បន្ទាប់ពីការចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃចន្ទមិនទាន់ទទួលបានលទ្ធផលជោគជ័យ តំណាងសហជីពនៅតែចូលតុចរចានៅរសៀលថ្ងៃពុធបន្តទៀត ដើម្បីស្នើឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ ទើបឈានដល់ការពិភាក្សានៅចំណុចបន្តបន្ទាប់ដែលមានចែងក្នុងសេចក្ដីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
បើតាមមេដឹកនាំសហជីព គឺកញ្ញា ឈឹម ស៊ីថរ បានប្រាប់ឱ្យដឹងថា បន្ទាប់ពីការចរចាដ៏តានតឹង ត្រូវបានបញ្ចប់ ខាងក្រុមហ៊ុននៅតែបដិសេធសំណើរបស់កូដករស្នើសុំចូលធ្វើការវិញ ដោយក្រុមហ៊ុនអះអាងថា មិនអាចទទួលឱ្យចូលធ្វើការបានទេ ទោះបីខាងសហជីពផ្ដល់ជម្រើសឱ្យក្រុមហ៊ុនដោះដូរបុគ្គលិកដែលចង់ឈប់បានឈប់ និងទទួលបុគ្គលិកដែលចង់ត្រឡប់ទៅធ្វើការវិញ ឱ្យចូលធ្វើការវិញក៍ដោយ។
កញ្ញា ស៊ីថរ បានប្រាប់ឱ្យដឹងថា៖«ភាគីកម្មករ បានផ្ដល់ជាជម្រើសមួយក្នុងការឱ្យក្រុមហ៊ុនពិចារណា ដើម្បីបញ្ចប់វិវាទការងារដែលអូសបន្លាយជិតមួយឆ្នាំ ចឹងមកទល់ពេលនេះគឺមានកម្មករនិយោជិតជាង២៥០នាក់ ដែលគាត់មិនយល់ព្រមទទួលសំណងបញ្ចប់កិច្ចសន្យាក្នុងគម្រោងកាត់បុគ្គលិករបស់ណាហ្គាវើលដ៍ ក្នុងនោះក៏មានអ្នកចង់ឈប់ប្រសិនបើទូទាត់សំណងត្រឹមត្រូវ»។
កញ្ញា ស៊ីថរ បានបន្តទៀតថា តាមអ្វីដែលរូបនាងបានដឹងពីកម្មករ កំពុងធ្វើការក្នុងក្រុមហ៊ុនដែលមិនមានឈ្មោះកាត់ គឺស្ម័គ្រចិត្តឈប់ពីការងារប្រមាណ៣០០នាក់ ដើម្បីឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលមានឈ្មោះកាត់បានចូលធ្វើការវិញ ក្នុងលក្ខខណ្ឌប្រសិនបើក្រុមហ៊ុនទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ។
កញ្ញាបន្តថា៖«តួរលេខបឋមដែលយើងទទួលបានគឺមានអ្នកស្ម័គ្រចិត្តប្រហែល៣០០នាក់ហើយឱ្យក្រុមហ៊ុនកាត់ ដើម្បីសោះដូរជាមួយអ្នកចង់ចូលធ្វើការប្រហែល២០០នាក់ហ្នឹង»។
កញ្ញា ស៊ីថរ បានឱ្យដឹងទៀតថា ក្រៅតែពីការបដិសេធមិនយល់ស្របនឹងការដោះដូរខាងលើ ខាងក្រុមហ៊ុនបានប្រាប់ថា មានគម្រោងកាត់បុគ្គលិកបន្ថែមចំនួន៦០០នាក់ទៀត ហើយបុគ្គលិកដែលស្ម័គ្រចិត្តឈប់៣០០នាក់ អាចឈប់បាន ហើយក្រុមហ៊ុននឹងគិតសំណងតាមរបៀបបុគ្គលិកដែលលាឈប់ពីការងារ។
ថ្វីបើយ៉ាងនេះក្ដី កញ្ញា ឈឹម ស៊ីថរ បានសម្ដែងការខកចិត្តចំពោះក្រសួងការងារ ដែលលើកឡើងក្នុងកិច្ចប្រជុំចរចាថា ជាគោលការណ៍ជាសាកល សិទ្ធិនៅក្នុងការចង់ជួលនរណាម្នាក់ឱ្យធ្វើការ ឬមិនចង់ជួលអ្នកណាឱ្យធ្វើការ គឺជាឆន្ទានុសិទ្ធិរបស់និយោជក។
ថ្នាក់ដឹកនាំសហជីពរូបនេះរៀបរាប់ថា៖«ការលើកឡើងបែបនេះ គឺចង់ប្រាប់ថាក្រុមហ៊ុនអត់ចង់ឱ្យអ្នកណាចូលធ្វើការគឺជាសិទ្ធិរបស់ក្រុមហ៊ុន ចង់ឱ្យអ្នកណាធ្វើការជាសិទ្ធិរបស់ក្រុមហ៊ុន ដែលស្ដាប់ទៅហាក់ជំរុញឱ្យនិយោជកប្រកាន់ជំហដដែល»។
បើតាមកំណត់ត្រាកិច្ចប្រជុំកាលពីថ្ងៃចន្ទ ភាគីក្រុមហ៊ុន ណាហ្គាវើលដ៍ បានលើកឡើងថា ក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ក្រុមហ៊ុនបានត្រួតពិនិត្យអំពីលក្ខខណ្ឌជាច្រើន និងជាក់លាក់ ហើយក្រុមហ៊ុនប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេច ដោយឆ្លងកាត់ការប្រឹក្សាយោបល់តាមច្បាប់ស្តីពីការងារ។
តាមកំណត់ត្រាកិច្ចប្រជុំ ក្រុមហ៊ុនលើកឡើងថា៖«ការលើកឡើងរបស់ភាគីតំណាងកម្មករនិយោជិត មានន័យហាក់ដូចជាសហជីពចង់ដើរតួជាអ្នកទទួលខុស ត្រូវអំពីដំណើរការអាជីវកម្មជំនួសក្រុមហ៊ុនទៅវិញ»។
ក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ មានកម្មករនិយោជិតដែលកំពុងបម្រើការងារប្រហែល ៦០០នាក់ នៅតែជាចំនួនដែលលើសពីតម្រូវការជាក់ស្តែង។ ដូចនេះ ប្រសិនបើអ្នកទាំង៣០០នាក់ ដែលចង់លាឈប់នោះ អាចសម្រេចចិត្តដាក់ពាក្យលាឈប់បានហើយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់តាមការលាឈប់ពីការងារដោយស្ម័គ្រចិត្ត។
តាមកំណត់ត្រាកិច្ចប្រជុំដដែល ខាងក្រុមហ៊ុនបានអះអាងថា ជម្រើសនៃការដោះដូររវាងកម្មករនិយោជិតដែលចង់លាឈប់ពីការងារ និងកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញ គឺភាគីនិយោជកនឹងមិនពិចារណាទេ។
កាលពីថ្ងៃចន្ទ មានកូដករប្រមាណ១២០នាក់ មានវត្តមាននៅមុខក្រសួងការងារ ដើម្បីរង់ចាំលទ្ធផលចរចាររកដំណោះស្រាយវិវាទការងារ ដែលអូសបន្លាយជិតមួយឆ្នាំនេះ។ ពួកគេបានសម្ដែងការខកចិត្ត និងសម្រក់ទឹកភ្នែកយំឱបគ្នាទៅវិញទៅមក សម្រាប់លទ្ធផលដែលមិនអាចទទួលយកបាននេះ បន្ទាប់ពីតំណាងទាំង៥នាក់របស់ពួកគេបានចេញពីប្រជុំ។
បើតាមអ្នកស្រី ម៉ម សុវឌ្ឍិន ជាកូដករមួយរូបដែលមិនមានឈ្មោះកាត់ បានលើកឡើងថា រូបនាងមានការខកចិត្តយ៉ាងខ្លាំង ចំពោះដំណោះស្រាយដែលមិនអាចទទួលយកបាន និងគ្មានទំនួលខុសត្រូវរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ក្នុងការបញ្ចប់វិវាទការងារមួយនេះ។
អ្នកស្រី សុវឌ្ឍិន បាននិយាយថា៖«ភាគីក្រុមហ៊ុន និងក្រសួងគ្មានចេតនាដើម្បីបញ្ចប់វិវាទនេះទេ ព្រោះអាចំណុចហ្នឹងគឺជាចំណុចចំបង ដែលពួកយើងចង់បានបំផុត»។
ស្រ្តីកូដករវ័យ៣៤ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា រូបនាង និងកូដករផ្សេងទៀត នឹងបន្តធ្វើកូដកម្មជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ហើយពួកគេមិនអាចចូលចរចាបន្តទៀតឡើយ ព្រោះក្រុមហ៊ុនណាហ្គាវើលដ៍បានបដិសេធមិនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ និងមិនមានចេតនាចង់បញ្ចប់វិវាទនេះឡើយ។
អ្នកស្រី សុវឌ្ឍិន បន្ថែមថា៖«ទាល់តែការចរចាអាចំណុចទីមួយហ្នឹងជោគជ័យទើបយើងបន្តទៅចរចាចំណុចផ្សេងទៀត ចឹងបើអាទីមួយអត់បានផងហ្នឹង តើយើងត្រូវចរចាអីគេ បើគាត់បដិសេធហើយ ចឹងយើងនៅតែបន្តកូដកម្មជាមួយណាហ្គាវើលដ៍ និងស្នើអាជ្ញាកុំមកបង្រ្កាបខ្ញុំទាំងអយុត្តិធម៌ចឹងទៀត»។
ចំណែកកូដករមួយរូបទៀត គឺកញ្ញា ជឹម រដ្ឋា អាយុ២៣ឆ្នាំ បម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៥ឆ្នាំ ផ្នែកចែកបៀបានឱ្យដឹងថា រូបនាងមានការសោកស្ដាយជាខ្លាំង ចំពោះចម្លើយរបស់ក្រុមហ៊ុន ដែលបដិសេធមិនទទួលយកបុគ្គលិករួមមានថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ ខណៈខាងសហជីពបានលះបង់ជាច្រើនរួចមកហើយ ដើម្បីចរចាបញ្ចប់វិវាទនេះ ហើយសកម្មភាពទាំងនេះ គឺជាការបង្ហាញអំពីការរើសអើងសហជីពឯករាជ្យយ៉ាងពិតប្រាកដ។
កញ្ញា រដ្ឋា ប្រាប់ថា៖«ខ្ញុំពិតជាមានអារម្មណ៍ថាជារឿងមួយដែលសោកស្ដាយ ដែលយើងខំសម្បទាន តាំងដែលគាត់អត់ទាន់ទំលាក់បទចោទ ដើម្បីចរចារកវិធីឈ្នះៗទាំងសងខាង ក្រុមហ៊ុននៅតែទាត់ចោលអ្វីដែលយើងស្នើសុំ ដែលជាចេតនាចង់រំលាយសហជីពចោល និងចង់បំបាត់សម្លេងសហជីព»។
កូដករវ័យក្មេងរូបនេះ លើកឡើងថា នាងសោកស្ដាយ និងមានអារម្មណ៍ថាអយុត្តិធម៌ ដោយសារតែកម្ពុជាមានច្បាប់ស្ដីពីការងារអន្តរជាតិ ដោយសហជីពត្រូវបានការការពារពិសេសដោយច្បាប់ តែក្រសួងការងារមិនអាចដោះស្រាយឱ្យក្រុមហ៊ុនបរទេសនេះគោរពសិទ្ធិការងារ និងដោះ ស្រាយទៅតាមច្បាប់ទៅវិញ។
រដ្ឋាបានរៀបទាំងទឹកមុខស្រងូតស្រងាត់ថា៖«អនុសញ្ញាស្នូលILO C ៨៧ និង ៩៨ ដែលមានចែងមកហើយ ហើយទាំងកម្ពុជាយើងចុះសច្ចាប័នជាមួយគេទៀត នៅតែគ្មានការអនុវត្ត នៅតែគ្មានឥទ្ធិពលឱ្យក្រុមហ៊ុនមួយនេះគោរពបាន»។
ដោយឡែក ចំពោះក្រសួងការងារវិញ បានចេញសេចក្ដីប្រកាសកាលពីថ្ងៃចន្ទថា ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងការទូទាត់ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់អធិការការងារ ភាគីទាំងពីរបានឯកភាពគ្នាកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៣ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ឱ្យដឹងថាយោងតាមច្បាប់ការងារក្រសួងមានតួនាទីជាអ្នកផ្សះផ្សារ ក្រសួងមិនមែនជាចៅក្រមនោះទេ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖« ក្រសួងនឹងបន្តសម្របសម្រួលឲ្យភាគីទាំងពីរ ដែលជាម្ចាស់នៃកិច្ចសន្យាការងារ ជួបពិភាក្សាគ្នា និងចេះយោគយល់គ្នា រកដំណោះស្រាយសមរម្យមួយ»។
លោកសួរ បន្តទៀតថា ក្នុងករណីភាគីទាំងពីរ នៅតែមិនអាចរកដំណោះស្រាយបាន យោងតាមច្បាប់ភាគីទាំងពីរអាចប្តឹងទៅតុលាការដើម្បីដោះស្រាយបញ្ចប់ ហើយក្នុងករណី កូដករនៅតែបន្តធ្វើកូដកម្ម ឬក្នុងករណីក្រុមហ៊ុននៅតែបដិសេធមិនយល់ព្រមតាមសំណើកូដករ ភាគីទាំងពីគប្បីសិក្សាពីផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។
លោក ហេង សួរ បញ្ជាក់ថា៖ «វាអាស្រ័យលើភាគីវិវាទនីមួយៗ ដែលចង់ចាញ់ឈ្នះគ្នា។ ប៉ុន្តែសូមភាគីនីមួយៗ ប្រយ័ត្នប្រយែង ហើយត្រូវមើលច្បាប់ឲ្យលម្អិត កុំមើលតែមាត្រាណាដែលខ្លួនចង់មើល»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ យល់ឃើញថា ជុំវិញបញ្ហាវិវាទាការងារ ដែលអូសបន្លាយជាយូរមកហើយនេះ ដំណោះស្រាយ គឺមានវិធីសាស្រ្តពីរ ដោយទី១ ដោះស្រាយដោយពឹងផ្អែកទៅលើគោលការណ៍ច្បាប់ការងារ ដែលបានចែង និងទី២ ដោះស្រាយតាមរបៀបក្រៅប្រព័ន្ធ គឺមានការសម្បទានឱ្យគ្នាទៅវិញទៅមក បើមិនដូច្នេះទេ វិវាទនេះមិនងាយនឹងបញ្ចប់ឡើយ មានតែការខាតបង់ ។
លោក ថារ៉ូ ពន្យល់ថា៖«ឬសគល់នៃវិវាទនេះ វិធីសាស្រ្តក្នុងការដោះស្រាយគឺមានតែ២ទេ ទីមួយដោះស្រាយទៅតាមគោលការណ៍ច្បាប់ ក្រសួងត្រូវហ៊ានក្នុងការសម្រេចក្នុងចំណុចទី១ជាអាទិភាព គឺការបញ្ឈប់បុគ្គលិកកម្មករនិយោជិត និងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ដោយធ្វើបទបង្ហាញទៅកាន់ភាគីនិយោជកពីផ្លូវច្បាប់»។
លោក ថារ៉ូ បន្តថា៖«គោលការណ៍ទី២ គឺការធ្វើសម្បទាន អាចនិយាយថាការដោះស្រាយក្រៅប្រព័ន្ធជាកញ្ចប់ ការចរចាដែលអាចទទួលយកបាន និងមិនខូចប្រយោជន៍ភាគីណាធ្ងន់ធ្ងរ ហើយបើមិនមានគោលការណ៍សម្បទានទេ វិវាទនេះនៅតែមិនអាចបញ្ចប់បានអ៊ីងចឹង »។
យ៉ាងណាមិញ លោកថារ៉ូ ចាត់ទុកថាការបដិសេធរបស់ភាគីក្រុមហ៊ុនចំពោះសំណើសុំចូលធ្វើការវិញរបស់កម្មករ គឺជារឿងមិនសមហេតុផល ខណៈការបញ្ឈប់បុគ្គលិក និងថ្នាក់ដឹកនាំសហជីពដែលក្រុមហ៊ុនបានធ្វើ គឺវាបានខុសនឹងច្បាប់ការងារ និងរំលោភបំពានសហជីពរួចទៅហើយ។
លោក ថារ៉ូ បញ្ជាក់ថា៖«កាលដែលនិយោជក បដិសេធមិនយកបុគ្គលិកកម្មករនិយោជិត គឺវាមិនមានហេតុផលត្រឹមត្រូវទេ បើនិយាយពីគោលការណ៍ច្បាប់ ការបញ្ឈប់ហ្នឹងវាខុសគោលការណ៍ច្បាប់តាមមាត្រា៩៥ ស្ដីពីច្បាប់ការងារ ហើយបើនិយាយពីសហជីពទៀត កាន់តែរំលោភបំពានសិទ្ធិទទួលបានការការពារពិសេស អាហ្នឹងគឺជាការរំលោភបំពានធ្ងន់ធ្ងររួចទៅហើយ»។
គួររំលឹកដែរថា កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្ដើមធ្វើកូដកម្មទាមទារសិទ្ធិការងាររបស់ពួកគេចាប់តាំងពីថ្ងៃទីទី១៨ ខែធ្នូ ឆ្នាំ២០២១ ហើយរហូតមានការចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព និងរហូតមានការដោះលែងឱ្យនៅក្រៅឃុំ វិវាទការងារមួយនេះ នៅពុំទាន់មានដំណោះស្រាយសមរម្យសម្រាប់ភាគីកម្មករនៅឡើយទេ។
យ៉ាងណាមិញនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះ កូដករជាច្រើននាក់នៅតែចេញធ្វើកូដកម្មនៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍ដដែល បន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍បដិសេធមិនទទួលយកពួកគេឱ្យចូលធ្វើការវិញ។
ទន្ទឹមនឹងការចេញធ្វើកូដកម្មនេះ ក្រុមកូដករត្រូវបានអាជ្ញាធររារាំង ប្រើប្រាស់អំពើហិង្សា និងបៀតបៀន ដូចពេលសព្វមួយដងផងដែរ។ នេះបើយោងតាមការឡាយហ្វេប៊ុក របស់ក្រុមកូដករកាលថ្ងៃអង្គារ៕