សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវករនៅទន្លេបាទីនិងកសិករព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពនិងលំនៅដ្ឋាន បន្ទាប់ពីដីបឹងនេះកាត់ឱ្យឯកជន

កន្លែងភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ដនៅមាត់បឹងទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
កន្លែងភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ដនៅមាត់បឹងទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

អាជីវករតំបន់ទេសចរណ៍ទន្លេបាទីនិងកសិករមួយចំនួនមានការព្រួយបារម្ភថានឹង​ប៉ះ​ពាល់​ដល់ជីវភាពនិងលំនៅដ្ឋាន ​ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ​កាត់ដី​ចំនួន​២២២ហិកតានៃផ្ទៃបឹងទន្លេបាទីទៅឲ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការ​អភិវឌ្ឍ។

លោក ហ៊ូ លន់ អាយុ៧៤ឆ្នាំ ប្រធានសមាគមទេសចរណ៍ទន្លេបាទី​ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានប្រាប់ខេមបូចាថា លោកមិនជំទាស់និងការអភិវឌ្ឍទេ ប្រសិនណាបើការអភិវឌ្ឍនោះមិនធ្វើឲ្យប៉ះពាល់ដល់មុខរបរនិងការរស់នៅរបស់ប្រជាពលរដ្ឋដែលលក់ដូរ ប៉ុន្ដែបើធ្វើឲ្យប៉ះពាល់នោះលោកនឹងនាំប្រជាពលរដ្ឋធ្វើការតវ៉ាទៅតាមបញ្ហា​ដែល​បានកើតឡើងហ្នឹង។

លោកនិយាយបន្ដថា៖«ក្នុងនាមខ្ញុំជាប្រធានសហគមន៍មិនមែនជំទាស់នៅលើគម្រោងរបស់​រាជរដ្ឋាភិបាលទេ ប៉ុន្ដែក៏ត្រូវតែយើងមានការដោះស្រាយជូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម​នៅក្នុងសហគមន៍»

លោកបន្តថា ទេសចរណ៍នេះវាបានជួយជីវភាពប្រជាពលរដ្ឋយ៉ាងច្រើន ពីព្រោះ​ប្រជាពលរដ្ឋ​មិនមែនទើបតែរកស៊ីឥឡូវឯណា គឺតាំងពីយូរណាស់មកហើយ តាំងពីតំបន់នេះ​នៅ​ជា​ព្រៃ​​ម្ល៉េះ​ ប៉ុន្តែពលរដ្ឋនាំគ្នាកាប់ឆ្ការធ្វើជាកន្លែងលក់ដូរ​ដែលសព្វថ្ងៃមាន​ប្រជាពលរដ្ឋ​ចំនួន១៦៨គ្រួសារ ​ហើយណាមួយកន្លែងនេះជាតំបន់ប្រវត្តិ​សាស្រ្ដ​ផង។

លោក លន់ បន្ថែមទៀតថា លោកមិនដែល​ទាំងស្គាល់​និងលឺឈ្មោះបុគ្គល ស្រ៊ុន ប៊ុនលាភ នេះទេ ប៉ុន្តែលោកទើបតែឃើញក្នុងអនុក្រឹត្យដែលបានចេញនេះទេ។

អ្នកស្រី ម៉ៅ គង់ អាយុ៥២ឆ្នាំ នៅឃុំក្រាំងធ្នង់ បានឲ្យដឹងថា អ្នកស្រីបានប្រកបមុខរបរ​នៅ​តំបន់ទេសចរណ៍ទន្លេបាទីចាប់តាំងពីឆ្នាំ១៩៨៤មកម្ល៉េះ រហូតដល់មានកូននិងមានចៅទៀត ហើយការអភិវឌ្ឍវាប៉ះពាល់ខ្លាំងណាស់មិនមែនតិចទេដល់ជីវភាពអ្នកស្រី​និងអាជីករ​ផ្សេង​ទៀត ជាពិសេសអ្នកស្រីក៏មានការព្រួយបារម្ភពីបញ្ហាលំនៅដ្ឋានផងដែរថាអាចនឹងមាន​ការ​ប៉ះពាល់។

អ្នកស្រីបន្តថា រឿងលំនៅដ្ឋានគឺមិនទាន់អាចនិយាយបានទេ​ពីព្រោះវាមិនទាន់កើតឡើង ប៉ុន្ដែបើកើតឡើងមែនគឺទាំងមុខក៏អស់ ទាំងផ្ទះក៏អស់រឹតតែធ្វើឲ្យជីវភាពរបស់អ្នកស្រីកាន់តែ​លំបាកហើយសព្វថ្ងៃកន្លែងទេសចរណ៍ហ្នឹងគឺវាជាឆ្នាំងបាយរបស់ពួកអ្នកស្រីតែម្ដង។

អ្នកស្រីបន្ថែមថា៖ «ដូចខ្ញុំថាអ៊ីចឹងវាជាឆ្នាំងបាយរបស់ខ្ញុំ អត់ហ្នឹងវារាងយ៉ាប់ ប្រជាជន​ត្រូវដុន​ដាប​ហ្មង និងជាមណ្ឌលទេសចរណ៍តាំងពីបូរមបូរាណមក ខ្ញុំសង្ឃឹមថានឹងដោះស្រាយ​ឱ្យ​ពួកខ្ញុំបានល្អប្រសើរផងចុះ»

អាជីវករក្នុងតំបន់ទេសចរណ៍ទន្លេបាទីបានព្រួយបារម្ភអំពីផលប៉ះពាល់ បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញអនុក្រឹត្យកាត់ដីបឹងទន្លេបាទីទៅឱ្យបុគ្គលឯកជនវិនិយោគ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោក សំរិទ្ធ ប៊ុនរិទ្ធិ អាយុ៣៩ឆ្នាំ កសិករម្នាក់រស់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង​​  បាននិយាយថា ប្រជាពលរដ្ឋដែលធ្វើស្រែជាពិសេសស្រែប្រាំង គឺតែង​តែ​ប្រើប្រាស់ទឹកពីបឹងទន្លេបាទីដើម្បីបង្កបង្កើនផល បើសិនជាគេលុបមែន​គឺវាប៉ះពាល់​ដល់​ប្រជាពលរដ្ឋដែលធ្វើស្រែទាំងអស់ហើយលោកគាំទ្រក្នុងការប្រឆាំងបើសិនជាលុប ។

លោក ប៊ុនរិទ្ធិ ឱ្យដឹងថា៖ « បើគេលុបខ្ញុំមិនគាំទ្រ ខ្ញុំប្រឆាំង អ្វីក៏ដោយថាប្រជាពលរដ្ឋយើង​ទៅមួយ​ក្រុមហើយ ខ្ញុំត្រូទៅជាមួយគេដែរ ពីព្រោះខ្ញុំអ្នកធ្វើស្រែដែរ»។ លោកបន្ថែមថា៖ «បើអភិវឌ្ឍន៍​ល្អ​ខ្ញុំសប្បាយចិត្ត ប៉ុន្ដែបើប៉ះពាល់ដល់ការធ្វើស្រែ​គឺខ្ញុំមិនគាំ​ទ្រ​ទេ»

យោងតាមអនុក្រឹត្យមួយចុះហត្ថលេខា​ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ ឱ្យដឹងថា តំបន់​ទន្លេ​បាទី ត្រូវ​បាន​បែង​ចែកជា​២​ផ្នែក​ ដោយ​មួយផ្នែក​រក្សា​ទុកជាសម្បត្តិរដ្ឋ​ និង​មួយ​ផ្នែក​ទៀត រដ្ឋប្រគល់​ឱ្យ​ឯកជនសម្រាប់​អភិវឌ្ឍន៍។

អនុក្រឹត្យ​ដដែលបន្តថា ផ្ទៃ​បឹង​ទន្លេ​បាទី​ជាង​៩៧​ហិក​តាដែល​រដ្ឋាភិបាលកំណត់ទុកជា​សម្បត្តិ​សាធារណៈរបស់រដ្ឋ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ចំនួន​២ ក្នុងនោះ​ភូមិសាស្ត្រទី១ មាន​ផ្ទៃ​ដី​ជាង​៥៧​ហិក​តា ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ និង ភូមិសាស្រ្តទី២ មានដីទំហំ​ជាង​៣៩​ហិកតា ស្ថិត​ក្នុងស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ ចំណែក​ផ្ទៃដី​បឹងទន្លេបាទី​ទំហំ​ជាង២២២ហិកតា​ដែល​នៅ​សល់ ត្រូវបានរដ្ឋាភិបាលធ្វើអនុប្បយោគ​ពីសម្បត្តិសាធារណៈរបស់​រដ្ឋ ម​ក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ។

អនុក្រឹត្យបញ្ជាក់ថា ផ្ទៃដីដែលប្រគល់ឱ្យឯកជន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ជាង​១១៦​ហិកតា និង​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង​១០៦​ហិកតា ដោយផ្ទៃដីទាំង​២ទីតាំង​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុន​លាភ ធ្វើ​ការអភិវឌ្ឍ ចាប់​ពីថ្ងៃទី​២ ខែមីនា ឆ្នាំ២០២២។ ការសម្រេចរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើឡើង​តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា។

លោក ជិន អ៊ីម មេឃុំក្រាំងធ្នង់ បានបញ្ជាក់ប្រាប់ ខេមបូចា ថា រឿងហ្នឹងឥឡូវខេត្តបាន​បង្កើត​គណៈកម្មការចុះត្រួតពិនិត្យដីទន្លេហ្នឹងហើយ ប៉ុន្ដែមិនទាន់បានដឹងថាធ្វើយ៉ាងណានោះទេ។

លោកថ្លែងថា៖ «ខាងខេត្តគេប្រជុំព្រឹកមិញ[​ថ្ងៃចន្ទ] ឥឡូវមិនទាន់ថាយ៉ាងមិចទេ ខ្ញុំមិនហ៊ាន​និយាយទេ អាហ្នឹងស្រាច់តែលើខេត្តលើរដ្ឋគេគិតគូរម៉េច ចាំមើលគេគិតគូរសិន គេកំពុង​សិក្សា»

លោក ភួន ឈីម អភិបាលស្រុកបាទីខេត្តតាកែវបានអះអាងថា លោកមិនទាន់ទទួលបាន​អនុក្រឹត្យទេ ហើយធ្វើយ៉ាងម៉េចក៏មិនអាចនិយាយបានដែរ។

លោកនិយាយថា៖«ខ្ញុំអត់ដឹងថាគម្រោងគេ​ត្រូវធ្វើអី  មានអីយ៉ាងម៉េច? ខ្ញុំអត់ដឹងផង»

ទីតាំងសមាគមទេសចរណ៍ទន្លេបាទីនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថត។ ខេមបូចា/ ឃាង សុខមាន

អ្នកសារព័ត៌មានខេមបូចាបានព្យាយាមទាក់ទងទៅលោក​ ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងរឿងការកាត់ដីបឹងទន្លេបាទី​ទៅឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ បានទេ​ ទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក ខណៈសេង ឡូត អ្នកនាំពាក្យក្រសួងដែនដី ក៍មិនអាចទាក់ទងបានដែរ។

លោក នេត ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសនស៍ថា៖ «រឿងដីបឹង​ទន្លេ​បាទី​ហ្នឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានទេ​ អញ្ជើញទាក់ទង​ទៅ​អ្នក​ពាក់ព័ន្ធ​ទៅ  អរគុណ»

ចំណែកឯ លោក យិន សាវុធ អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា​ រឿងហ្នឹងមិនពាក់ព័ន្ធនឹងខាងលោកទេ។

លោក សាវុធ ថ្លែងថា៖ «ខាងខ្ញុំអត់ទទួលខុសត្រូវរឿងហ្នឹងទេ រឿងហ្នឹងគឺខ្ញុំអត់ដឹងទេ សុំ​អធ្យាស្រ័យផងបង»

បើតាមលោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវបានប្រាប់ថា ខាងរដ្ឋបាលខេត្ត​កំពុង​បង្កើតគណៈកម្មការចុះទៅវាស់វែងដីបឹងទន្លេបាទីដើម្បីដឹងថាវាមានទំហំយ៉ាងម៉េចទើបអាចរៀបចំបាន ​ហើយក្រុមការងារនឹងចុះទៅវាស់វែងក្នុងពេលឆាប់ៗ។

លោកឱ្យដឹងថា៖ «ខ្ញុំមិនទាន់ដឹងនិងទទួលអនុក្រឹត្យហ្នឹងទេ​ដូច្នេះខ្ញុំមិនដឹងប្រាប់ប្អូនថា​យ៉ាង​ម៉េច​ពីរឿងហ្នឹងទេ»

ខេមបូចាមិនអាចទាក់ទងទៅលោក ស្រ៊ុន ប៊ុនលាភ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធ​និងការអភវិឌ្ឍ​ដីបឹង​ទន្លេបាទីបានទេ។

បើតាមលោក សឿង សារ៉ន ប្រធានអង្គការធាងត្នោត បានឲ្យដឹងថា ជាទូទៅរាល់ការអភិឌ្ឍអ្វី​ក៏ដោយ រដ្ឋត្រូវធ្វើការវាយតម្លៃពីផលប៉ះនិងប្រកបដោយតម្លាភាព​និងគណនេយ្យភាពឲ្យ​បាន​ជាក់លាក់និងគ្រប់ជ្រុងជ្រោយមុននឹងមានការអភិវឌ្ឍជាពិសេសត្រូវចេញផ្សាយជា​សាធារណៈ​អំពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមនិងរបររបស់ប្រជាពលរដ្ឋក្នុងតំបន់អស់ហ្នឹង។ ម្យ៉ាងវិញ​ទៀតមិនមែនត្រឹមតែបឹងទន្លេបាទីនោះទេ បឹងតាមោក បឹងទំពន់ សុទ្ធសឹងតែ​ត្រូវបាន​លុបនិងឱ្យវិស័យឯកជនវិនិយោគហើយប្រជាពលរដ្ឋនៅតំបន់ទាំងនោះគឺទទួលរងបញ្ហាជាច្រើន។

លោកបន្ថែមថា៖ «យើងមើលឃើញការអភិវឌ្ឍលើតំបន់អាងស្ដុកទឹក ឬតំបន់បឹងទន្លេ​ហ្នឹង វា​ហាក់បីដូចជាឃើញច្រើនរាប់តាំងពីបឹងតាមោក បឹងទំពន់……. គឺមានការលុប​កន្លងមក ក្នុង​នាម​យើងជាប្រជាពលរដ្ឋយើងសាទរ​ចំពោះការអភិវឌ្ឍ​អ្នកដែលមានសិទ្ធិ​ធ្វើ​សេចក្ដី​សម្រេច​ប៉ុន្ដែក៏ត្រូវមានការវាយតម្លៃមួយដើម្បីធានាថា មិនប៉ះពាល់ប្រជាពលរដ្ឋ​នៅ​តំបន់ហ្នឹង»

បឹងទន្លេបាទីដែលរាជរដ្ឋាភិបាលបានកាត់ទៅឱ្យបុគ្គលឯកជនវិនិយោគ ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

រីឯលោក សាន់ ម៉ាឡា ជាមន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា(CYN) បាន​លើក​ឡើងថា លោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែននិងមានការព្រួយបារម្ភនៅពេលដែល​ទទួល​បានដំណឹងពីការចេញអនុក្រឹត្យកាត់ដីបឹងទន្លេបាទីទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ​គឺវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសការប៉ះពាល់ដល់បរិស្ថាននិងជីវភាពរបស់​ប្រជាពលរដ្ឋ​មួយចំនួនដែលពួកគាត់កំពុងរស់នៅពឹងផ្អែកទៅលើវិស័យទេសចរណ៍និងអ្នក​អាស្រ័យផលធ្វើស្រែចំការដោយពឹងផ្អែកលើទឹក ហើយវាអាចឱ្យបណ្ដាខេត្តផ្សេងទៀតនឹង​យកគំរូតាមទៅថ្ងៃ​អនាគត។

លោកបានពន្យល់បន្ថែមថា ដូនតាតាំងពីសម័យអង្គរមកគឺតែងតែជីកប្រឡាយ ជីកស្រះ ជីកព្រែក ជុំវិញប្រាសាទឬក៏តំបន់ដែលដូនតាបានកសាង ប៉ុន្ដែមកដល់សម័យនេះ​បែរជា​នាំគ្នាលុបបឹងលុបប្រឡាយ លុបទន្លេដោយយកការអភិវឌ្ឍ​ទៅវិញជារឿងដែលមិនអាច​ទទួលយកបាននោះទេ។

លោកបន្ដថា៖ «ក្នុងនាមខ្ញុំជាយុវជន ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនអាច​ទទួល​យកបានទេ ចំពោះការអភិវឌ្ឍមួយនេះ»

បឹងទន្លេបាទី មានផ្ទៃដីលាតសន្ធឹងពីស្រុកបាទី ដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​មាន​ទទឹង១ពាន់ម៉ែត្រ និងបណ្ដោយ៧ពាន់ម៉ែត្រ ជាអាងស្តុកទឹកទ្រទ្រង់​ប្រាង្គ​ប្រាសាទ​ប្រវត្តិសាស្រ្ដ និងជាអាងស្តុកទឹកសម្រាប់ប្រជាកសិករ២ស្រុក៕

454 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម