សហរដ្ឋអាមេរិកប្រកាសយកពន្ធបដិការថ្មី ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា ខណៈកម្ពុជាយកពន្ធនាំចូលពីអាមេរិកក្នុងអត្រាពន្ធសូន្យ។ នេះបើយោងតាម លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដោយយកពន្ធបដិការ ១៩ភាគរយ លើការនាំចូលពីប្រទេសកម្ពុជា បន្ទាប់ពីមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចំនួន ៤ជុំជាមួយសហរដ្ឋអាមេរិក។ មុនការប្រកាសពន្ធថ្មីនេះ កម្ពុជាបានប្រឈមមុខនឹងការយកពន្ធ ៣៦ភាគរយ ដែលជាតួលេខត្រូវបានបន្ថយសំណើរដើម ៤៩ភាគរយ។ ការចរចាចុងក្រោយនេះ គឺកម្ពុជាសម្រេច យកពន្ធនាំចូលពីអាមេរិកក្នុងអត្រាពន្ធសូន្យ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «សន្លឹកបៀរដែលកម្ពុជាយកទៅចរចាជាមួយអាមេរិក គឺកម្ពុជាយើងបានកាត់បន្ថយអត្រាពន្ធដែលដាក់លើអាមេរិកមុនថ្ងៃទី៧ កក្កដា ទៅសូន្យទាំងអស់។ ដូច្នេះទំនិញអាមេរិកនាំចូលមកកម្ពុជាគឺមិនយកពន្ធទេ អាត្រាពន្ធសូន្យ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩ភាគរយ (ពីអត្រាដំបូង ៤៩ភាគរយ និងបានចុះត្រឹម ៣៦ភាគរយ ជំហានទី១) នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ»។
លោកបានបន្តថា បន្ថែមលើនេះ ឯកឧត្តមក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលលោកបានសន្ទនាតាមទូរសព្ទជាមួយលោក Donald Trump កាលពីថ្ងៃទី២៦ និង២៨ កក្កដាកន្លងទៅនេះ លោកបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ លោកក៏បានស្នើសុំឱ្យលោក Trump ផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយលោក Trump បានប្រាប់លោកថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺលោក Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម១៩%។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»៕










