សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កិច្ចប្រជុំពិសេសលើកទី១គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ ទទួលបានលទ្ធផលវិជ្ជមានច្រើន

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ជាសហប្រធាន នៃកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង ប្រទេសកម្ពុជា។ (រូបភាព៖ ក្រសួងការពារជាតិ)
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ជាសហប្រធាន នៃកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង ប្រទេសកម្ពុជា។ (រូបភាព៖ ក្រសួងការពារជាតិ)

កិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលដឹនាំដោយរដ្ឋ​មន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ជាសហប្រធាន នៅថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង ប្រទេសកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ៗជាច្រើន រួមមាន ពាក់ព័ន្ធនឹងបញ្ហាកងទ័ពកម្ពុជា​១៨នាក់ ការងារដោះមីនមនុស្សធម៌ និងសំណូមពររបស់ប្រទេសជប៉ុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ស្តីពី ការងារដោះមីនមនុស្សធម៌ ក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។

ភាគីទាំងពីរនឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល១ខែខាងមុខ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្តើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

អង្គប្រជុំក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និង ស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែង​ដើម្បី វិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឱ្យប្រទេសទាំងពីរពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ ខ្សែច្រវាក់ផ្គត់ផ្គង់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម