ក្រុមមន្រ្តីនិយាយថា សិស្សរាប់ពាន់នាក់នៅតំបន់ភាគពាយព្យនឹងខកខានចូលរៀននៅបវេសនកាលថ្មីនាសប្តាហ៍ក្រោយនេះ ខណៈសាលារៀនយ៉ាងហោចណាស់ចំនួន១០ តាមបណ្តោយព្រំដែនត្រូវបានធ្វើជាមណ្ឌលចត្តាឡីស័កជំងឺកូវីដ១៩ សម្រាប់ពលករវិលត្រឡប់មកពីប្រទេសថៃ។
សាលារៀននៅទូទាំងប្រទេសត្រៀមនឹងបើកទ្វារឡើងវិញនៅថ្ងៃទី១១ ខែមករា បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយឆ្នាំមកនេះ។ ប៉ុន្តែស្របពេលដែលពលករនៅបន្តឆ្លងកាត់ព្រំដែនពីប្រទេសថៃ ហើយមនុស្សរាប់ពាន់កំពុងស្ថិតក្នុងចត្តាឡីស័កនៅសាលារៀនមួយចំនួន ដែលតម្រូវឲ្យសិស្សនៃសាលាទាំងនោះងាកមកសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ឬខកខានចូលរៀនក្នុងថ្នាក់ឡើងវិញ ហើយបញ្ហានេះបាននាំឲ្យឪពុកម្តាយ និងគ្រូបង្រៀនព្រួយបារម្ភ។
មន្រ្តីអប់រំខេត្តបាត់ដំបងបានឲ្យដឹងថា នៅខេត្តនេះមាន វិទ្យាល័យចំនួន ០៥ និងសាលាបឋមសិក្សាចំនួន ០៤ កំពុងត្រូវបានប្រើដើម្បីដាក់ពលករចំណាកស្រុកនៅឡើយ ហើយគ្រោងដាក់ដំណើរការសាលារៀនមួយចំនួន រួមមាន វិទ្យាល័យព្រះមុនីវង្ស នៅថ្ងៃទី១៨ ខែមករា ខាងមុខ។ ប៉ុន្តែការរង់ចាំអាចមានយូរជាងនេះសម្រាប់សាលារៀនដទៃទៀត។
លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «សិស្សដែលរៀននៅសាលាដែលត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កនឹងត្រូវរៀនតាមប្រព័ន្ធអ៊ីនធឺណិត ហើយសាលារៀននឹងផ្តល់ជាឯកសារសម្រាប់ពួកគេ» ដោយលោកបានបន្ថែមថា សិស្សចំនួន ៦ពាន់នាក់នឹងត្រូវរៀនបែបនេះ។
លោកបានថ្លែងបន្តថា៖ «យើងនឹងបត់បែនតាមស្ថានភាពពលករចំណាកស្រុកវិលត្រឡប់មកកម្ពុជាវិញ»។
ពលរដ្ឋកម្ពុជារាប់ពាន់នាក់បានឆ្លងកាត់ព្រំដែនចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ សារជាថ្មីនៅខេត្តសាមុតសាខន ប្រទេសថៃ ដោយអាជ្ញាធរបានបញ្ជាឲ្យមានការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាតនៅតាមអគាររដ្ឋនានាតាមបណ្តាយព្រំដែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី០៨ ខែមករា ឲ្យដឹងថា ពលករខ្មែរមួយរូប ដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមករា ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដោយធ្វើឲ្យចំនួនពលករខ្មែរមាតុភូមិនិវត្តន៍ដែលឆ្លងជំងឺកូវិដ១៩ កើនដល់ ២១នាក់។
បន្ទាប់ពីមានការបើកនិងបិទគ្រឹះស្ថានសិក្សាម្តងហើយម្តងទៀតកាលពីឆ្នាំមុន ដែលរួមមានសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ត្រូវបានអនុញ្ញាតឲ្យជាប់ជាស្ថាពរដោយមិនចាំបាច់ធ្វើការប្រឡង ខណៈមានការព្រួយបារម្ភដែលត្រូវបានលើកឡើងជាទូទៅជាសាកល ជុំវិញគុណភាព និងលទ្ធភាពនៃការរៀនតាមប្រព័ន្ធអ៊ីនធឺណិត។ បវេសនកាលថ្ងៃទី១១ ខែមករាខាងមុខ គឺត្រូវបានចាត់ទុកជាការចាប់ផ្តើមថ្មីសម្រាប់សិស្សនៅកម្ពុជា។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថាពលករជាងពីរពាន់នាក់បានវិលត្រឡប់មកវិញ ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩នៅខេត្តសាមុតសាខន ប្រមាណបីសប្តាហ៍កន្លងទៅនេះ។ លោកថា សាលារៀនចំនួនបីនៅបិទទ្វារ ខណៈសាលារៀនដទៃទៀតនឹងដំណើរការឡើងវិញ។
លោកបានបន្តថា ខណៈពលករក្នុងក្រុមចុងក្រោយនឹងទទួលលទ្ធផលតេស្តជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមករាខាងមុខនេះ ក៏នៅតែមិនទាន់ច្បាស់ថា នៅពេលណា វិទ្យាល័យតេជោសែនសំរោង វិទ្យាល័យហ៊ុន សែនឧត្តរមានជ័យ និងបឋមសិក្សាអន្លង់វែង នឹងមានសុវត្ថិភាពសម្រាប់ឲ្យសិស្សវិលត្រឡប់មកសិក្សាវិញផងដែរ។
លោក រ៉ាដូ មានប្រសាសន៍ថា៖ «អាជ្ញាធរខេត្តកំពុងពិចារណាថា សាលារៀននឹងត្រូវពន្យារពេលរយៈពេលប៉ុន្មានថ្ងៃតទៅទៀត»។
លោក សឹម ប៊ុនរិទ្ធ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានឲ្យដឹងថា សាលារៀនចំនួន ០៦នៅខេត្តបាត់ដំបង កំពុងត្រូវបានប្រើប្រាស់ដើម្បីដាក់ពលករចំណាកស្រុក និងនៅតែបិទទ្វាររហូតដល់ពេលជូនដំណឹងបន្ថែម។ ខណៈលោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បាននិយាយថា លោកមិនច្បាស់ថា ក្នុងចំណោមមណ្ឌលចត្តាឡីស័កចំនួន១២ មានមណ្ឌលប៉ុន្មានជាសាលារៀននោះទេ។
លោក គិន ធារ៉ា គ្រូបង្រៀនមួយរូប បានមានប្រសាសន៍ថា សិស្សប្រមាណមួយពាន់នាក់ពីវិទ្យាល័យតេជោសំរោង នៅខេត្តឧត្តរមានជ័យ នឹងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលារៀនជាប់នោះ ប៉ុន្តែសិស្សវិទ្យាល័យនេះនឹងត្រូវរៀនតាមប្រព័ន្ធអ៊ីនធឺណិត ដែលសិក្សាបែបនេះមិនអាចបានសម្រាប់សិស្សគ្រប់គ្នានោះទេ។
លោកមានប្រសាសន៍ថា៖ «គ្រួសារសិស្សមួយចំនួនមិនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនោះទេ។ ដូច្នេះយើងមានជម្រើសតែមួយគត់គឺ យើងនឹងផ្តល់ឲ្យពួកគាត់នូវមេរៀនជាឯកសារជារៀងរាល់សប្តាហ៍ ហើយឲ្យពួកគាត់រៀនពីផ្ទះ»។
ឪពុកម្តាយនៅទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក បានបង្ហាញមន្ទិលជុំវិញប្រសិទ្ធភាពនៃការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ខណៈជំងឺកូវីដ១៩ បានបង្អាក់ការរៀនសូត្ររបស់សិស្សសម្រាប់ពេលមួយភាគធំនៃឆ្នាំ២០១៩ ហើយការណ៍បានធ្វើឲ្យសិស្សមួយចំនួនពុំសូវចាប់អារម្មណ៍ និងពុំសូវចាប់មេរៀនបាន។
អ្នកស្រី ហែម សុគន្ធា ដែលកូនប្រុសរបស់អ្នកស្រីត្រៀមនឹងចូលរៀនថ្នាក់ទី១១ នាសប្តាហ៍ក្រោយដោយសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ពីព្រោះសាលារៀនរបស់កូនប្រុសអ្នកស្រីនៅតែត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កនៅឡើយ បាននិយាយថា៖ «ខ្ញុំបារម្ភថា នៅពេលកូនខ្ញុំរៀនតាមអនឡាញ គាត់ត្រូវការទូរសព្ទនៅជាប់ខ្លួនពេញមួយថ្ងៃ»។
អ្នកស្រីបានបន្ថែមថា៖ «នៅពេលដែលមិនមានគ្រូនៅជិត… ខ្ញុំមិនដឹងថា កូនខ្ញុំរៀន ឬលេងហ្គេមនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Students to miss start of new year as migrant workers quarantine in schools near border