សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរ​ថៃ​បានឈូសឆាយ​​ផ្ទះពលរដ្ឋ​ខ្មែរ​មួយ​ខ្នង ​នៅ​តំបន់​ព្រំដែន​ដែល​មាន​ភាព​តានតឹង

អ្នកសារព័ត៌មានបានចុះយកព័ត៌មាននៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ជាទីតាំងមានជម្លោះព្រំដែន ដែលកងកម្លាំងរបស់ថៃបានរាយបន្លាលួសហ៊ុំព័ទ្ធយក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)
អ្នកសារព័ត៌មានបានចុះយកព័ត៌មាននៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ជាទីតាំងមានជម្លោះព្រំដែន ដែលកងកម្លាំងរបស់ថៃបានរាយបន្លាលួសហ៊ុំព័ទ្ធយក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

អាជ្ញាធរ​មូលដ្ឋាន និង​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា ផ្ទះ​យ៉ាង​ហោច​ណាស់​មួយ​ខ្នង​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​ខ្មែរនៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រុះរើ​កាល​ពី​ថ្ងៃ​អង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥។

គ្រឿងចក្រ​ដែល​អម​ដោយ​ទាហាន​ថៃ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ផ្ទះអ្នកភូមិខ្មែរមួយខ្នង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ក្នុង​ភូមិ​ជោគ​ជ័យ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​របាំង​បន្លាលួស​តាម​បណ្តោយ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ។ ថៃ​អះអាង​ថា តំបន់​នេះ​ជា​ផ្នែក​មួយ​នៃ​ភូមិ​បាន​ណងចាន់ ក្នុង​ខេត្ត​ស្រះកែវ។

ភូមិជោគជ័យ និងភូមិ​ព្រៃចាន់​ដែល​នៅ​ក្បែរ​នោះ បាន​ក្លាយ​ជា​ចំណុច​ក្ដៅ​ចាប់​តាំង​ពី​មានបទ​ឈប់​បាញ់ដែល​បាន​បញ្ចប់​ការ​ប៉ះ​ទង្គិច​គ្នា​រយៈពេល៥ថ្ងៃនៅ​តាម​ព្រំដែន​រវាង​ប្រទេស​ជិត​ខាងទាំងពីរដែល​បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​ធ្វើ​ឱ្យ​ប្រជាជន​រាប់​សែន​នាក់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង។ ចាប់​តាំង​ពី​ពេល​នោះ​មក កងកម្លាំង​ថៃ​បាន​សង់​រនាំងនៅ​ក្នុង​ភូមិ​ខ្មែរ​ដែល​ប្រជាជន​បាន​រស់នៅ​ជា​យូរ​លង់​មក​ហើយ ហើយ​បាន​បញ្ជា​ឱ្យ​អ្នក​ភូមិ​ចាក​ចេញ​ពី​លំនៅឋាន ដោយ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ចូល​ទៅ​ផ្ទះវិញ​អស់​រយៈពេល​ជាង​ពីរ​ខែមកហើយ។

ភាព​តានតឹង​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ទាហាន​ថៃ​និង​ជន​ស៊ីវិល​កម្ពុជា​ផង​ដែរ។

លោក​ប៉ែន រិទ្ធី មេ​ភូមិ​ជោគ​ជ័យ​បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៦​គ្រួសារ​ត្រូវ​បាន​កង​កម្លាំង​ថៃ​បណ្ដេញ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ។ លោក​បាន​បញ្ជាក់​ថា ផ្ទះ​យ៉ាង​ហោច​ណាស់​មួយ​ខ្នង​ត្រូវ​បាន​ឈូស​ឆាយ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

លោក ​លី សុវណ្ណារិទ្ធ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​បញ្ជាក់ថាពិតជាមាន​​ការ​រុះរើ​ផ្ទះអ្នកភូមិខ្មែរមួយខ្នងពិតមែន។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ប៉ែន បូណា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​បង្វែរសំណួរ​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យវិញ។

អ្នកស្រី​នាត សុខុម ជា​អ្នក​ភូមិ​ជោគ​ជ័យ​បាន​និយាយ​ថា អ្នកស្រី​បារម្ភ​ថា ផ្ទះ​របស់​ខ្លួន​អាច​នឹង​ត្រូវ​គេ​រុះរើ​ដែរ ទោះ​បី​ជា​វា​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣០០ ម៉ែត្រ​ពី​មុខ​របាំង​ដែល​សង់​ឡើង​ដោយ​ទាហាន​ថៃ​ក៏​ដោយ។

គាត់​បាន​និយាយ​ថា៖ «ខ្ញុំបារម្ភថា ទាហាន​ថៃ​អាច​បន្ត​រុល​ទៅ​មុខ​ទៀត ហើយ​វាយ​កម្ទេច​ផ្ទះ​របស់ខ្ញុំ​ដែរ​»។

ការ​រុះរើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​ប្រជុំ​គ្នា ដែលមាន​ទាំងកិច្ច​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ផង​ដែរ ហើយ​កម្ពុជា​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​សប្តាហ៍​នេះ។

បន្ទាប់​ពី​កិច្ច​ចរចា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​ប្រទេស​ម៉ាឡេស៊ី រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​រួម​បញ្ចូល​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ចំនួន​១៨​នាក់​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​បទ​ឈប់​បាញ់ចូលជាធរមាន​កាល​ពី​ខែ​កក្កដា។

មន្ត្រី​ថៃ​បាន​លើក​ឡើង​នៅ​ពេល​ក្រោយ​ថា ការ​ដោះ​លែង​ទាហាន​ទាំង​នោះ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​រួម​មាន ការ​ដក​កងទ័ព​កម្ពុជា​ចេញ​ពី​ទីតាំង​នៅ​តាម​ព្រំដែន និង​អ្វី​ដែល​ជា​បញ្ហា​ចម្រូងចម្រាស​បំផុត​នោះ គឺ​ការ​រៀបចំ​ទីលំនៅ​ថ្មី​ដល់​ពលរដ្ឋ​កម្ពុជា ដែល​រដ្ឋាភិបាល​បាងកក​ចោទ​ថា ​បាន​ចូល​កាន់កាប់​ដី​ថៃ​ដោយ​ខុស​ច្បាប់។ ក្នុង​បរិបទ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ​កាន់​តែ​ខ្លាំង​ឡើង​ថាកម្ពុជា​អាច​នឹង​បាត់​បង់​ទឹក​ដី។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ចុង​សប្តាហ៍​មុន ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹងមិនធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Authorities Tear Down Cambodian Home in Tense Border Zone

258 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម