សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលនឹងបើកដំណើរការសាក​ល្បង​ព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

យន្តហោះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រូបភាពថតថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)
យន្តហោះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រូបភាពថតថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលនឹងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។

ក្រុមការងារអន្តរក្រសួង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញ- ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

រូបភាពកំណត់សម្គាល់ច្រកចេញចូល ចំណតឡាន ម៉ូត កង់ និងបន្ទប់ទឹក នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បាន តុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញម៉ោង ៩:00 យប់។

កាលពីថ្ងៃទី​៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥ ​ព្រលាន​យន្ត​​ហោះភ្នំពេញ​ ត្រូវ​បាន​រដ្ឋលេខាធិការ​នៃ​អាកាសចរណ៍ប្រកាសបិទ និង​បាន​ប្រកាស​បើក​ដំណើរ​ការ​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​តេជោ នៅ​ក្នុង​ខេត្ត​កណ្តាល​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម