ក្តីសង្ឃឹមដែលរំពឹងថាជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) អាចនឹងវិលត្រឡប់មកវិញបានក្លាយទៅជាការអស់សង្ឃឹម ក្រោយឯកសារបែកធ្លាយមួយបានរៀបរាប់អំពីការលុបចោលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្តល់មូលនិធិសម្រាប់កម្មវិធី USAID ចំនួន៣០នៅកម្ពុជា។
លោកប្រធានាធិបតី Donald Trump បានបញ្ជាក់សារជាថ្មីនូវគោលនយោបាយ «America First» របស់គាត់ដោយបានផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេសទាំងអស់នៅពេលចាប់ផ្តើមតំណែងឡើងវិញនៅថ្ងៃទី២០ ខែមករា។ ត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះក្នុងការពិនិត្យឡើងវិញ អ្នកផ្តល់ព័ត៌មានម្នាក់បានឱ្យសមាជិកព្រឹទ្ធសភាអាមេរិកនូវបញ្ជីនៃកម្មវិធី USAID រាប់ពាន់ដែលត្រូវបានបញ្ចប់។
កាលពីថ្ងៃចន្ទ រដ្ឋលេខាធិការ Marco Rubio បានប្រកាសពីការត្រួតពិនិត្យក្នុងរយៈពេលប្រាំមួយសប្តាហ៍របស់រដ្ឋបាលអាមេរិកទៅលើ USAID ដោយកាត់បន្ថយ ៨៣ភាគរយនៃកម្មវិធីរបស់ USAID។ ការពិនិត្យឡើងវិញបាននាំទៅដល់ការបញ្ចប់កិច្ចសន្យាប្រហែល ៥ ២០០ ដោយក្រុមមន្ត្រីបានលើកឡើងពីការមិនសមស្របនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ Rubio ក៏បានបញ្ជាក់ផងដែរថា កម្មវិធីជំនួយដែលនៅសេសសល់នឹងត្រូវប្តូរទៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស។
នៅក្នុងឯកសារបែកធ្លាយចំនួន ៣៦៨ទំព័រ ដែលរៀបរាប់លម្អិតអំពីការបញ្ចប់កិច្ចសន្យារបស់ USAID ក្នុងនោះ កិច្ចសន្យាចំនួន ៣០ នៅកម្ពុជាដែលមានបង្ហាញក្នុងទំព័រ ១៤៧ ដល់ ១៤៩ ត្រូវបានលុបចោល ដែលមានតម្លៃសរុបចំនួន ២៦០ លានដុល្លារ។ កិច្ចសន្យាទាំងនេះបានផ្តល់មូលនិធិដល់កម្មវិធីសំខាន់ៗក្នុងវិស័យសុខាភិបាល ការអប់រំ ការការពារកុមារ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល សិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
អង្គការសង្គមស៊ីវិលដែលពឹងផ្អែកលើការផ្តល់មូលនិធិពី USAID ត្រូវបានជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យា ដោយទុកឱ្យពួកគេមានជម្រើសតិចតួចដូចជា ការស្វែងរកការគាំទ្រពីម្ចាស់ជំនួយផ្សេងទៀត ឬរដ្ឋាភិបាល បង្រួមទំហំប្រតិបត្តិការការងារ ឬពឹងផ្អែកលើអ្នកស្ម័គ្រចិត្ត ហើយក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតគឺនឹងត្រូវដួលរលំ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការព្រួយបារម្ភអំពីការកាត់ជំនួយនោះទេ។
ក្នុងចំណោមកិច្ចសន្យាដែលបានលុបចោលចំនួន ៣០ មានតែ ៩ ប៉ុណ្ណោះដែលត្រូវបានផ្តល់មូលនិធិរួចហើយ ខណៈដែល ២១ កិច្ចសន្យាទៀតកំពុងបន្ត ប៉ុន្តែឥឡូវនេះត្រូវបានបញ្ចប់ហើយ។
ការកាត់ផ្ដាច់នេះរួមមានមូលនិធិចំនួន ២៥ លានដុល្លារសម្រាប់គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) និង ៧ លានដុល្លារទៀតសម្រាប់កម្មវិធីដែលផ្តល់មូលនិធិដោយ USAID គាំទ្រកិច្ចសហការរបស់អង្គការយូនីសេហ្វជាមួយក្រសួងអប់រំរបស់កម្ពុជា ដើម្បីកែលម្អការបណ្តុះបណ្តាលគ្រូ និងការគ្រប់គ្រងអប់រំ និង ២០ លានដុល្លារសម្រាប់សកម្មភាពអភិវឌ្ឍន៍កុមារតូច (IEDC)។
ក្នុងវិស័យសុខាភិបាល ការផ្តល់មូលនិធិចំនួន ១៥ លានដុល្លារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារជំងឺរបេងត្រូវបានលុបចោល ទោះបីជាការរីករាលដាលនៃជំងឺរបេងនៅកម្ពុជាកាន់តែអាក្រក់នៅឆ្នាំ២០២៤ ក៏ដោយ។ ក្នុងឆ្នាំ២០២៤មានករណីជំងឺរបេងចំនួន ៣៣៣៦៣ករណី ត្រូវបានរាយការណ៍ ដែលបានកើនឡើងបន្តិចពី ៣២២៨៦ ករណីក្នុងឆ្នាំ២០២៣។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឆ្ពោះទៅរកការសម្រេចបាននូវគោលដៅគ្មានការរាតត្បាតនៃជំងឺរបេងនាឆ្នាំ២០៣០។
លើសពីនេះ ថវិកាចំនួន ១៩ លានដុល្លារសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា (CMEP 2) ក៏ត្រូវបានបញ្ចប់ផងដែរ។ ទន្ទឹមនេះ មូលនិធិ ២៤ លានដុល្លារសម្រាប់មជ្ឈមណ្ឌលភាពជាដៃគូកសិកម្មនាពេលអនាគតរបស់កម្ពុជា និងកម្មវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលមានទឹកប្រាក់ចំនួន ១៣ លានដុល្លារក៏ត្រូវបានបញ្ចប់ដែរ។
លើសពីគំនិតផ្តួចផ្តើមដែលផ្តោតលើការអភិវឌ្ឍ សង្គមស៊ីវិល និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក៏ត្រូវបានរងការប៉ះពាល់។ សកម្មភាពអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចំនួន ៧ លានដុល្លារ ដែលគាំទ្រដល់សារព័ត៌មានឯករាជ្យត្រូវបានលុបចោល រួមជាមួយនឹងគម្រោងចំនួន ២០ លានដុល្លារ ដែលរៀបចំឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់សង្គមស៊ីវិលកម្ពុជា និងពង្រីកលំហពលរដ្ឋ សកម្មភាពសិទ្ធិមនុស្ស ការការពារសេរីភាពជាមូលដ្ឋាន ប្រជាធិបតេយ្យ សិទ្ធិដីធ្លី និងធនធានធម្មជាតិ។
កម្មវិធីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិកម្មករនៅកម្ពុជាដែលមានតម្លៃ ១០ លានដុល្លារ ក៏ត្រូវបានលុបចោល ក៏ដូចជាសកម្មភាពភាពធន់របស់សង្គមស៊ីវិលចំនួន ១២ លានដុល្លារផងដែរ។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children Cambodia បានលើកឡើងថា ការបញ្ចប់កិច្ចសន្យាជំនួយរបស់សហរដ្ឋអាមេរិក ជាគ្រោះមហន្តរាយដែលមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើមនុស្សរាប់ពាន់នាក់ ជាពិសេសកុមារ។
លោកថ្លែងថា៖ «ការសម្រេចចិត្តនេះគឺខុស។ វាប៉ះពាល់ដល់អាយុជីវិត ការអប់រំ និងអ្នកងាយរងគ្រោះ»។
ចៅក្រមសហព័ន្ធអាមេរិកបានបញ្ជាឱ្យរដ្ឋបាល Trump បង់ប្រាក់ទៅមូលនិធិ USAID ជិត ២ ពាន់លានដុល្លារដែលដកហូតដោយខុសច្បាប់នូវជំនួយរបស់ USAID។
អង្គការ Save the Children Cambodia បានបាត់បង់កិច្ចសន្យាចំនួនពីរ ដែលជួយដល់កុមារ និងជនមានពិការភាព ហើយក៏បានបង្ខំឱ្យបញ្ឈប់បុគ្គលិកផងដែរ។ លោក រស្មី បាននិយាយថា ការស្វែងរកម្ចាស់ជំនួយបន្ទាន់គឺពិបាក ហើយវាក៏ត្រូវការពេលវេលាយូរ។
លោកបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ និងបានអំពាវនាវឱ្យម្ចាស់ជំនួយផ្សេងទៀត ដោយលើកឡើងពីសារៈសំខាន់របស់ក្រុមសង្គមស៊ីវិលក្នុងការបំពេញចន្លោះដែលនៅសេសសល់ដោយរដ្ឋាភិបាល។
លោកបានលើកឡើងថា មានជម្រើសតែ២ទេដែលអាចធ្វើបាន គឺការស្វែងរកម្ចាស់ជំនួយថ្មី និងការចរចារសម្រាប់មូលនិធិរបស់រដ្ឋាភិបាលកម្ពុជា ទោះបីជាការគាំទ្រអាចមានភាពយឺតយ៉ាវក៏ដោយ។ លោកក៏បានសម្តែងការព្រួយបារម្ភថា ប្រសិនបើស្ថានការណ៍នៅតែបន្តដោយគ្មានជំនួយ អង្គការសង្គមស៊ីវិលអាចនឹងដួលរលំ។
អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសម្តែងការព្រួយបារម្ភចំពោះការកាត់ផ្តាច់មូលនិធិភ្លាមៗ ដោយពន្យល់ថា អង្គការរបស់អ្នកស្រីបានទទួលការជូនដំណឹងជាផ្លូវការពីក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការបញ្ចប់ជាឯកតោភាគីនៃគម្រោងដែលផ្តល់មូលនិធិដោយ USAID របស់ខ្លួន។ លោកស្រីបានលើកឡើងពីផលប៉ះពាល់យ៉ាងសំខាន់នៃការបាត់បង់មូលនិធិនេះ ជាពិសេសទៅលើអង្គការដែលពឹងផ្អែកលើការគាំទ្រដោយផ្ទាល់ពី USAID ដោយជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត។
អ្នកស្រីបន្ថែមថា៖ «នៅពេលអនាគត អង្គការសង្គមស៊ីវិលនឹងដំណើរការក្នុងទំហំតូចជាងមុន ឬបុគ្គលិកអង្គការសង្គមស៊ីវិលអាចនឹងត្រូវបន្តការងាររបស់ពួកគេដោយស្ម័គ្រចិត្ត»។
អ្នកស្រីបានអំពាវនាវឱ្យអ្នកផ្តល់មូលនិធិពីប្រទេសប្រជាធិបតេយ្យផ្សេងទៀតមកចូលបំពេញការកាត់ផ្តាច់នេះ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសជំរុញឱ្យស្ថាប័នដូចជាសហភាពអឺរ៉ុបស្វែងរកប្រភពមូលនិធិជំនួសដើម្បីបំពេញចន្លោះដែលបន្សល់ទុកដោយការដកខ្លួនរបស់ USAID ។
ដូចគ្នានេះដែរ លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហាញក្តីសង្ឃឹមក្នុងការទាញយកមូលនិធិដែលបាត់បង់មកវិញ ប៉ុន្តែបានទទួលស្គាល់ការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការកាត់ផ្តាច់នេះ។
លោកបានមានប្រសាសន៍ថា៖ «សហគមន៍ជាច្រើនពឹងផ្អែកលើអ្នកដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់។ បើគ្មានមូលនិធិសម្រាប់ការងារសង្គមទេ យើងប្រឈមនឹងបញ្ហាប្រឈមក្នុងការគាំទ្រសហគមន៍ទាំងនេះ ជាពិសេសអ្នកដែលពឹងផ្អែកលើយើងដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ពួកគេ»។
លោក សុវឌ្ឍនា បានបង្ហើបថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងពិភាក្សាជាមួយអង្គការជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតសហរដ្ឋអាមេរិក ដើម្បីអាចទទួលបានមូលនិធិបន្តសម្រាប់សកម្មភាពសិទ្ធិមនុស្ស។
ទោះបីជាមានការព្រួយបារម្ភពីសង្គមស៊ីវិលក៏ដោយ ក៏លោក កុយ វ៉ាននី អ្នកនាំពាក្យក្រសួងសុខាភិបាល មិនបានបង្ហាញពីការព្រួយបារម្ភនោះទេ ដោយធានាថា ម្ចាស់ជំនួយផ្សេងទៀតនឹងចូលខ្លួនមកបំពេញចន្លោះនេះ។ លោកបានបញ្ជាក់ថា៖ «យើងមិនបោះបង់គម្រោងរបស់យើងទេ ហើយយើងក៏មិនបារម្ភដែរព្រោះយើងមានដៃគូផ្សេងទៀត»។

លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន (CENAT) បាននិយាយថា ទោះបីជាមានការបញ្ចប់ជំនួយដោយសហរដ្ឋអាមេរិកសម្រាប់ជំនួយបច្ចេកទេស និងការផ្តល់មូលនិធិសម្រាប់កម្មវិធីជំងឺរបេងក៏ដោយ ក៏កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេងរបស់ក្រសួងសុខាភិបាលនៅតែដំណើរការដដែល ដោយមិនប៉ះពាល់ដល់លទ្ធភាពទទួលបានសេវានោះទេ។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលមានថ្នាំព្យាបាលជំងឺរបេងគ្រប់គ្រាន់ និងបន្តផ្តល់ឧបករណ៍ចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការបញ្ចប់កិច្ចសន្យានេះស្ថិតក្នុងសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការសម្រេចចិត្តបែបនេះ។ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឃើញរឿងនេះកើតឡើង ហើយកម្ពុជាបានត្រៀមលក្ខណៈដើម្បីស្វែងរកដៃគូជំនួស ដើម្បីបន្តការអនុវត្តគម្រោងដោយមិនបោះបង់គម្រោងទេ។
ទោះជាយ៉ាងណា លោកមិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងរបៀបដែលរដ្ឋាភិបាលនឹងឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាកុមារដែលនឹងស្វែងរកជំនួយដើម្បីបំពេញចន្លោះពីរដ្ឋាភិបាលឡើយ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ មិនបានផ្តល់ការអត្ថាធិប្បាយទេ។
ការវិភាគដោយក្រុមមេធាវីធុរកិច្ច និងសិទ្ធិមនុស្ស (BHRLG) នៃគម្រោងជំនួយដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២៥ ដោយប្រើទិន្នន័យពីមូលដ្ឋានទិន្នន័យចំណាយផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរកឃើញថា ជំនួយរបស់សហរដ្ឋអាមេរិកជាង ៣៧១ លានដុល្លារត្រូវបានចែកចាយលើគម្រោងចំនួន ១៨៥ ក្នុងអំឡុងពេលនេះ។
ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបែងចែកជំនួយបរទេសចំនួន ៧២ ពាន់លានដុល្លារជាសាកល ដោយគាំទ្រដល់គម្រោងនានាក្នុងវិស័យមួយចំនួនដូចជា សុខភាពស្ត្រីនៅក្នុងតំបន់ជម្លោះ ការទទួលបានទឹកស្អាត ការព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ សន្តិសុខថាមពល និងគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thirty USAID Contracts Cease in Cambodia; Civil Society Find Ways to Survive, Gov’t Unfazed