សហជីពដែលតំណាងកម្មករកាត់ដេរនៅកម្ពុជាលើកឡើងថាពួកគេចង់ឃើញមានការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ ប៉ុន្តែភាគីរោងចក្រមានការស្ទាក់ស្ទើរដោយសារតែសេដ្ឋកិច្ចសកលមិនស្ថិតស្ថេរ ដែលមូលហេតុចំបងបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។
សហជីព តំណាងក្រុមហ៊ុន និងមន្ត្រីមកពីក្រសួងការងារបានជួបពិភាក្សាគ្នាជុំទីមួយនៅក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារកាលពីថ្ងៃចន្ទម្សិលមិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលជាសហជីពឯករាជ្យដ៏ធំមួយនៅកម្ពុជាក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ លោកបានឱ្យដឹងថាសហជីពនៅតែត្រូវបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាអំពីតួលេខផ្លូវការសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែលោកសង្ឃឹមថានឹងមានការកើនឡើងប្រហែល ២០ដុល្លារ។
លោកបានមានប្រសាសន៍ថា៖ «យើងមិនទាន់ពិភាក្សាអំពីតួលេខលម្អិតនៅឡើយទេ។ ព្រឹកនេះ [ថ្ងៃចន្ទ] ខ្ញុំគ្រាន់តែបានស្តាប់បទបង្ហាញ [អំពីស្ថានភាពជារួម] ពីក្រសួង»។
ទោះយ៉ាងណាក៏ដោយលោកបាននិយាយថាប្រាក់ឈ្នួលអប្បបរមាប្រចាំខែប្រហែល២១៥ដុល្លារមួយខែសម្រាប់ឆ្នាំ២០២៣ ជាតម្លៃមួយដែលសមស្របនឹងស្ថានភាពបច្ចុប្បន្ន។ ពេលនេះប្រាក់ឈ្នួលអប្បបរមានៅវិស័យឧស្សាកម្មកាត់ដេរគឺ១៩៤ដុល្លាក្នុងមួយខែ។
លោកបានកត់សម្គាល់ថានិយោជកនៅតែបង្ហាញការព្រួយបារម្ភពីការដំឡើងប្រាក់ឈ្នួល បើទោះបីជាពួកគេបានដឹងពីការកើនឡើងក្នុងការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃរបស់កម្មករមានការកើនឡើងយ៉ាងណាក្តី។
លោក ណាង សុធី ដែលតំណាងនិយោជក ជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំទាស់នឹងការដំឡើងប្រាក់ឈ្នួលកម្មករ។
លោកបានបន្តថាភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ននិងតម្លៃប្រេងខ្ពស់ជាហេតុផលមួយទៀត ដែលការដំឡើងប្រាក់ឈ្នួលដល់កម្មករគួរចៀសវាង។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រោងចក្រកាត់ដេរ និងផលិតស្បែកជើង មិនបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករទេ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាឱ្យដំឡើង ២ ដុល្លារកាលពីឆ្នាំមុន។
លោក សុធី បានមានប្រសាសន៍ថា៖ «គោលជំហររបស់យើងគឺថា យើងមិនចង់ឱ្យ [ប្រាក់ឈ្នួល] ខ្ពស់ជាងនៅប្រទេសវៀតណាមនោះទេ»។ កម្មករកាត់ដេរនៅវៀតណាម មានប្រាក់ឈ្នួលអប្បបរមា២០២ដុល្លារក្នុងមួយខែ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា មិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបង្វែរឱ្យអ្នកសារព័ត៌មានទៅអានសេចក្តីថ្លែងការណ៍របស់ក្រសួងជំនួសវិញ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្រសួងមានលក្ខខណ្ឌចំនួនប្រាំពីរសម្រាប់ការចរចាលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរ និងស្បែកជើងនៅឆ្នាំ ២០២៣។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថាការប្រជុំជជែកពីបញ្ហានេះនៅជុំបន្ទាប់នឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃ ទី៣១ ខែសីហា។
លោក ប៉ាក់ រ៉ាម អាយុ ២៦ឆ្នាំ ជាកម្មករនៅរោងចក្រ Y&W Garment ក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកគាំទ្រការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្ន ១៩៤ ដុល្លារមិនគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់លោកឡើយ។
លោកបន្តថា៖ «ប្រាក់ខែបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃទេព្រោះប្រាក់ឈ្នួលហ្នឹងតិចណាស់។ ខ្ញុំត្រូវការយ៉ាងហោចណាស់ ២២០ ដុល្លារដើម្បីរស់ ហើយអាចបង់ថ្លៃជួលផ្ទះនិងភ្លើងបាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Unions want minimum wage increase for garment workers