សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករ​រោង​ចក្រ​តារ៉ាល់ចូលធ្វើការវិញ ក្រោយផ្ទុះការតវ៉ា ខណៈបញ្ហា​ថ្លៃបាយថ្ងៃត្រង់មិនទាន់ដោះស្រាយ​

កម្មករ​រោងចក្រកាត់ដេរ​តារ៉ាល់អន្តរជាតិ ​យល់ព្រម​ចូលធ្វើ​ការ​វិញ​បន្ទាប់​ពី​បាន​ផ្ទុះការតវ៉ាកាលពី​សប្ដាហ៍​មុន និង​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដើម្បីទាមទារ​ឲ្យនិយោជក​គិត​ថ្លៃ​អត្ថប្រយោជន៍​មួយ​ចំនួន​។ (រូបភាព៖ FTUWKC)
កម្មករ​រោងចក្រកាត់ដេរ​តារ៉ាល់អន្តរជាតិ ​យល់ព្រម​ចូលធ្វើ​ការ​វិញ​បន្ទាប់​ពី​បាន​ផ្ទុះការតវ៉ាកាលពី​សប្ដាហ៍​មុន និង​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដើម្បីទាមទារ​ឲ្យនិយោជក​គិត​ថ្លៃ​អត្ថប្រយោជន៍​មួយ​ចំនួន​។ (រូបភាព៖ FTUWKC)

ក្រោ​យ​ពី​បាន​ផ្ទុះ​ការ​តវ៉ា​អស់រយៈពេល​ពីរ​ថ្ងៃកន្លះ​ ដើម្បីទាម​ទារ​លក្ខខណ្ឌ​ការងារ​សមរម្យ កម្មករ​នៅ​រោង​ចក្រ​កាត់ដេរ​តារ៉ាល់​អន្តរជាតិ​​ដែល​មានទីតាំង​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​យល់​ព្រម​ចូល​ធ្វើ​ការវិញដូច​ធម្មតា​។ ​យ៉ាងណា នៅ​មាន​ចំណុច​មួយ​ដែល​កម្មករ​ទាមទារ​នៅ​មិន​ទាន់​បាន​ដោះស្រាយ នោះ​គឺ​បញ្ហា​ថ្លៃបាយ​ថ្ងៃ​ត្រង់ និង​ថា​ពួក​ខ្លួន​នឹង​បន្ត​ទាមទារ​លើ​ចំណុច​នេះ​ទៀត​។​

ការ​តវ៉ា​នេះ​កើត​ឡើង​​កាលពី​ថ្ងៃទី​២​ ខែតុលា បន្ទាប់ពី​ភាគី​រោងចក្រ​បាន​បញ្ចប់​កិច្ច​សន្យាការងារ​លើ​អ្នក​បើក​បរ​​រថយន្ត​សម្រាប់​កម្មករ​។ ការ​តវ៉ា​នេះ​បាន​រីករាល​ដាល​កាន់តែធំ​នៅ​ថ្ងៃបន្ទាប់ ដោយ​កម្មករ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៣ បន្ទាប់​ពី​បាន​ដឹង​ថា​ប្រាក់​ខែ​របស់​ពួក​គាត់​នឹង​ត្រូវ​កាត់​បើ​សិន​ជា​ឈប់​ធ្វើ​ការ​ដើម្បី​ចូល​រួម​ការ​តវ៉ា​។ បន្ថែម​ពី​ជំទាស់ទៅ​នឹង​ការកាត់​ប្រាក់ខែ កម្មករ​ក៏​បាន​ទាមទារ​លក្ខខណ្ឌការងារ​ល្អ​ប្រសើរ រួម​ទាំង​ប្រាក់​ថ្លៃ​បាយថ្ងៃ​ត្រង់​​២ពាន់​រៀល​​ផង​ដែរ​។​

នៅ​ថ្ងៃ​តវ៉ា​ទី​ពីរ មន្ត្រី​ក្រ​សួង​ការ​ងារ​បាន​ចុះ​អន្តរាគមន៍ ដោយ​បាន​សម្រប​សម្រួល​រវាង​កម្មករ និង​អ្នកគ្រប់​គ្រង​រោង​ចក្រ​។ ការ​ទាមទារ​ភាគ​ច្រើន​របស់​កម្មករ​ត្រូវ​បាន​ទទួល​យក លើក​លែង​តែ​ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ និង​បញ្ហា​កាត់​ប្រាក់ខែ​ដោយសារ​ចូល​រួម​ការ​តវ៉ា​។ ដោយ​នៅ​តែ​មិន​ពេញ​ចិត្ត កម្មករ​បាន​បន្ត​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ទៀត​។​

លោក ថន ធុន មន្ត្រីសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បាន​ឲ្យ សារព័ត៌មាន​ខេមបូចា ​ដឹងថា ​កម្មករ​បាន​វិល​ចូល​ធ្វើ​ការ​វិញ​​ហើយ​ក្រោយ​ពី​ភាគី​រោងចក្រ​យល់ព្រម​មិន​កាត់​ប្រាក់ឈ្នួល​ពួក​គេ​អំឡុង​ថ្ងៃតវ៉ា​។ លោក​ថា​កម្មករ​បាន​វិល​ចូល​ធ្វើ​ការ​វិញ​នៅ​ព្រឹក​ថ្ងៃសៅរ៍​។​​

លោក ណាក់ ជា​កម្មករ​ម្នាក់​ក្នុង​រោង​ចក្រ​តារ៉ាល់ ប្រាប់ សារព័ត៌មាន​ខេមបូចា​ ថា ​លោក​ពេញ​ចិត្ត​ទៅ​នឹង​លទ្ធផល​ដែល​សម្រេច​បាន​ក្រោយ​ការពិភាក្សា​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​រោង​ចក្រ និង​ភាគី​ពាក់ព័ន្ធ ហើយថា​កម្មករ​បាន​វិល​ចូល​ធ្វើ​ការ​វិញ​ហើយ​។​

យ៉ាងណា លោក និង​កម្មករ​ផ្សេង​ទៀត​គឺ «មិន​ពេញ​ចិត្ត​ទាំងស្រុង​ទេ» ព្រោះ​ថា​បញ្ហា​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​នៅ​មិន​ទាន់​បាន​ដោះស្រាយ​។​

លោក​ឲ្យ​ដឹងថា៖ «​ខាង​រោង​ចក្រ​នៅពិភាក្សា​លើ​ថ្ងៃ​បាយ​ថ្ងៃត្រង់​នៅ​ឡើយ…​​យើង​មិន​ច្បាស់​ថា​យើង​នឹង​តវ៉ា​ទៀត​ឬអត់ទេ។ សម្រាប់ពេល​នេះ យើង​ធ្វើ​តាម​សំណើ​ឲ្យ​វិល​ចូល​ធ្វើ​ការ​វិញ​ដូច​ធម្មតា។ ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា​ពួកគាត់​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឆាប់ៗ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ចិត្ត និង​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ»។​

​បើតាម​សៀវភៅណែនាំអំពីច្បាប់ស្តីពីការងារ​នៃប្រទេសកម្ពុជា​​សម្រាប់​វិស័យ​កាត់​ដេរ​ មាន​តែ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ប៉ុណ្ណោះដែល​នឹង​ត្រូវ​ទទួល​បាន​ថ្លៃ​បាយ​ចំនួន​​២ពាន់​រៀល ឬ​​ទទួល​​បាន​អាហារ​ញ៉ាំ​មួយ​ពេល​នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​ថែម​ម៉ោង​។​

លោក ចឹក បូរិន ប្រធានមន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ប្រាប់ សារព័ត៌មាន​ខេមបូចា​ ថា ​បញ្ហា​នៃ​ជម្លោះ​ភាគ​ច្រើន​បាន​ដោះស្រាយ​រួច​រាល់ នៅ​សល់​តែ​បញ្ហា​ថ្លៃបាយ​ថ្ងៃ​ត្រង់​។ ​យ៉ាង​ណាលោក​ថា​ការ​ទាម​ទារ​របស់​កម្មករ​លើ​អត្ថប្រយោជន៍​បន្ថែម​នេះ​មិន​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពីការងារ​នោះទេ​។​

លោក​បន្ថែម​ថា ​​ក្រុម​ហ៊ុន​បាន​យល់​ព្រម​ពិចារណា​លើ​សំណើរ​ ហើយ​ថា​នឹង​ពិភាក្សា​បន្ត​ទៀត​ជាមួយ​ប្រធានក្រុម​ប្រឹក្សាភិបាល រួច​នឹង​ធ្វើការ​សម្រេច​តាមក្រោយ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Taral Factory Workers Return to Work After Protest, Lunch Allowance Issue Unresolved

363 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម