UPDATES:
ម៉ោង ២៤:០០ ៖ ម៉ោងនេះដែលភាគីកម្ពុជា-ថៃ បានយល់ព្រមឱ្យមានបទឈប់បាញ់ បន្ទាប់ពីកិច្ចប្រជុំកំពូល នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ដូច្នេះបទឈប់បាញ់ចូលជាធរមានហើយ។
ភាគីនៃប្រទេសកម្ពុជា-ថៃ បានយល់ព្រមឈប់បាញ់នៅយប់នេះ និងវិលត្រឡប់ទៅជាធម្មតាវិញ ដោយគោរពតាមកិច្ចប្រជុំកំពូល នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយមេទ័ពថ្នាក់ភូមិភាគនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការប្រជុំថ្ងៃនេះឈានដល់មានកិច្ចព្រមព្រៀងថានឹងឈប់បាញ់ភ្លាមៗ ដោយចាប់ផ្តើមពីយប់នេះ។ ឆ្លងតាមកិច្ចប្រជុំនេះក៏បើកឱ្យមានទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ចាប់ពីព្រឹកថ្ងៃស្អែក ដោយចាប់ផ្តើមពីមេបញ្ជាការថ្នាក់តំបន់នឹងជួបប្រជុំគ្នានៅព្រឹកម៉ោង៧ ព្រឹក។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ចំពោះតួនាទីជាវិជ្ជមានក្នុងកិច្ចសន្ទនាស្ថាបនាដែលយើងមាននៅថ្ងៃនេះ ដែលនាំទៅដល់ការព្រមព្រៀងគ្នា ដែលនឹងឈានទៅដល់ការឈប់បាញ់គ្នាភ្លាមៗ ចាប់ពីយប់នេះតទៅ ហើយបើកផ្លូវសម្រាប់ទំនាក់ទំនងរវាងយោធា និងយោធា ចាប់ពីព្រឹកស្អែក ដោយចាប់ផ្តើមពីមេបញ្ជាការភូមិភាគនឹងជួបប្រជុំនៅម៉ោង ៧ ព្រឹក»។
លោក ម៉ាណែត ក៏បានអរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និង ប្រទេសចិន ដែលបានជួយជ្រុំជ្រែងក្នុងការរកដំណោះស្រាយនេះ។
នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានថ្លែងថា លោកយល់ព្រមឱ្យមានការឈប់បាញ់គ្នា ដោយយោងតាមកិច្ចពិសេសនេះ។
ភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី២ និងទី៥) នៅវេលាម៉ោង៧ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ។
៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ម៉ោង ១៥:៣០ ៖ កិច្ចប្រជុំពិសេសរវាងលោកនាយរដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីស្ដីទីថៃ នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។
ម៉ោង ១៤:៥៨ ៖ អភិបាលរងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តកើតឡើងក្នុងខេត្តឧត្តរមានជ័យ ដែលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ និងមនុស្សពីរនាក់រងរបួស។
ម៉ោង ១៤:២២ ៖ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វាជារឿងគួរឲ្យសោកស្ដាយ ដែលពលរដ្ឋមួយចំនួនបានចាញ់បោក «ល្បិចកខ្វក់» របស់ប្រទេសថៃ ឲ្យក្លាយជាភ្នាក់ងារសម្ងាត់ ដោយដំឡើងប្រព័ន្ធតាមដាន GPS ដើម្បីកត់ត្រា និងផ្តល់ព័ត៌មានជាសម្ងាត់អំពីសកម្មភាពយោធា ជាពិសេសទីតាំងសមរភូមិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ។ អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋ និងរកឃើញភស្តុតាងជាក់ស្តែង។
លោកថ្លែងថា កម្ពុជានឹងមិនអត់ឱនចំពោះអ្នកដែលរកឃើញថាប្រព្រឹត្តអំពើក្បត់ជាតិដូចខាងក្រោម ៖
១. ជនដែលគប់គិតជាមួយបរទេស ឬបង្កើតអរិភាព ដែលនាំឱ្យមានការឈ្លានពានមកលើកម្ពុជា នឹងត្រូវផ្តន្ទាទោសពី ១៥ ទៅ ៣០ឆ្នាំ។
២. អ្នកដែលផ្តល់ ឬសម្រួលដល់ការទទួលបានព័ត៌មានដល់ភាគីបរទេស នឹងត្រូវផ្តន្ទាទោសពីប្រាំពីរឆ្នាំទៅ15ឆ្នាំ។
៣. អ្នកដែលទទួលឬប្រមូលព័ត៌មានដើម្បីបញ្ជូនទៅបរទេសនឹងត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។
៤. អំពើហិង្សាដែលបង្កគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ។
បន្ថែមពីលើទណ្ឌកម្មទាំងនេះ «ជនក្បត់ជាតិ» នឹងត្រូវ «ដកហូតសញ្ជាតិខ្មែរ» ស្របតាមច្បាប់។
ម៉ោង ១៤:១៦ ៖ អ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី បានឱ្យដឹងថា នៅម៉ោង ១២ថ្ងៃត្រង់ ពិតជាមានការផ្លោងគ្រាប់របស់ទ័ពឈ្លានពានថៃ ឆេះស្ថានីយ៍ប្រេងយ៉ាងដំណំ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពិតប្រាកដមែន។
ម៉ោង ១៣:១០៖ តាមសេចក្តីរាយការណ៍ យោធាថៃបានទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ ដោយគ្រាប់បែក MK-៨២ ទម្ងន់ ២៣០គីឡូក្រាម និងបានបាញ់ផ្លោងគ្រាប់បែកចង្កោម ១៥៥មីលីម៉ែត្រ នេះបើយោងតាមលោក ហេង រតនា ប្រធាន CMAC ។ លោកបានកត់សម្គាល់ថា គ្មានការប្រើប្រាស់ MK-៨២s ពីមុននៅទីតាំងនេះទេក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដោយបានហៅការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ហើយបានសរសើរកងកម្លាំងកម្ពុជាសម្រាប់ការពារទឹកដី និងបេតិកភណ្ឌជាតិ។
ទោះបីនឹងមានការជួបប្រជុំកម្រិតខ្ពស់រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃនៅទីក្រុងកូឡាឡាំពួរ នាថ្ងៃនេះ ដើម្បីចរចាបទឈប់បាញ់ក៏ដោយ ក៏កងទ័ពថៃនៅបន្តវាយប្រហារយ៉ាងខ្លាំងនៅលើ កម្ពុជា ចាប់ពីម៉ោង ៣:៧០ ព្រឹក រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកនេះ។ នេះបើយោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរហើយនៅម៉ោង ១០កន្លះព្រឹកនេះ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះដោយសហការរៀបចំជាមួយសហរដ្ឋអាមេរិក និងមានការចូលរួមពីប្រទេសចិន។
លោកស្រី សុជាតា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះថា កងទ័ពថៃបានវាយប្រហារលើទីតាំងជាច្រើន រួមមាន ប្រាសាទតាមាន់ធំ ជប់គគីរ ថ្មដូន វាលឥន្រ្ទី ៥មករា តាថាវ ភ្នំខ្មោច និងអានសេះ។ ថៃបានធ្វើការវាយសម្រុកខ្លាំងនៅតំបន់ ៥ មករា ដើម្បី «ដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ» នៅខេត្តព្រះវិហារ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែកាន់កាប់ទីតាំងនោះបានយ៉ាងរឹងមាំ។
ទន្ទឹមនឹងនេះ លោកស្រីក៏បានច្រានចោលការអះអាងរបស់ប្រទេសថៃដែលថាកម្ពុជាបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 ។
លោកស្រីថ្លែងថា៖ «រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រួចបែបនេះនៅឡើយទេ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ គឺជាលេសសម្រាប់ភាគីថៃ ក្នុងការបង្កើនការប្រើប្រាស់អាវុធកាន់តែព្រៃផ្សៃ និងអមនុស្សធម៌ ហើយដាក់ពង្រាយការវាយប្រហារដ៏ខ្លាំងក្លាមកលើអធិបតេយ្យភាពកម្ពុជា»។
ពេលវេលានិងទីកន្លែងនៃការវាយប្រហារ
ថ្ងៃទី២៧ ខែកក្កដា ម៉ោង ២:០០ ព្រឹក ដល់ ១:០០ រសៀល – កងទ័ពថៃបានវាយប្រហារទីតាំងជាច្រើនដូចជាតំបន់ ៥ មករា ចំការចេក និងប្រាសាទព្រះវិហារ។
ម៉ោង ៣:១៧ រសៀល – យន្តហោះថៃបានទម្លាក់ផ្សែងពុលលើតំបន់អានសេះ។
ម៉ោង ៤:១២ ល្ងាច –គ្រាប់កាំភ្លើងធំត្រូវបានបាញ់ទៅលើទីតាំងរបស់កម្ពុជានៅជប់គគីរ ថ្មដូន ខណៈប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ៥ មករា ភ្នំខ្មោច និងអានសេះ ក៏ស្ថិតនៅក្រោមការវាយប្រហារដោយកាំភ្លើងធំផងដែរ។
ម៉ោង១:១០ ដល់ ៤:០០ រសៀល –យន្តហោះចម្បាំងថៃបានបាញ់រ៉ុកកែតច្រើនគ្រាប់ទៅលើប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងផ្សេងទៀតនៅក្នុងទឹកដីកម្ពុជា។
ម៉ោង៤:៤៨ រសៀល– កងទ័ពថៃបានចាប់ផ្តើមបាញ់ប្រហារនៅតំបន់មុំបី។
ម៉ោង៥:០៦ រសៀល–ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលត្រូវបានប្រើប្រាស់ដោយកងទ័ពថៃក្នុងការវាយប្រហារលើភ្នំខ្មោច។
ថ្ងៃទី ២៨ កក្កដា ថៃបានចាប់ផ្តើមវាយប្រហារមុនទៅលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
ទីមួយស្ថានភាពនៅសមរភូមិយោធាភូមិភាគទីបួនភាគី៖
ម៉ោង៣៖១០ព្រឹក ភាគីថៃបានបាញ់កាំភ្លើងធំចូលទីតាំងប្រាសាទតាមាន់ធំ និងតាក្របី
ម៉ោង ៥៖៣០ព្រឹក កម្លាំងថ្មើរជើងថៃវាយចូលប្រាសាទតាក្របី គាំទ្រដោយកាំភ្លើងត្បាល់ និងកាំភ្លើងធំ
ម៉ោង ៥៖៥០ព្រឹក កម្លាំងថ្មើរថៃជើងដកថយទៅវិញ តែកាំភ្លើងធំនៅតែបាញ់ផ្លោងចូលនៅតំបន់តាមាន់ធំនិងតាក្របី
នៅតំបន់ផ្សេងទៀត៖
ម៉ោង ៨៖១៥ព្រឹក យន្តហោះថៃ F16 បាញ់គ្រាប់រ៉ុក្កែត នៅលើតំបន់ប្រាសាទតាក្របី
ម៉ោង ១០៖២៥ព្រឹក ភាគីថៃបានវាយថ្មើរជើងនៅថ្មដូន គាំទ្រដោយកាំភ្លើងធំ
មកដល់ពេលនេះ ភាគីថៃនៅបន្តវាយលោកយ៉ាងកំរោល និងឆេះសន្ធោសន្ធៅនៅឡើយ
ចំពោះស្ថានភាពនៅសមរភូមិយុទ្ធភូមិភាគទីប្រាំ៖ នៅថ្ងៃនេះមានការផ្លាស់ប្ដូរមេបញ្ជាការថៃមួយចំនួននេះ។ បើតាមការរាយការណ៍ពីយុទ្ធភូមិភាគទីប្រាំ។
ទន្ទឹមនឹងនេះ នៅខេត្តបន្ទាយមានជ័យ លោកស្រី សុជាតា បាននិយាយថា ចាប់ពីម៉ោង៥រសៀល ថ្ងៃទី ២៧ ខែកក្កដា ដល់ម៉ោង៥ព្រឹក ថ្ងៃទី២៨ កងទ័ពថៃបានបង្កើនទាហាន រថក្រោះ និងរថពាសដែក ដែលបានឈរជើងនៅភូមិទ័ពសៀម ទល់មុខតំបន់អភិវឌ្ឍន៍ខាងត្បូងច្រកព្រំដែនបឹងត្រកួនរបស់កម្ពុជា។
លោកស្រីបានបន្តថាគិតត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ មនុស្សសរុបចំនួន ៣៩,៨២៨ គ្រួសារឬ ប្រមាណ ១៣៤,៧០៧ នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ឬស្នាក់នៅជាមួយសាច់ញាតិនៅទូទាំងខេត្តចំនួនបួន។ សាលារៀនប្រមាណ ៦០០ នៅក្នុងខេត្តចំនួនប្រាំត្រូវបានបិទ ដែលប៉ះពាល់ដល់សិស្សជាង ១៥០,០០០ នាក់ និងគ្រូបង្រៀន ៦,០៦០០ នាក់។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករចំណាកស្រុកកម្ពុជាប្រមាណ ១៥០,០០០ នាក់ត្រូវបានគេរំពឹងថានឹងត្រឡប់មកពីប្រទេសថៃនៅថ្ងៃនេះ។ ក្នុងរយៈពេលប្រាំថ្ងៃកន្លងមក កម្មករប្រមាណ ៤០០,០០០ នាក់បានត្រឡប់មកវិញ ហើយចំនួននេះទំនងជានឹងកើនឡើងប្រសិនបើជម្លោះនៅតែបន្ត។
លោកស្រី សុជាតា បានបន្ថែមថា៖ «យើងទទួលបានការរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការវាយដំ ធ្វើបាប គំរាមកំហែង ពីសំណាក់ជ្រុលនិយមភាគីថៃមកលើប្រជាពលរដ្ឋខ្មែរនៅទីនោះ ដែលជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងមិនអាចអត់ឱនឱ្យបាន»។ លោកស្រីបានបន្ថែមថារដ្ឋាភិបាលកម្ពុជាស្នើឱ្យអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ដើម្បីការពារពលរដ្ឋកម្ពុជា ចាប់ខ្លួនជនទទួលខុសត្រូវ និងធានាយុត្តិធម៌ និងការទទួលខុសត្រូវសម្រាប់ជនរងគ្រោះដែលជាពលរដ្ឋខ្មែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai-Cambodia Clash Moves into Fifth Day Despite Both Countries Meeting Today in Kuala Lumpur










