ផ្ទះប្រជាពលរដ្ឋក្នុងខេត្តតាកែវប្រមាណ១៥៦ខ្នងត្រូវបានខូចខាតដោយសារតែភ្លៀងខ្លាំងបណ្តាលឱ្យមានខ្យល់កន្ត្រាក់កាលពីថ្ងៃចន្ទ ហើយធ្វើឱ្យពលរដ្ឋចំនួន៨នាក់រងរបួសធ្ងន់និង៣នាក់របួសស្រាល។
លោក ឯម អន អនុប្រធានកាកបាទក្រហមប្រចាំស្រុកព្រៃកប្បាសទទួលបន្ទុកផ្នែកទិន្នន័យ បានប្រាប់ខេមបូចានៅព្រឹកថ្ងៃពុធថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្រ្ដាក់មាន១៥៦ខ្នង ក្នុងនោះមាន ដួលរលំ២៥ខ្នង របើក១០ខ្នង និង១២១ខ្នងទៀតរងការខូចខាតមធ្យម ដែលមានអ្នករងគ្រោះ១៥៦គ្រួសារ។ ហើយអ្នករងរបួស១១នាក់ក្នុងនោះមានអ្នករបួសធ្ងន់៨នាក់និងស្រាល៣នាក់។
លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានប្រាប់ខេមបូចាថា ភ្លៀងខ្លាំងបណ្តាលឱ្យមានខ្យល់កន្ត្រាក់កាលពីថ្ងៃចន្ទ ហើយបានធ្វើឱ្យរងផលប៉ះពាល់ចំនួន៤ឃុំដូចជា មានឃុំបានកាម ឃុំពោធិ៍រំចាក ឃុំចំប៉ា និងឃុំព្រៃល្វា។ លោកបន្តថា ជាព័ត៌មានបឋម ផ្ទះដែលខូចខាតសរុបមានចំនួនជិត១៦០ខ្នង
លោក ស្រស់ ឱ្យដឹងថា៖ «គ្រោះមហន្ដរាយលើកនេះគឺជាគ្រោះមហន្ដរាយមួយដ៏ធំដែលមិនធ្លាប់មានសម្រាប់ស្រុកព្រៃកប្បាសទេ បួនដប់ម្ភៃឆ្នាំយើងមិនទាន់បានជួបប្រទះម្ដងផង»។
លោកអភិបាលស្រុកបានបន្តទៀតថា កាលពីព្រឹកថ្ងៃចន្ទ លោកបានដាក់កងកម្លាំងចុះទៅជួយជុសជុលនិងលើកផ្ទះជូនបងប្អូនប្រជាពលរដ្ឋបានមួយចំនួន ហើយថ្ងៃរសៀល លោកក៏បានចុះទៅសម្របសម្រួលបន្ថែមទៀតចំពោះផ្ទះដែលបាក់រលំនិងចុះស្រង់ឈ្មោះនិងផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត ព្រមទាំងស្នើសុំទៅកាកបាទក្រហម ដើម្បីនាំសម្ភារៈនិងថវិកាសម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ។
លោកថ្លែងថា៖ «សម្រាប់វិធានការណ៍មានតែការជួយសង្រ្គោះជួយពួកគាត់ ផ្ទះណាដែលរងការខូចខាត ជួយលើកអីហូរហែរអ៊ីងចឹងទៅ តាមលទ្ធភាពជាក់ស្ដែងរបស់កងកម្លាំងរបស់លោក»។
លោក ស្រស់ បន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចពុំមានលទ្ធភាពទាំងស្រុងក្នុងការជួយជុសជុលឬមួយក៏ជួយសាងសង់ផ្ទះជូនពួកគាត់ទេ ប៉ុន្ដែលោកមានការអំពាវនាវខាងសប្បុរសជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមើលឃើញពីភាពលំបាក អាចមានលទ្ធភាពជួយឧបត្ថម្ភជាស្បៀងជាសម្ភារៈថវិកា ជួយគ្នាក្នុងគ្រាអាសន្ន។

ជាមួយគ្នានេះដែរ អ្នកស្រី ម៉ៅ គឹម អាយុ២៨ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស បានឲ្យដឹងថា មុនដំបូងភ្លៀងធម្មតាទេ ពេលភ្លៀងបានកន្លះម៉ោងស្រាប់តែមានខ្យល់កន្រ្ទាក់ចំផ្ទះអ្នកស្រីធ្វើឲ្យខ្ទេចខ្ទីអស់។ អ្នកស្រីរៀបរាប់បន្តថា គាត់មិនដឹងពឹងស្អីទៀតទេបើផ្ទះគ្មានជ្រក មុខរបររាល់ថ្ងៃពឹងការធ្វើស្រែទម្រាំបានធ្វើផ្ទះដែកមួយហ្នឹង ឥឡូវគ្មានសល់អ្វីទេ។
អ្នកស្រីបន្ដថា៖«ខ្ញុំសំណូមពរដល់អភិបាលស្រុកខេត្តតាកែវហ្នឹងមេត្ដាជួយដល់ពួកខ្ញុំផង ពួកខ្ញុំអត់មានអីទេ ឥឡូវអស់រលីងហើយ ផ្ទះបែកបាក់អស់ហើយ មិនអាចកែកុនវិញបានទេ»។
ជនរងគ្រោះម្នាក់ទៀតគឺលោក អ៊ូច យ៉ន អាយុ៧៤ឆ្នាំ រស់នៅភូមិសំរោងម្រះ ឃុំបានកាម បានថ្លែងយ៉ាងដូច្នេះថា ពេលដែលមានភ្លៀងខ្យល់ខ្លាំងលោកបានចេញពីផ្ទះទាន់ ដោយសារតែចៅគាត់យំទើបលោកចេញមកក្រៅ កុំអីលោកបាត់បង់ជីវិតទៅហើយ។ លោកបន្ដថា លោកសូមឲ្យរាជរដ្ឋាភិបាលនិងកាកបាទក្រហមមេត្តាជួយដល់គ្រួសារលោកផង។
លោក យ៉ន ប្រាប់ថា៖ «គ្រាន់តែចេញមកក្រៅបានមួយសន្ទុះ ផ្ទះក៏រលំ ចេះយកយាយឈឺចេញទាន់»។
លោក ឃួន សុខខេង ជាមេឃុំបានកាម បានថ្លែងថា មកដល់ពេលនេះគិតជាបឋមក្នុងឃុំលោកគឺមានប្រជាពលរដ្ឋ១១២គ្រួសារនិង៥ភូមិគឺ ភូមិសំរោងម្រះ ភូមិថ្លុកដូនទុំ ភូមិតាវង្ស ភូមិថ្នល់បត់និងភូមិផ្ទោង។ ផ្ទះដែលខ្យល់កន្ត្រាក់រងការខូចខាតធ្ងន់ធ្ងរ២៤ខ្នងដែលរលំតែម្ដងហើយគ្រួសារដែលខូចជាមធ្យមមាន៧និងផ្ទះដែលខូចខាតស្រាល៨១ខ្នង។
លោក សុខខេង បន្តថា អ្នកដែលរងរបួសធ្ងន់៥នាក់ក្នុងភូមិសំរោងម្រះនិង២នាក់ទៀតក្នុងភូមិថ្លុកដូនទុំកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងក្រុង ចំណែកអ្នករបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រៃល្វា។
លោកប្រាប់ថា៖ «គ្រាន់តែលឺថាមានផ្ទះប្រជាពលរដ្ឋត្រូវបានខ្យល់កន្ទ្រាក់ដួលរលំភ្លាម លោកក៏បានទៅមើលទាំងយប់»។ លោកបន្តទៀតថា៖ «ខាងអាជ្ញាធរក៏គ្មានមធ្យោបាយអ្វីដើម្បីជួយពួកគាត់ទេ មានតែអួលដើមក ស្រក់ទឹកភ្នែក ដោយសារគ្រួសារខ្លះគឺគ្មានសល់អ្វីទេ មុង ភួយ កន្ទេលដេក ខោអាវទទឹកអស់តែម្ដង អ្នកខ្លះក៏ទៅដេកជាមួយបងប្អូន អ្នកខ្លះក៏សុំអ្នកជិតខាងដេកសិន»។
លោកបន្ថែមថា អាជ្ញាធរក៏បានយករបស់របរបន្ដិចបន្ដួចដើម្បីដោះស្រាយបញ្ហាខ្លះៗចំពោះមុខ ហើយលោកបានទូរសព្ទទៅលោកអភិបាលស្រុកនិងកាកបាទក្រហមខេត្តដើម្បីឲ្យចុះជួយនិងអន្ដរាគមន៍ទាំងយប់។
ពាក់ព័ន្ធរឿងនេះដែរខេមបូចាបានព្យាយាមទាក់ទងទៅមន្ដ្រីកាកបាទក្រហមប្រចាំខេត្តតាកែវប៉ុន្ដែអ្នកស្រីថាមិនអាចប្រាប់ឈ្មោះនិងតួនាទីបានទេ ដោយសារព័ត៌មានហ្នឹងមិនទាន់អាចប្រាប់អ្នកសារព័ត៌មានបានទេទាល់តែមានការអនុញាតពីថ្នាក់លើសិន ប៉ុន្ដែអ្នកស្រីថា ពេលដែលក្រុមការងារបានទទួលព័ត៌មានពីថ្នាក់មូលដ្ឋានភ្លាម ខាងក្រុមការងារកាកបាទក្រហមបានចុះពិនិត្យនិងស្រង់ឈ្មោះនិងវាយតម្លៃថាអាចជួយពួកគាត់បានកម្រិតណា ទើបធ្វើសេចក្ដីសម្រេចតាមក្រោយ។
អ្នកស្រីបន្ដថា៖ «ខ្ញុំមិនអាចប្រាប់ខាងបង ឲ្យបានលម្អិតនោះទេ គ្រាន់តែថាក្រុមការងារយើងបានចុះពិនិត្យនិងស្រង់ឈ្មោះជាបឋមសិន មិនអាចទាន់សម្រេចថាយ៉ាងមិចបានទេ»។

រីឯលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្ដរាយ និងជាប្រធាននាយកដ្ឋានផែនការនិងស្រាវជ្រាវ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះគឺមានបញ្ហារងគ្រោះបន្ដិចបន្ដួចនៅតាមបណ្ដាខេត្តដូចជា កំពង់ស្ពឺ បន្ទាយមានជ័យ និងខេត្តតាកែវ ប៉ុន្ដែលោកថាខាងបញ្ហាខេត្តតាកែវគឺលោកមិនទាន់ទទួលទិន្នន័យទេថាវារងគ្រោះកម្រិតណាថាផលប៉ះពាល់ប៉ុន្មាននោះទេ។
លោកបន្ដថា ចំពោះខ្យល់កន្ទ្រាក់ឆ្នាំ២០២២នេះបើធៀបនិងឆ្នាំ២០២១គឺការខូចខាតមានការថយចុះសឹងតែ៥០%ក្នុងរយៈពេលដូចគ្នា ហើយពាក់ព័ន្ធបញ្ហាខ្យល់កន្ដ្រាក់គឺមិនអាចលុបបំបាត់ថាកុំឲ្យវាកើតមានឬក៏កាត់បន្ថយគឺមិនអាចទេ ពីព្រោះវាជាធម្មជាតិហើយបញ្ហាការប្រែប្រួលអាកាសធាតុវាធ្វើឲ្យមានឥទ្ធិពលព្យុះនិងធ្វើឲ្យមានខ្យល់កន្ដ្រាក់ច្រើន។
លោកបានអះអាងថា៖«កន្លងមកគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយរួមជាមួយនឹងក្រសួងស្ថាប័នជំនាញ ជាពិសេសក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់យើងបានរៀបចំជាស្ដង់ដារលំនៅដ្ឋានដែលអាចធន់ទៅនិងខ្យល់ព្យុះឬខ្យល់កន្រ្ដាក់ហ្នឹង»។
បើយោងតាមរបាយការណ៍របស់គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដោយខ្យល់កន្រ្ដាក់២០២១បានបង្ហាញថា ស្រុក/ខណ្ឌមានចំនួន១៥០ ផ្ទះរបើក៧២៤៩ផ្ទះ រលំ១០២២ផ្ទះ ២១០ផ្ទះត្រូវបានជុសជុលនិងលើក និងសាលារៀន៤៨ខ្នង តូបផ្សារ១១២ អគាររដ្ឋបាល២៣ខ្នង មនុស្សស្លាប់៩នាក់ និងមនុស្សរងរបួស៧៦នាក់។
ចំណែកឯរបាយការណ៍ក្នុងខែមេសាឆ្នាំ២០២២និងទិសដៅអនុវត្តខែឧសភាបានបង្ហាញថាករណីដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្ដាក់មានចំនួន៣០លើកនៅមូលដ្ឋានខេត្ដចំនួន១៨ខេត្តមានដូចជា កណ្ដាល ស្វាយរៀង កំពង់ស្ពឺ ព្រៃវែង រតនគីរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ព្រះសីហនុ និងព្រះវិហារ។
ក្នុងរបាយការណ៍ដដែលនេះ ផ្ទះរលំនិងខូចខាតចំនួន១០១ខ្នង របើកដំបូលនិងខូចខាតមធ្យម៥១២ខ្នង របើកដំបូលសាលារៀនចំនួន៣អាគារ អាគាររដ្ឋបាលចំនួន២កន្លែង ឡចំហុយថ្នាំជក់ចំនួន១០ឡ ដួលរលំរោងការនិងរោងដាំបន្លែនិងរោងគោចំនួន៦កន្លែងនិងមនុស្សរងរបួស៩នាក់៕