សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ថៃសិក្សាគម្រោងសាងសង់ជញ្ជាំងព្រំដែន តែកម្ពុជា​ថាមិនទាន់ទទួលព័ត៌មានផ្លូវការ

ច្រកទា្វរអន្តរជាតិប៉ោយប៉ែត ព្រំដែនរវាងកម្ពុជា-ថៃ។ រូបភាពថតកាលពីឆ្នាំ២០២២ (ខេមបូចា/ ព្រីង សំរាំង)
ច្រកទា្វរអន្តរជាតិប៉ោយប៉ែត ព្រំដែនរវាងកម្ពុជា-ថៃ។ រូបភាពថតកាលពីឆ្នាំ២០២២ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាល​ថៃកំពុង​សិក្សា​ពីលទ្ធភាព​សាងសង់​ជញ្ជាំងព្រំដែន​ជាមួយ​កម្ពុជា ​ដោយបញ្ជាក់​ថា​ដើម្បី​ការពារ​ការ​លួច​ឆ្លងដែន​ខុស​ច្បាប់ ខណៈភាគីកម្ពុជា​ថា​មិន​ទាន់​បានទទួល​ព័ត៌មាន​ផ្លូវ​ការណា​មួយ​នៅ​ឡើយ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Jirayu Houngsub បាន​លើក​ឡើង​ថា៖ «នាយករដ្ឋមន្ត្រី​របស់​ខ្លួន​បាន​បញ្ជាឲ្យ​គណៈរដ្ឋមន្ត្រី និង​ភ្នាក់ងារ​ពាក់ព័ន្ធ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ពី​គម្រោង​សង់​ជញ្ជាំងព្រំដែន​រវាង​កម្ពុជា-ថៃ ដើម្បី​ការពារ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ និង​ការ​លួច​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ក៏​ដូច​ជា​ការជួញដូរ​គ្រឿង​ញៀន និង​ការ​ធ្វើ​ពាណិជ្ជកម្មខុស​ច្បាប់នានា»។ នេះ​បើ​តាម​ការ​ចុះ​ផ្សារ​របស់​វិទ្យុអាស៊ីសេរី​។​

ការណ៍នេះ​ទំនង​ជាផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​ថៃ​ក្នុង​ការ​ធ្វើ​ការជាមួយ​ប្រទេស​នានា​​ក្នុង​គោល​បំណង «លុប​បំបាត់​បណ្ដាញ​របស់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ» ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ទឹកដីថៃ​។​​

ការពិភាក្ស​នេះធ្វើ​ឡើង​ដោយ​គណៈរដ្ឋមន្ត្រី​បន្ទាប់ពី​អ្នកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra បាន​មក​ធ្វើទស្សនកិច្ច​នៅ​ច្រក​ព្រំដែន​ខ្លកឡឹក​ក្នុង​ស្រុក​អារញ្ញប៉ាថេត ខេត្ត​ស្រះកែវ ប្រទេសថៃ កាលពី​ថ្ងៃទី​១ ខែមីនា។​

កម្ពុជា​-ថៃ មាន​ព្រំ​ដែន​ជាប់​គ្នា​ប្រវែង​៨១៧​គីឡូម៉ែត្រ និង​មានបង្គោល​ព្រំដែន​១២១ ក្នុង​ចំណោម​១៤៥​ បាន​បោះ​រួច​រាល់ ដែល​ស្មើ​នឹង​៨៦​ភាគរយ​នៃ​បង្គោល​ព្រំដែន​សរុប។ នេះ​បើ​យោង​តាមការផ្សាយ​របស់​កាសែតភ្នំពេញ​ប៉ុស្ដិ៍​។​

អ្នកនាំពាក្យ​ក្រ​សួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់ សារព័ត៌មាន​ខេមបូចា តាម​តេឡេក្រាម​ថា កម្ពុជា​​មិន​ទាន់​បាន​ទទួល​សំណើជាផ្លូវការណាមួយពីភាគីថៃនៅទ្បើយ​ពាក់ព័ន្ធ​ករណី​នេះ។ លោក​សរសេរទៀតថា៖ «ដូច​នេះ ខ្ញុំ​មិនមានព័ត៌មាន​អ្វីផ្ដល់ជូនទេ»។​

កាលពី​ដើម​ខែ​មីនា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បញ្ជូន​ជនជាតិ​ថៃ​ចំនួន​១១៩​នាក់ ក្នុង​នោះ​ស្រី​៥៨​នាក់ តាម​ច្រក​ព្រំដែន​គោក​ក្រុង​ប៉ោយប៉ែត ទៅ​កាន់​ប្រទេស​ថៃ​វិញ។ ការ​បញ្ជូន​នេះ​ធ្វើឡើង​ក្រោយ​ពី​មាន​ការ​ឆ្មក់​ចូល​ទីតាំង​ដែលគេ​សង្ស័យ​ថា​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ និង​បាន​រកឃើញ​អ្នកទាំង​នោះ​ស្នាក់នៅ និងធ្វើការ​ខុស​ច្បាប់ ដើម្បី​បាន​ប្រាក់ខែ​ខ្ពស់ ដោយ​ធ្វើជា​អ្នក​ឆបោក​អនឡាញ​។ អាជ្ញាធរបាន​​ចុះ​បង្ក្រាប​លើ​អាគារ​ចំនួន​ពីរ ហើយ​បាន​រកឃើញ​ជនបរទេស​២៣០​នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ​។​

កាល​ពី​ថ្ងៃអាទិត្យ អនុរដ្ឋមន្ត្រី​ក្រ​សួង​សន្តិសុខសាធារណៈចិន លោក Liu Zhongyi បានទៅ​ទស្សនកិច្ច​នៅ​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត ហើយ​លោក​បាន​ជួប​ជជែក​ជាមួយ​មន្ត្រី​ថ្នាក់ខេត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​ឆបោក​តាម​អនឡាញ​។​

ទន្ទឹម​នឹង​នេះ​ដែរ ស្នងការខេត្ត​បន្ទាយ​មានជ័យ លោក សិទ្ធិ ឡោះ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ទទួល​ព័ត៌មាន​អ្វីពីភាគីថៃ​ទាក់ទង​នឹង​ការ​សាង​សង់​ជញ្ជាំងព្រំដែន​នោះទេ។​

លោក​ប្រាប់ សារព័ត៌មានខេមបូចា ថា៖ «ខ្ញុំមិនបានចាប់អារម្មណ៍​កិច្ចការ​របស់​ប្រទេស​ថៃ​ទេ។ បើ​សិនជា​គេ​ចង់​សាងសង់អីលើទឹកដីគាត់ឱ្យគាត់សាងសង់ចុះ​ ប៉ុន្តែ​កុំ​ឲ្យ​តែ​ប៉ះពាល់​ទឹកដី​កម្ពុជា និងតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា»។ ​

លោក សិទ្ធិ ឡោះ បាន​បង្វែរសំណួរ​ទាក់ទង​នឹង​រឿង​ព្រំ​ដែន​នេះ ទៅ​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការព្រំដែន ប៉ុន្តែ​អ្នកសារព័ត៌មានខេមបូចា ​មិន​អាច​ទាក់ទង​​រដ្ឋមន្ត្រីទទួល​បន្ទុក​កិច្ច​ការព្រំដែន លោក ឡាំ ជា​ បាន​ទេ។​

អ្នកសម្របសម្រួល​អង្គការ​អាដហុកប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ​យល់​ឃើញ​ថា​ការ​សាងសង់​របង ឬជញ្ជាំង​ព្រំ​ដែន​ដើម្បី​ការពារ​បទល្មើស​ឆ្លង​ដែន គឺ​ជាជំហាន​វិជ្ជមាន។​

លោក​មានប្រសាសន៍ថា៖ ​«យើង​បាន​ឃើញ​បទ​ល្មើស​ឆ្លងដែន​ខុស​ច្បាប់ជា​ច្រើន ដែល​វានាំ​ឲ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស មានការចាប់ចង និង​ធ្វើទុក្ខម្នេញ​ដោយ​សារការ​ចាប់ខ្លួនដល់ប្រជាពលរដ្ឋផ្សេងៗ»។​

លោក​បន្ថែមថា៖ «ពេល​មាន​របង​នៅ​តាម​ព្រំដែន វា​នឹង​កាត់​បន្ថយ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ការលួច​ឆ្លង​ដែន​ខុស​ច្បាប់»។​

លោកកត់សម្គាល់ថា ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​អាច​កើត​ឡើង​បាន​ដោយ​សារ​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​របស់​កម្ពុជា និង​ថៃលួច «គប់គិត​គ្នា» ជាពិសេស​នៅ​តាម​ច្រករបៀង​នានា​។

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ បានលើកឡើងថា ការធ្វើរបងរបស់ថៃនេះ មិនមែនផ្តោតទៅលើពលករឆ្លងដែនខុសច្បាប់ដើម្បីទៅធ្វើការនៅប្រទេសថៃប៉ុន្មានទេ ព្រោះសកម្មភាពនេះជាហូរហែមកហើយ ព្រោះពលករបរទេសទៅធ្វើការងារអ្វីដែលជនជាតិថៃមិនធ្វើ គឺភាគច្រើនជាការងារប្រើកម្លាំង។

លោក តុលា ថ្លែងថា៖ «​ខ្ញុំយល់ថា ការធ្វើរបងនេះមិនមែនរឿងបារម្ភពលករឆ្លងដែនដោយខុសច្បាប់នេះទេ អ្វីដែលខ្ញុំយល់ ខ្ញុំគិតថា បារម្ភខ្លាំងគឺរឿងឆបោកតាមប្រព័ន្ធអនឡាញ ដោយសារតែ អាចថា ក្រុមឧក្រិដ្ឋជនឆបោកតាមប្រអនឡាញឆ្លងដែនថៃខ្មែរៗនេះឯង   មួយរយៈកន្លងមកនេះ ឃើញថៃផ្តាច់ប្រព័ន្ធទូរសព្ទ ឬប្រព័ន្ធអ៊ីនធឺណិតនេះឯង»។ លោកបន្តថា៖ «ហើយថ្មីៗនេះក៏មានជនរងគ្រោះថៃនេះដែរ ដែលគេធ្វើទារុណកម្មគាត់ស្ទើរស្លាប់យកទៅបោះចោល»

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធអត្ថាធិប្បាយ​លើ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំ​ដែន​របស់​ថៃនេះ។​

អ្នកនាំពាក្យ​ក្រ​សួង​ការពារ​ជាតិ លោក ឈុំ សុជាតិ និង​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ជនអន្តោប្រវេសន៍ លោក សុខ វាសនា មិន​អាច​ទាក់ទងសុំ​ការអត្ថាធិប្បាយ​បានទេ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Jirayu Houngsub ក៏​មិន​បាន​ឆ្លើយ​តប​សំណួរ​របស់​ ​អ្នកសារព័ត៌មាន​ខេមបូចា ​ដែរ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Studies Border Wall Construction, Cambodia Yet to Receive Official Information

105 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម