ទាហានថៃបានលើកឡើងថា ពួកគេនឹងពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគដែលគ្រោងធ្វើឡើងនៅខេត្តបន្ទាយមានជ័យខាងមុខនេះ បើសិនជាកម្ពុជាមិនព្រមជម្លៀសប្រជាពលរដ្ឋចេញពីភូមិមានជម្លោះចំនួនពីរ។ នេះបើតាមសារព័ត៌មានថៃចុះថ្សាយនៅថ្ងៃសុក្រទី៣ ខែតុលានេះ។
កិច្ចប្រជុំនេះគ្រោងធ្វើនៅថ្ងៃទី១០ដល់១២ខែតុលា ដែលកន្លងមកធ្លាប់បានពន្យារពេលម្ដងហើយដោយសារខាងភាគីថៃមានការផ្លាស់នប្ដូរមេដឹកនាំយោធា។ បញ្ហាជម្លោះនេះមានភាពស្មុគស្មាញដោយសារទាហានថៃបានរាយបន្លាលួសធ្វើរបងក្នុងតំបន់ជម្លោះរវាងខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ។
ការដាក់របងបន្លាលួសនេះកើតមាននៅភូមិព្រៃចាន់ និងភូមិជោគជ័យ និងបានកាត់ផ្ដាច់ប្រជាពលរដ្ឋមិនឲ្យចេញចូលផ្ទះ និងដីចម្ការរបស់ខ្លួនដែលអ្នកខ្លះបានរស់នៅរាប់ឆ្នាំមកហើយ ព្រមទាំងបានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃផងដែរ។
កម្ពុជានិងថៃបានជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)ជាច្រើនលើកមកហើយក្នុងខែកន្លងទៅ។ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ គឺជាទាហានក្នុងភូមិភាគនៃគណៈកម្មាធិការព្រំដែនទូទៅ ដែលជាតួអង្គទ្វេភាគីប្រើសម្រាប់គ្រប់គ្រងជម្លោះ និងសម្របសម្រួលកិច្ចការព្រំដែនរួមរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំគ្រប់កម្រិតធ្វើឡើងក្នុងន័យរក្សាសន្តិភាព គិតចាប់តាំងពីមានការផ្ទុះអាវុធដាក់គ្នាចំនួនប្រាំថ្ងៃនៅតាមព្រំដែនកាលពីខែកក្កដា និងក្រោយមកក៏មានបទឈប់បាញ់។
មេទាហានកម្ពុជានៅភូមិភាគ៣ នឹងជួបជាមួយមេទាហានការពារព្រំដែនថៃរបស់ខេត្តត្រាត-ចន្ទបូរី នៅថ្ងៃទី៤ដល់ទី៦ ខែតុលា ក្នុងខេត្តកោះកុង។ ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរបស់មេភូមិភាគ៤កម្ពុជា នឹងជួបប្រជុំជាមួយមេភូមិភាគ២ថៃនៅថ្ងៃទី៧ដល់៩ ខែតុលា នៅខេត្តឧត្តរមានជ័យ។
អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ «បានត្រៀបទប់ស្ដាត់សកម្មភាពរបស់ថៃ» ដើម្បីការពារ «ដីនិងផ្ទះរបស់យើង»។
លោកបន្ថែមថា លោកមិនយល់ពីការទាមទាររបស់ទាហានថៃដែលចង់ឲ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋចេញពីភូមិ។ លោកថាទាហានថៃព្យាយាមដាក់សម្ពាធមុនកិច្ចប្រជុំមកដល់។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បដិសេធអត្ថាធិប្បាយលើការទាមទាររបស់ទាហានថៃ ដោយបានឲ្យអ្នកសារព័ត៌មានមើលខ្លឹមសារដែលធ្វើបច្ចុប្បន្នភាពលើផេកផ្លូវការរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ណាមួយទាក់ទងនឹងការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគនេះទេ គិតត្រឹមម៉ោងផ្សាយនេះ។
ខណៈកិច្ចសន្ទនារវាងប្រទេសទាំងពីរនៅបន្តមានភាពតានតឹងក៏នៅតែបន្តដូចគ្នា។ ការផ្ទុះអាវុធមួយបានកើតឡើងរយៈពេលខ្លីកាលពីសប្ដាហ៍មុននៅតំបន់អានសេះតាមបណ្ដោយព្រំដែនខេត្តព្រះវិហាររបស់កម្ពុជា និងខេត្ត Ubon Ratchathani របស់ថៃ ហើយភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកលើការផ្ទុះអាវុធនេះ។
គិតមកដល់ពេលនេះទាហានកម្ពុជាចំនួន១៨រូបត្រូវបានថៃបន្តឃុំខ្លួនអស់រយៈពេលជាងពីរខែមកហើយ និងបានបង្កឲ្យមានការខឹងសម្បារពីប្រជាពលរដ្ឋកម្ពុជាផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Army Threatens to Delay Border Talks Without Evacuation of Cambodian Villagers










