សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវជនមួយចំនួនថាប្រើបារីអេឡិចត្រូនិកដើម្បីសប្បាយប៉ុន្តែមិនបានដឹងពីផលប៉ះពាល់

យុវជនម្នាក់កំពុងឈរបង្ហុយផ្សែងចេញពីមាត់ខណៈដៃកំពុងកាន់បារីអេឡិចត្រូនិក។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ប៉ា តុងចិន
យុវជនម្នាក់កំពុងឈរបង្ហុយផ្សែងចេញពីមាត់ខណៈដៃកំពុងកាន់បារីអេឡិចត្រូនិក។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ប៉ា តុងចិន

យុវជនមួយចំនួនចាត់ទុកការប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) អាចជួយកាត់​បន្ថយ​ភាព​​តានតឹងមួយកម្រិត និងខ្លះទៀតថាបានបង្ហាញពីភាពហ៊ឺហាក្នុងនាមយុវវ័យសម័យថ្មី ប៉ុន្តែ​ពួកគេថាពុំបានដឹងពីផលប៉ះពាល់របស់វាឡើយ ខណៈក្រសួង និងអង្គការជាតិ​-អន្តរជាតិ​ពាក់​ព័ន្ធ​​អះអាងថា​ឧបករណ៍នេះ​ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

យុវជនដែលនិយមប្រើប្រាស់បារីអេឡិចត្រូនិកមួយចំនួនបានអះអាងថា មិនបានដឹងពីផល​ប៉ះ​ពាល់នៃការប្រើប្រាស់ឧបករណ៍នេះទេ ដោយពួកគេសង្កេតឃើញថា​មិនមានឥទ្ធិពល​ដល់​សុខភាព​​នោះឡើយ តាំងពីចាប់ផ្តើមប្រើប្រាស់មក។ ផ្ទុយទៅវិញ ពួកគេបានចាត់ទុកថា​ឧបករណ៍​នេះ​ជាវត្ថុជំនួយដើម្បីកាត់បន្ថយអារម្មណ៍តប់ប្រមល់ និងកាត់ផ្តាច់ការជក់បារីធម្មតា រួមទាំងបង្ហាញពីភាពហ៊ឺហានៅពេលដែលបានប្រើប្រាស់វាថែមទៀត។ ជាមួយគ្នា យុវជនខ្លះ​ថា​ប្រើប្រាស់វាដោយចង់សប្បាយតាមមិត្តភក្តិ។

យុវតីម្នាក់ គឺកញ្ញា ពិសី (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ដែលទើបនឹងបញ្ចប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឱ្យដឹងថា នាងបានប្រើប្រាស់​បារីអេឡិចត្រូនិក​រយៈពេលប្រមាណកន្លះឆ្នាំមកហើយ ដោយភាគច្រើនពេលនៅជាមួយមិត្តភក្តិ។ កញ្ញាចាត់​ទុកថា បារីអេឡិចត្រូនិកនេះជាឧបករណ៍សម្រាប់កម្សាន្តសប្បាយ ហើយក៏ជួយជាដោះ​ស្រាយ​នៅពេលពិបាកចិត្ត និងស្មុគស្មាញដែរ។

កញ្ញា ពិសី ឱ្យដឹងថា «បើសិនជាយើងប្រើវាពេលណាដែលយើងពិបាកចិត្ត យើងគិតច្រើន យើងស្មុគស្មាញអ៊ីចឹងទៅ យើងប្រើវាម្តងម្កាលទៅវាជួយ​បន្ធូរអារម្មណ៍​យើងកុំឱ្យយើង​តានតឹង​ពេក ធ្វើឱ្យយើងរកដំណោះស្រាយបាន»

យុវតីវ័យ២0ឆ្នាំរូបនេះ បានរម្លឹកដែរថា កាលពីចាប់ផ្តើមប្រើប្រាស់ដំបូង​អំឡុងពាក់កណ្តាល​ឆ្នាំ២០២២ កញ្ញាមិនបានគិតដល់ការជួយដោះស្រាយបញ្ហាតប់ប្រមល់អ្វីនោះទេ គិតតែម្យ៉ាង​ប៉ុណ្ណោះ​គឺដោយសារឃើញមិត្តភក្តិប្រើប្រាស់ហាក់ដូចហ៊ឺហា ហើយក៏បញ្ជាទិញតាម​អនឡាញ​ប្រើដែរ។ ពិសី បានអះអាងថា ឧបករណ៍នេះប្រសិនបើអ្នកដែលមិនធ្លាប់នោះ​ប្រាកដ​​ជាញៀននឹងរសជាតិប្លែកៗរបស់វាជាក់ជាមិនខាន។

កញ្ញាបញ្ជាក់ថា៖ «ពីដំបូងឡើយខ្ញុំអត់មានថាចង់ប្រើវាដើម្បីបន្ធូរអារម្មណ៍អីទេ ដូចថាខ្ញុំឃើញ​ពួកម៉ាកខ្ញុំប្រើឡូយ ខ្ញុំចង់ធ្វើតាមគេដែរ។ អានេះបើសិនជាសម្រាប់អ្នកអត់ធ្លាប់(ប្រើប្រាស់) ប្រសិនជាគាត់សាកហើយដឹងតែញ៉ាមហើយ»

យុវតីដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះឱ្យដឹងថា នាងមិនបានដឹងថា​ការប្រើ​ប្រាស់​បារីអេឡិចត្រូនិកនេះមានផលប៉ះពាល់ដល់សុខភាពនោះទេ ដោយកញ្ញាយល់ឃើញថា ឧបករណ៍នេះទំនងជាមិនប៉ះពាល់ទេ ព្រោះមិនដែលឃើញអ្នកប្រើមានបញ្ហាអ្វីដូចបារីធម្មតា។

កញ្ញា ពិសី បន្ថែមថា៖ «បើបារីខ្ញុំដឹងថាវាធ្វើឱ្យប៉ះពាល់[…] ប៉ុន្តែអានេះ​(បារីអេឡិចត្រូនិក)​ខ្ញុំអត់​ដែលដឹងហ្មង ព្រោះថាអ្នកដែលប្រើហ្នឹង អត់ដែលឃើញមានបញ្ហាអីដោយសារ Vape ហ្នឹង​ផង»

មិនខុសពីកញ្ញា​ ពិសី នោះទេ យុវជនម្នាក់ដែលបំពេញការងារជាបុគ្គលិកគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​កន្លែងនៅខេត្ត​បាត់ដំបង បានចាប់ផ្តើមប្រើប្រាស់ឧបករណ៍នេះ​តាម​មិត្ត​ភក្តិ​តាំងពី​អំឡុង​ឆ្នាំ២០២០ នោះ គឺលោក ចិត្រ្តា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ)។ លោកបានឱ្យ​ដឹងថា រយៈពេល​ប្រមាណ​ជាង២ឆ្នាំមកនេះ មិនដែលមានបញ្ហាអ្វីសោះ ដែលលោកចាត់​ទុក​ថា ឧបករណ៍​នេះ​មិនមាន​ផលប៉ះពាល់ដល់សុខភាព។​

លោកបញ្ជាក់ថា៖ «ជក់ទៅយើងអត់មានផលប៉ះពាល់ដល់សុខភាពទេអាហ្នឹងហ៎! បើខ្ញុំជក់​ច្រើន​ឆ្នាំដែរ អត់មានឃើញអីផង»

យុវជនវ័យ២២ឆ្នាំរូបនេះបានឱ្យដឹងថា មានហេតុផលនៃការសម្រេចចិត្ត​ប្រើប្រាស់​ឧបករណ៍​នេះគឺដោយសារចង់សប្បាយ និងបង្ហាញពីភាពហ៊ឺហាដូចមិត្តភក្តិក្នុងនាមយុវវ័យសម័យថ្មី។ 

លោក ចិត្ត្រាថា៖ «អាហ្នឹងវាសប្បាយដែរ វាជួយយើងកុំឱ្យជក់បារីអីចឹងហា៎ស»

ឧបករណ៍បារីអេឡិចត្រូនិក ដែលអ្នកប្រើប្រាស់តែងតែលើកឡើងថា ប្រើដើម្បីបន្ធូរអារម្មណ៍ និងកាត់បន្ថយការជក់បារី។ រូបថតថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្រដៀងនឹងយុវជនទាំង២ខាងលើដែរ យុវជនវ័យ ២៣ឆ្នាំម្នាក់ទៀត លោក មករា (ឈ្មោះអ្នក​សារព័ត៌មានដាក់ឱ្យ) បានឱ្យដឹងដែរថា លោកបានប្រើប្រាស់បារីអេឡិចត្រូនិកនេះ​រយៈពេល​ប្រមាណជាងកន្លះឆ្នាំមកហើយ។ លោកថាឧបករណ៍នេះបាន​ជួយបន្ធូរអារម្មណ៍​ពេលមាន​បញ្ហា​តប់ប្រមល់ និងគិតមិនចេញ ឱ្យមានដំណោះស្រាយ។ មិនត្រឹមតែជួយកាត់បន្ថយ​អារម្មណ៍​តានតឹងនោះទេ ប៉ុន្តែលោក មករា ថាឧបករណ៍​នេះ​បាន​ជួយគាត់ឱ្យផ្តាច់​បារីដែល​ធ្លាប់​ជក់២កញ្ចប់ ជំនួសដោយការជក់បារី​អេឡិចត្រូនិក​នេះតែ​ប្រមាណ៥ដងក្នុងមួយថ្ងៃវិញ។

លោកបន្តថា៖ «ខ្ញុំសាកល្បងប្រើវា! មែនវាផ្តាច់បារីបានមែន! ខ្ញុំឈប់ជក់បារី ហើយមកប្រើវា​វិញ»

យុវជនរូបនេះយល់ថា បារីអេឡិចត្រូនិក និងបារីធម្មតា សុទ្ធតែមានផលប៉ះពាល់ដូចគ្នា គ្រាន់​តែលោកមើលឃើញថាឧបករណ៍នេះល្អ និងមានផលប៉ះពាល់តិចជាងបារីធម្មតា។​ ទោះបី​ដឹង​ថាមានផលប៉ះពាល់សម្រាប់សុខភាព ប៉ុន្តែលោក មករា ថាមិនចង់ឈប់ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​​នេះទេ ដោយសារឧបករណ៍នេះជា​របស់តែម្យ៉ាង​ដែលតែងតែនៅជាប់ខ្លួន​លោក​ជានិច្ច។

លោកបន្ថែមថា៖ «អត់ដែលចង់ឈប់ផង! ​​ ដោយសារពេលខ្លះដូចដែលខ្ញុំនិយាយអ៊ីចឹង ថាពេល​ខ្ញុំធ្វើការ ខ្ញុំស្រ្តេសគឺមានតែវាៗជួយខ្ញុំ»។

វេជ្ជបណ្ឌិតសាធារណៈលោក គួច ម៉េងលី បានចាត់ទុកថា ការអះអាងរបស់យុវជនថា ប្រើ​ប្រាស់​ឧបករណ៍នេះផ្តាច់បារីគ្រាន់ជាលេស​មួយ ដើម្បីងាកទៅប្រើប្រាស់របស់ថ្មីប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញលោកថា ឧបករណ៍នេះមានផលប៉ះពាល់ទ្វេដង បើធៀបនឹងបារីធម្មតា ដោយសារ​មានផ្ទុកជាតិនីកូទីនខ្ពស់។

លោកបន្ថែមថា ឧបករណ៍នេះនឹងធ្វើឱ្យអ្នកប្រើប្រាស់ញៀន និងបណ្តាលឱ្យ​មានផល​ប៉ះពាល់​ដល់សរីរាង្គទូទៅខ្លាំងជាងបារីធម្មតា ជាពិសេសការអភិវឌ្ឍខួរក្បាល និងសួត។ វាក៏បង្ក​ផល​អាក្រក់ដល់ការវិវត្តរបស់ទារកក្នុងករណីស្ត្រីមានផ្ទៃពោះប្រើប្រាស់។

លោក ម៉េងលី ថ្លែងថា៖ «ការប្រើប្រាស់ E-Cigarette នេះគឺខ្លាំងជាង(បារីធម្មតា) គឺនីកូទីន​វាខ្ពស់ជាង វាធ្វើឱ្យមានការញៀនខ្លាំងជាង ហើយជាតិពុល​ក៏ច្រើនជាង​ផងដែរនៅក្នុងហ្នឹង»

ក្រសួង​សុខាភិបាលក៏ធ្លាប់បាន​គូសបញ្ជាក់កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ​ថា ការ​ប្រើ​ប្រាស់​​បារី​អេឡិចត្រូនិកក្នុង​ចំណោម​កុមារ និង​មនុស្ស​វ័យ​ជំទង់ មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល មាន​អារម្មណ៍​ឆាប់​មួរ​ម៉ៅ ឆាប់​ខឹង បាត់បង់​ការ​ចងចាំ និង​មាន​ជំងឺ​ថប់​អារម្មណ៍ជាដើម​។ លើស​ពី​នេះ ពួកគេ​នឹង​បន្ត​ញៀន​​ជក់បារី និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ពេល​ពួកគេ​ធំ​ដឹងក្តី​ឡើង។

កាលពីថ្ងៃទី៥ ខែធ្នូ អង្គការចលនាសុខភាពកម្ពុជា(CMH) រកឃើញថា បណ្ដាញទំនាក់ទំនង​សង្គម​ដូចជា Facebook Tik Tok និងTelegram ប្រមាណ ២០០គណនី​ដែលផ្សព្វផ្សាយ​លក់​ឧបករណ៍នេះ ដោយបាន និងកំពុងអូសទាញឱ្យយុវជន និងកុមារចង់ប្រើប្រាស់ តាម​រយៈ​ផ្សព្វផ្សាយពីរសជាតិ និងក្លិនឈ្ងុយជាដើម។

លទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវអង្គការដដែលបានបង្ហាញថា យុវជន និងកុមារដែលជា​សិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិកមកប្រើប្រាស់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យ៉ង់ គឹមអេង បាន​សង្កេត​ឃើញថា ទោះបីអាជ្ញាធរពាក់ព័ន្ធធ្លាប់បានទប់ស្កាត់ជាបន្តបន្ទាប់ក្តី ប៉ុន្តែមួយ​រយៈចុង​ក្រោយនេះ បារីអេឡិចត្រូនិកមានការផ្សព្វផ្សាយលក់ជាច្រើន ដែលរដ្ឋាភិបាលគួរមាន​វិធានការ​ជាក់លាក់ ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ជាពិសេស​យុវជន។

លោកមានប្រសាសន៍ថា៖ «រឿងបារីអេឡិចត្រូនិចនេះវាមិនមែនជារឿងធម្មតានោះទេ! ហើយ​ក៏​គួរតែមានការទប់ស្កាត់ គួរតែមានការហាមឃាត់កុំឱ្យមានការប្រើប្រាស់ដែរ ដើម្បីជាការ​ជួយ​ទៅដល់យុវជនកុំឱ្យនាំគ្នាភ្លើតភ្លើនទៅប្រើប្រាស់បារីអីហ្នឹង នេះជារឿងសំខាន់។ អ៊ីចឹង! ខ្ញុំស្នើ​សុំឱ្យរាជរដ្ឋាភិបាលពិចារណាចាត់វិធានការចំពោះបញ្ហាហ្នឹងផងដែរ»

យុវជនម្នាក់ជក់បារីអេឡិចត្រូនិក ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ បានឱ្យដឹងថា មកទល់ពេលនេះលោកពុំទាន់ទទួលបានព័ត៌មានកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិកនៅឡើយទេ។ យ៉ាងណាមិញ លោកបានអះអាងថា ចំពោះករណីរីករាលដាលនៃការលក់​ដោយ​​​បើកចំហគឺពុំមានការកើនឡើងនោះឡើយ។ ប៉ុន្តែលោកទទួលស្គាល់ថា មានការចរាចរ​លក់នៅលើបណ្ដាញសង្គមអនឡាញ ដែលលោកចាត់ទុកថាជាករណីពិបាកគ្រប់គ្រង។

លោក វីរិទ្ធ​ ថ្លែងថា៖ «ក្នុងព័ត៌មានដែលយើងទទួលបានគឺមិនមានការរីករាលដាលពាក់ព័ន្ធទៅ​នឹងការដាក់តាំងលក់ជាចំហជាអីទេ។ ប៉ុន្តែលឺតែនិយាយថាដាក់លក់តាមអនឡាញ […] យើង​ទទួលស្គាល់ថាតាមប្រព័ន្ធអនឡាញមានការលំបាក  ព្រោះមានបញ្ហាច្រើន យើងមិន​ទាន់​អាចគ្រប់គ្រងបានទាំងស្រុង»

មាត្រា៩ និង៣៩នៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់បានចែងថា ការប្រើប្រាស់ពាក្យ​ដែលទាក់ទាញ និងធ្វើឱ្យយល់ច្រឡំដូចជា ក្លិនឈ្ងុយ រសជាតិស្រាល រសជាតិវីតាមីន ឬ​កាហ្វេអ៊ីន​នៅក្នុងផលិតផលថ្នាំជក់ត្រូវបានហាមឃាត់។ ក្នុងករណីជួញដូរ និងប្រើប្រាស់ នឹង​ត្រូវ​ពិន័យជាប្រាក់ពី១ទៅ៤លានរៀល ហើយប្រសិនបើធ្លាប់ត្រូវបានផ្តន្ទាទោសពិន័យនេះ ហើយនៅតែល្មើសដដែលក្នុងអំឡុងពេល២ឆ្នាំ នឹងត្រូវផ្តន្ទាទោសទ្វេដង។

លោក​ វីរិទ្ធ បានលើកឡើងថា កន្លងមកអាជ្ញាធរបានរួមសហការ និងផ្ដល់ជាព័ត៌មានក្នុងការ​បង្រ្កាបទៅកាន់អង្គភាពពាក់ព័ន្ធទាំង២៥ខេត្តក្រុងរួចមកហើយ។ យ៉ាងណា លោកថា ប្រសិន​បើមានការរកឃើញបន្ថែមនោះលោកនឹងក្រើនរំលឹកទៅកាន់អង្គភាពទៅតាមខេត្តគោលដៅដើម្បីចុះអន្តរាគមន៍។

ជាមួយគ្នា លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើមានការរកឃើញថា​មានការកើនឡើង​ណា​មួយ​នោះ គួរតែដាក់ពាក្យស្នើសុំមកកាន់អង្គភាពផ្ទាល់ដើម្បីឱ្យមានការជំរុញ និងចូលរួម​សហការ​ក្នុងការបង្រ្កាបដោយលោកអះអាងថាខាងអង្គភាពតែងតែចាំទទួល ក៏ដូចជា​ធ្វើការ​ឆ្លើយតបយ៉ាងសមប្រកបជានិច្ច។

លោកបន្ថែមថា៖ «ពួកយើងណែនាំទៅអស់ហើយ ទៅតួអង្គអនុវត្តច្បាប់អស់ហើយ ខ្ញុំបាន​ណែ​នាំអស់ហើយ។ អញ្ចឹងបើមានអីទៀតយើងក្រើនរម្លឹកគេទៀត ដាស់តឿនគេទៀត។ ខ្ញុំអត់​ទាន់​ឃើញមានព័ត៌មានគាត់ថាកើនឡើងតាមរយៈអ្វី? តាមតែមាត់អត់បានដឹងផង។ បើមាន​លិខិត​ស្នើសុំមក ចេះតែជំរុញបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្ត ការបង្ការទប់ស្កាត់»

ផលិតផលបារីអេឡិចត្រូនិក ជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ការធ្វើ​អាជីវកម្ម និងប្រើប្រាស់នៅកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារី​អេឡិចត្រូនិក (E-Cigarette) នៅកម្ពុជាចុះឆ្នាំ២០១៤។

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចុះបង្ក្រាបទីតាំងចែកចាយបារីអេឡិចត្រូនិកមួយកន្លែងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដកហូតបានម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន ៩០កេស និងទឹកបារី​អេឡិចត្រូនិក​ចំនួន១៣៨កេស។

ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​២៤ ខែមិថុនា កន្លងទៅ បានចេញ​សេចក្តី​ណែនាំ​ព្រមគ្នា ដោយអំពាវនាវ​ដល់​យុវជន ​និង​ពលរដ្ឋ ឱ្យបញ្ឈប់​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច (E-cigarette) ជា​បន្ទាន់។ នេះក៏មិនមែនជាលើកទី១ដែរ ដោយក្រសួង​សុខភិបាល​ធ្លាប់បានប្រកាស​ហាមឃាត់​ការប្រើប្រាស់ និង​ការ​ធ្វើ​អាជីវកម្ម​ ចែកចាយ​ឧបករណ៍​នេះកាល​ពីឆ្នាំ២០១៤ និងបាន​ចេញ​សេចក្តី​ប្រកាស​ណែនាំ​បន្ថែមកាលពី​ឆ្នាំ​២០២១ ជុំវិញ​គ្រោះថ្នាក់​នៃ​ឧបករណ៍ប្រភេទអេឡិចត្រូនិកនេះ។

វិលមកវេជ្ជបណ្ឌិតសាធារណៈ លោក​ គួច ម៉េងលី បានជំរុញ និងទទូចស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹងវិធានការទប់ស្កាត់កុំឱ្យមានការនាំចូលនូវផលិតផល ឬឧបករណ៍ដែលប៉ះពាល់​ដល់​សុខភាព​បែបនេះតទៅទៀត។ លោកអះអាងថា ជារឿងមួយដែលមិនអាចទប់ស្កាត់ទៅរួច ប្រសិនបើហាមឃាត់ការប្រើប្រាស់ ប៉ុន្តែអនុញ្ញាតឱ្យមានការនាំចូល។

លោក ម៉េងលី បន្ថែមទៀតថា៖ «បើចង់កុំឱ្យប្រជាពលរដ្ឋយើងជក់ យើងហាមកុំឱ្យនាំចូល!​ ហើយ​បើយើងមិនចង់ឱ្យជក់ យើងចេះតែឱ្យនាំចូលបាន អាហ្នឹងមិនបាច់ទប់ស្កាត់អី វាអត់ទៅ​មុខទេ»

2,981 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម