សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អ្នករាយការណ៍ពិសេស​ អ.ស.ប ចុះប្រមូលព័ត៌មាននិងស្វែងយល់បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចនៅ​ខេត្ត​រតនគិរី

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) ផ្ដល់សន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ (ខេមបូចា / ព្រីង សំរាំង)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) ផ្ដល់សន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ (ខេមបូចា / ព្រីង សំរាំង)

អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) បានជួប​ប្រជុំ​ជាមួយ​អង្គការ​សង្គមស៊ីវិល​និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​នៅក្នុងជំនួបទាំងនោះ​ មេដឹកនាំ​សហគមន៍​បាន​លើកឡើង​ពីកង្វល់នានា​ជុំវិញ​ការរឹតត្បិតសិទ្ធិសេរីភាព និង​ការបន្ត​កាប់ទន្រ្ទាន​ព្រៃឈើ ។

លោក វិទិត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៤ ក៏នឹង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គម​ស៊ីវិល អ្នក​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ សមាជិក​សហគមន៍​ការទូត ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដទៃ​ទៀត​ ផងដែរ នៅ​រាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ។

អ្នកគ្រប់គ្រងគម្រោង​នៃ​អង្គការ​ជនជាតិដើមភាគតិច​កម្ពុជា (CIPO) លោក សោម គន្ធារី បានបញ្ជាក់ថា​ ក្រុមជនជាតិដើម​ភាគ​តិច​​ក្នុង​ខេត្ត​រតនគិរី​ពិតជា​បាន​ជួប​ប្រជុំ​ជាមួយ​លោក​ វីទិត មែន ។ ពួកគេ​បាន​លើកឡើង​ពី​ភាពប្រឈម​ទាំងឡាយដែលទាក់ទងនឹង​ប្រជាជន​មក​ពី​ខាងក្រៅ​និង​ក្រុមហ៊ុន​ឯកជន​ចូល​មក​ទន្ទ្រាន​យក​ដីស្រែចម្ការ​សហគមន៍​របស់ពួកគេ ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស ចំណុល​មីក្រូ​ហិរញ្ញ​វត្ថុ និង​ការ​កាប់​បំផ្លាញព្រៃឈើ ។

លោកបាននិយាយថា៖ «ខ្ញុំគិតថា បើសិនជា​លោក​[វិទិត] ពាំនាំ​កង្វល់ទាំងនេះ​ទៅ​ដល់​ដៃគូ​និងអាជ្ញាធរពាក់ព័ន្ធ​ ស្ថានភាព​នឹង​ប្រសើរ​ឡើង​ពីព្រោះ​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ» ។

លោក គន្ធារី បាន​លើកឡើង​ថា ជនជាតិដើម​ភាគតិច​នៅតែ​បន្ត​ប្រឈមនឹង​បញ្ហានៅក្នុង​«ដីសមូហភាពរបស់ពួកគេ» ដែល​មានទីតាំង​ស្ថិត​នៅខាង​ក្នុង​តំបន់​ការពារ ។ សិទ្ធិនិងជីវភាពរបស់ពួកគេ​បាន​ទទួល​រងផល​ប៉ះពាល់​ដោយសារតែពួកគេរស់នៅពឹងពាក់អាស្រ័យ​លើ​ព្រៃឈើ ។

អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មិនអាចទាក់ទងសុំ​ការអត្ថាធិប្បាយបានទេ ។

ស្របពេល​ជាមួយគ្នានេះ សិក្ខាសាលាយុវជនមួយ​នៅខេត្ត​បាត់ដំបង​ត្រូវ​បាន​អាជ្ញាធរ​បញ្ឈប់​មិន​ឱ្យ​ធ្វើ កាលពីថ្ងៃ​អាទិត្យ ដោយសារតែអាជ្ញាធរ​អះអាងថា ក្រុមយុវជន​​ពុំបានសុំ​ច្បាប់អនុញ្ញាត​ឡើយ ។

សិក្ខាសាលានោះ​ធ្វើឡើងដោយ​ក្រុម​ស្នាមញញឹមយុវជន (Smiling Youth) ដើម្បី​លើក​កម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​ការងារ​សង្គម​ ដែលមាន​មនុស្ស​ជាង ៦០​នាក់​ចូលរួម ។

កញ្ញា ទី សូមានីតា សមាជិក​នៃក្រុម​ស្នាម​ញញឹមយុវជន បាន​និយាយថា កងកម្លាំង​ប្រហែល ១០នាក់​ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ជាជន​ស៊ីវិល​បាន​ចុះមកប្រាប់​ពួកគេ​ឱ្យ​បញ្ឈប់ បើទោះបីជា​កញ្ញាទទូច​ថា​ ក្រុមយុវជន​មិន​បានធ្វើអ្វីខុស​ច្បាប់ទេ ហើយ​មាន​សិទ្ធិ​ធ្វើ​សិក្ខាសាលាក៏ដោយ ។

កញ្ញា​ សូមានីតា បានរៀបរាប់ថា៖ «ដំបូងគាត់ [អាជ្ញាធរ]​មក​​ហាម​ឃាត់​ពួកយើងដែរថា​ ឱ្យ​ឈប់ត្រឹមហ្នឹង ប៉ុន្តែពួកយើង​អត់ឈប់​ទេ ដោយសារយុវជនស្រុះគ្នាថាឱ្យ​បន្តទៅ ពួកខ្ញុំក៏បន្ត ​[…] គេក៏ផ្តាច់ភ្លើងពួកខ្ញុំយកតែម្តង ដោយសារតែពួកខ្ញុំនៅតែបន្តសកម្មភាពហ្នឹងទៀត»។

បើទោះបីដាច់​ភ្លើង​ហើយ​ក្ដី ក្រុមយុវជនបាន​បន្ត​សិក្ខាសាលា​ដោយ​មិន​ប្រើ​មីក្រូហ្វូន ប៉ុន្តែ ពួកគេ​បាន​ឮ​សំឡេង​ពីខាងក្រៅ​ថា បើ​ពួកគេ​មិន​ព្រមឈប់ទេ អាជ្ញាធរ​នឹង​ចាប់ខ្លួន​ពួកគេ ។

កញ្ញា សូមានីតា បាន​និយាយថា ពួកគេ​បាន​បញ្ឈប់​សិក្ខាសាលាបន្ទាប់បាន​ឮ​យ៉ាងដូច្នោះ ពីព្រោះ​ពួកគេ​មិនចង់​បង្ក​បញ្ហា​ដល់​ម្ចាស់​ភោជនីយដ្ឋាន ។

កញ្ញា​ សូមានីតា បាន​ទៅ​សាលាក្រុង​បាត់ដំបង នៅថ្ងៃទី១៩ ខែកក្កដា ដើម្បី​និយាយ​ពី​សិក្ខាសាលា ប៉ុន្តែ អាជ្ញាធរ​បាននិយាយថា ពួកគេ[ក្រុមយុវជន]ត្រូវបាន​«ហាមឃាត់»​មិន​ឱ្យ​រៀបចំ​ធ្វើសិក្ខាសាលាទេ ។ អាជ្ញាធរ​បាន​លើក​ពី​ច្បាប់នានា​មកធ្វើជាអំណះអំណាងដែល​ច្បាប់ទាំងនោះ​គឺ​ផ្ទុយ​ពី​ច្បាប់​ស្ដីពីសមាគម​និង​អង្គការ​សង្គម​ស៊ីវិល ។

ក្រុមយុវជន​ញញឹម​ត្រូវបាន​បង្កើតឡើង​នៅឆ្នាំ២០២៣ និង​ធ្លាប់បានធ្វើ​សិក្ខាសាលា​ពីមុនមក ប៉ុន្តែ មិន​ដែលជួបបញ្ហា​ណាមួយ​ឡើយ ទើបតែ​ជួប​នៅថ្ងៃអាទិត្យ​កន្លងទៅ ។ កញ្ញា ​បានស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គោរពច្បាប់​និង​អនុញ្ញាត​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ដោយ​គ្មាន​ការរឹតត្បិត ។

អាជ្ញាធរខេត្ត​បាត់ដំបង​បញ្ឈប់​ក្រុមយុវជន​មួយក្រុម​មិន​ឱ្យ​ធ្វើ​សិក្ខាសាលា នៅឯ​ភោជនីយដ្ឋាន​មួយ​ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ។ (ហ្វេសប៊ុករបស់ CCHR)

អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា បានប្រាប់ ខេមបូចា ថា ក្រុមយុវជន​ដែលធ្វើ​សិក្ខាសាលា​នោះ​ពុំមានលិខិតអនុញ្ញាតទេ ដូច្នេះ ម្ចាស់​ភោជនីយដ្ឋាន​បាន​ស្នើ​ឱ្យមក​ពួកយើងឱ្យ​បញ្ឈប់ ។ លោក​បាននិយាយថា៖ «ដោយសារក្រុមរបស់គាត់ហ្នឹងគាត់មកធ្វើការជួបជុំហ្នឹង មិនមានលិខិតអនុញ្ញាតពីអាជ្ញាធរ ឬពីសមត្ថកិច្ចពាក់ព័ន្ធទេ ដល់អ៊ីចឹងទៅម្ចាស់ភោជនីយដ្ឋានហ្នឹងគឺគាត់បានឆែករកលិខិតអនុញ្ញាតមិនមាន គឺគាត់សុំឱ្យខាងហ្នឹង [យុវជន] បញ្ឈប់សកម្មភាព»។

នៅពេល​លើកឡើង​ពីការដែល​ក្រុម​ស្នាម​ញញឹមយុវជន ​បានទៅ​រដ្ឋបាល​ខេត្ត​ដើម្បីជូនដំណឹង​អំពី​សិក្ខាសាលា កាលពីថ្ងៃទី១៩ ខែកក្កដា លោក វាសនា បានស្នើឱ្យ​ក្រុមយុវជនទាំង​នោះ​​ធ្វើជា​លិខិត​ ។ លោក វាសនា និយាយថា៖ «ធ្វើ​លិខិត​ផ្លូវការមក […] បាន ឬមិនបានខាង អាជ្ញាធរនឹងជូនដំណឹង[ទៅពួកគេ]ជាលាយលក្ខណ៍អក្សរ »។ លោក​បន្តថា ​សិក្ខាសាលា​ស្តីពីអ្វីក៏ដោយ បើចង់ធ្វើនៅក្នុង​ដែនសមត្ថកិច្ចខេត្ត​បាត់ដំបង ត្រូវតែសុំ​ច្បាប់ពី​អាជ្ញាធរពាក់ព័ន្ធ ។

អ្នកដែល​លើក​ទូរសព្ទ​ដែល​ហៅចូល​តាម​លេខ​ទូរសព្ទ​ដាក់​នៅលើ​ផ្ទាំងផ្សព្វផ្សាយរបស់​ភោជនីយដ្ឋាន បាន​ប្រាប់ ខេមបូចា ថា ពួកគាត់មិន​ជាប់ពាក់ព័ន្ធ​ទេ ។ ស្ត្រីដែល​ឆ្លើយតាមទូរសព្ទ​ និងសុំ​មិន​បញ្ចេញ​ឈ្មោះ​បាននិយាយថា បញ្ហានោះ​ត្រូវបានដោះស្រាយ​រវាង​អាជ្ញាធរ​និង​ខាង​អង្គការ ។ អ្នកនាង​បាន​បន្ថែម​ថា ខាងភោជនីយដ្ឋាន​មិនបានដឹង​ពី​នីតិវិធី​ជាក់លាក់​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទេ ។

អ្នកនាងបាននិយាយថា៖ «គាត់[អាជ្ញាធរ]​មក​​ខ្លួន​ឯងតែម្តង […] ព្រោះ​ពួកយើង​ជា​កន្លែង​រក​ស៊ី ពួកខ្ញុំ​ទទួល​ទាំងអស់ហ្នឹងឯង[ព្រឹត្តិការណ៍]» ។ អ្នកនាងបាន​បដិសេធ​ថា ភោជនីយដ្ឋាន​មិន​បាន​ស្នើទៅ​អាជ្ញាធរ​ឱ្យ​មក​បញ្ឈប់​សិក្ខាសាលាទេ ។

កាលពីខែឧសភា រដ្ឋជាសមាជិក​អង្គការសហប្រជាជាតិបានទទូច​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារឡើងវិញ​នូវ​លំហ​នយោបាយ​របស់​ពលរដ្ឋ និង​សិទ្ធិ​សេរីភាពនៃការបញ្ចេញមតិ និង​ឱ្យ​ដោះលែង​អ្នកទាំងអស់​ដែល​ត្រូវបាន​ឃុំឃាំង​ដោយអយុត្តិធម៌ដោយសារតែអនុវត្ត​សិទ្ធិ​សេរីភាពជាមូលដ្ឋានរបស់​ខ្លួន ។ ការស្នើនេះ​រួមទាំងអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ផងដែរ ដែល​ត្រូវបាន​តុលាការ​កាត់ទោស ឱ្យ​ជាប់ពន្ធនាគារ ២៧ឆ្នាំ និង​ហាមឃាត់​មិន​ឱ្យធ្វើ​នយោបាយ​ពេញ​មួយ​ជីវិត ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក លោក នី សុខា បាន​លើកឡើងថា អ្នករាយការណ៍ពិសេស​បាន​ស្នើដោយទទូច​ ឱ្យរដ្ឋាភិបាល​បើក​ចំហ​លំហ​សិទ្ធិពលរដ្ឋ​និង​លំហ​នយោបាយ​ និងអនុវត្ត​កំណែទម្រង់​ប្រជាធិបតេយ្យ ។ ប៉ុន្តែ លំហ​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​នេះ​នៅតែបន្ត​រួមតូច ដោយ​លោក​កត់​សម្គាល់​ពី​ការចាប់ដាក់ពន្ធនាគារ​កាលពីពេលថ្មីៗនេះ នូវ​សកម្មជន​បរិស្ថាន និង​ការចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​ ព្រមទាំង​ក្រុម​សហជីព​បើក​យុទ្ធនាការ​បង្ខូច​ឈ្មោះ​អង្គការ សង់ត្រាល់

លោក សុខា បាននិយាយថា៖ «អ្នករាយការណ៍ [វិទិត ម៉ុនតាបន] កំពុងវាយតម្លៃ​និង​ប្រមូល​ព័ត៌មាន​ពី​គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ទទូច​ឱ្យរដ្ឋាភិបាល​គិតពិចារណា​ទៅលើ​របាយការណ៍ »។ ដោយលោកបានបន្ថែមថា៖ «ប៉ុន្តែ យើង​ពុំមាន​សុទិដ្ឋិនិយមថា ស្ថានភាពនឹងប្រសើរឡើងដោយសារតែដំណើរទស្សនកិច្ច​របស់​លោកទេ ពីព្រោះ​មានតែរដ្ឋាភិបាលខ្លួនឯងដែលត្រូវពិចារណា​ស្ដារលើងវិញនូវលំហ​សេរីភាពទាំងអស់ហ្នឹង»​។

ផ្អែក​តាមបទពិសោធន៍របស់​លោក ស្ថានភាពសិទ្ធិមនុស្ស​ធ្លាក់ចុះធ្ងន់ធ្ងរ​ដោយសារតែ​បញ្ហា​នយោបាយ ដែលវាទាក់ទងទៅនឹងជម្លោះរវាងអ្នកនយោបាយ ។

មន្ត្រី​ព័ត៌មាន​សាធារណៈ​របស់​អង្គការសហប្រជាជាតិ លោក Hammad Ahamd បដិសេធ​ការ​ផ្ដល់​អត្ថាធិប្បាយ​ជាក់លាក់​ជុំវិញ​ជំនួបប្រជុំ​របស់​អ្នករាយការណ៍ពិសេសជាមួយ​មេដឹកនាំ​សហគមន៍​នៅតាម​មូលដ្ឋាននៅខេត្ត​រតនគិរី ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនអាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN Special Rapporteur Gathers Information on Land Encroachment, Deforestation in Ratanakiri

582 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម