សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយលើវិស័យ​បោស​សម្អាតគ្រាប់​មីន​ដល់កម្ពុជាឡើងវិញ

បុគ្គលិក CMAC បង្ហាញគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ។ រូបថតនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការប្រកាសរបស់លោកអំពីការបញ្ឈប់សកម្មភាពរបស់ពួកគេបន្ទាប់ពីការផ្អាកមូលនិធិរបស់ USAID ។
បុគ្គលិក CMAC បង្ហាញគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ។ រូបថតនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការប្រកាសរបស់លោកអំពីការបញ្ឈប់សកម្មភាពរបស់ពួកគេបន្ទាប់ពីការផ្អាកមូលនិធិរបស់ USAID ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយតាមរយៈអង្គការដៃគូដើម្បីបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញដល់កម្ពុជាតាមកិច្ចសន្យាដែលមានស្រាប់។ យោងតាមសាររបស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC នៅថ្ងៃទី២០ ខែកុម្ភៈនេះ។

លោក រតនា បានថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនដំណឹងថា​នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)​ អង្គភាពស៊ីម៉ាក់ (CMAC) បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់​នោះ​ បានបញ្ជាក់ថា​ បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់»

លោកបាន​បន្តថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ​ សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក​។

ទន្ទឹមនឹងនេះលោកក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍​ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា​ និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក​ ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា​ ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ​ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ។

កាលពីថ្ងៃទី៣១ ខែមករា លោក រតនា បានសរសេរសារក្នុងហ្វេសប៊ុករបស់លោក ថា អង្គការស៊ីម៉ាក់ (CMAC) ​បានជូនដំណឹងដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួនប្រាំបី​ ថា​ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការនៅខេត្តចំនួនប្រាំបី​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ។

486 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម