លោក គង់ ចន្ធី បង្ហាញទឹកមុខស្រស់ស្រាយនៅពេលលោករំឭកដល់អតីតកាល។ កាលពីសាមសិបឆ្នាំមុន ព្រៃលិចទឹកនៅកណ្តាលទន្លេមេគង្គ នៅភាគឦសាននៃប្រទេសកម្ពុជា ភាគខាងត្បូងនៃព្រំដែនជាមួយប្រទេសឡាវ ពោរពេញទៅដោយជីវិត និងសហគមន៍ដែលមានការរីកចម្រើន។
លោក គង់ ចន្ធី ដែលជាប្រធានសហគមន៍នេសាទនិងអេកូទេសចរណ៍ក្នុងឃុំអូរស្វាយមានប្រសាសន៍ថា ព្រៃឈើតំបន់នេះមិនត្រឹមតែផ្តល់អាហារដល់ប្រជាជន ១៣.០០០នាក់ ដែលរស់នៅតាមដងទន្លេភាគខាងជើងនៃក្រុងស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែវាបានចិញ្ចឹមសត្វស្លាបនិងត្រីដែលជិតផុតពូជ ដោយខ្លះផ្លាស់ទីមកកាន់ដងទន្លេមេគង្គពីបឹងទន្លេសាបនៅភាគពាយ័ព្យរបស់ប្រទេស ដែលជាតំបន់នេសាទត្រីទឹកសាបធំបំផុតក្នុងពិភពលោក ដោយផ្តល់ប្រូតេអ៊ីន៦០ភាគរយដល់ប្រជាជនកម្ពុជា ។ ហើយដើមឈើនិងរុក្ខជាតិតូចៗក៏បានផ្តល់ជម្រកដល់សត្វរស់នៅក្នុងទន្លេគេចខ្លួនពីពពួកសត្វសាហាវ និងជាកន្លែងពងកូនប្រកបដោយសុវត្ថិភាពផងដែរ។
ដោយរំឭកដល់ការនេសាទត្រីពេលយប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោក គង់ ចន្ធី និយាយថា៖ «យើងចាក់អំបិលចូលក្នុងទូក [ដើម្បីរក្សាត្រីឲ្យនៅស្រស់] ប្រើចង្កៀងម៉ាំងសុង យកច្រវាអុកទូក ហើយត្រីលោតចូលទូកតែម្តង»។ លោក គង់ ចន្ធី បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីដែលមានតែមួយនេះ និងប្រភេទត្រីនៅតំបន់នេះសម្រាប់ស្ថាប័នស្រាវជ្រាវរបស់រដ្ឋ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល។
ជីវចម្រុះដ៏ពិសេសក្នុងតំបន់នេះមិនត្រូវបានគេបំភ្លេចចោលនោះទេ។ នៅឆ្នាំ១៩៩៩ ព្រៃលិចទឹកតំបន់នេះត្រូវបានកំណត់ជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិក្រោមអនុសញ្ញារ៉ាមសាររបស់អង្គការយូណេស្កូ។
គ្របដណ្តប់លើផ្ទៃដី១៤.៦០០ហិកតា តំបន់រ៉ាមសារគឺជាប្រព័ន្ធអេកូឡូស៊ីដែលអាចប្រទះឃើញនៅតាមបណ្តោយដងទន្លេមេគង្គប្រវែង៤០គីឡូម៉ែត្រប៉ុណ្ណោះ។ ទេសភាពព្រៃឈើដ៏អស្ចារ្យដូចជាពពួកដើមជ្រៃ ដែលមានមែកសាខាព័ទ្ធជុំវិញ និងអាកាស្សានោះ បានសម្របខ្លួនតាមលក្ខខណ្ឌពិសេស នេះ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដូចគ្នានឹងពពួកសត្វផ្សោតទឹកសាបនៅក្នុងអាងទឹកជ្រៅក្បែរនោះដែរ ដែលសមាជិកចុងក្រោយរបស់វាបានស្លាប់កាលពីឆ្នាំមុន។
ដើមឈើដែលខ្លះមានកម្ពស់រហូតដល់ទៅ២៥ម៉ែត្រ ប្រែប្រួលតាមការឡើងចុះតាមរដូវនៃទឹកទន្លេ។ ពួកវាជ្រុះស្លឹកនៅពេលដែលទឹកទន្លេមេគង្គហក់ឡើងដោយសារទឹកភ្លៀងរដូវវស្សា ហើយទឹកបានជនលិចដើមឈើទាំងនោះ។ បន្ទាប់មក នៅពេលកម្រិតទឹកធ្លាក់ចុះក្នុងរដូវប្រាំង ជាធម្មតាចាប់ពីខែតុលាដល់ដើមខែឧសភា ពួកវាមានសភាពស្ងួតនិងចាប់ផ្តើមលាស់ស្លឹកថ្មី។
ប៉ុន្តែនៅដើមទសវត្សរ៍ឆ្នាំ២០០០ លោក គង់ ចន្ធី បានកត់សម្គាល់ឃើញអ្វីមួយខុសធម្មតា។ ទឹកទន្លេលែងស្រកក្នុងរដូវប្រាំង។ បន្ទាប់មកព្រៃលិចទឹកចាប់ផ្តើមងាប់។ សព្វថ្ងៃនេះ ដើមឈើនៅក្នុងតំបន់ព្រៃលិចទឹករាប់ពាន់ដើមបានងាប់។ លោក គង់ ចន្ធី បាននិយាយថា៖ «រហូតមកដល់ពេលនេះ ដើមឈើពី៧០ទៅ៨០ភាគរយហើយបានងាប់»។
លោក គង់ ចន្ធី បានរៀបរាប់ថា ធនធានជលផលក្នុងស្រុកត្រូវបានបំផ្លាញដោយការនេសាទខុសច្បាប់ និងទំនប់វារីអគ្គិសនីដែលបានបិទច្រកបំលាស់ទី ប៉ុន្តែការបំផ្លិចបំផ្លាញដែលកើតមានចំពោះជម្រកត្រីនេះកាន់តែធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ។ ដូចគ្នានេះដែរ វិស័យទេសចរណ៍រងការគំរាមកំហែងចំពោះការបាត់បង់ព្រៃលិចទឹក។ លោក គង់ ចន្ធី និយាយថា៖ «យើងកំពុងរងទុក្ខ»។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ដែលបាននិយាយទៅកាន់ The Third Pole បានយល់ស្របនឹងការសង្កេតរបស់ គង់ ចន្ធី ដែរ។ ពួកគេបាននិយាយអំពីការខូចខាតដែលកើតមានស្របពេលមានការថយចុះនៃព្រៃឈើ ដែលចាប់ពីការថយចុះចំនួនសត្វស្លាប និងត្រី រហូតដល់ការខូចខាតទីជម្រកផ្សេងទៀតដូចជាឆ្នេរខ្សាច់ដែលនៅជាប់នឹងព្រៃឈើ។ ពលរដ្ឋជាច្រើនបាននិយាយថា ពួកគេមិនបានឃើញប្រភេទត្រីសំខាន់ៗមួយចំនួនច្រើនឆ្នាំមកហើយ។ ហើយពលរដ្ឋជាច្រើនបានបន្ទោសការកើនឡើងខុសធម្មតានៃកម្រិតទឹកនៅលើទំនប់ដនសាហុង ដែលមានចម្ងាយត្រឹមតែ៤គីឡូម៉ែត្រភាគខាងជើងនៃតំបន់ការពាររ៉ាមសានិងស្ថិតនៅភាគខាងត្បូងប្រទេសឡាវ។
ផលប៉ះពាល់កំពុងកើនឡើង
លោក អៀន ប៊ែត (Ian Baird) សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Wisconsin-Madison ក្នុងសហរដ្ឋអាមេរិកយល់ស្របថា ព្រៃលិចទឹកកំពុងមានបញ្ហា។ លោក ប៊ែត បានរស់នៅក្នុងតំបន់នោះ អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានត្រឡប់មកស៊ើបអង្កេតការបាត់បង់ព្រៃឈើកាលពីខែឧសភា ឆ្នាំ២០២២ដោយបានរកឃើញថា ៤០ទៅ៥០ភាគរយនៃដើមឈើខ្ពស់ៗនៃតំបន់ព្រៃលិចទឹកនេះបានងាប់។ លោកនិយាយថា មូលហេតុគឺទំនប់វារីអគ្គិសនីធំៗនៅប្រទេសចិននិងឡាវ ដែលស្តុកទឹកទុកនៅរដូវវស្សានិងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីផលិតអគ្គិសនី។
លោក ប៊ែត និយាយថា៖ «មានការពិភាក្សាច្រើនអំពីផលប៉ះពាល់ [ទំនប់វារីអគ្គិសនី] កើនឡើង ប៉ុន្តែមានឧទាហរណ៍ល្អៗតិចតួចណាស់ទីដែលអ្នកអាចឃើញវា»។ លោកអះអាងថា ព្រៃលិចទឹកនៅខេត្តស្ទឹងត្រែង គឺជាឧទាហរណ៍មួយក្នុងចំណោមនោះ។ ទោះជាយ៉ាងនេះក្តី លោក ប៊ែត បានប្រឹងប្រែងខ្លាំងណាស់ក្នុងការបញ្ជាក់ឱ្យច្បាស់ថា ទំនប់វារីអគ្គិសនីដនសាហុងដោយខ្លួនឯង មិនមានលទ្ធភាពស្តុកទឹកគ្រប់គ្រាន់ ដែលប៉ះពាល់ដល់លំហូរទឹកទន្លេនោះទេ។ ផ្ទុយទៅវិញ លោកនិយាយថា ការខូចខាតព្រៃឈើទាំងនេះ គឺបណ្តាលមកពីប្រតិបត្តិការរួមគ្នានៃទំនប់វារីអគ្គិសនីជាច្រើននៅតាមដងទន្លេមេគង្គ និងដៃទន្លេផ្សេងៗទៀតរបស់វា។
មកដល់ពេលនេះ មានទំនប់វារីអគ្គិសនីជាង១៥០កន្លែងត្រូវបានសាងសង់នៅក្នុងអាងទន្លេមេគង្គ ដែលលាតសន្ធឹងពីប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ទាំងនេះរួមមានទំនប់វារីអគ្គិសនីចំនួន១៣ ដែលស្ថិតនៅតំបន់ខ្សែទឹកសំខាន់នៃទន្លេមេគង្គ ដែលក្នុងនោះមាន១១កន្លែងនៅប្រទេសចិន ដែលទន្លេនេះមានឈ្មោះថា ឡានឆាង (Lancang) និងចំនួន ២កន្លែងនៅប្រទេសឡាវ។ នៅក្នុងប្រទេសចិន ទំនប់ Xiaowan និងទំនប់ Nuozhadu «មានចំណែកច្រើនជាង៥០ភាគរយនៃសមត្ថភាពផ្ទុកសរុប [នៃទំនប់វារីអគ្គិសនី] នៅក្នុងអាងទន្លេមេគង្គ» នេះបើយោងតាមក្រុមអ្នកជំនាញនៅ Stimson Center ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ភាគច្រើននៃទំនប់ទាំងនេះត្រូវបានសាងសង់តាំងពីដើមសតវត្សថ្មី។ ទំនប់ Xiaowan និងទំនប់ Nuozhadu បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០០៨ និង ២០១២ បន្តបន្ទាប់គ្នា។
ការកើនឡើងនៃកម្ពស់ទឹកដែលត្រូវបានសង្កេតដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យពីគណៈកម្មការទន្លេមេគង្គ (MRC) ដែលជាស្ថាប័នផ្តល់ប្រឹក្សាអន្តររដ្ឋាភិបាលដែលមានប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជា ដែលសម្របសម្រួលលើការអភិវឌ្ឍន៍ធនធានទាក់ទងនឹងទឹកនៅក្នុងអាងទន្លេមេគង្គក្រោម។
អំឡុងពេលធ្វើបាឋកថាតាមប្រព័ន្ធអ៊ីនធឺណិតក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៊ែត បាននិយាយថា ការវាស់ស្ទង់ដែលបានធ្វើឡើងក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះនៅទីក្រុង Pakse ភាគខាងត្បូងប្រទេសឡាវ បង្ហាញយ៉ាងច្បាស់ថាកម្រិតទឹកក្នុងរដូវប្រាំងបាននិងកំពុងកើនឡើងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
ឆ្លើយតបនឹងសំណួររបស់ The Third Pole លេខាធិការដ្ឋាន MRC បានទទួលស្គាល់ថា ការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ «អាចបង្កើតលំហូរទឹករដូវប្រាំងខ្ពស់» ដោយបន្ថែមថា «ផលប៉ះពាល់នឹងថយចុះបន្ថែមទៀតនៅខ្សែទឹកខាងក្រោម ហើយមិនបង្ហាញច្បាស់លាស់ទេនៅស្ទឹងត្រែង»។
លេខាធិការដ្ឋាន MRC មិនបានបញ្ជាក់ថា តើខ្លួនបានលើកឡើងពីបញ្ហាព្រៃឈើដែលកំពុងងាប់ទៅកាន់ប្រទេសឡាវ និងចិនឬយ៉ាងណានោះទេ ប៉ុន្តែបានអះអាងថា ស្ថានភាពបច្ចុប្បន្ននៃដីសើមនៅតំបន់អាងទន្លេមេគង្គក្រោមនឹងត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ឆ្នាំ២០២៣របស់ខ្លួន។ ជុំវិញការអភិរក្សតំបន់ដីសើម លេខាធិការដ្ឋានបានលើកឡើងថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋសមាជិកចំនួនបួន បូករួមទាំងចិននិងមីយ៉ាន់ម៉ា លើការតាមដាន «មូលហេតុដើមដែលប៉ះពាល់ដល់កម្រិតទឹក និងបរិមាណក្នុងលក្ខណៈមួយដែលកើនលើសពីកម្រិតអតិបរមាដែលអាចទទួលយកបាន»។
ប្រទេសចិនមិនមែនជាសមាជិក MRC ទេ ហើយមិនជូនដំណឹងដោយផ្ទាល់ដល់បណ្តាប្រទេសនៅខ្សែទឹកខាងក្រោមអំពីគម្រោងទំនប់វារីអគ្គីសនីរបស់ខ្លួនទេ។ យោងតាមលោក ប្រាយអឹន អាយល័រ (Brian Eyler) នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson Center បាននិយាយថា «ទំនប់វារីអគ្គិសនីទី១២ របស់ប្រទេសចិននៅលើដងទន្លេមេគង្គគឺជិតរួចរាល់ហើយ។ មធ្យោបាយតែមួយគត់ដែលយើងដឹងបាន គឺតាមរយៈរូបភាពផ្កាយរណបដែលផ្តល់ដោយកម្មវិធីមួយចំនួនដូចជាកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ»។
ទោះយ៉ាងណាក៏ដោយ មានកិច្ចសហប្រតិបត្តិការមួយចំនួន។ ក្នុងឆ្នាំ២០២០ អាកាសធាតុវិទូបានអះអាងថា ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គខ្សែទឹកខាងលើក្នុងប្រទេសចិនកំពុងរឹតត្បិតលំហូរទឹកនៅរដូវវស្សា ដែលធ្វើឲ្យផលប៉ះពាល់នៃភាពរាំងស្ងួតនៅកម្ពុជា ថៃ ឡាវ និងវៀតណាមកាន់តែធ្ងន់ធ្ងរ។ បន្ទាប់ពីនេះ នៅខែតុលា ឆ្នាំ២០២០ ប្រទេសចិនបានយល់ព្រមចែករំលែកទិន្នន័យទឹកពេញមួយឆ្នាំជាមួយ MRC ។
អនាគតព្រៃលិចទឹកនៅខេត្តស្ទឹងត្រែង
លោក ឈួន ឆន អនុប្រធានមន្ទីរបរិស្ថានខេត្ត ទទួលបន្ទុកតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង មិនបានដឹងពីចំណាត់ការណាមួយរបស់ក្រសួងបរិស្ថានកម្ពុជា ក្រៅតែពីការពិភាក្សាលើការដាំដើមឈើព្រៃលិចទឹកឡើងវិញ។ ក្រសួងបរិស្ថានកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី The Third Pole នោះទេ។ លោកបាននិយាយថា៖ «យើងស្ថិតនៅក្នុងដំណើរការស្វែងរកដៃគូ។ ដូចដែលលោកដឹងហើយ យើងមិនមានថវិកាទេ។ យើងត្រូវដាំដើមឈើដែលអាចរស់នៅភូមិសាស្ត្រ [ព្រៃលិចទឹក]»។
ប្រភេទដើមឈើខ្លះភ្ជាប់ខ្លួនទៅនឹងផ្ទាំងថ្មនៅបាតទន្លេនៅកណ្តាលចំណុចទឹកហូរខ្លាំងនៃទន្លេមេគង្គ ដូច្នេះវាត្រូវតែមានទាំងភាពមាំមួននិងសំណាង។
លោក សៃ ហ្វាង ប្រធានភូមិកោះឈើទាលតូចនៅក្នុងតំបន់រ៉ាមសារ ក៏បានគិតផងដែរ អំពីការដាំដើមឈើ ដើម្បីសង្គ្រោះព្រៃលិចទឹកនិងសហគមន៍របស់លោក។ ប៉ុន្តែក្រោយការពិចារណាជាយូរមក លោកបានឈានដល់ការសន្និដ្ឋានថា «ការដាំដើមឈើឡើងវិញគឺមិនអាចទៅរួចទេ»។ លោកនិយាយថា ភាគច្រើនដោយសារកម្រិតទឹកឡើងចុះមានន័យថា ដើមឈើដែលកំពុងលូតលាស់ត្រូវជន់លិចទឹកជាញឹកញាប់។
លោកតាវ័យ៦០ឆ្នាំរូបនេះយល់ឃើញថា ការផ្លាស់ទីលំនៅចេញពីតំបន់នេះគឺជាដំណោះស្រាយតែមួយគត់ ជាពិសេសសម្រាប់ក្មេងៗ។ លោកតានិយាយថា៖ «ពីមុន ជីវភាពរស់នៅល្អប្រសើរ ព្រោះប្រជាពលរដ្ឋអាចចាប់ត្រីលក់ជាប្រចាំថ្ងៃ។ ឥឡូវ ពួកគាត់មិនអាចចាប់ត្រីបានទៀតទេ។ មានតែការធ្វើចំណាកស្រុកប៉ុណ្ណោះដែលអាចជួយប្រជាពលរដ្ឋរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន»។
បុរសនិងស្ត្រីមកពីភូមិរបស់លោក សៃ ហ្វាង ក៏ដូចជាតំបន់ផ្សេងទៀតនៃខេត្តស្ទឹងត្រែងបាននិងកំពុងស្វែងរកការរស់នៅប្រសើរជាងមុននៅកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ឬចំណាកស្រុកទៅក្រៅប្រទេស។ ជារឿយៗ ពួកគេធ្វើការជាកម្មករនៅតាមចម្ការ និងការដ្ឋានសំណង់ ឬនៅតាមហាងកែសម្ផស្ស និងភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញ។ អ្នកផ្សេងទៀតបានបម្រើការតាមផ្ទះនៅកន្លែងឆ្ងាយដូចជាប្រទេសអារ៉ាប៊ីសាអូឌីតឬធ្វើការងារតាមរោងចក្រនៅប្រទេសថៃក្បែរខាង។
ចៅស្រីរបស់លោក សៃ ហ្វាង ផ្ទាល់ដែលមានអាយុ១៩ឆ្នាំ និង២២ឆ្នាំបានធ្វើដំណើរទៅប្រទេសថៃកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជួយគ្រួសារដោះស្រាយជីវភាព។ ពួកគេត្រូវបានជ្រើសរើសដោយអ្នកជិតខាងដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃរួចហើយ។ ពួកគេត្រូវបានសន្យាផ្តល់ការងារតាមផ្ទះ។
លោកមេភូមិរូបនេះនិយាយថា៖ «យើងមានអារម្មណ៍សោកស្ដាយ ព្រោះពួកគេបានទៅធ្វើការងារនៅទីនោះជាច្រើនខែ ហើយមិនបានផ្ញើប្រាក់មកទេ។ ពួកគេតែងតែប្តូរនិយោជក ព្រោះនិយោជកទាំងនោះមិនល្អ»។
(រាយការណ៍បន្ថែម និងបកប្រែដោយ វុត្ថា ស្រី)
អត្ថបទនេះត្រូវបានផលិតជាភាសាអង់គ្លេសដោយ The Third Pole និងគាំទ្រដោយមូលនិធិសារព័ត៌មាន Rainforest Journalism របស់មជ្ឈមណ្ឌល Pulitzer Center។ អត្ថបទនេះត្រូវបានអនុញ្ញាតបកប្រែភាសាអង់គ្លេសដោយ CamboJA News ៖ Upstream dams are drowning Cambodia’s protected flooded forest