សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រោយពីចេញពន្ធនាគារ លោក រ៉ុង ឈុនថានឹងបន្តតស៊ូការពារសិទ្ធិមនុស្សដោយមិនចុះញ៉ម

មេដឹកនាំសហជីពលោក រ៉ុង ឈុន ថ្លែងអំឡុងពេលបទសម្ភាសន៍មួយជាមួយខេមបូចា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
មេដឹកនាំសហជីពលោក រ៉ុង ឈុន ថ្លែងអំឡុងពេលបទសម្ភាសន៍មួយជាមួយខេមបូចា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អស់រយៈពេល​ជិតពីរ​សប្តាហ៍​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ មេដឹកនាំ​សហជីព​លោក​ រ៉ុង ឈុន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម។

«ខ្ញុំ​ រ៉ុងឈុន បាន​វិល​ត្រឡប់​មក​វិញ​ហើយ»។ នេះជាការថ្លែងរបស់លោក រ៉ុង ឈុន ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា បន្ទាប់​ពី​ជាប់ពន្ធនាគារ​អស់រយៈពេល​ជាង​មួយ​ឆ្នាំ​មក។ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា លោក​ រ៉ុង ឈុន ជាមួយនឹង​សកម្មជន​ចំនួន​ប្រាំមួយ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​ ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ ១៥ ខែ​នៃ​ទោសទណ្ឌ​រយៈពេល ២៤​ខែ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ញុះញង់​ជុំវិញ​ការ​រិះគន់​របស់​លោក​លើ​ការ​កំណត់ព្រំដែន​កម្ពុជា​-វៀតណាម។ ​​​

លោក រ៉ុង ឈុន វ័យ ៥២​ឆ្នាំ​ ដែល​ធ្លាប់​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ​ និយាយ​ថា លោក​នៅ​តែ​ប្តេជ្ញា​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​បញ្ហា​ព្រំដែន។

​​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា៖ «យើង​មិន​បាន​បោះបង់​ចោល​បញ្ហា​ព្រំដែន​នោះ​ទេ យើង​នៅ​តែ​បន្ត​ឃ្លាំ​មើល ហើយ​យើង​នឹង​ទៅ​ពិនិត្យ​មើល​ព្រំដែន [នា​ពេល​អនាគត]។ ខ្ញុំ​ចង់​បង្ហាញ​គោលជំហរ​ថា ខ្ញុំ​នឹង​បន្ត​បេសកកម្ម​របស់​ខ្ញុំ​ក្នុង​ការ​ស្វែងរក​សេរីភាព ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»។

សន្និសីទ​សារព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​លោក រ៉ុង ឈុន និង​សកម្មជន​ដែល​ត្រូវ​បាន​ដោះលែង​មួយ​ចំនួន​ទៀត ដើម្បី​បង្ហាញ​ថា ពួកគេ​នៅ​តែ​ប្តេជ្ញា​តស៊ូ​ការពារ​សិទ្ធិ​មនុស្ស។

លោក​ រ៉ុង ឈុន​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជារងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​រឿង​អយុត្តិធម៌» ដោយ​លោក​កត់សម្គាល់​ថា មាន​ការ​ស៊ើបអង្កេត​តិចតួច​ពីតុលាការ​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ប្រឆាំង​នឹង​រូបលោក និង​សកម្មជន​ដទៃ​ទៀត ដែល​ភាគច្រើន​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​បរិស្ថាន។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ជា​បន្ទាន់​ផង​ដែរ។ ​​

​​លោក​បាន​ថ្លែងបន្ត​ថា៖ «នៅ​ពេល​យើង​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ យើង​ជា​ពលរដ្ឋ​ ត្រូវ​បំពេញ​ចន្លោះប្រហោង​នេះ​តាមរយៈ​ការ​និយាយ​បើកចំហ»។

មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន (ខាង​ស្តាំ) មក​ដល់​ហាង​កាហ្វេ​មួយ មុន​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង

ការ​តស៊ូ​ការពារ​សិទ្ធិ​ពេញ​មួយ​ជីវិត​

​​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​ រ៉ុង ឈុន​ គឺជា​ អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា និង​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេច​ធ្លោ​មួយ​រូប​អស់រយៈពេល​រាប់​ទសវត្សរ៍​មក​នេះ។ ​

លោក​ រ៉ុង ឈុន​ ​កើត​នៅ​ឆ្នាំ១៩៦៩​ នៅ​ឃុំតាលុន ស្រុកស្អាង ខេត្ត​កណ្តាល ជា​កូន​ទី​បួន​ក្នុង​ចំណោម​កូន​ប្រាំ​នាក់ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ខេមូចា កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍មុន លោក​បាន​និយាយ​ថា លោក​ចាប់ផ្តើម​មាន​ភាព​សកម្ម​ផ្នែក​សិទ្ធិ​ពលកម្ម ដោយ​ផ្តើមចេញ​ពី​ការងារ​ដំបូង​របស់​លោក​ជា គ្រូ​បង្រៀន​នៅ​វិទ្យាល័យ។

