ក្រុមអង្គការគាំពារអ្នកសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ មកពីប្រាំប្រទេសបានបង្កើតភាពជាដៃគូក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការគាបសង្កត់និងការយាយីលើសេរីភាពសារព័ត៌មាន ដែលបានធ្វើឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ។
អង្គការដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA), សម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យរបស់ឥណ្ឌូនេស៊ី(AJI), សហជីពជាតិអ្នកសារព័ត៌មានហ្វីលីពីន (NUJP), ចលនាប្រព័ន្ធផ្សព្វផ្សាយសេរីGeramm របស់ប្រទេសម៉ាឡេស៊ី, សមាគមអ្នកសារព័ត៌មានទីម័រខាងកើត និងមជ្ឈមណ្ឌលសម្រាប់សារព័ត៌មានឯករាជ្យ (CIJ)មកពីម៉ាឡេស៊ី។
នាយកប្រតិបត្តិ CIJ លោកស្រី Wathshlah G. Naidu បានថ្លែងថា៖ «ការពង្រឹងកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាគឺមានសារៈសំខាន់សម្រាប់តំបន់យើង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនពីរដ្ឋាភិបាល និងតួអង្គមិនមែនរដ្ឋាភិបាល» ។
បណ្តាញសារព័ត៌មានថ្នាក់តំបន់ដែលសម្របសម្រួលដោយសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យរបស់ឥណ្ឌូនេស៊ីនេះ នឹងសហការរៃអង្គាសថវិកា តាមដានករណីបៀតបៀនប្រឆាំងនឹងអ្នកសារព័ត៌មាន ធ្វើយុទ្ធនាការរួមគ្នាក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើសេរីភាពសារព័ត៌មាន និងផ្តល់ការបណ្តុះបណ្តាល ក៏ដូចជាការគាំទ្រដល់ស្ថាប័នព័ត៌មានក្នុងតំបន់។ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់ដែលចុះហត្ថលេខាដោយអង្គការសារព័ត៌មានទាំងប្រាំមួយ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា៖ «នៅក្នុងប្រទេសអាស៊ាននីមួយៗមានការរឹតត្បិតកាន់តែច្រើនឡើងលើសេរីភាពសារព័ត៌មាន និងការគំរាមកំហែង រួមទាំងការយាយីផងដែរ។ យើងកំពុងធ្វើការដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានឯករាជ្យ និងផ្តល់នូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពដល់ពួកគេ»។
ក្រៅពីទីម័រខាងកើត យោងតាមចំណាត់ថ្នាក់ដែលផ្តល់ដោយអង្គការអ្នកកាសែតគ្មានព្រំដែន ប្រទេសអាស៊ីអាគ្នេយ៍គឺស្ថិតក្នុងចំណោមប្រទេសដែលមានការរឹតត្បិតសេរីភាពសារព័ត៌មានបំផុត។
ក្នុងចំណោមប្រទេសចំនួន១៨០ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ១១៣ ថៃជាប់លេខ១១៥ ឥណ្ឌូនេស៊ីលេខ១១៧ កម្ពុជាលេខ១៤២ ហ្វីលីពីន លេខ១៤៧ និងមីយ៉ាន់ម៉ាលេខ១៧៦ ខណៈទីម័រខាងកើតជាប់ចំណាត់ថ្នាក់ទី១៧។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា សេរីភាពសារព័ត៌មានកម្ពុជា និងសិទ្ធិត្រូវបានធានាក្រោមច្បាប់របបសារព័ត៌មានកម្ពុជា។ លោកបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីប្រហែល២០០០ ឆ្លុះបញ្ចាំងពីប្រព័ន្ធផ្សព្វផ្សាយចម្រុះក្នុងប្រទេសកម្ពុជា។
ប៉ុន្តែនៅឆ្នាំ ២០២១ ខេមបូចា បានកត់ត្រាករណីបៀតបៀនអ្នកសារព័ត៌មានចំនួន ៥១ ករណី ក្នុងនោះមានការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៣២នាក់។
អ្នកសារព័ត៌មានកម្ពុជា លោក ទ្រី សុផល ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជុំវិញការរាយការណ៍អំពីវិវាទដីធ្លីមួយ និងបទល្មើសព្រៃឈើ ដែលបានចូលរួមក្នុងសន្និសីទនេះ បានស្នើឱ្យមានលំហសេរីភាពសារព័ត៌មានឱ្យបានកាន់តែប្រសើរឡើងនៅប្រទេសកម្ពុជា។
លោក សុផល មានប្រសាសន៍ថា៖ «សេរីភាពសារព័ត៌មានរបស់យើងនៅមិនទាន់ទូលំទូលាយនៅឡើយ ពីព្រោះនៅថ្នាក់មូលដ្ឋានមានការរឹតត្បិត និងការរើសអើង ជាពិសេសសម្រាប់អ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបទល្មើស [ខុសច្បាប់] ដែលប៉ះពាល់ដល់ផលប្រយោជន៍ [អាជ្ញាធរ] របស់ពួកគេ»។
លោក សុខ ឧត្តម អតីតម្ចាស់ស្ថានីយវិទ្យុមកពីខេត្តកំពង់ឆ្នាំង ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២០ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ ក្រោយពីធ្វើសេចក្តីរាយការណ៍អំពីជម្លោះដីធ្លីពាក់ព័ន្ធនឹងយោធារបស់កម្ពុជា ក៏បានចូលរួមក្នុងសន្និសីទនេះដែរ ហើយលោកបានលើកឡើងថាលោកគាំទ្របេសកកម្មនៃភាពជាដៃគូក្នុងតំបន់ដែលអង្គការអ្នកសារព័ត៌មានទាំង៦នេះបានចងក្រងឡើង។
លោក ឧត្តម ថ្លែងថា៖ «តាមគំនិតខ្ញុំ សេរីភាពសារព័ត៌មាននៅមានកម្រិតសម្រាប់អ្នកសារព័ត៌មានឯករាជ្យ។ នៅពេលយើងបានអនុវត្តសេរីភាពនៃការបញ្ចេញមតិដើម្បីរិះគន់មនុស្សមួយចំនួន ហើយប៉ះពាល់ដល់ផលប្រយោជន៍ពួកគេ ពួកគេតែងតែធ្វើការចោទប្រកាន់មកលើយើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Southeast Asia Journalist Organizations Launch Regional Collaboration