំ និងសហការីរបស់ខ្ញុំជាជនជាតិបរទេស មិនឱ្យថតរូប ដោយសួរនាំរកលិខិតបេសកកម្ម និងបានបង្ខំអោយពួកខ្ញុំលុបរូបភាពចោល បើមិនដូច្នោះទេ កម្លាំងអាជ្ញាធរនឹងនាំយកយើងខ្ញុំទៅប៉ុស្ដ៍ប៉ូលិស»។
នាយកប្រតិបត្តិខេមបូចាលោក ណុប វី មានប្រសាសន៍ថា ៖ «ការរុញច្រានអ្នកសារព័ត៌មាន ការបង្ខំឲ្យលុបរូបភាព ការតាមដានសកម្មភាពយកព័ត៌មានរបស់ពួកគេ គឺជាទម្រង់នៃការគំរាមកំហែងធ្ងន់ធ្ងរលើអ្នកសារព័ត៌មាន និងជាការរំលោភបំពានលើសិទ្ធិ និងសេរីភាពដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើងខ្ញុំទទូចឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ និងបញ្ឈប់នូវរូបភាពទាំងអស់នេះ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការយកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន»។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អ្នកសារព័ត៌មានពុំមានសិទ្ធិចូលក្បែរដែនសម្ថកិច្ចរបស់អាជ្ញាធរកំពុងអនុវត្តការងាររបស់ខ្លួនឡើយ។
លោកឱ្យដឹងថា៖ «ឥលូវប្រសិនបើអ្នកសារព័ត៌មានអត់ចូល[រថយន្តក្រុង] ខ្ញុំនឹងស្នើទៅក្រសួងព័ត៌មានឱ្យគាត់បញ្ឈប់រឿងនេះ ព្រោះលិខិតក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងពេលដែលអាជ្ញាធរប្រតិបត្តិការ អ្នកសារព័ត៌មានត្រូវនៅឱ្យឆ្ងាយ អត់មានសិទ្ធិចូលទេ។ ប្រសិនគាត់ធ្វើសកម្មភាពណាមិនប្រក្រតីយើងនឹងធ្វើសកម្មភាពបន្តទៀត»។
អភិបាលរងរូបនេះ ជំរុញឱ្យកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំពោះអ្នកតេស្ដអវិជ្ជមានកូវីដ-១៩ ត្រូវស្នើសុំបាតុកម្មដោយសន្តិវិធី ទើបពុំមានការបញ្ជូនខ្លួនទៅពិនិត្យមើលមេរោគកូវីដ-១៩បន្តទៀត។
លោកនិយាយថា៖«កាលពីម្សិលមិញ យើងនាំគាត់ទៅតេស្ដកូវីដ បើគាត់អវិជ្ជមានយើងណែនាំឱ្យគាត់ដាក់ពាក្យដើម្បីធ្វើការប្រមូលផ្ដុំបាតុកម្មដោយសន្តិវិធី»។
យោងតាមសេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ចេញនៅថ្ងៃសុក្រ ឱ្យដឹងថា ក្រុមកូដករនឹងបន្តធ្វើកូដកម្មរហូតទាល់តែថៅកែណាហ្គាវើលដ៍ចេញមុខមកដោះស្រាយវិវាទជាមួយកម្មករ និងដោះលែងតំណាងបុគ្គលិកកម្មករ សកម្មជន និងសមាជិកសហជីពដែលកំពុងជាប់ឃុំខ្លួនទាំង១១នាក់ និងទទួលយកបុគ្គលិកទាំង៣៦៥នាក់ឱ្យត្រលប់ចូលធ្វើការវិញ។
និយោជិតក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់បានធ្វើកូដកម្មអហិង្សាចាប់តាំងពីខែធ្នូមក ដោយទាមទារឲ្យក្រុមហ៊ុនគោរពតាមគោលការណ៍ការងារ និងអនុញ្ញាតឲ្យពួកគេវិលត្រលប់ទៅធ្វើការឡើងវិញ។ នៅអំឡុងពេលកូដកម្ម សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុគ្គលិក និងសមាជិកសហជីពចំនួន ១១នាក់ ក្រោមការឃុំខ្លួនមុនសវនាការពាក់ព័ន្ធនឹងបទចោទ«ញុះញង់» និង«រំលោភបំពានវិធានការសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩»។
កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានជួបជាមួយនឹងនគរបាល និងមន្រ្តីពាក់ព័ន្ធ ដើម្បីព្យាយាមដោះស្រាយជម្លោះការងាររបស់បុគ្គលិកនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អង្គប្រជុំអន្តរក្រសួងនេះ បានសម្រេចឱ្យក្រសួងការងារ ឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំ។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការងារបានចេញលិខិតមួយ ដោយលើកឡើងសាជាថ្មីពីការអំពាវនាវឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ការតវ៉ា ខណៈអាជ្ញាធរកំពុងដោះស្រាយវិវាទការងារនេះ។
សេចក្តីជូនដំណឹងឲ្យដឹងថា៖«ក្រសួងនឹងបន្តសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូនបាតុករ ក៏ដូចជាគិតគូរដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ»។
ប្រភពដដែលបន្តថា ការទាមទារទាំង៩ចំណុចរបស់កូដករណាហ្គាវើលដ៍ មានចំណុចខ្លះជាចំណុចទាមទារថ្មី ដែលពុំមានក្នុងសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ឡើយ។
ក្រសួងការងារបានសង្កត់ធ្ងន់ថា មានតែចំណុចដែលឆ្លងកាត់ការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលប៉ុណ្ណោះ ទើបអាចក្លាយជាកម្មវត្ថុនៃការធ្វើកូដកម្មបាន។
ក្រសួងការងារបន្តថា ក្រោយទទួលបានសំណើពីខាងក្រុមហ៊ុន សាលារាជធានីភ្នំពេញបានចេញដីកាសម្រេច ដោយហាមឃាត់ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និងចាត់ទុកថាជាកូដកម្មខុសច្បាប់ប្រសិនបើនៅតែបន្តធ្វើ។
លោក អ៊ិត សូធឿត នាយកស្តីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងថា តួនាទីអ្នកសារពត៏មានជាអ្នកផ្សព្វផ្សាយព័ត៌មានដែលកើតឡើងក្នុងសង្គមឱ្យសាធារណជនបានដឹង។
លោក សូធឿត បន្តថា ការប្រើកម្លាំងបាយឬពាក្យសម្ដីមិនសមរម្យណាមួយលើអ្នកសារព័ត៌មាន វាជាការគំរាមកំហែងថ្មីមួយ និងជាការបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានដែលចែងក្នុងច្បាប់។
លោកបន្ថែមថា៖ «សុំឱ្យអាជ្ញាធរគួរតែបើកសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានឡើងវិញ ពីព្រោះតែអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឱ្យប្រទេសប្រជាធិបតេយ្យវាទាល់តែមានលំហូរអ្នកសារព័ត៌មាន»៕