លោក​បាន​ថ្លែង​ថា៖ «​នៅ​ឆ្នាំ ១៩៩៣ ខ្ញុំ​បាន​ជួយ​ទាមទារ​ឲ្យ​គ្រូ​បង្រៀន​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន»។

ក្នុង​ឋានៈ​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ​នឹង​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា នៅ​ឆ្នាំ ១៩៩៦ ដោយ​ផ្តោត​ទៅ​លើ​ការ​ការពារ​សិទ្ធិ​គ្រូបង្រៀន និង​កម្មករ។ បន្ទាប់​ពី​លោក ជា​ វិជ្ជា ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ លោក រ៉ុង ឈុន បាន​បញ្ចូល​គ្នា​រវាង​សហជីព​សេរី​កម្មករ និង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​មក​ជា​សហភាព​សហជីព​កម្ពុជា បើទោះបីជា​មាន​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​មក​លើ​រូប​លោក​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា៖ «យើង​តែង​តែ​ព្រួយបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិភាព​ ប៉ុន្តែ​យើង​មិន​អាច​បញ្ឈប់​ការងារ​របស់​យើង​បាន​នោះ​ទេ។ ដូច្នេះ [យើង] បន្ត​ការងារ​ប្រកប​ដោយ​វីរភាព​របស់​លោក ជា វិជ្ជា ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​យុត្តិធម៌​សង្គម»។

​​លោក រ៉ុង ឈុន​ ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​លោក​បាន​រង​បទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ព្រំដែនបំពេញបន្ថែម​ដ៏​ចម្រូងចម្រាស់​ជាមួយ​វៀតណាម ជា​ផ្នែក​មួយ​នៃ​ពាក្យបណ្តឹង​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

​លោក​បាន​ថ្លែង​ថា៖ «កាល​ពី​គ្រា​នោះ ខ្ញុំ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​អស់រយៈពេល ៩៦​ថ្ងៃ»។ កាល​ពី​ឆ្នាំ ២០១៤ លោក​ រ៉ុង ឈុន ត្រូវ​បាន​ឃុំខ្លួន​មួយរយៈពេល​ខ្លី ខណៈ​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព​​ លោក វន ពៅ និង​សកម្មជន​ និង​កម្មករ​ចំនួន ២២​នាក់​ផ្សេង​ទៀត។ ការ​ចាប់ខ្លួន​រូប​លោក​កាល​ពី​ពេល​ចុងក្រោយ​នេះ ​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០២០ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ធ្វើការ​តវ៉ា និង​រិះគន់​ជា​ច្រើន​កន្លង​មកកាបោះបង្គោលព្រំដែន។ ប៉ុន្តែ​បើ​ទោះ​ជា​ប្រឈម​នឹង​ករណី​ដូច​នេះ លោក​ រ៉ុង ឈុន នៅ​តែ​បន្ត​បេជ្ញា​នឹង​ធ្វើ​សកម្មភាព​តស៊ូ​ការពារ​សិទ្ធិ​​។

​​លោក​បាន​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​នោះ​ទេ ពីព្រោះ​ខ្ញុំ​ធ្វើ​អ្វី​គ្រប់យ៉ាង​ស្រប​នឹង​ច្បាប់។ ជា​ប្រជាពលរដ្ឋម្នាក់ យើង​ត្រូវ​ចូលរួម​ ប្រសិន​បើ​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម»។

មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន មក​ដល់​សាលាឧទ្ធរណ៍​សម្រាប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក រ៉ុង ឈុន បាន​បន្ថែម​ថា ខណៈ​ធ្វើការ​តវ៉ា លោក​តែង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ពី​កងកម្លាំង​សន្តិសុខ ក៏ដូចជា អំពើ​ហិង្សា ហើយ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​វាយ​នឹង​ដំបង​ឈើ ឬ​ដំបង​ឆក់​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «ប៉ុន្តែ​យើង​មិនបោះបង់​នោះ​ទេ ពីព្រោះ​យើង​ជឿ​ថា ការ​ចូលរួម​របស់​យើង​គឺជា​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​តវ៉ា និង​រិះគន់​ស្ថាបនា»។

លោក​បាន​បន្ត​ថា លោក​ធ្វើការ​ដើម្បី «ធានា​ថា ពលរដ្ឋ​កម្ពុជាឲ្យ​មាន​សេរីភាព ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ»។

​ចាប់តាំងពីឆ្នាំ២០១៥ លោក​ រ៉ុង ឈុន បាន​បម្រើការ​ជា​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​កំណត់​ឡើង​ដោយ​អតីត​គណបក្ស​សង្រ្គោះជាតិ​ កាល​ពី​គ្រា​នោះ។ ដូច​សមាជិក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ចាត់​តាំង​ដោយ​គណបក្ស​ប្រឆាំង​​នេះ​ដែរ លោក​បាន​លាលែង​ពី​តំណែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ដាក់​បម្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​នេះ​ធ្វើ​នយោបាយ។ លោក​បាន​និយាយ​ថា ដោយ​ស្ថានភាព​នយោបាយ​កាន់​តែ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ការ​តស៊ូ​ការពារ​សិទ្ធិ​បាន​ក្លាយ​ជា​រឿង​កាន់​តែ​សំខាន់​ជាង​មុន។ ​

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ព្យាករណ៍​បាន​ទេ ពីព្រោះ​ខ្ញុំ​មិនអាច​មើល​ឃើញ​អ្វី​ទាំងអស់​នា​ពេល​អនាគត​នោះ​ទេ។ ឥឡូវ​នេះ ខ្ញុំ​កំពុង​គិត​ពី [ផ្តោត​ទៅ​លើ] ជីវភាព​របស់​កម្មករ និង​គ្រូបង្រៀន ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដទៃ​ទៀត»។​

​​លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា លោក​ក៏​កំពុង​ពិចារណា​ធ្វើការ​ជាមួយ​នឹង​មេដឹកនាំ​សហជីព​ឯករាជ្យ​ដទៃ​ទៀត ដើម្បី​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​សហជីព និង​ក្រុមប្រឹក្សា​ជាតិ​លើ​ប្រាក់​ឈ្នួល​អប្បបរមា។ ផ្ទុយ​ពី​គោលដៅ​ច្បាប់ លោក​បាន​និយាយ​ថា មេដឹកនាំ​សហជីព​មិនមាន​អំណាច​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ផ្សេងៗ ដែល​ទទួល​រង​ឥទ្ធិពល​ពី​នយោជក និង​មន្រ្តី​រដ្ឋាភិបាល​នោះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​រាជធានីភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង ​

ការ​បន្ត​ការងារ​ទៅ​មុខ

សកម្មជន​សរុប​ចំនួន​ ២៧​នាក់ ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ បន្ទាប់​ពី​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន នៅ​មុន​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អនឡាញ​រវាង​មេដឹកនាំ​សហភាព​អឺរ៉ុប និង​មេដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ កាល​ពី​សប្តាហ៍​មុន។ លោក​ រ៉ុង ឈុន បាន​និយាយ​ថា ការ​ដោះលែង​រូប​លោក​ និង​សកម្មជន​ដទៃ​ទៀត​មុន​កាល​កំណត់ គឺ​ដោយសារ​តែ​ហេតុផល​តែ​មួយ​គត់​គឺ មេដឹកនាំ​កម្ពុជា​ចង់​ការពារ​កេរ្តិ៍ឈ្មោះ​ប្រទេស ជា​ពិសេស​នៅ​មុន​ឆ្នាំ ២០២២ នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន។ លោក​បាន​កត់សម្គាល់​ថា មេដឹកនាំ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប តែងតែ​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដើម្បី​ចោទសួរ​​ទៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​កំណត់ត្រា​សិទ្ធិ​មនុស្ស។

លោក​ រ៉ុង​ ឈុន​ បាន​បន្ថែម​ថា ការ​ចាប់ខ្លួន​រូបលោក​ និង​សកម្មជន​ដទៃ​ទៀត ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​គ្រាន់​តែ​រិះគន់​រដ្ឋាភិបាល បាន​បង្ហាញ​ពី​ការ​រួម​តូច​នៃ​លំហសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

​​ដូច​លោក​ រ៉ុង ឈុន​ផង​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ភួង កែវ​រស្មី ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សកម្មជន​ចំនួន​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា បាន​ប្តេជ្ញា​បន្ត​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ទោះបី​ជា​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​មន្រ្តី​អាជ្ញាធរ​ក៏​ដោយ។

​​កញ្ញា​បាន​ថ្លែង​ថា៖​ «យើងនៅ​តែ​បន្ត​គិត​ថា សកម្មភាព​ពី​មុន​មក​របស់​យើង​មិនមែន​ប្រឆាំង​នឹង​ច្បាប់​នោះ​ទេ។ យើង​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​របស់​យើង ហើយ​យើង​សូម​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ដទៃ​ទៀត​ងើបឈរ​ឡើង និង​ចូលរួម​ជាមួយ​ពួកយើង​ ពាក់ព័ន្ធ​នឹង​ការងារ​សង្គម»។

កញ្ញា​បាន​បន្ថែម​ថា៖ «យើង​នៅ​តែ​រក្សា​គោលជំហរ​របស់​យើង​លើ​ការងារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​របស់​យើង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unbowed by prison, union leader Rong Chhun says he will continue to advocate for rights

319 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម