សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កិច្ចប្រជុំចិន-កម្ពុជា-ថៃ បានបង្ហាញថា ភាគីទាំងអស់មិនចង់បានសង្គ្រាមមកវិញទេ

រដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ បើកកិច្ចប្រជុំនៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ នោខេត្ត Yunnan នៃប្រទេសចិន។ (រូបភាព៖ ក្រសួងព័ត៌មាន)
រដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ បើកកិច្ចប្រជុំនៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ នោខេត្ត Yunnan នៃប្រទេសចិន។ (រូបភាព៖ ក្រសួងព័ត៌មាន)

កិច្ចប្រជុំចិន-កម្ពុជា-ថៃ បានបង្ហាញយ៉ាងពេញលេញថា កិច្ចសន្ទនានិងការប្រឹក្សាយោបល់ គឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ​បញ្ហាជម្លោះព្រំដែនដែលស្មុគស្មាញរវាងកម្ពុជា និងថៃ។ យោងតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅ Fuxian ប្រទេសចិន នៅថ្ងៃទី២៨ និងទី២៩​ ខែធ្នូ ឆ្នាំ២០២៥។

ភាគីទាំងបីបានធ្វើការផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅ អំពីការពង្រឹងបទឈប់បាញ់ និងធ្វើការពីមួយជំហានទៅមួយជំហាន តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបន្តការធ្វើទំនាក់ទំនងប្រក្រតីឡើង​វិញ កសាងការជឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃប្រសើរឡើង និងរក្សាការពារស្ថិរភាពក្នុងតំបន់ ដោយសម្រេចបានលទ្ធផលសំខាន់ៗ៥ចំណុច រួមមាន។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកប​ដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។

សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ»។

ភាគីទាំងបីគាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុម អ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។

យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា និងថៃ។

ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែនស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧​​ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវិតភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។

កម្ពុជា និងថៃនឹងធ្វើការដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមកឡើងវិញ។ ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញតាមរយៈបណ្ដាញការទូត និងលើកកម្ពស់ ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។

ចិនលើកទឹកចិត្តឱ្យកម្ពុជានិងថៃបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។ ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងទៀតថា កម្ពុជានិងថៃបានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាម​ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖ «ប្រទេសទាំងបីឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់»។

រដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ បើកកិច្ចប្រជុំនៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥  នោខេត្ត Yunnan នៃប្រទេសចិន។ (រូបភាព៖ ក្រសួងព័ត៌មាន)

យោងតាមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ផ្តល់បទសម្ភាសន៍ជាមួយ ទូរទស្សន័ជាតិកម្ពុជា ថា នៅក្នុងកិច្ចប្រជុំចិន កម្ពុជា និងថៃ ហើយភាគីទាំងអស់លើកឡើងថា «គ្មាននរណាចង់បានសង្គ្រាមមកវិញទេ»។

លោក ប្រាក់ សុខុន សង្ឃឹមថា៖ «នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម