សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាល​មានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧ពាន់​កន្លែង​ឱ្យ​​​ដូច​សាលា​បឋមសិក្សាវត្តរាជបូណ៌ ដែល​ផ្តល់​ការ​អប់រំមានគុណ​ភាពខ្ពស់

សិស្សសាលាវត្តរាជបូណ៌ធ្វើបទបង្ហាញតាមរយ:កម្មវិធី Canva ផ្តោតទៅលើ( Present with ease)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)
សិស្សសាលាវត្តរាជបូណ៌ធ្វើបទបង្ហាញតាមរយ:កម្មវិធី Canva ផ្តោតទៅលើ( Present with ease)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតមានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧០០០​កន្លែង​ឱ្យ​ដូច​ជាសាលាបឋមសិក្សាវត្តរាជបូណ៌ ព្រោះសាលាបឋមសិក្សា​វត្តរាជបូណ៌ជាសា​លា«​ជ័យ​លាភី​សាលារៀន​គំរូ​»ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាច្រើន​ឆ្នាំមក​ហើយ​​ដោយ​សារតែសាលា​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​សៀមរាប​មួយ​នេះ​បាន​​ផ្តល់ការអប់រំ​មានគុណភាព​កម្រិត​ខ្ពស់​ មាន​​វិន័យ ​និងមានសីល​ធម៌ល្អ។

នៅក្នុងទស្សនកិច្ចក្រៅផ្លូវការ នៅសាលាបឋមសិក្សា​ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្នុងក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី២៤ ខែសីហាលោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែងថា​ លោកចង់កែប្រែ​​សាលារដ្ឋ៧០០០កន្លែងនៅ​ទូទាំង​ប្រទេស​ឱ្យ​ដូចជា​សាលាវត្តរាជ​បូណ៌។

លោក​មានប្រសាសន៍ថា៖ «ព្រោះគោល​ដៅរបស់យើង​កុំឱ្យមាន​តែសា​លា​វត្តរាជបូណ៌មួយ​ក្នុង​ទូទាំងប្រទេស។​ខ្ញុំចង់ឱ្យមាន​វត្តរាជបូណ៌៧០០០​កន្លែងនៅ​ក្នុងទូទាំងប្រទេស​សម្រាប់​សាលា​រដ្ឋ។​សាលាឯកជនរដ្ឋអត់លូកទេប៉ុន្តែអ្វីដែល​សំខាន់​អាណត្តិនេះគឺយើង​ពង្រឹង​មូលដ្ឋាន»។​​​

លោក​បញ្ជាក់ទៀត​ថា មណ្ឌល​សុខភាពរដ្ឋ​ពេទ្យបង្អែក​ស្រុក​ក៏ត្រូវពង្រឹងហើយ​ឥឡូវ​​ការ​អប់រំក៏ត្រូវ​ពង្រឹង​សាលារបស់រដ្ឋ​ជាពិសេសសាលា​បឋមសិក្សា​។លោកបញ្ជាក់ថា៖ «​វត្តបូណ៌ជាសាលា​និមិត្ត​រូប​ជាសាលាដែលមានការ​ប្រតិបត្តិល្អ»។ទោះយ៉ាងណា​លោក​នាយករដ្ឋ​មន្ត្រី​​មិន​បាន​ថ្លែង​ឱ្យ​ដឹង​លម្អិត​ពីដំណើរការ​ក្នុង​ការ​ពង្រឹង​គុណភាព​សាលា​រដ្ឋ​ឱ្យដូច​សាលា​វត្ត​រាជបូណ៌​នោះទេ។

សាលាបឋមសិក្សាវត្តរាជបូណ៌​ត្រូវបានក្រសួង​អប់រំ​​ប្តូរឈ្មោះ​ទៅ​ជា​សា​លា​បឋមសិក្សាវត្ត​រាជបូណ៌​កាលពីថ្ងៃទី​២០​ខែឧសភា​ឆ្នាំ២០២៤។សាលានេះ​ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

លោកស្រី ឃួន វិច្ឆិកា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រាប់​ខេមបូចាកាលពី​ថ្ងៃទី​២៤​​ខែសីហា​ថា សាលា​វត្ត​រាជបូណ៌គឺជា​សាលា​«ជយលាភី​សាលារៀនគំរូ»ដែល​ត្រូវ​បាន​ប្រកាសទទួលស្គាល់ជាផ្លូវការ​ក្នុង​សន្និបាត​អប់រំ​កាលពី​ខែមេសាឆ្នាំ២០២៤កន្លងមក​។​លោកស្រីបានឱ្យដឹងថា សាលា​រៀនគំរូគឺសំដៅទៅលើ​«លទ្ធផល​សិក្សា​របស់សិស្ស»«ការ​រៀននិងបង្រៀន»​​​«គណនេយ្យ​ភាពរបស់សាលារៀន»​​«ដំណើរ​​ប្រតិបត្តិការ​និងរដ្ឋបាល​សាលារៀន» និង​«ការចូលរួម​របស់សហគមន៍»ដែល​ទទួល​បាន​ពិន្ទុជាប់ស្តង់ដារ។

លោក​ស្រី វិច្ឆិកា មានប្រសាសន៍ថា៖ «កន្លងមក​​សាធារណជន​ក៏បាន​មើលឃើញ​និង​ទទួល​​ស្គាល់​នូវលទ្ធផលសិក្សា​របស់សិស្សនៅសាលា​បឋមសិក្សា​វត្តរាជបូណ៌ក៏ដូចជា​វិន័យ​អនុវត្ត​នៅ​ក្នុង​សាលាដែលធ្វើឱ្យសិស្សានុសិស្សហ្នឹងមិន​ត្រឹមតែទទួល​បានលទ្ធផល​សិក្សា​ល្អទេ​ក៏បុន្តែ​​ចរិយាសម្បទា ក៏ដូចជាបំណិន​ក្នុងការ​រស់នៅក្នុងសង្គម​ការចេះជួយគ្នាទៅវិញ​ទៅ​មក​ក៏ដូច​ជាការ​ចូលរួម​ជួយគាំទ្រពីសហគមន៍នៅ​ក្នុងសហគមន៍នោះ​មានការគាំទ្រ​និង​មាន​លទ្ធផល​ល្អប្រសើរ»

ជាមួយគ្នា​នេះ​លោកគ្រូ អន គុណរ័ត្ន នាយកសាលាបឋម​សិក្សា​​វត្ត​រាជបូណ៌ដែល​បង្រៀន​នៅសាលា​នេះជាង២៧ឆ្នាំមកហើយ បានប្រាប់​ខេម​បូចា​ថា សាលាបានយកចិត្តទុក​ដាក់​លើ​សុខុមាលភាពសិស្សានុសិស្ស និងគ្រូបង្រៀន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យគុណ​ភាព​នៃការ​បង្រៀន​និង​រៀន​ឱ្យ​បាន​កាន់តែប្រសើរ​ឡើង។

​លោក​ថ្លែងថា៖ «គុណភាពនៃការរៀន និង​បង្រៀនដោយផ្តោតលើសមាសភាគ៥​រួមមាន ការ​អប់រំ​បញ្ញា ការ​អប់រំកាយ ការអប់រំសិល្បៈ ការអប់រំពលកម្ម និងការអប់រំ​សោភ័ណ និងមានបំណិន​ជីវិត​ប្រកបដោយចតុស្តម្ភ»។

ក្រៅពីនេះសាលាបានអប់រំឥរិយាបថដល់សិស្សានុសិស្ស ជាពិសេសអប់រំពួកគាត់ឱ្យក្លាយ​ជាមនុស្ស​សកល និងជាធនធាន​មនុស្ស​ដល់ប្រទេសជាតិយើងផងដែរ​។សាលា​បឋម​សិក្សា​វត្ត​រាជបូណ៌ក៏បាន​អនុវត្តតាមកម្មវិធីសិក្សា​ដែលក្រសួងអប់រំបានដាក់បញ្ចូលតាមគ្រឹះស្ថាន​សិក្សា​ទូទាំងប្រទេសផង​ដែរ។ប៉ុន្តែលោកគ្រូ អន គុណរ័ត្ន​ បាន​បញ្ជាក់​ថា៖ «សាលាវត្តរាជបូណ៌បាន​​បន្ថែមឱ្យសិស្សានុសិស្ស​បានរៀនភាសា​បរទេស(បារាំង និងអង់គ្លេស​) និងថ្នាក់កុំព្យូទ័រ​ដោយ​ចាប់ពីកម្រិតថ្នាក់ទី៣ ដល់ទី៦ ជាពិសេសថ្នាក់កុំព្យូទ័រ​សិស្ស​អាចសរសេរកូដ និង​បង្កើតអេប​បាន និងមានកម្មវិធីផ្សេងៗ​ទៀតដែលធ្វើឱ្យមាតាបិតា និងសិស្សានុសិស្សមាន​ទំនុកចិត្ត​ក្នុងការ​មកកាន់សាលាបឋម​សិក្សាវត្តរាជបូណ៌»។

ទាក់​ទង​នឹងមុខវិជ្ជា​ដែល​ត្រូវ​បង្រៀន​សិស្ស​នេះដែរ​​អ្នកគ្រូ រិទ្ធិ លីដា អាយុ៤១ឆ្នាំបង្រៀន​ថ្នាក់​​ទី«២គ» នៃសាលាបឋមសិក្សាវត្តរាជបូណ៌ ដែល​មានសិស្សសរុប៦៤នាក់ (សិស្ស​ស្រី​២៧នាក់) បានថ្លែង​​កាលពីថ្ងៃទី២៤សីហាថា​ចាប់​​​ពីថ្នាក់​ទី៣​ដល់ថ្នាក់​ទី៦ សាលា​មាន​បង្រៀន​កម្មវិធី​បច្ចេក​វិទ្យា ដែលឱ្យសិស្សរៀនតាម​បែបវិទ្យាសាស្រ្តទំនើប និងស្រាវជ្រាវ​ផងដែរ។​កម្មវិធីអប់រំ​កាយ​ដែល​​ជាកម្មវិធីគ្រឹះសម្រាប់កុមារក្នុងការអភិវឌ្ឍ ជួយ​ដល់​ផ្នែក​ស្មារតី ធ្វើ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ និងលើកកម្ពស់ការលូតលាស់​តាមរយ:​ការ​ហាត់​ប្រាណ។

បន្ថែមពីនេះកម្ម​វិ​ធី​សិល្ប:តន្រ្តី​សម័យ គឺផ្តោតលើការរៀនភ្លេង និងច្រៀង​និងមានការ​បង្ហាញ​​​ស្នាដៃតន្រ្តីមួយឆ្នាំម្តង។កម្មវិធីតន្រ្តីបុរាណ​ គឺការបង្រៀនរាំសិល្ប:​បុរាណ ដើម្បី​​បណ្តុះ​គំនិត​នៃការ​ថែរក្សាវប្បធម៌ជាតិ។មាន​កម្មវិធីរៀនភាសាអង់គ្លេស និងភាសាបារាំង ដែលមានចាប់ពីថ្នាក់​ទី៣ ដល់ថ្នាក់ទី៦។អ្នកគ្រូបានថ្លែងទៀតថា៖ «ចំណែក​កម្មវិធីអប់រំ​សីលធម៌ គឺមាន​ព្រះសង្ឈនិមន្តមកបង្រៀន​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍។ កម្មវិធីអប់រំមនុស្ស​សកល មានស្អាត​ របៀប សុភាព ទៀងពេល និងសមាធិ (អប់រំឥរិយាបថ)   ដែលប្រកាន់​ភ្ជាប់នូវសីលធម៌ សុជីវធម៌ គុណធម៌ជាចម្បង។

អ្នកគ្រូ រិទ្ធិ លីដា បន្ថែមថាក្រៅពីនេះក៏មានការអប់រំតាមបែប​ស្ទែម បំណិន​ជីវិតក្នុងការ​ផលិត​ផលផ្សេងៗ និងមានកម្មវិធី​ជាច្រើន​ទៀតដែលធ្វើឱ្យ​សាលាវត្តរាជបូណ៌កាន់តែរីកចម្រើន និងស្ថិតនៅក្នុងបេះ​ដូង​សហគន៍។

សិស្សសាលាវត្តរាជបូណ៌ពេលគោរពទង់ជាតិកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)​​

វិន័យ​របស់សាលា

សម្រាប់​សិស្សានុសិស្សនៅសាលាវត្ត​រាជបូណ៌​គឺត្រូវមកដល់សាលា​រៀន​ឱ្យបាន​មុនម៉ោង​៦និង៤៥នាទី ដើម្បីចូលរួមគោរពទង់ជាតិរៀងរាល់ព្រឹក និងនៅ​ពេល​រសៀលពួកគាត់ត្រូវ​មកដល់សាលាឱ្យបាន​មុនម៉ោង១២និង​៤៥នាទី។ចំណែក​លោកគ្រូ អ្នកគ្រូ​វិញ​​ត្រូវ​មកដល់​សាលា​ពេលព្រឹកម៉ោង៦និង១៥នាទី និងរសៀលម៉ោង១២និង​១៥នាទី​ដើម្បី​រង់ចាំទទួល​សិស្សានុសិស្សនៅក្លោងទ្វារសាលារៀន។នេះបើតាម​លោកគ្រូ អន គុណរ័ត្ន។

លោកនាយកសាលា​មានប្រសាសន៍ថា៖ «អ្វីដែលពិសេសគឺសាលាបានជំរុញ និងអប់រំ​បុគ្គលិកសាលារៀន និងសិស្សានុសិស្សយើងឱ្យមានឥរិយាបថ(ញញឹមស្រស់ សំពះស្អាត ប្រតិបត្តិល្អ) ដើម្បីក្លាយជាមនុស្សសកល ( ស្អាត របៀប សុភាព ទៀងពេល សមាធិ)»។

លោក ដួង រួម​ វ័យ៤៩​ឆ្នាំ ជាគ្រូបង្រៀន​ថ្នាក់​ទី​«៦ក១​» និង​ជាប្រធានក្រុម​ស្វយភាពទី១នៃ​សាលា​បឋម​សិក្សាវត្តរាជបូណ៌បាន​​ឆ្លៀត​ប្រាប់​ខេមបូចា ខណៈ​លោក​​កំពុង​ទទួល​ចុះឈ្មោះ​សិស្ស​ថ្មី​ចូលរៀន​សម្រាប់​ឆ្នាំសិក្សាថ្មី​កាលពីថ្ងៃទី២៤​ខែសីហា​ថា ​ការដែល​សាលា​វត្តរាជបូណ៌​​មានភាពរីក​ចម្រើន​និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្អ​ដូច​សព្វ​ថ្ងៃនេះ​មួយ​ផ្នែក​គឺ​ដោយ​សារ​តែគណៈ​គ្រប់​គ្រង​ និង​លោកគ្រូអ្នកគ្រូ​បាន​ចូលរួម​សហការ​គ្នា​បានល្អ«​ដោយ​ចិត្ត​ដោយ​បេះដូងជ្រះថ្លា​»​​ធ្វើជាគំរូគ្រប់​យ៉ាង ​គោរព​វិន័យ​និង​​ពេល​វេលា។

លោកគ្រូ ដួង រួម ដែល​បាន​បង្រៀន​នៅសាលា​វត្ត​បូណ៌អស់រយៈ​ពេល​២៨ឆ្នាំមកហើយ​បញ្ជាក់ថា៖ «យើងធ្វើការ​ដោយ​កំណត់​ពេល​វេលា​បាន​ត្រឹមត្រូវដូចជាការ​ប្រជុំបច្ចេក​ទេស​​ដូចជាការ​អប់រំសិស្សតាម​ដងទង់ជាតិរាល់ព្រឹក។អ៊ីចឹងអ្វីដែល​ធ្វើឱ្យសាលា​វត្ត​​រាជបូណ៌កាន់​តែមាន​ភាព​ល្បីល្បាញ​យើងកាន់​តែ​​មានបទ​ពិសោធន៍​យើង​កាន់​តែ​រិះរកគំនិតថ្មីៗ​​ដោយ​ប្រជុំ​​ដើម្បី​​អភិវឌ្ឍ​កែលម្អគ្នា​លើ​ចំណុចខ្វះខាត​មួយចំនួន»

បច្ចុប្បន្ន​ភាពនៃ​ចំនួន​ថ្នាក់​រៀន​និងចំនួនសិស្ស​

លោក​នាយក​សាលា​បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤​នេះសាលា​វត្ត​រាជបូណ៌មានថ្នាក់រៀន​សរុប​ចំនួន​១១៦ (ព្រឹក៥៨​ថ្នាក់​ រសៀល៥៨​ថ្នាក់ ) មានចាប់ពីថ្នាក់​មត្តេយ្យកម្រិតខ្ពស់ ដល់ថ្នាក់ទី៦។ ក្នុងនោះ មត្តេយ្យមាន​១៤ថ្នាក់​ ថ្នាក់ទី១មាន២០ថ្នាក់ ថ្នាក់​ទី២មាន១៨ថ្នាក់ ទី៣មាន១៦ថ្នាក់ ទី៤មាន១៦ច្នាក់ ទី៥មាន១៦ថ្នាក់ ទី៦មាន១៦ថ្នាក់ ហើយ​ក្នុង​មួយ​ថ្នាក់ៗមាន​សិស្ស​ចន្លោះពី៥០ទៅ​៦៥​នាក់។សាលា​មាន​សិស្ស​សរុបចំនួន ៥៦៣៨ នាក់ និង​បុគ្គលិក១២៩នាក់។

សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ខាងមុខ សាលាបានកំណត់រួច​ជាស្រេចហើយថា​នឹង​មិន​មាន​ការបង្កើនថ្នាក់ឬគ្រូបង្រៀន​ទៀតទេ បានន័យថា គឺ​រក្សាឱ្យនៅដដែល ឬអាច​កាត់​បន្ថយខ្លះ​ដើម្បី​បានចំនួនសិស្សតាមបន្ទប់រៀន​ឱ្យល្មមកុំឱ្យច្រើនលើសនិយាមខ្លាំងពេក។

លោកគ្រូ អន គុណរ័ត្ន បញ្ជាក់​ថា៖ «សាលាបឋមសិក្សាវត្តរាជបូណ៌ មាន​ការកៀរគរ​ធនធាន​បន្ថែមពីសហគមន៍(អាណាព្យាបាលសិស្ស)។ចំពោះការចូលរៀន​នៅសាលា​យើង​គឺមិនមាន​ការបង់ថ្លៃនោះទេ»។ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សាលា​បានជួយ​សិស្ស​ដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច ឱ្យបញ្ចប់ការ​សិក្សាបានដោយជោគ​ជ័យ។

លោក​លើលឡើងថា៖ «សិស្សរបស់យើងខ្លះ​ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​រហូតដល់ពួកគេបញ្ចប់ការសិក្សានៅវិទ្យាល័យ អ្នកខ្លះថែមទាំង​ទទួលបាន​ជំនួយ​ផ្នែកហិរញ្ញវត្ថុបន្ថែមទៀតនៅពេលពួកគេចូលរៀននៅសកលវិទ្យាល័យ​ទៀតផង»។ បើតាមលោកគ្រូ អន គុណរ័ត្ន ​លោកគ្រូអ្នកគ្រូដែល​បង្រៀននៅសាលា​បឋមសិក្សា​វត្តរាជបូណ៌ទទួលបាន​តែប្រាក់ខែរដ្ឋប៉ុណ្ណោះ​មិនទទួលបានប្រាក់ឧត្ថម្ភពិសេស​អ្វីផ្សេងនោះទេ។

បញ្ហាប្រឈម

​លោកគ្រូ អន គុណរ័ត្ន បានឱ្យដឹងថា សាលា​បឋមសិក្សា​វត្ត​រាជបូណ៌នៅ​តែ​ប្រឈមបញ្ហា​មួយ​ចំនួន​ដូចជា​សិស្ស​លើសនិយាមនិង​ខ្វះអគារសិក្សា (ភាគច្រើនជាអគារផ្ទាល់ដី)​​ជាដើម​។

លោកគ្រូដួង រួមក៏បាន​លើកឡើង​ដែរ​ថា ​សាលា​រៀន​ដែល​មាន​សិស្ស​ច្រើន(៥៦៣៨នាក់)​តែង​តែមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​គឺ​ជារឿង​ធម្មតា ដូចជា​ប្រឈម​​ជាមួយ​ឪពុក​ម្តាយ​អាណា​ព្យាបាល​​សិស្ស​ប្រឈម​ជាមួយថ្នាក់​ដឹកនាំក្រសួង​ មន្ទីរ​និង​ក៏ប្រឈម​ជាមួយកូន​សិស្សផង​ដែរ។

លោកថ្លែង​ថា៖ «អ៊ីចឹង​វាមានការ​ពិបាកក្នុងការ​អភិវឌ្ឍ​ដែរ​ប៉ុន្តែទោះបី​យ៉ាង​ណា​យើងនៅតែខិត​ខំព្យា​យាម​ដើម្បី​ធ្វើឱ្យសាលា​កាន់​តែ​មាន​ភាព​រីក​ចម្រើន»។​​

បន្ថែមពីនេះ​អ្នកគ្រូ រិទ្ធិ លីដា ក៏បានឱ្យដឹង​ថា​ ការលំបាកមួយផ្នែក​ផ្សេង​ទៀត​គឺលោកគ្រូ អ្នកគ្រូដែលពួកគាត់​មានវ័យចំណាស់ ត្រូវព្យាយាមខ្លាំងលើការស្វែងយល់ និងរៀនបន្ថែម​រហូត​ពីវិធីសាស្រ្តថ្មីៗ​លើផ្នែកបច្ចេកវិទ្យា និងភាសាបរទេស​ដើម្បីឱ្យការបង្រៀនរបស់ពួក​គាត់​​ដើរឱ្យទាន់​សម័យ​កាល។

ឪពុកម្តាយ និងអាណាព្យាបាលសិស្សរង់ចាំចុះឈ្មោះឱ្យកូនចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មីនៅសាលាវត្តរាជបូណ៌កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)

លក្ខណៈ​ពិសេស​របស់សាលា​វត្តរាជបូណ៌

អ្នកគ្រូ រិទ្ធិ លីដា បាន​ថ្លែង​ថា​លក្ខណៈពិសេសក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ​នៅ​សាលាវត្តរាជ​​បូណ៌ដែល​ធ្វើឱ្យសាលាវត្តរាជបូណ៌មានកេរ្តិ៍ឈ្មោះល្បីក្លាយជាសាលាគំរូ គឺ​ដោយ​​សារ​បច្ចេក​ទេស​បង្រៀន​ មានវិធីសាស្រ្តក្នុងការបង្រៀនល្អ ការយកចិត្តទុកដាក់​ក្នុង​ការ​បង្រៀនក្នុង​នោះ​​មាន​​ការជួយសិស្សរៀនយឺតឱ្យរៀនទាន់គ្នា មានសម្ភារសិក្សា និងមាន​ការជំរុញ​លើកទឹកចិត្ត​សិស្សឱ្យខិតខំរៀនសូត្រ មានការ​ធ្វើ​ពិសោធន៍​ចំពោះមុខវិជ្ជា​វិទ្យា​សាស្រ្ត មានការហ្វឹកហាត់លំហាត់ និងកិច្ចការផ្ទះ​ជាដើម​។

អ្នកគ្រូ​ រិទ្ធិ លីដា ​ដែល​ធ្វើ​ជាគ្រូបង្រៀនរយៈពេល២០ឆ្នាំមក​ហើយ​ក្នុង​នោះ​បង្រៀននៅ​សាលាវត្តបូណ៌​រយ:ពេល​៧ឆ្នាំបញ្ជាក់​​ថា៖ «ទំនាក់ទំនងល្អរវាងគណៈគ្រប់គ្រង និង​បុគ្គលិក ទំនាក់ទំនងល្អរវាងគ្រូ និងគ្រូ ការសាមគ្គីជាធ្លុងមួយក្នុងការ​ដឹកដៃគ្នាឈានទៅមុខ ការបង្រៀនទៀងទាត់ពេលវេលា មានមនសិការខ្ពស់ក្នុងការបង្រៀន​ពិសេសគឺបង្រៀន​ដោយ​ប្រើបេះដូង»។ បន្ថែម​ពីនេះសាលា​មានទំនាក់ទំនងល្អជាមួយសហគមន៍ មាតាបិតាសិស្ស ក្នុងការផ្តល់​ព័ត៌មាន​​ពីការ​សិក្សារបស់សិស្ស ឬព័ត៌មាន​អំពីកម្មវិធីផ្សេងៗ តាមរយៈក្រុមថ្នាក់​រៀន​នីមួយៗ និងគេហទំព័រ​របស់​សាលារៀន។

ចំណាប់អារម្មរណ៍អ្នកផ្តល់ជំនួយ​និងមាតាសិស្ស

លោកស្រី ​លី ពញារី ប្រធាន​ស្ថាបនិកអង្គការ​មូលនិធិលីពញារី ដែល​មានកូន​និងក្មួយ៨​នាក់​ធ្លាប់​រៀន​នៅសាលា​វត្តរាជបូណ៌បាន​ថ្លែងថា៖ «កូនក្មួយរបស់ខ្ញុំផ្ទាល់ឡើងថ្នាក់​ផុតសាលា​បឋមវត្ត​រាជបូណ៌អស់ហើយ។​តែខ្ញុំមានសិស្សដែលមានជីវភាពលំបាក​ដែលខ្ញុំជួយកំពុង​សិក្សានៅសាលានេះ។កូនៗខ្ញុំស្តាប់បង្គាប់និងរៀនពូកែ។អ្នកចេញ​ពីសាលាវត្តរាជបូណ៌មានអត្តចរឹតល្អ»។លោកស្រីបាន​ថ្លែង​ប្រាប់​ខេមបូចា​កាលពីថ្ងៃទី​២៤​​ខែ​សីហា​ខណៈ​កំពុង​ជូនក្មួយ​បង្កើត​ម្នាក់​ឡើងយន្តហោះទៅសិក្សានៅសហរដ្ឋអាមេរិកថា៖ «ក្មួយខ្ញុំគាត់​ទទួល​បាន​​អាហារូបករណ៍។​គាត់ជាអតីតសិស្សសាលាវត្តរាជបូណ៌និងសិស្សច្រើនទៀតក៏ទទួល​បានអាហារូបករណ៍​ដែរ។​សិស្សរៀននៅសាលាវត្តរាជបូណ៌មានអនាគតល្អ»

លោកស្រី លី ពញារី បានឱ្យដឹងទៀតថា គិត​រហូតមក​ដល់ពេល​បច្ចុប្បន្ន មូលនិធិលីពញារី បានជួយ​សិស្សដែលមានជីវភាពខ្វះខាតបានរាប់ពាន់នាក់ហើយគ្រាន់តែខ្លះបានជោគជ័យ​ខ្លាំងខ្លះល្មមនិងមាន​ខ្លះក៏បោះបង់​ការសិក្សា​ដែរ។បច្ចុប្បន្ន​អង្គការ​មូលនិធិលីពញារីដែល​ទទួលបាន​ជំនួយ​ពីសប្បុរសជន​នៅក្រៅប្រទេស​ បាននិង​កំពុង​បន្តជួយ​ឧបត្ថម្ភសម្ភារសិក្សាឯកសណ្ឋាន​​ដល់​សិស្សសាលាវត្តរាជបូណ៌រហូតដល់ចប់វិទ្យាល័យ​និងមានឧបត្ថម្ភ​កង់​សម្រាប់​សិស្ស​រៀន​ចប់ថ្នាក់​ទី៦។សម្រាប់​សិស្សពូកែអាចទទួល​បានអាហារូបករណ៍​ទៅ​សាកលវិទ្យាល័យ។​ឆ្នាំនេះ​មានសិស្ស​ក្នុង​គម្រោង​ដែលសិក្សានៅសាលាវត្តរាជបូណ៌ប្រហែល​៤០០នាក់។

អ្នកស្រី ឡៅ សំចរិយា ជាមាតាដែលមានកូនប្រុស ស្រី ចំនួន៣នាក់រៀននៅសាលាវត្ត​រាជបូណ៌កូនស្រីទី១ រៀនថ្នាក់ទី៦កូនប្រុសទី២ រៀនថ្នាក់ទី២និងកូនស្រីទី៣ រៀនថ្នាក់ទី១ បាន​ថ្លែង​ថា សាលារៀនមានសុវត្ថិភាព មាន​សន្តិសុខ សណ្តាប់ធ្នាប់ល្អ សិស្សរៀន​ទទួល​បាន​ចំណេះដឹង​ល្អដែលធ្វើឱ្យមាតាបិតាសិស្ស​មានភាពកក់ក្តៅ និងមាន​ទំនុកចិត្ត។

អ្នកស្រីបញ្ជាក់ថា៖ «សាលាបានយកចិត្តទុកដាក់លើសុខុមាលភាពសិស្សានុសិស្ស និង​គ្រូបង្រៀនឱ្យកាន់តែប្រសើរឡើង។គុណភាពនៃការរៀន និងបង្រៀនដោយផ្តោត​លើ​សមាសភាព​៥រួមមាន ការអប់រំបញ្ញា ការអប់រំកាយ ការអប់រំសិល្បៈ ការអប់រំពលកម្ម និង​ការអប់រំសោភ័ណ និងមានបំណិនជីវិតប្រកបដោយចតុស្តម្ភ»។

ចំណែក​អ្នកស្រី ​អ៊ុំ សុមាលី បាន​ឱ្យដឹងថា ​កូនស្រីទាំង៣នាក់​​របស់​អ្នកស្រី​រៀននៅសាលា​បឋមសិក្សា​វត្តរាជបូណ៌តែកូនស្រីធំបានរៀន​ចប់នៅសាលានេះ​និងបន្តទៅរៀននៅសាលា​១០មករា១៩៧៩​ហើយខណៈកូនទី២រៀន​ថ្នាក់​ទី៦​និងកូន​ទី៣​រៀន​ថ្នាក់ទី៤។

​អ្នកស្រី​និយាយ​​ថា៖ «បានជាខ្ញុំបញ្ចូនកូនៗឱ្យទៅរៀននៅសាលា​វត្តរាជបូណ៌​ព្រោះដោយ​មើល​ឃើញថា​ សាលាមានសុវត្តិភាពល្អមានរបងជុំវិញមានអ្នក​យាម​ជាប្រចាំនិងមាន​សណ្ដាប់​ធ្នាប់ល្អថ្នាក់ដឹកនាំសាលានិងលោកគ្រូអ្នកគ្រូមានទំនួលខុសត្រូវខ្ពស់ក្នុងការ​ងារ»

អ្នកស្រីបន្តថា ចំពោះកូនៗ​របស់​អ្នកស្រី​នៅពេលដែលពួកគាត់បាន​ទៅ​សិក្សានៅសាលា​បឋមសិក្សា​​វត្តរាជបូណ៌​គឺពួកគាត់មានឥរិយាបថល្អ​មានសុជីវធម៌ល្អ​និងមាន​ទំនួល​ខុស​ត្រូវចេះដឹងចាស់ទុំ។

អ្នកស្រីបន្ថែមថា៖ «ចំពោះការរៀនសូត្រ​គឺនិយាយបានថាពូកែនិង​ច្បាស់​លាស់ដោយ​ខាង​សាលាតែងតែផ្ដល់ព័ត៌មានដល់អាណាព្យាបាល​នូវបញ្ហានិងចំណុច​ខ្វះខាត​របស់​កូន​ដែលអាចឱ្យនាងខ្ញុំកាន់តែងាយស្រួលក្នុងការជួយជំរុញនិងលើកទឹកចិត្តបន្ថែមទៀត»

ផែនការ​ទៅថ្ងៃមុខ

សម្រាប់ផែនការបន្តនៅ​ឆ្នាំ​សិក្សា​ខាងមុខៗ លោកគ្រូ អន គុណរ័ត្ន បាន​ឱ្យដឹងថា សាលា​នឹង​​បង្កើតថ្នាក់រៀនពេញមួយថ្ងៃ ជំរុញការប្រើប្រាស់កញ្ចប់អំណាន និងគណិតវិទ្យា​កាត់​បន្ថយ​អត្រាត្រួតថ្នាក់នៅថ្នាក់ទី១ យ៉ាងច្រើនត្រឹម ២%។​លោកបន្ថែមថា៖ «បង្កើន​អត្រា​ឡើងថ្នាក់គ្រប់កម្រិត​លើស៩៨​% បង្កើនការប្រើប្រាស់សម្ភារ ធនធានមនុស្ស បរិស្ថាន​ដែល​មានស្រាប់ប្រកបដោយប្រសិទ្ធ​ភាព ពង្រឹងកិច្ចសហការ ទំនាក់ទំនងជាមួយ​សហគមន៍ជាតិ អន្តរជាតិ ឱ្យកាន់តែមានភាព​ល្អប្រសើរ»

ជាមួយគ្នា​នេះ លោកស្រី ឃួន វិច្ឆិកា ​ថ្លែង​ថា៖ «តាម​រយៈ​លទ្ធផល​ល្អ(ការសិក្សាល្អ បង្រៀន​ល្អ)នេះ​ហើយបាន​ធ្វើឱ្យមាតាបិតាជាច្រើន​នាំកូនទៅចុះ​ឈ្មោះចូលរៀន​នៅសាលា​វត្តរាជបូណ៌មានចំនួន​ច្រើន​ហើយ​ដើម្បី​ឆ្លើយ​តប​នូវតម្រូវការការ​ចុះឈ្មោះ​ចូលរៀន​បន្ថែម​ច្រើន​នេះ​ក្នុង​ឆ្នាំនេះក្រសួង​ក៏មាន​ផែនការសាងសង់អគារសិក្សា​ថ្មី​១ខ្នងដែល​មាន២៤បន្ទប់​»លោក​ស្រី​លើកឡើងថា បើទោះបីជាសាលាវត្តរាជបូណ៌មាន​ចំនួន​សិស្សចុះឈ្មោះ​​ចូលរៀន​ច្រើនយ៉ាង​ណា​ក្តី​​ក៏ក្រសួង​មើលឃើញថា សាលា​នៅតែបានដើរតួនាទី​យ៉ាងល្អ​នៅក្នុងការ​គ្រប់គ្រង​ទាំង​វិន័យ ​ទាំងការ​ទទួលបានលទ្ធផល​សិក្សាល្អ​របស់សិស្ស។

បើតាម​លោកស្រី ឃួន វិច្ឆិកា ​គិតត្រឹមឆ្នាំ២០២៤​នេះ​ក្រសួង​អប់រំ​បាន​ទទួលស្គាល់​សាលា​រៀន​​គំរូមាន​ចំនួន​១២០សាលា​ដែល​នៅក្នុងនោះ​មានទាំង​កម្រិត​មត្តេយ្យសិក្សា បឋមសិក្សា​និង​អនុវិទ្យាល័យផងដែរ។​ទាក់ទង​ទៅនឹងការលើកឡើង​របស់​លោកហ៊ុន ម៉ាណែត​ដែល​ថា​រដ្ឋាភិបាល​មានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​ចំនួន​៧០០០​កន្លែង​ ឱ្យមានគុណ​ភាព​ខ្ពស់​​ដូច​សាលាវត្តរាជបូណ៌​លោក​ស្រី​ ឃួន វិច្ឆិកា​បាន​បដិសេធធ្វើអត្ថាធិប្បាយ​ដោយ​ណែនាំឱ្យ​សួរទៅ​អ្នកនាំពាក្យផ្ទាល់​របស់​លោក​ហ៊ុន ម៉ាណែត។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា បាន​សរសេរ​នៅពីលើឃ្លីបវីដេអូ​របស់​លោក​នាយក​រដ្ឋមន្ត្រី​​ដែល​​​និយាយ​ពីការ​ចង់​កែប្រែសាលា​រដ្ឋ​៧០០០​កន្លែង​ឱ្យដូច​សាលា​រៀន​វត្តរាជបូណ៌ថា៖ «ខ្ញុំជឿថាសម្តេចអាចធ្វើបាន ប៉ុន្តែត្រូវប្តូរអ្នកគ្រប់គ្រងនិងការ​ដឹក​នាំនៅសា​លា​រដ្ឋទាំងនោះ។ការផ្លាស់ប្តូររបៀបគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ​គឺជាមូលដ្ឋាន​គ្រឹះ​នៃ​កំណែទម្រង់វិស័យអប់រំនៅថ្នាក់ក្រោមជាតិ»

លោកលើកឡើង​ថា​ ហេតុដូច្នេះ​ក្រសួង​អប់រំ​ត្រូវរៀបចំ​បោះឆ្នោតជ្រើសរើសនិង​កំណត់​អាណត្តិរបស់អ្នកដឹកនាំនៅក្នុងវិស័យអប់រំ​ដូចជា​នាយកសាលាប្រធានដេប៉ាតឺម៉ង់ ព្រឹទ្ធបុរស, និងសាកលវិទ្យាធិការ…​យ៉ាងយូរបំផុតត្រឹមតែ២អាណត្តិ ឬ១០ឆ្នាំ។

លោក ចន្ទរឿន​ ថ្លែង​ថា៖ «ប្រទេសមួយចំនួននៅអាស៊ានដូចជាម៉ាឡេស៊ី, ឥណ្ឌូនេស៊ី​និង​សិង្ហបុរី ជាដើមបានអនុវត្តគោលនយោបាយបែបនេះច្រើនឆ្នាំមកហើយ។ ហេតុនេះ​វិស័យ​អប់រំរបស់គេមានគុណភាពនិងរីកចម្រើនទៅមុខ»

352 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម