តំណាងសហជីពមកពីវិស័យផ្សេងៗបានទៅប្រកាសជំហរនៅមុខក្រុមកូដករកាលពីថ្ងៃសុក្រនេះ ដើម្បីគាំទ្រ និងធ្វើយុទ្ធនាការទាមទារឱ្យដោះលែងមេដឹកនាំ និងតំណាងក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងស្នើឱ្យក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទការងារនេះ។
ថ្ងៃសុក្រនេះជាលើកទី១៩នៃការធ្វើកូដកម្មរបស់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសហជីព និងកូដករ ព្រមទាំងឱ្យក្រុមហ៊ុនណាហ្គាវើលដ៍យកមេដឹកនាំ និងបុគ្គលិកចំនួន៣៦៥នាក់ចូលធ្វើការវិញ។ ជាមួយគ្នានេះដែរ ក្រុមកូដករប្រមាណជា៤០០នាក់ បានចូលរួមធ្វើកូដកម្ម ហើយពួកគេបានស្រែកបន្ទរថា៖ «អយុត្តិធម៌ណាស់ៗ ដោះលែងតំណាងរបស់ខ្ញុំ»។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានស្រែកខ្លាំងៗជាមួយក្រុមកូដករ ខណៈដែលគាត់បានចូលរួមធ្វើសន្និសីទជាមួយកូដករកាលថ្ងៃសុក្រនេះថា វិវាទកម្មករជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាវិវាទការងារសុទ្ធសាធមិនពាក់ព័ន្ធនឹងបដិវត្តពណ៌នោះឡើយ ហើយលោកស្រីបានស្នើឱ្យអ្នកពាក់ព័ន្ធនានាបញ្ឈប់ការលាបពណ៌មកលើក្រុមកម្មករក្នុងការធ្វើកូដកម្មទាមទារសិទ្ធិការងារ ហើយសហជីពគ្រប់វិស័យផ្សេងទៀតមិនឱបដៃឈរមើលបុគ្គលិកណាហ្គាវើលដ៍រងភាពអយុត្តិធម៌ឡើយ។
លោកស្រី ផល្លីន ថ្លែងថា៖ «យើងចង់ប្រាប់ថា អ្វីដែលពួកយើងធ្វើនេះ គឺទាមទារការគោរពសិទ្ធិរបស់ពួកយើង ហេតុអ្វីគ្រាន់តែទាមទារឱ្យថៅកែគោរពសិទ្ធិពួកយើង យើងត្រូវជាប់គុក? ។ លោកស្រីបន្តថា៖ «បងប្អូនដែលទាមទារសិទ្ធិនៅកន្លែងធ្វើការ មិនមែនជាបទល្មើស តុលាការក្ដី រដ្ឋាភិបាលក្ដី កុំទាញយើងទៅរឿងបដិវត្តពណ៌ កុំទាញយើងទៅរឿងដែលស្មោគគ្រោគ»។
លោកស្រី ផល្លីន បន្ថែមទៀតថា វាជារឿងដែលសង្វេគណាស់ដែលក្រុមហ៊ុនណាហ្គាវើលដ៍ប្រើតាក់ទិចបញ្ឈប់កម្មករម្ដងហើយម្ដងទៀត រហូតចាប់តំណាងសហជីព និងសមាជិកផ្សេងទៀតដាក់គុក។ លោកស្រីលើកឡើងថា ប្រសិនបើក្រុមហ៊ុនណាហ្គាវើលដ៍ព្រមទទួលយកបុគ្គលិកទាំង៣៦៥នាក់ចូលធ្វើការវិញ កូដកម្មនេះនឹងបញ្ចប់។
លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖« សូមប្រើបេះដូងជាមនុស្សមកដោះស្រាយបញ្ហាដោយស្មោះត្រង់ ពួកខ្ញុំអត់មានកំាភ្លើងទេ កុំចោទពួកខ្ញុំធ្ងន់ធ្ងរពេក គ្រាន់តែកូដកម្មមួយក្រុមហ៊ុនចោទថាបដិវត្តពណ៌?» ។
លោកស្រី ផល្លីន សង្កត់ធ្ងន់ទៅលើក្រសួងការងារថា កុំព្យាយាមធ្វើប្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាជូនបុគ្គលិកណាហ្គាវើលដ៍ និងកុំព្យាយាមបង្កើតបញ្ហាផ្សេងៗ និងដឹងឱ្យច្បាស់ពីគោលបំណងរបស់កម្មករនិយោជិត។
លោកស្រីអះអាងថា៖ «កម្មករទាមទារចូលធ្វើការវិញ មិនមែនទាមទារយកសំណងទេ ហើយការទាមទារនេះ មិនសមណាឱ្យពួកយើងជាតំណាងកម្មករជាប់គុកទេ។ ហើយវាជារឿងមួយដែលអាម៉ាស់ទៅដល់រដ្ឋាភិបាលទៅវិញទេ នៅពេលដែលអ្នកឯងចាប់មេដឹកនាំសហជីព»។
ចំណែកលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានលើកឡើងដែរថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ដែលភាគច្រើនជាស្រ្តី គឺជាការបំបាក់ស្មារតីមកលើស្រ្តី តែយ៉ាងណាក៏ដោយលោកស្រីនិងតំណាងសហជីពមកពីវិស័យផ្សេងនឹងងើបឈរឡើងគំាទ្រ ហើយទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ដាច់ខាត និងគ្មានលក្ខខណ្ឌ។
លោកស្រី សុភ័ណ្ឌ មានប្រសាសន៍ថា៖ «យើងអត់ចង់ឱ្យប្រទេសជាតិយើងយករឿងករណីណាហ្គាវើលដ៍ ធ្វើឱ្យអាប់ឱនកិត្តិយសប្រទេសជាតិយើងទេ»។
លោកស្រី សុភ័ណ្ឌ ក៏បានស្នើឱ្យរដ្ឋាភិបាលមានចំណាត់ការមកលើបញ្ហារបស់បុគ្គលិកណាហ្គាវើលដ៍ និងស្នើឱ្យដោះលែងថ្នាក់ដឹកនាំសហជីព។
លោកស្រីឱ្យដឹងថា៖ «ចង់ឱ្យវិវាទនេះបញ្ចប់ ទាល់តែមានការដោះលែងថ្នាក់ដឹកនាំ និងស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាបុគ្គលិកណាហ្គាវើលដ៍ឱ្យបានឆាប់រហ័ស»។
អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ បានអះអាងថា បញ្ហាបុគ្គលិកនៅណាហ្គាវើលដ៍ គឺជារឿងរបស់កម្មករទាំងអស់គ្នាមកពីគ្រប់វិស័យទាំងអស់ បើប៉ះមួយគឺប៉ះទំាងអស់។
លោកថ្លែងថា៖ «បើប៉ះមួយគឺប៉ះទាំងអស់ មែនទេបងប្អូន? រឿងនេះជារឿងនិយោជកជាមួយនិយោជិត មិនមែនជាមួយអាជ្ញាធរទេ ដោះស្រាយទៅតាមផ្លូវច្បាប់មិនមែនចាប់ចងដូច្នេះទេ»។
ដោយឡែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានថ្លែងដែរថា រឿងនេះគឺជារឿងឈឺចាប់របស់សហជីពទាំងអស់ ហើយតំណាងសហជីពផ្សេងទៀតមិនអាចឈរឱបដៃមើលភាពអយុត្តិធម៌នេះទេ។
លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាសហជីពដូចគ្នា មិនអាចក្រពាត់ដៃឈរមើលភាពឈឺចាប់របស់សហជីព ហើយសូមអាជ្ញាធរបញ្ឈប់បង្កើតការឈឺចាប់ជូនប្រជាពលរដ្ឋខ្មែរ»។
គួរបញ្ជាក់ដែរថា មុនពេលតំណាងថ្នាក់ដឹកនាំសហជីពខាងលើមានវត្តមាននៅទីតាំងកូដកម្ម ខាងមន្ត្រីក្រសួងការងារក៏មានវត្តមាននៅទីតាំងនេះដែរ ដោយគ្រាន់តែមកប្រកាសមេក្រូជាច្រើនលើកច្រើនសាទៅក្រុមកូដកម្ម ស្តីអំពីការអញ្ជើញ តំណាង ឬបងប្អូនអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៏ ដើម្បីចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏។
ជុំវិញបញ្ហានេះ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមរយៈការចុះសង្កេតការផ្ទាល់ជុំវិញព្រឹត្តិការណ៍កូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ និងការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព បានថ្លែងឱ្យដឹងថា គឺជារូបភាពអាក្រក់មែនទែនសម្រាប់កម្ពុជា។
លោកស្រីថា៖ «កម្លាំងបុរសជាច្រើនចាប់សង្រ្កប់ទៅលើស្រ្តី ប្រើកម្លាំងបាយចាប់អូស សម្រាប់ខ្ញុំ មើលទៅវាអាក្រក់»។
លោកស្រីបានឱ្យដឹងទៀតថា ដោយសារតែការរាប់អាន និងការគោរពនូវភាពក្លាហានរបស់ថ្នាក់ដឹកនាំសហជីព លោកស្រីបានកាត់សក់ខ្លី បន្ទាប់ពីមានការចាប់ខ្លួននិងឃុំខ្លួនថ្នាក់ដឹកនាំសហជីពផ្សេងទៀត ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ។
លោកស្រីបន្ថែមថា៖ «ដោយសារតែការរាប់អានជាមួយស៊ីថរផង និងការគោរពគាត់ អ្វីដែលខ្ញុំអាចធ្វើបាននាពេលនេះ គឺទាមទារដល់អាជ្ញាធរធ្វើការដោះលែងពួកគេ ព្រោះអ្វីដែលគាត់ធ្វើនេះគ្រាន់តែជាការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន សិទ្ធិសហជីពដែលអាចធ្វើកូដកម្ម»។
ជុំវិញករណីនេះ ខេមបូចា មិនអាចទាក់ទងទៅ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានទេ ដោយទំនាក់ទំនងតាមទូរសព្ទចូលហើយ ប៉ុន្តែចុចបិទ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លោកណាំ ទីវ័ន្ត បានប្រាប់ឱ្យដឹងថា រូបលោកស្នើឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីពនិងសមាជិកផ្សេងទៀត ដើម្បីឱ្យពួកគេបានមកចរចា និងទាមទារឱ្យក្រុមហ៊ុនចេញមកដោះស្រាយជូនពួកគេ។
លោកនិយាយថា៖ «មានតែបន្ថែមសម្ពាធឱ្យពួកខ្ញុំ អ្វីដែលខ្ញុំត្រូវការបំផុតនោះគឺក្រុមហ៊ុនដោះស្រាយចំពោះពួកខ្ញុំឱ្យ៣៦៥នាក់ចូលធ្វើការវិញ និងដោះលែងតំណាងរបស់ពួកខ្ញុំទាំងអស់មកវិញ»។
លោកបានឱ្យដឹងទៀតថា រូបលោកនិងបុគ្គលិកផ្សេងទៀត បានដើរអស់និតិវិធីច្បាប់ហើយ ទើបជ្រើសយកការធ្វើកូដកម្មដោយអហិង្សាដើម្បីឱ្យមានដំណោះស្រាយចំពោះកម្មករដែលត្រូវក្រុមហ៊ុនបញ្ឈប់និងរំលោភបំពាន។
លោកបន្ថែមថា៖ «ខ្ញុំគិតថាមិនខុសច្បាប់ទេ ពីព្រោះពួកខ្ញុំបានដើរអស់និតិវិធីច្បាប់ដូចជា៨ខែហើយ តាំងពីគេ[ក្រុមហ៊ុន] បញ្ឈប់ពួកខ្ញុំមក»។
បុគ្គលិករូបនេះ មើលឃើញថា អាជ្ញាធរមិនបានបំពេញតួនាទី និងធ្វើជាអាជ្ញាកណ្ដាលក្នុងការចូលរួមដោះស្រាយបញ្ហាឱ្យកម្មករទេ ក្រៅតែពីការដាក់សម្ពាធមកលើក្រុមកម្មករ។
លោកបន្ថែមទៀតថា៖ «អាជ្ញាធរដូចជាមិនចូលរួមបំពេញតួនាទីជាអាជ្ញាកណ្ដាលសម្រាប់ពួកខ្ញុំ ខ្មុំមានអារម្មណ៍ថា បែរជាទេរទៅកាន់ជើងក្រុមហ៊ុនជាងកាន់ជើងបុគ្គលិកដែលជាកម្មករខ្មែរ»។
ចំណែកបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបទៀត គឺកញ្ញា សោម សន្យា បានប្រាប់ខេមបូចា ថាគាត់នៅតែរក្សាជំហរក្នុងការធ្វើកូដកម្មរហូតមានការដោះលែងថ្នាក់ដឹកនាំសហជីព និងទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍មកចរចាដោះស្រាយបញ្ហាជាមួយបុគ្គលិក។
កញ្ញាឱ្យដឹងថា៖ «ខ្ញុំនឹងធ្វើកូដកម្មរាល់ថ្ងៃ ទាល់តែក្រុមហ៊ុនណាហ្គាចេញមកដោះស្រាយឱ្យពួកខ្ញុំ ជាពិសេសស្នើឱ្យក្រុមហ៊ុនណាហ្គាដោះលែងសហជីពទាំងអស់ដែលបានចាប់យកទៅ»។
បុគ្គលិកមិនទាន់កាត់ឈ្មោះរូបនេះអះអាងថា ខ្លួនមានការឈឺចាប់នៅពេលដែលឃើញក្រុមការងារខ្លួន និងបុគ្គលិកផ្សេងទៀតរងភាពអយុត្តិធម៌ ព្រោះតែការទាមទារឱ្យមានដំណោះស្រាយ តែត្រូវរងការលាបពណ៌ថាជារឿងនយោបាយទៅវិញ។
កញ្ញា សន្យា បន្តថា៖ «និយាយពីរឿងសហជីព គឺរដ្ឋជាអ្នកបង្កើតឱ្យមានសហជីពក្នុងក្រុមហ៊ុនដើម្បីការពារបុគ្គលិក ដល់ពេលដែលបុគ្គលិកមានបញ្ហា ហេតុអ្វីក៏រដ្ឋចាប់ប្រធានសហជីពរបស់ខ្ញុំទៅ ហើយព្យាយាមលាបពណ៌ពួកខ្ញុំជារឿងផ្សេង»។
កញ្ញាថា ក្រុមហ៊ុនបានផ្ញើសារព្រមានទៅបុគ្គលិកមិនទាន់កាត់ឈ្មោះឱ្យត្រឡប់ទៅធ្វើការវិញ តែកញ្ញាថាខ្លួនមិនត្រឡប់ទៅធ្វើការវិញឡើយ ដរាបណាមានដំណោះស្រាយជូនកម្មករ និងដោះលែងថ្នាក់ដឹកនាំសហជីព។
កញ្ញាសន្យាថា៖ «ឃើញក្រុមហ៊ុនផ្ញើសារទៅបុគ្គលិកទាំងអស់ឱ្យចូលធ្វើការវិញ ប៉ុន្តែពួកខ្ញុំអត់ចូលទេ ក្រុមហ៊ុនផ្ញើសារមករហូត ទំាងដែលមិនដោះស្រាយបញ្ហាឱ្យពួកខ្ញុំ បើក្រុមហ៊ុនណាហ្គាចេញមុខដោះស្រាយមិនមានរូបភាពបែបនេះទេ »។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការចាប់ខ្លួនមេដឹកនាំសហជីពណាហ្គាវើល បានថ្លែងថា ការចាប់ខ្លួនដោយហឹង្សារបស់មន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល និងការឃុំខ្លួនមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ត្រឹមតែប៉ុន្មានវិនាទីបន្ទាប់ពីនាងចេញពីឡានរបស់នាង គឺគួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន។
សេចក្ដីថ្លែងការដដែល បានបន្តទៀតថា៖ «ទង្វើនេះគួរតែត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលបរទេស អង្គការពលកម្មអន្តរជាតិ (ILO) ក្រុមការងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ និងស្នើឱ្យដោះលែងមេដឹកនាំ និងសមាជិកសហជីពទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលការចោទប្រកាន់ក្លែងក្លាយមកលើពួកគេ»។
ដោយឡែក អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ថា ចាប់និងចោទប្រកាន់កញ្ញា ឈឹម សីថរ មិនត្រឹមត្រូវទេ ប្រគល់សេរីភាពឱ្យរូបនាងវិញ។
លោកបណ្ឌិត ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះថា៖ «អត់ត្រូវយកអំណាចរបស់ប្រជាពលរដ្ឋ ទៅបង្ក្រាបចាប់ដាក់គុកបុគ្គលិកណាហ្គាវើលដ៍ នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិរបស់ពួកគេដែលមានធានាក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ដោយសន្តិវិធីក្នុងក្របខណ្ឌនិងព្រំដែនកំណត់ក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញ(*)នោះទេ» ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលតំណាងឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៥ បានសរសេរនៅក្នុងសេចក្ដីប្រកាសខ្លីមួយកាលពីថ្ងៃម្សិលមិញថា សហភាពអឺរ៉ុបបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចាប់ខ្លួនមេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ជាបន្តបន្ទាប់មកនេះ។
ក្រៅពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិក កាណាដា និង ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ខ្លីរៀងៗខ្លួន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចរចាគ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
បើតាមសេចក្ដីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជនត្រូវចោទទាំង៩នាក់ ដែលត្រូវបានឃាត់ និងឃុំខ្លួននេះ រួមមាន៖ ១)ឈឹម ស៊ីថរ ២)រី សុវណ្ណឌី ៣)សុន ស្រីពេជ្រ ៤)ហៃ សុភាព ៥)ឃ្លាំង សុបិន្ត ៦)ទូច សិរីមាស ៧) ឈឹម សុខន ៨)សុខ ណារិទ្ធ និងចុងក្រោយ សុខ គង្គា។ ពួកគេត្រូវបានចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីមានការស៊ើបសួរពីចៅក្រមស៊ើបហើយ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនប្រធានសហជីពណាហ្គាវើលដ៍និងកូដករម្នាក់ទៀតពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី៥ ខែមករា ខណៈកូដករម្នាក់ទៀតត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
សូមជម្រាបជូនថា គិតត្រឹមសប្ដាហ៍ទីមួយនៃដើមឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ហើយត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារព្រៃស ក្នុងនោះមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាជិកចំនួន៧នាក់ផ្សេងទៀត ដែលភាគច្រើនជាស្រ្តី។ ដោយឡែក សមាជិកចំនួន១៧នាក់ផ្សេងទៀតដែលបានចាប់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ត្រូវបានដោះលែងកាលពីពេលថ្ងៃទី០៤ មករា នេះ ដោយភ្ជាប់ជាមួយកិច្ចសន្យា៕