សហរដ្ឋអាមេរិកនៅថ្ងៃទី៨ ខែកញ្ញា បានដាក់ចូលក្នុងបញ្ជីខ្មៅនូវគោលដៅចំនួន១០ នៅកម្ពុជា ដែលក្នុងនោះរួមមានទាំងកាស៊ីណូ និងបុគ្គលសង្ស័យដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោកនៅក្នុងការដាក់ទណ្ឌកម្មចុងក្រោយរបស់ខ្លួន។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានកំណត់ឈ្មោះអង្គភាពចំនួន៩ ដែលមានទំនាក់ទំនងជាមួយក្រុង Shwe Kokko ដែលជាក្រុងឆបោកដែលមានឈ្មោះអសោចនៅមីយ៉ាន់ម៉ា។
ការិយាល័យនេះបានឱ្យដឹងថា ឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍បានគំរាមកំហែងដល់សន្តិសុខហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្ថិតក្នុងស្ថានភាពទាសករសម័យទំនើប។ យោងតាមវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក មនុស្សប្រមាណ ៣០០ ០០០ នាក់មកពីប្រទេសជាច្រើនត្រូវបានបង្ខំ និងទាញចូលទៅក្នុងបណ្តាញឆបោកអនឡាញខុសច្បាប់នៅក្នុងតំបន់នេះ។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកផ្នែកភេរវកម្ម និងស៊ើបការណ៍សម្ងាត់ផ្នែកហិរញ្ញវត្ថុ លោក John K. Hurley បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងឆ្នាំ២០២៤ ជនជាតិអាមេរិកដែលមិនបានដឹងខ្លួនបានបាត់បង់ប្រាក់ជាង ១០ពាន់លានដុល្លារ ដោយសារការបោកប្រាស់ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។ ក្រសួងរតនាគារ នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើង និងការពារជនជាតិអាមេរិក ពីការខូចខាតធ្ងន់ធ្ងរដែលបណ្ដាលមកពីការបោកប្រាស់ទាំងនេះ»។
សហរដ្ឋអាមេរិកបានពណ៌នាអង្គភាពដែលទើបត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅថាជាកាស៊ីណូដែលកសាងដោយក្រុមឧក្រិដ្ឋជនចិន ដែលបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការឆបោករូបិយប័ណ្ណឌីជីថល។
ក្នុងចំណោមនោះមានក្រុមហ៊ុន TC Capital ដែលជាម្ចាស់កាស៊ីណូ និងសណ្ឋាគារ Golden Sun Sky នៅក្រុងព្រះសីហនុ។ OFAC បាននិយាយថា កាស៊ីណូនេះក៏បម្រើជាការបិទបាំងដើម្បីលាងលុយកខ្វក់ពីអគារជាប់គ្នានៅក្នុងបរិវេណនោះ ដែលជួនកាលមានជនរងគ្រោះដែលត្រូវបានជួញដូរត្រូវបង្ខំឱ្យចូលរួមក្នុងគម្រោងទាំងនេះ។
ក្រុមហ៊ុន TC Capital ត្រូវបានបង្កើតឡើងដោយលោក Dong Lecheng ដែលជាវិនិយោគិនជនជាតិចិនដែលមានទំនាក់ទំនងជាមួយគម្រោងអចលនទ្រព្យនៅក្រុងព្រះសីហនុ ដែលជាប់ទាក់ទងនឹងការជួញដូរមនុស្ស និងការឆបោក។ លោកត្រូវបានផ្តន្ទាទោសពីបទលាងលុយកខ្វក់នៅប្រទេសចិនក្នុងឆ្នាំ២០០៨ ហើយក្រោយមកត្រូវបានស៊ើបអង្កេតពីបទសូកប៉ាន់ និងល្បែងស៊ីសងអនឡាញខុសច្បាប់ដែលផ្សព្វផ្សាយទៅកាន់ពលរដ្ឋចិន។
សណ្ឋាគារ KB Hotel នៅក្រុងព្រះសីហនុក៏ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅផងដែរ ដែលជាប់ទាក់ទងនឹងបណ្តាញឆបោក និងឧក្រិដ្ឋកម្មបង្ខំ។
សហរដ្ឋអាមេរិកបាននិយាយថា វាត្រូវបានបង្កើតឡើងដោយលោក Xu Aimin ដែលជាពលរដ្ឋកម្ពុជាដើមកំណើតចិន ដែលបានប្រើទំនាក់ទំនងនយោបាយដើម្បីគេចពីការត្រួតពិនិត្យ។ លោក Xu ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ១០ឆ្នាំនៅប្រទេសចិនក្នុងឆ្នាំ២០១៣ ពីបទដំណើរការបណ្តាញល្បែងស៊ីសងដែលមានតម្លៃរាប់ពាន់លានដុល្លារ និងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីក្រហមរបស់ប៉ូលិសអាំងទែរប៉ូល ហើយក៏ត្រូវបានតាមចាប់ខ្លួននៅហុងកុងពីបទលាងលុយ ៤៦ លានដុល្លារតាមរយៈធនាគារនៅទីនោះ។ ក្រុមហ៊ុនអចលនទ្រព្យ KBX Investment របស់លោកក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។
សមាជិកក្រុមប្រឹក្សាភិបាលសណ្ឋាគារ KB Hotel ម្នាក់ទៀតគឺលោក Chen Al Len ក៏ជានាយកក្រុមហ៊ុន Heng He Bavet Property ដែលជាម្ចាស់កាស៊ីណូ Heng He និងបរិវេណពាក់ព័ន្ធនៅក្រុងបាវិត។
សហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូ និងកម្លាំងពលកម្មដោយបង្ខំ ដោយនាំយកកម្មករពីក្រុងព្រះសីហនុដែលជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត។ Heng He Bavet ត្រូវបានដឹកនាំរួមគ្នាដោយ Su Liangsheng ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ MDS Heng He Investment ដែលជាអ្នកអភិវឌ្ឍន៍បរិវេណបោកប្រាស់ដ៏ធំមួយនៅក្នុងខេត្តពោធិ៍សាត់។ ក្រុមហ៊ុននេះត្រូវបានដឹកនាំដោយលោក ទ្រី ភាព ដែលជាឧកញ៉ាកម្ពុជាដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅពីមុនដោយ OFAC ដែរ។ Chen និង Su ក៏រួមគ្នាជាម្ចាស់ភាគហ៊ុនភាគច្រើននៅក្នុង HH Bank Cambodia ផងដែរ។

OFAC ក៏បានប្រកាសឈ្មោះថ្មីចំនួន៩ ដែលកំណត់គោលដៅលើអង្គភាព និងបុគ្គលដែលមានទំនាក់ទំនងជាមួយកងទ័ពជាតិការ៉ែន(KNA) ដែលជាប់ទាក់ទងជាមួយយោធាមីយ៉ាន់ម៉ា និងជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងបណ្តាញឆបោកដែលមានមូលដ្ឋាននៅក្រុង Shwe Kokko តាមបណ្តោយព្រំដែនថៃ។
ទណ្ឌកម្មនេះក៏បានពង្រីកទៅដល់បុគ្គល និងអង្គភាពដែលជាប់ទាក់ទងនឹង KNA រួមមាន Tin Win និង Saw Min Min Oo ដែលគ្រប់គ្រងទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការបោកប្រាស់ ហើយនិង She Zhijiang ដែលជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំបំផុតនៃតំបន់ Yatai New City ដែលត្រូវបានគេរាយការណ៍ថា ជាមជ្ឈមណ្ឌលបោកប្រាស់ដ៏សំខាន់នៅក្នុងក្រុង Shwe Kokko។
She កាន់សញ្ជាតិមីយ៉ាន់ម៉ា និងកម្ពុជា ហើយបានធ្វើប្រតិបត្តិការអស់ជាច្រើនឆ្នាំក្រោមឈ្មោះក្លែងក្លាយជាច្រើន។ នៅឆ្នាំ២០២២ គាត់ត្រូវបានចាប់ខ្លួននៅប្រទេសថៃក្រោមបញ្ជីក្រហមរបស់ប៉ូលិសអាំងទែរប៉ូលដែលចេញដោយប្រទេសចិន ដែលនៅតែបន្តស្វែងរកការធ្វើបត្យាប័នគាត់។
បុគ្គល និងអង្គភាពដែលមានមូលដ្ឋាននៅកម្ពុជាភាគច្រើនដែលត្រូវបានកំណត់ថ្មីៗនេះ បានប្រឈមមុខនឹងទណ្ឌកម្មពីប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយឧស្សាហកម្មបោកប្រាស់ រួមទាំងចក្រភពអង់គ្លេស និងកាណាដាក្នុងឆ្នាំ២០២៣រួចម្តងហើយ។
ការកំណត់ឈ្មោះទាំងនេះរារាំងទ្រព្យសម្បត្តិណាមួយដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិករបស់បុគ្គល និងអង្គភាពដែលជាគោលដៅ ហាមឃាត់ប្រជាជនអាមេរិកមិនឱ្យធ្វើជំនួញជាមួយពួកគេ និងពង្រីកដល់ក្រុមហ៊ុនដែលភាគច្រើនជាកម្មសិទ្ធិរបស់អ្នកដែលរងទណ្ឌកម្ម។
ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅថ្មីនេះបន្ថែមលើវិធានការហិរញ្ញវត្ថុជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងមក មានគោលបំណងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអនឡាញ និងបណ្តាញលាងលុយកខ្វក់ក្នុងតំបន់។
នៅដើមឆ្នាំនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់ថា ក្រុមហ៊ុន Huione Group ដែលជាស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋាននៅភ្នំពេញ ជាបញ្ហាគួរឱ្យព្រួយបារម្ភធំបំផុតទាក់ទងនឹងការលាងលុយកខ្វក់។ បណ្តាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុសហរដ្ឋអាមេរិក (FinCEN) បានបញ្ជាក់ថា ក្រុមហ៊ុននេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានដើរតួជាចំណុចស្នូលក្នុងការលាងលុយកខ្វក់ពីបទលួចតាមអនឡាញដែលជាប់ទាក់ទងនឹងកូរ៉េខាងជើង និងក្រុមឧក្រិដ្ឋជនអន្តរជាតិនៅក្នុងតំបន់។
នៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពី OFAC បានដាក់ទណ្ឌកម្មលើមហាសេដ្ឋីកម្ពុជា និងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ក្រុមហ៊ុន ហើយនិង សណ្ឋាគារនិងរមណីយដ្ឋានចំនួន៤ ដែលត្រូវបានរាយការណ៍ថា មានតួនាទីក្នុងការជួញដូរកម្មករទៅកាន់មជ្ឈមណ្ឌលឆបោក រដ្ឋាភិបាលកម្ពុជាបានរិះគន់ចំណាត់ការនេះយ៉ាងឆាប់រហ័ស។ នៅចុងឆ្នាំ ក្រុមហ៊ុនដែលជាប់ទាក់ទងនឹងលោក និងគ្រួសាររបស់លោកបានបាត់ឈ្មោះពីកំណត់ត្រាសាធារណៈ ដែលអ្នកជំនាញឧក្រិដ្ឋកម្មបានពណ៌នាថាជាការប៉ុនប៉ងជាក់ស្តែងដើម្បីគេចវេះពីទណ្ឌកម្ម។
មន្ត្រីកម្ពុជាមានការឆ្លើយតបយ៉ាងខ្លីទាក់ទងនឹងទណ្ឌកម្មចុងក្រោយនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងថា៖ «អំពើឆបោកតាមអនឡាញកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនក្នុងតំបន់» ដោយបានកត់សម្គាល់ថា កម្ពុជាបានបង្កើតគណៈកម្មការមួយដើម្បីប្រយុទ្ធប្រឆាំងនឹងឧស្សាហកម្មឆបោកខុសច្បាប់នេះហើយដែលនេះជាឃ្លាមួយដែលមន្ត្រីតែងប្រើនៅពេលត្រូវបានសួរអំពីចន្លោះប្រហោងនៃការអនុវត្តច្បាប់។
បន្ទាប់ពីមានសេចក្តីណែនាំមួយរបស់រដ្ឋាភិបាលចេញកាលពីខែកក្កដា ដែលបញ្ជាឱ្យមានការបង្ក្រាបទូទាំងប្រទេសលើបរិវេណឆបោកក្រោមការបន្តការសម្ពាធរបស់អន្តរជាតិ ការបង្រ្កាបជាបន្តបន្ទាប់ហាក់ដូចជាផ្តោតលើប្រតិបត្តិការតូចៗតែប៉ុណ្ណោះ។
ទីតាំងសំខាន់ៗដែលត្រូវបានចោទប្រកាន់ ជាពិសេសទីតាំងដែលជាប់ទាក់ទងនឹងបុគ្គលដែលមានទំនាក់ទំនងនយោបាយ ភាគច្រើនមិនត្រូវបានប៉ះពាល់ ហើយស្ថានភាពកាន់តែស្មុគស្មាញថែមទៀតនៅពេលដែលសារជម្លោះព្រំដែនដ៏ខ្លីជាមួយប្រទេសថៃនៅខែនោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ប្រជាជនអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយសារការឆបោកដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលជាការកើនឡើង ៦៦% ធៀបនឹងឆ្នាំមុន។
នៅពេលត្រូវបានសួរថាតើអាជ្ញាធរនឹងស៊ើបអង្កេតលើការបង្ខំឱ្យធ្វើការងារ ឬសកម្មភាពឧក្រិដ្ឋកម្មនៅទីតាំងណាមួយដែលសហរដ្ឋអាមេរិកកំណត់ជាគោលដៅនោះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានមានប្រសាសន៍ថា លោកស្រីជឿថា៖ «មានក្រុមការងារមួយកំពុងធ្វើការស៊ើបអង្កេតបន្ថែម»។
ភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតដែលទទួលបន្ទុកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ក្រោមស្នងការដ្ឋាននគរបាលជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហាទណ្ឌកម្មនោះទេ។
ក្រុមហ៊ុនទាំងអស់ដែលត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅត្រូវបានទាក់ទងតាមរយៈទំនាក់ទំនងដែលមានដាក់ក្នុងទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយឆ្លើយតបមកវិញទេ រហូតដល់ពេលចុះផ្សាយនេះ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Sites Targeted in Google Maps Edits, Digital Expert Report Says










