សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូងខេត្តកណ្តាល​បានចោទប្រកាន់ និងឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវពីរនាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

អ្នកបើកម៉ូតូម្នាក់បានបើកម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកបើកម៉ូតូម្នាក់បានបើកម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

សាលា​ដំបូង​ខេត្ត​កណ្តាលបានសម្រេច​ឃុំ​ខ្លួន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​ពីរ​នាក់ ​ដោយ​ចោទ​ប្រកាន់​៤​ករណី​ផ្សេង​គ្នា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ចប់​ការ​ស៊ើប​អង្កេត។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានប្រាប់ សារព័ត៌មានខេមបូចា ថា សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្តាលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ជាប់សង្ស័យពីបទទទួលសំណូក រំលោភអំណាច និងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ។ ចំណែក​ជំនួយការ​ការិយាល័យ​គ្រឿងញៀន​ខេត្ត លោក ស៊ិន សុវណ្ណារិទ្ធ ជាប់​សង្ស័យ​ទទួល​សំណូក និង​រំលោភអំណាច។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោក សូ សារិន មានប្រសាសន៍នៅថ្ងៃទី១៣ ខែមករា ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថទាំងពីររូបជាបណ្តោះអាសន្ន ដោយបញ្ជាក់ពីការចោទប្រកាន់លើពួកគេ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ លោកបានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «ខ្ញុំមិនអាចឆ្លើយបាននៅឡើយទេ ព្រោះវាស្ថិតនៅក្រោមយុត្តាធិការរបស់ចៅក្រមស៊ើបសួរ។ ខ្ញុំ​អាច​ឆ្លើយ​បាន​តែ​ក្រោយ​ការ​ជំនុំ​ជម្រះ​»

លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបង្វែរសំណួរទៅអ្នកនាំពាក្យតុលាការព្រោះគាត់មានសិទ្ធិនិយាយអំពីករណីនេះ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ទៀត ត្រូវបាននាំខ្លួនទៅសាកសួរ​។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន មុន​នឹង​បញ្ជូន​ទៅ ACU។

កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា លោក ចន្ធី និងលោក សុវណ្ណារិទ្ធ បានទទួលយកសំណូក ជាថ្នូរនឹងការមិនធ្វើការបង្រ្កាបគ្រឿងញៀន ៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាធ្វើឲ្យបែកធ្លាយ ការសម្ងាត់នៃការស៊ើបអង្កេត។

យោងតាមអគ្គស្នងការនគរបាលជាតិ ការស៊ើបអង្កេតរួមគ្នាលើករណីឃាតកម្មនៅអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានធ្វើឡើងជាមួយកងរាជអាវុធហត្ថខេត្តកណ្តាល នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឈានដល់ការចាប់ខ្លួនជនសង្ស័យ៤នាក់ រួមមាន ចន្ធី និងសុវណ្ណារិទ្ធ ដែលជាអ្នកសម្របសម្រួលស៊ើបអង្កេតលើការធ្វើទារុណកម្មរហូតដល់ស្លាប់ និងការជួញដូរគ្រឿងញៀន​។

ដោយឡែកលោក លុយ សារុំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រាំកក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីប្រឈមមុខនឹងការពិន័យចំពោះការមិនបំពេញកាតព្វកិច្ចដោយការទទួលខុសត្រូវ បើទោះបីជាលោកមិនពាក់ព័ន្ធករណីសូកប៉ាន់ក៏ដោយ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានប្រាប់ សារព័ត៌មានខេមបូចា ថា អង្គការសង្គមស៊ីវិល ស្វាគមន៍ចំពោះចំណាត់ការ និងការអនុវត្តលើអំពើពុករលួយ ជាមួយនឹងការចាប់ខ្លួនមន្ត្រីដែលសង្ស័យពីបទសូកប៉ាន់ ដែលជាជំហានវិជ្ជមានឆ្ពោះទៅអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ។

លោក ពិសី មានប្រសាសន៍ថា៖ «ការកាត់បន្ថយអំពើពុករលួយអាចធ្វើទៅបានលុះត្រាតែច្បាប់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយគ្មានការរើសអើងរវាងមន្ត្រីជាន់ខ្ពស់ និងថ្នាក់ទាប»

សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ប្រទេសកម្ពុជាបានជាប់លេខ ២២ ក្នុងចំណោម ១០០ ធ្លាក់ចុះពី ២៤ កាលពីឆ្នាំមុន ដែលដាក់វានៅចំណាត់ថ្នាក់ទីពីរក្នុងចំណោមប្រទេសអាស៊ាននៅពីក្រោយប្រទេសមីយ៉ាន់ម៉ា។ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ ១៥៨ ក្នុងចំណោម ១៨០ ប្រទេស និងតំបន់ជុំវិញពិភពលោក បើធៀបនឹងឆ្នាំ២០២២ ដែលមានពិន្ទុ១៥០៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Takeo Provincial Military Police Officers Charged with Four Counts of Corruption by Kandal Court

662 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម