ត្រាក់ទ័របានភ្ជួរកាត់តាមដីក្រហម ដោយបានបំផ្លាញចម្ការស្វាយចន្ទីរបស់អ្នកស្រី ហេង ហ៊ា។
អ្នកស្រី ហ៊ា និងកូនស្រីអាយុបួនឆ្នាំបានឈរមើល ខណៈដែលគ្រឿងចក្រ ដែលឈូសឆាយឲ្យក្រុមហ៊ុនចម្ការកៅស៊ូ ដែលគ្រប់គ្រងដោយកូនស្រីរបស់អតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កម្ពុជា បានបំផ្លាញជីវភាពរបស់ពួកគេ។
ក្រុមហ៊ុននេះបានបំផ្លិចបំផ្លាញដីចម្ការរបស់ជនជាតិដើមភាគតិចចារ៉ាយដែលស្ថិតនៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ឥឡូវនេះបុគ្គលិកក្រុមហ៊ុន៧ មករា ផារី បានឈូសឆាយមកដល់ចម្ការពីរហិកតារបស់អ្នកស្រី ហេង ហ៊ា និងប្តីដែលជាជនជាតិចារ៉ាយដែលបានដាំដុះអស់ជាច្រើនឆ្នាំមកហើយ។
អ្នកស្រី ហ៊ា ដែលជាជនជាតិខ្មែរបាននិយាយថា៖ «ខ្ញុំខំដាំដុះលើដីនេះ ហើយចន្ទីរបស់ខ្ញុំក៏ជិតបានប្រមូលផលដែរ ប៉ុន្តែគេបានឈូសចោលអ្វីៗទាំងអស់។ ពួកវាពិតជាយ៉ាងសាហាវណាស់។ខ្ញុំគ្រាន់តែចង់បានដីរបស់ខ្ញុំមកវិញ ប៉ុន្តែដីទាំងអស់ក្លាយជាកម្មសិទ្ធិរបស់ពួកគេទៅហើយពេលនេះ។ តើយើងរស់នៅដោយគ្មានដីនេះដោយរបៀបណា?»។
ដើមស្វាយចន្ទីភាគច្រើនរបស់អ្នកស្រី ហ៊ា ត្រូវបានភ្ជួរឈូសចោល។ នៅកន្លែងដាំចន្ទីទាំងនេះ ត្រាក់ទ័របានឈូសជារងរណ្តៅជម្រៅកន្លះម៉ែត្រ ដើម្បីដាំកូនកៅស៊ូរបស់ក្រុមហ៊ុន។
ខណៈដែលម៉ាស៊ីនគ្រឿងចក្ររោទិ៍ ហើយបង្កើនការឈូសនៅពីក្រោយនោះ អ្នកស្រីហ៊ា ក៏បានស្ទុះរត់ចូលទៅក្នុងចម្ការ ហើយយកដៃច្បាមដីលុបរណ្តៅដាំកូនកៅស៊ូ ដោយជេរដាក់បណ្តាសាក្រុមហ៊ុន ៧មករា ផារី។ ក្រុមហ៊ុនបានពង្រីកការដាំកៅស៊ូ នៅក្នុងសម្បទានដីសេដ្ឋកិច្ចដែលផ្តល់ដោយរដ្ឋាភិបាល ដោយប្រើប្រាស់ដីទំនៀមទម្លាប់របស់សហគមន៍ដែលត្រួតលើគ្នាកាន់តែច្រើនឡើងក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។
អ្នកស្រី ហ៊ា និងប្រជាពលរដ្ឋជាង១០នាក់ផ្សេងទៀតនៅភូមិតាំងជិ ដែលជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បានប្រាប់ ខេមបូចា ថាពួកគេបានប្រឈមមុខនឹងការគំរាមកំហែង និង ការបំភិតបំភ័យពីកម្មករក្រុមហ៊ុន៧មករា ផារី ដែលមានកាន់កាំភ្លើងនឹងដៃ។
មេឃុំបាននិយាយថា លោកបានចុះហត្ថលេខាលើការលក់ដីរបស់អ្នកភូមិជាង១០០ប្លង់ទៅឱ្យក្រុមហ៊ុនកាលពីឆ្នាំមុន។ សមាជិកសហគមន៍ដែលបានយល់ព្រមក្រោមការគាបសង្កត់យ៉ាងខ្លាំងក្នុងការបោះបង់ការទាមទារដីធ្លីរបស់ពួកគេ និយាយថា ពួកគេត្រូវបានផ្តល់សំណងតិចជាងតម្លៃទីផ្សារ។ ពួកគេបាននិយាយថា ពួកគេទទួលដំណឹងថា ដីរបស់ពួកគេនឹងត្រូវរឹបអូសដោយមិនគិតថាពួកគេយល់ព្រមឬអត់ឡើយ។
យោងតាមបញ្ជីក្រៅផ្លូវការដែលរក្សាទុកដោយជំនួយការមេភូមិ លោក ក្លាន់ វង្ស ឲ្យដឹងថា ចាប់តាំងពីខែធ្នូមក ដីរបស់អ្នកភូមិយ៉ាងហោចណាស់ប្រាំមួយនាក់ត្រូវបានគេឈូសឆាយដោយមិនមានការយល់ព្រមពីពួកគេ ហើយដោយគ្មានការចុះកិច្ចសន្យាណាមួយទេ ប៉ុន្តែអ្នកភូមិផ្សេងទៀតបាននិយាយថា ចំនួនអ្នកភូមិនេះទំនងជាមានច្រើនជាងនេះ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកភូមិចំនួន៩គ្រួសារបានបាត់បង់ដីចម្ការរបស់ពួកគេទៅឱ្យក្រុមហ៊ុនកាលពីខែមិថុនាឆ្នាំមុន។
មេដឹកនាំសហគមន៍ចារ៉ាយនៅស្រុកអណ្តូងមាស បាននិយាយថា ការឈូសឆាយដីដោយបង្ខំ ការបាត់បង់ជីវភាពរស់នៅ និងការលក់ដីដោយការគាបសង្កត់ គឺជាការរំលោភបំពានដែលតែងតែកើតមានក្នុងរយៈពេលជាច្រើនឆ្នាំដែលអ្នកភូមិទទួលរងគ្រោះពីក្រុមហ៊ុនដោយគ្មានដំណោះស្រាយ ឬការទទួលខុសត្រូវឡើយ។
អ្នកភូមិនិយាយថា ការប្ដឹងទៅអាជ្ញាធរថ្នាក់ក្រោមជាតិ មិនទទួលបានលទ្ធផលជាដំកំភួនអ្វីទេ។ អ្នកភូមិតាំងជិមួយចំនួនតូចនៅតែបោះជំរំយាមការពារចម្ការរបស់ពួកគេដោយស៊ូទ្រាំនឹងការប្រមាថមើលងាយ និងគំរាមកំហែងពីកម្មករក្រុមហ៊ុនដែលប្រើកាំភ្លើង និងព្រមានថាដីរបស់ពួកគេនៅក្បែរនោះក៏នឹងត្រូវឈូសឆាយដែរ។
លោក ក្លាន់ ឌីន ប្រធានសហគមន៍ចារ៉ាយស្រុកអណ្តូងមាសបាននិយាយថា៖ «ប្រជាជនមិនហ៊ាននិយាយអំពីបញ្ហាទាំងនេះទេ ព្រោះពួកគេខ្លាចថា [អាជ្ញាធរ] ខ្លះអាចធ្វើឲ្យខូចដល់គោលការណ៍របស់ពួកគេ»។ ខ្ញុំចង់ឲ្យរឿងនេះឆាប់ចប់ណាស់”។
សហគមន៍ជនជាតិដើមភាគតិចមានការលំបាកក្នុងការទទួលបានសិទ្ធិស្របច្បាប់ទៅលើដីធ្លីដែលពួកគេបានកាន់កាប់ជាច្រើនជំនាន់មកហើយ ចំណែកឯសម្បទានដីសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន២៥០ កន្លែង ដែលមានផ្ទៃដីជាងមួយលានហិកតាត្រូវបានផ្តល់ឲ្យដោយស្របច្បាប់ចាប់តាំងពីឆ្នាំ ១៩៩៥ ហើយក្រុមហ៊ុនមានសិទ្ធិក្នុងការរឹបអូស និងអភិវឌ្ឍតំបន់ដែលពលរដ្ឋមូលដ្ឋានជាញឹកញាប់កំពុងប្រើប្រាស់រួចទៅហើយ។
ទោះបីជារដ្ឋាភិបាលបានប្រកាសផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងឆ្នាំ២០១២ ក៏ដោយក៏សម្បទានដីសេដ្ឋកិច្ចថ្មីត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចាប់តាំងពីពេលនោះមកដែរ ហើយសម្បទានដែលមានស្រាប់នៅតែបន្តបង្កឱ្យមានជម្លោះនៅក្នុងសហគមន៍ដែរ។
លោក វង្ស ដែលដូចគ្នានឹងអ្នកភូមិតាំងជិដែរ មានត្រកូល ក្លាន់ ទោះបីពួកគេមិនមែនជាគ្រួសារតែមួយក៏ដោយ បាននិយាយថា សមាជិកសហគមន៍បានធ្វើកសិកម្មវិលជុំជាទំនៀមទម្លាប់នៅក្នុងតំបន់ ដែលឥឡូវនេះកាន់កាប់ដោយ ក្រុមហ៊ុន ៧មករា ផារី។
លោក វង្ស បាននិយាយថា៖ «ប្រជាជនមិនបានដឹងថាតើដីនោះជារបស់ក្រុមហ៊ុនឬយ៉ាងណាទេ។ ពួកគេពង្រីកដីចម្ការពួកគេ ដោយរានដី និងកាប់ដើមឈើចេញ ដើម្បីធ្វើចម្ការ»។
ក្រុមហ៊ុនដែលរងទណ្ឌកម្មនៅពីក្រោយការបំផ្លិចបំផ្លាញ
នៅឆ្នាំ២០០៦ រដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចរយៈពេល៧០ឆ្នាំនៅស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយជួលផ្ទៃដី ៨ ៦៥៤ហិកតា ត្រួតលើគ្នាជាមួយដីដូនតារបស់ជនជាតិដើមភាគតិចចារ៉ាយទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ហេង អភិវឌ្ឍន៍។
ក្រោយមក រដ្ឋាភិបាលទំនងជាផ្ទេរសម្បទានដដែលនេះទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ៧មករា ផារី ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចចំនួន ៨ ៦៥៥ហិកតានៅក្នុងស្រុកអណ្តូងមាសក្នុងឆ្នាំ២០១១ និងបានបន្ថយរយៈពេលជួលសម្បទានដីសេដ្ឋកិច្ចពី៧០ទៅ៥០ឆ្នាំ។ វេទិកាទិន្នន័យប្រភពបើកចំហរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ និយាយសំដៅសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ៧មករា ផារី ថាពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហេង អភិវឌ្ឍ។
ក្រុមហ៊ុន ៧មករា ផារី ដែលមានចុះឈ្មោះ អ្នកស្រី គឹម សុផារី ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងកំណត់ហេតុសាធារណៈមួយដែលចេញដោយក្រសួងពានិជ្ជកម្ម។ អ្នកស្រី សុផារី ជាកូនស្រីរបស់លោក គន់ គីម នាយឧត្តមសេនីយ៍ចូលនិវត្តន៍ និងជាអតីតនាយសេនាធិការកងយោធពលខេមរភូមិន្ទ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកឲ្យដឹងថា លោក គីម បានរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សជាច្រើន ហើយត្រូវទទួលរងទណ្ឌកម្មដែលដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដោយសារលោកត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ទាហានក្រោមការបញ្ជារបស់លោក ដើម្បី «បំភិតបំភ័យ កម្ទេច និងឈូសឆាយដី» សម្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា៖ «ឥស្សរជនកម្ពុជាដូចជាលោក គីម ប្រើប្រាស់បណ្តាញគ្រួសាររបស់ពួកគេ ដើម្បីបង្កើតរចនាសម្ព័ន្ធស្រមោលដើម្បីការពារទ្រព្យសម្បត្តិដែលរកបានដោយទុច្ចរិត»។ សេចក្តីថ្លែងការណ៍អះអាងថាលោក គីម «ឃុបឃិត» នៅក្នុងអំពើពុករលួយជាមួយរដ្ឋាភិបាល។
អ្នកស្រី សុផារី ប្រពន្ធ និងកូនប្រុសរបស់លោក គីម ក៏ត្រូវបានដាក់ឲ្យនៅក្រោមទណ្ឌកម្ម «ដោយសារដើរតួ ឬទំនងជាដើរតួ ឬក្នុងនាមលោក គីម ដោយផ្ទាល់ ឬដោយប្រយោល» ក៏ដូចជាក្នុងនាមក្រុមហ៊ុន ៧មករា សុផារី និងក្រុមហ៊ុនបួនផ្សេងទៀត «ដែលជាកម្មសិទ្ធិ ឬគ្រប់គ្រង» ដោយក្រុមគ្រួសាររបស់លោក គីម។
ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង ក្រុមហ៊ុន ៧មករា ផារី ជាប់ទាក់ទងគ្នាតាមរយៈទំនាក់ទំនងគ្រួសារដែរ។ កូនប្រុសរបស់អ្នកស្រី សៀង ចាន់ហេង ដែលជាប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលមានងារជាឧកញ៉ា បានរៀបការជាមួយកូនស្រីរបស់លោក គីម ក្នុងឆ្នាំ ២០១០ ពោលគឺមួយឆ្នាំមុនរដ្ឋាភិបាលបានផ្ទេរសម្បទានដីសេដ្ឋកិច្ចរបស់ ហេង អភិវឌ្ឍន៍ ទៅឲ្យក្រុមហ៊ុន ៧មករា ផារី។
ក្រុមហ៊ុន ៧មករា ផារី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលរបស់ខេមបូចា ឡើយ ហើយក៏រកមិនឃើញមានលេខទូរស័ព្ទក្នុងកំណត់ត្រាសាធារណៈដែរ។ ស្ត្រីម្នាក់ដែលឆ្លើយលេខទូរស័ព្ទរបស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលចុះបញ្ជីក្នុងបញ្ជីពាណិជ្ជកម្មបានអះអាងថា អ្នកស្រីមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុននោះទេ។
លោក គីម ដែលចាប់តាំងពីឆ្នាំ២០១៩ បានបម្រើការជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនបានលើកទូរស័ព្ទឆ្លើយតបទេ។ អ្នកស្រី សុផារី ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
ការរឹបអូសយកដីធ្លី ដោយគ្មានការយល់ព្រម
នៅពេលដែលអ្នកយកព័ត៌មាន ខេមបូចា បានចុះទៅដល់តំបន់នេះកាលពីពាក់កណ្តាលខែឧសភា ដើមកៅស៊ូរបស់ក្រុមហ៊ុនបានដុះច្រូងច្រាងនៅលើជម្រាលភ្នំដែលមើលទៅឃើញចម្ការស្វាយចន្ទី និងដំឡូងមីរបស់កសិករជនជាតិចារ៉ាយ។
នៅក្នុងដីចម្ការកៅស៊ូតាមជម្រាលភ្នំចុះក្រោម ត្រាក់ទ័រច្រើនគ្រឿងរបស់ក្រុមហ៊ុនជាច្រើនបានបើកជាន់លើដីចម្ការស្វាយចន្ទីដែលនៅជាប់ៗគ្នារបស់អ្នកភូមិយ៉ាងហោចណាស់បួននាក់ ចាប់តាំងពីខែមីនាមក ដោយបន្សល់ទុកតែដានកង់ត្រាក់ទ័រនៅលើកូនឈើបាក់ៗ។ កាលពីថ្ងៃទី១០ ខែឧសភា ខេមបូចា បានឃើញត្រាក់ទ័រជាច្រើនគ្រឿងបន្តឈូសឆាយដី។
លោក លុល សេវ អាយុ២៦ឆ្នាំ ជាបុរសមានប្រពន្ធកូនដែលធ្វើចម្ការស្វាយចន្ទី២ហិកតាបាននិយាយថា៖ «វាកើតឡើងភ្លាមៗ តែមួយប៉ព្រេចភ្នែកប៉ុណ្ណោះ។ ខ្ញុំមិនបានដឹងថា [ត្រាក់ទ័រច្រើនគ្រឿង] ចូលមកទេ ពេលខ្ញុំមកដល់ចម្ការខ្ញុំភ្លាម វាទៅអស់បាត់ហើយ។ ខ្ញុំឈឺចាប់ណាស់។ គេឈូសឆាយដីខ្ញុំទាំងអស់ តើឲ្យចិញ្ចឹមគ្រួសារខ្ញុំយ៉ាងម៉េចទៅ?»។
វីដេអូដែលសមាជិកសហគមន៍ផ្តល់ឲ្យ ខេមបូចា និងដែលគេនិយាយថាបានថតកាលពីខែមីនា បានបង្ហាញឲ្យឃើញត្រាក់ទ័រភ្ជួររំលំដើមស្វាយចន្ទី និងដើមចេក ហើយក៏មានគ្រឿងចក្រកាយដីនៅក្បែរនោះដែរ។
នៅក្នុងវីដេអូមួយ អ្នកភូមិជាច្រើននាក់បានតតាំងនឹងកម្មករក្រុមហ៊ុនម្នាក់ ហើយសួរថាហេតុអ្វីបានជាក្រុមហ៊ុនឈូសឆាយដីដោយមិនប្រាប់ពួកគេជាមុន ខណៈដែលត្រាក់ទ័រជាច្រើនគ្រឿងបានបើកឆ្លងកាត់តាមដីដែលមានជម្លោះ។ កម្មករនោះឆ្លើយថា៖ «មិនថាអ្នកឯងដាំបានប៉ុន្មានឆ្នាំទេ យើងនៅតែឈូសចោល»។
អ្នកភូមិភាគច្រើនភ័យខ្លាចខ្លាំងពេក ដោយមិនហ៊ានទៅមើលចម្ការរបស់ពួកគេទេ ដោយសារពួកគេត្រូវបានព្រមានកុំឲ្យទៅក្បែរ ប៉ុន្តែពួកគេបានជូនអ្នកយកព័ត៌មានខេមបូចា ទៅមើលតំបន់ដែលរងផលប៉ះពាល់ និងបានប្រឈមនឹងកម្មករក្រុមហ៊ុន ដែលបណ្តាលឲ្យមានការឈ្លោះប្រកែកគ្នារវាងអ្នកភូមិជាងដប់នាក់ និងកម្មករក្រុមហ៊ុនប្រាំនាក់។
អ្នកភូមិម្នាក់បានស្រែកដាក់កម្មករថា៖ «តើអ្នកឯងមានបេះដូងជាខ្មែរទេ? ដីខ្ញុំទាំងអស់ត្រូវក្រុមហ៊ុនយកអស់ហើយ»។
ក្រុមអ្នកភូមិដែលបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនបានប្រមូលផ្តុំគ្នា លើកដៃជាសញ្ញាចំអកដាក់កម្មករបីបួននាក់នៅលើភ្នំនៅចន្លោះជម្រាលនៃចម្ការដែលឈូសឆាយរួច។
លោក ឡាង ស្រេង ដែលប្រាប់ថាជាមេការខ្មែរបម្រើការនៅក្រុមហ៊ុន ៧មករា ផារី បាននិយាយថា៖ «យើងមិនអាចដោះស្រាយបញ្ហានេះបានទេ ប្រសិនបើពួកគេនៅតែធ្វើបែបនេះ។ ពួកគេគួរតែសុំឱ្យអាជ្ញាធរចុះបញ្ជីគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ ហើយខ្ញុំនឹងស្នើទៅក្រុមហ៊ុនឱ្យដោះស្រាយបញ្ហាទាំងនេះ»។
មេការរូបនេះបានបដិសេធថា កម្មករក្រុមហ៊ុនមិនបានគំរាមកំហែងសហគមន៍ទេ ហើយបាននិយាយថា ក្រុមហ៊ុនមានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍដីធ្លី។ នៅពេលសួរដោយខេមបូចា អំពីការសន្យារបស់ក្រុមហ៊ុនកាលពីជាង១០ឆ្នាំមុន ដើម្បីជួយអ្នកភូមិសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតនោះ លោក ស្រេង បាននិយាយថា ក្រុមហ៊ុនទើបតែចាប់ផ្តើមវិនិយោគនៅតំបន់នេះប៉ុណ្ណោះ។
លោកនិយាយថា៖ «ឥឡូវនេះក្រុមហ៊ុនទើបតែចាប់ផ្ដើមឈូសឆាយដី និងដាំ តើយើងអាចមានលុយសាងសង់ [ហេដ្ឋារចនាសម្ព័ន្ធ] យ៉ាងដូចម្ដេចកើតទៅ?»
ខណៈដែល អ្នកស្រី ហ៊ា ដែលដីចម្ការគាត់ត្រូវបានក្រុមហ៊ុនឈូសឆាយនៅថ្ងៃនោះ បានស្រែកដាក់កម្មករក្រុមហ៊ុន មេការបានញញឹមចំអកដាក់ ហើយក៏បើកម៉ូតូគេចចេញពីហ្វូងអ្នកភូមិដែលកំពុងតែមានការខឹងសម្បារ។ មេការរូបនេះក៏បាននិយាយបោះសំដីទៅអ្នកស្រី ហ៊ា ថា៖ «ម៉េចក៏មីងឆ្គួតម្ល៉េះ? មីងឯងធ្វើការជាកម្មករដូចខ្ញុំបានដឹង»។
នៅលើដីនៅក្បែរនោះ អ្នកភូមិបានទាញយកដើមស្វាយចន្ទីងាប់ធំៗ ដែលពួកគេត្រូវចំណាយពេលវេលា និងដើមទុនយ៉ាងច្រើន ទម្រាំបានដើមវាធំ និងចេញជាផ្លែផ្កាលក់បានចំណេញនោះ។
អ្នកភូមិតាំងជា លោក ចំ យ៉ន អាយុ៤០ឆ្នាំ បាននិយាយថា គាត់មានដីចម្ការស្វាយចន្ទីរប្រហែល៤ហិកតា ដែលគាត់ដាំនៅឆ្នាំ ២០២០ ហើយដើមស្វាយចន្ទីទាំងអស់ត្រូវបានក្រុមហ៊ុនឈូសចោលអស់កាលពីខែតុលា។
យ៉ន នៅតែជំពាក់បំណុលគេ ដោយសារគាត់ខ្ចីប្រាក់ដាំចន្ទី និងរៀបចំដី បន្ទាប់ពីយកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដោយគាត់ត្រូវសងបំណុលប្រចាំឆ្នាំចំនួន ១ ៥០០ដុល្លារ គឺប្រហែលនឹងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមសម្រាប់ប្រជាជនកម្ពុជាភាគច្រើនដែលរកបានក្នុងរយៈពេល៣ឆ្នាំក្រោយ។
លោកយ៉ន បាននិយាយថា៖ «ខ្ញុំពិបាកណាស់ ព្រោះអត្រាការប្រាក់ខ្ពស់ពេក។ ខ្ញុំនឹងត្រូវធ្វើការឱ្យគេហើយបានៗ»។
លោក ហៀម សំអន មេឃុំញ៉ាង បានបដិសេធថា មិនមានការបំភិតបំភ័យពីក្រុមហ៊ុនទេ ប៉ុន្តែបានទទួលស្គាល់ថា ក្រុមហ៊ុនមិនបានដោះស្រាយកង្វល់របស់សហគមន៍ទេ និងបានប្រព្រឹត្តកំហុស ទោះបីជាលោកមិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះក៏ដោយ។
លោក អន បាននិយាយថា៖ «ក្រុមហ៊ុនមានសម្បទានដីសេដ្ឋកិច្ច អ៊ីចឹងមិនថាប្រជាពលរដ្ឋចង់ ឬមិនចង់ គេ[ក្រុមហ៊ុន ៧មករា ផារី] នៅតែអាចឈូសឆាយដីបាន»។ លោកបន្តថា៖ «នៅពេលអាជ្ញាធរឃុំនិយាយជាមួយក្រុមហ៊ុន គេមិនស្តាប់ទេ អ៊ីចឹងយើងក៏បញ្ជូនរឿងនេះទៅអាជ្ញាធរថ្នាក់លើ [ថ្នាក់ស្រុក]»។
អភិបាលស្រុកអណ្តូងមាស លោក មាស សារ៉េត អះអាងថា លោកមិនបានដឹងពីបញ្ហានេះទេ ហើយក៏មិនទាន់បានទទួលលិខិតណាមួយពីឃុំនៅឡើយដែរ បើទោះជាមន្ត្រីភូមិ និងឃុំថា គេបានបញ្ជូនលិខិតមួយច្បាប់ទៅលោកកាលពីខែធ្នូក៏ដោយ។
ច្បាប់ភូមិបាលរបស់កម្ពុជាចែងថា សម្បទានដែលខកខានមិនធ្វើអាជីវកម្មរយៈពេលលើសពី១២ខែ ត្រូវបានចាត់ទុកថាមោឃៈ ហើយរដ្ឋអាចដកហូតយកមកវិញ ប៉ុន្តែលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ(Licadho) បាននិយាយថា ករណីបែបនេះកម្រនឹងត្រូវបានអនុវត្តយ៉ាងពេញលេញណាស់។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ការលក់ដីដោយការគាបសង្កត់
លោក សេវ ស្វេត អាយុ២១ឆ្នាំ ជាជនជាតិចារ៉ាយ ដែលទើបរៀបការថ្មីថ្មោង រស់នៅភូមិតាំងជិ បានដាំពោត និងល្ពៅនៅលើដីប្រហែល០,៨០ហិកតាអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។
កាលពីខែកញ្ញាឆ្នាំមុន នៅសាលាឃុំញ៉ាង ដោយមេឃុំផ្តល់ហត្ថលេខាជាសាក្សី នោះលោក ស្វេត បានចុះហត្ថលេខាលើកិច្ចសន្យាដែលគាត់មិនចេះអានបាន ម្យ៉ាងវិញទៀតខេមបូចា បានពិនិត្រមើល ហើយនៅក្នុងលិខិតនោះបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ សេវ ស្វេត គ្មានសិទ្ធិរំលោភបំពានលើដីក្រុមហ៊ុនទេ»។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងកាន់កាប់ដីរបស់គាត់ចាប់ពីខែកុម្ភៈ ប៉ុន្តែចម្ការនេះត្រូវបានភ្ជួររាស់ដោយត្រាក់ទ័ររបស់ក្រុមហ៊ុនតាំងពីខែធ្នូមកម្ល៉េះ។
លោក ស្វេតបាននិយាយថា ក្រុមហ៊ុនបានប្រាប់គាត់ថា៖ «ទោះខ្ញុំយល់ព្រមឬមិនយល់ព្រម ក៏ក្រុមហ៊ុននៅតែឈូសឆាយដីខ្ញុំដែរ»។
យោងតាមមេឃុំញ៉ាងឲ្យដឹងថា លោកស្វាតេបានទទួលប្រាក់សំណង ៨០ម៉ឺនរៀល ឬប្រហែល១៩៤ដុល្លារអាមេរិក ស្របតាមតម្លៃមួយលានរៀល ឬ២៤៣,៥ដុល្លារក្នុងមួយហិកតា ដែលក្រុមហ៊ុនបានចុះកិច្ចសន្យាជាង១០០ជាមួយកសិករ។ អ្នកភូមិតាំងជានិយាយថា តម្លៃទីផ្សារនៃចម្ការដីក្រហមមានជីជាតិនៅតំបន់នោះអាចលក់បានរហូតដល់១.៥០០ដុល្លារក្នុងមួយហិកតា។
ដោយគ្មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន លោក ស្វេត បាននិយាយថា លោកប្រឹងប្រែងចិញ្ចឹមកូនតូចទាំងពីររបស់លោក ដោយស៊ីឈ្នួលជម្រះស្មៅ និងបេះផ្លែស្វាយចន្ទីរបស់អ្នកដទៃក្នុងមួយថ្ងៃបានប្រហែល៧,៥ដុល្លារ។
គ្មានអ្នកភូមិណាម្នាក់ក្នុងចំណោមអ្នកភូមិទាំងបួននាក់ដែលចម្ការពួកគេត្រូវបានឈូសឆាយកាលពីខែមីនា បាននិយាយថា ពួកគេបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននោះទេ។ ទាំងអ្នកស្រី ហ៊ា ទាំងប្តីរបស់គាត់ ដែលដីរបស់ពួកគេត្រូវបានឈូសឆាយកាលពីថ្ងៃទី១០ ខែឧសភា ក៏និយាយថាមិនបានចុះហត្ថលេខាដែរ នៅពេលដែលខេមបូចា ចុះទៅយកព័ត៌មាននៅតំបន់នោះ។
លោក អន មេឃុំ អះអាងថា ឃុំមិនបានទទួលអត្ថប្រយោជន៍អ្វីពីក្រុមហ៊ុនទេ ប៉ុន្តែបានដោះស្រាយសំណងជូនអ្នកភូមិ។
លោក អន បានលើកឡើងថា៖ «យើងគ្រាន់តែធ្វើជាអ្នកសម្រុះសម្រួល ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនប៉ុណ្ណោះ។ វាហួសពីព្រំដែនរបស់យើងក្នុងការធ្វើកិច្ចសន្យារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដូច្នេះយើងបញ្ជូនរឿងនោះទៅអាជ្ញាធរថ្នាក់លើ»។
អ្នកភូមិភាគច្រើនដែលទទួលរងផលប៉ះពាល់ពីក្រុមហ៊ុនបាននិយាយថា ពួកគេគិតថាមេឃុំ និងអាជ្ញាធរផ្សេងទៀតព្រងើយកន្តើយមិនជួយការពារដីពួកគេមិនឲ្យបាត់បង់ ឬទទួលបានសំណងសមរម្យនោះទេ។
លោក វង្ស ជំនួយការមេភូមិ ដែលមិនបានពាក់ព័ន្ធនឹងការលក់ដីនេះ បាននិយាយថា យ៉ាងហោចណាស់មានអ្នកភូមិប្រាំមួយនាក់បានជំទាស់នឹងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុននេះ។ លោកនិយាយថា ប្រជាពលរដ្ឋដែលមិនយល់ព្រមកំពុងទទួលរងការគាបសង្កត់យ៉ាងខ្លាំង ដើម្បីឲ្យធ្វើតាមការទាមទាររបស់ក្រុមហ៊ុន។
អ្នកភូមិម្នាក់ដែលស៊ូកាន់កាប់ដីរបស់គាត់រហូតមកដល់ពេលនេះ គឺលោក ក្លាន ស៊ាន បាននិយាយថា គាត់ធ្វើចម្ការប្រហែល ៤ ហិកតា តាំងពីឆ្នាំ ២០១៧ ហើយដើមស្វាយចន្ទីជាង ១០០០ដើមរបស់គាត់ក៏នឹងអាចប្រមូលផលបានដែរ។ គាត់មកមើលចម្ការរៀងរាល់ពីរបីថ្ងៃម្តង ដើម្បីឲ្យដឹងថាគាត់នៅមានចម្ការគាត់នៅឡើយ។ គាត់បានបដិសេធម្តងហើយម្តងទៀតចំពោះការទាមទារពីតំណាងក្រុមហ៊ុនធម្មតាដែលមកមើលចម្ការរបស់គាត់ និងបញ្ជាឱ្យគាត់ចុះកិច្ចសន្យាព្រមលក់ដីរបស់គាត់ក្នុងតម្លៃ៤លានរៀល ឬ៩៧៤ដុល្លារ។
គាត់និយាយថា៖ «ខ្ញុំមិនចង់បានលុយទេ។ ខ្ញុំត្រូវការតែដីរបស់ខ្ញុំប៉ុណ្ណោះ»។
អស់រយៈពេលបីខែកន្លងមកនេះ កម្មករក្រុមហ៊ុនពាក់ម៉ាស់ និងកាន់កាំភ្លើង ធ្វើដំណើរតាមម៉ូតូ និងរថយន្តភីកអាប់ពណ៌ស ពេលខ្លះបានហាមឃាត់គាត់មិនឱ្យចូលទៅក្នុងចម្ការរបស់គាត់។
លោក ស៊ាន បានរៀបរាប់ថាលោកទទួលការព្រមានជាប្រចាំ ពេលដែលកម្មករម្នាក់បានតម្រង់កាំភ្លើងទៅលើ ហើយនិយាយថា៖ «ជីកដំឡូងមីឲ្យអស់ទៅ យើងនឹងឈូសឆាយដីនេះ»។
កម្មករក្រុមហ៊ុនបានមកទីនេះតាំងពីឆ្នាំមុន ដោយប្រាប់គាត់កាលពីខែឧសភា ឆ្នាំមុនឲ្យលុបរូបថតដែលគាត់បានថតចម្ការរបស់គាត់ បើមិនដូច្នេះទេ គាត់ប្រឈមមុខនឹងការចាប់ខ្លួន។ គាត់បានបដិសេធមិនលុបរូបភាព រហូតដល់ប៉ូលិសឃុំពីរនាក់បានមកដល់ក្នុងរយៈពេលមួយម៉ោង ហើយបង្ខំឱ្យគាត់ធ្វើតាម។ ដោយខ្លាចការចាប់ខ្លួន ឬការវាយដំ លោក ស៊ាន បានប្រគល់ទូរស័ព្ទរបស់គាត់ឱ្យប៉ូលិសលុបរូបថតចោល។
លោក ស៊ាន និយាយថា កម្មករក្រុមហ៊ុនបាននិយាយចំអកលេងសើចមកកាន់គាត់ថា គាត់គួរទៅខេត្តមណ្ឌលគិរី ហើយរានយកដីថ្មីខ្លះទៅ ដើម្បីឈូសឆាយធ្វើចម្ការ។
ដោយជឿថាក្រុមហ៊ុននឹងរឹបអូសយកដីរបស់គាត់ជាយថាហេតុនោះ លោក ស៊ាន បាននិយាយថា គាត់សុខចិត្តលះបង់ចម្ការរបស់គាត់ដោយទារសំណង ៥០ ០០០ រៀល ឬប្រហែល១២.៥ដុល្លារ សម្រាប់ដើមស្វាយចន្ទីមួយដើមដែលគាត់បានដាំ គឺសរុបទាំងអស់ជាង១២ ៥០០ដុល្លារ ប៉ុន្តែប្រាក់សំណងរបស់ក្រុមហ៊ុន គឺឲ្យតិចជាង១០០០ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនមិនបានទទួលយកលក្ខខណ្ឌរបស់គាត់ទេ។
កម្មករបានប្រាប់លោក ស៊ាន ថា៖ «មិនថាអ្នកឯងចង់បាន១លានរៀលក្នុងមួយហិកតាឬអត់ទេ ដីនឹងត្រូវគេឈូសឆាយហើយ។ គ្មានការលើកលែងទេ»។
គ្មានសំណងសម្រាប់អគ្គីភ័យដែលគេចោទថាបង្កដោយក្រុមហ៊ុន
ក្រុមហ៊ុននេះរងការចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចចារ៉ាយ១០គ្រួសារនៅភូមិឡោម ដែលនៅជិតគ្នា្ននឹងភូមិតាំងជិដែរ។ នៅសប្តាហ៍ទីពីរនៃខែមីនា មានភ្លើងឆេះដែលអ្នកភូមិអះអាងថាបានចាប់ផ្តើមបង្កដោយក្រុមហ៊ុនបានរាលដាលនិងឆេះដល់ចម្ការសហគមន៍។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ក្លាន លីត បាននិយាយថា គាត់កំពុងនៅក្នុងចម្ការរបស់គាត់នៅក្បែរនោះ ស្រាប់តែគាត់ឃើញកម្មករជាច្រើននាក់បានកាប់រំលំដើមឈើ និងដុតមែកឈើ ដើម្បីរៀបចំដាំកៅស៊ូ។
លោកបានបន្តថា៖ «នៅពេលភ្លើងចាប់ផ្តើមឆាបឆេះ កន្លែងផ្សេងទៀតត្រូវប៉ះពាល់ដែរ ដោយសារខ្យល់គួចបង្កឱ្យមានអណ្តាតភ្លើងរាលដាលដល់កន្លែងថ្មី»។ លោកបានបន្ថែមថា ដើមឈើធំមួយដើមនៅលើដីក្រុមហ៊ុនបានឆាបឆេះ ហើយក៏បាក់រលំទៅលើប្រឡាយទឹក ដោយធ្វើឲ្យអណ្តាតភ្លើងឆ្លងចូលទៅក្នុងចម្ការសហគមន៍។
លោក លីត បាននិយាយថា ប៉ុន្តែដោយឆ្លើយតបទៅនឹងការតវ៉ារបស់សហគមន៍ ក្រុមហ៊ុនបានអះអាងថា ភ្លើងគឺជាភ្លើងព្រៃ ហើយបានច្រានចោលការទាមទារសំណងរបស់អ្នកភូមិចំពោះការបំផ្លិចបំផ្លាញដោយភ្លើងក្រុមហ៊ុនទៅលើចម្ការរបស់ពួកគេ។
លោក ក្លាន់ គ្រីស្ត អាយុ១៧ឆ្នាំ ដែលមិនមែនជាសាច់ញាតិជិតរបស់លោក លីត បានលាន់មាត់ថា ក្នុងរយៈពេលមួយម៉ោងគាត់បានបាត់បង់ដើមស្វាយចន្ទីកន្លះហិកតាដែលគាត់បានដាំកាលពី៤ឆ្នាំមុន និងបានថែទាំរហូតដល់ឆ្នាំនេះ គឺចំពេលដែលដើមចន្ទីបានធំចេញផ្លែផ្លា និងល្មមប្រមូលផល។
លោក គ្រីស្ទ បានឱ្យដឹងថា៖ «ដើមស្វាយចន្ទីរបស់ខ្ញុំបានឆេះអស់ហើយ ដូច្នេះខ្ញុំត្រូវតែដាំឡើងវិញ។ វាប៉ះពាល់ដល់ជីវភាពខ្ញុំច្រើនណាស់ ព្រោះខ្ញុំគិតថា ស្វាយចន្ទីអាចលក់បានប្រហែល១លានរៀល (២៥០ដុល្លារ)។ ខ្ញុំបានចំណាយពេលបួនឆ្នាំដើម្បីរង់ចាំទទួលផល ដូច្នេះនេះជាការខាតបង់ដ៏ធំណាស់»។
អ្វីៗដែលលោក គ្រឹស្ទ និងអ្នកជិតខាងរបស់គាត់អាចធ្វើបាននៅពេលនេះ គឺត្រូវដាំចន្ទីឡើងវិញ ហើយត្រូវរង់ចាំជាច្រើនឆ្នាំទៀត ដើម្បីលក់បានជាប្រាក់ ដោយសង្ឃឹមថា ចម្ការរបស់ពួកគេនឹងនៅតែរួចផុតពីការពង្រីកការដាំកៅស៊ូរបស់ក្រុមហ៊ុន ៧មករា ផារី៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Threats, Destruction and Forced Sales: Rubber Firm Razes Indigenous Jarai Farmlands