សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ស សុខា ជួលក្រុមហ៊ុនមេធាវីអាមេរិក ខណៈការដាក់ទណ្ឌកម្មខិតជិតមកដល់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដឹកនាំកិច្ចប្រជុំមួយនៅខែមិថុនា ឆ្នាំ២០២៦។ (រូបថតពីទំព័រហ្វេសប៊ុករបស់លោក ស សុខា)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដឹកនាំកិច្ចប្រជុំមួយនៅខែមិថុនា ឆ្នាំ២០២៦។ (រូបថតពីទំព័រហ្វេសប៊ុករបស់លោក ស សុខា)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំនួនពីរ ក្នុងតម្លៃ ជាង ២៥០ ០០០ ដុល្លារ ដើម្បីជួយប្រឆាំងនឹងការព្យាយាមដាក់ទណ្ឌកម្មលើលោក និងគាំទ្រ ដល់ការចូលរួមផ្នែកការទូតរបស់លោកនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមឯកសារដែលបាន​ដាក់ជូនក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខាក្នុងខែឧសភា ជាមួយក្រុមហ៊ុន Seiden Law និងក្រុមហ៊ុន Nelson Mullins ហើយត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី១ ខែមិថុនា ក្រោមច្បាប់សហរដ្ឋអាមេរិកស្ដីពីការបញ្ចុះបញ្ចូល (lobbying)ជំនួសឱ្យជនបរទេស។ កិច្ចព្រម​ព្រៀង​ទាំងនេះ មួយផ្នែកទាក់ទងនឹងសេចក្ដីព្រាងច្បាប់ដែលផ្ដោតលើបុគ្គល និង​ស្ថាប័ន​បរទេស​ដែលមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកតាមអនឡាញ។

លោក សុខា បានបដិសេធពីទំនាក់ទំនងជាមួយប្រតិបត្តិការបែបនេះ ហើយអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បានឆ្លើយក្នុងសារ Telegram ថា លោក សុខា បានជួល​មេធាវី ដើម្បីការពារខ្លួនគាត់ ក្រសួង និងកិត្តិយសរបស់កម្ពុជា ពី​អ្វី​ដែល​គាត់​ហៅថា​ជាការ​មួលបង្អាច់បរិហារកេរ្តិ៍។

អ្នកនាំពាក្យរូបនេះបានបន្តថា៖ «សិទ្ធិមានមេធាវី គឺជាសិទ្ធិទូទៅដែលច្បាប់អន្តរជាតិផ្ដល់ឱ្យ ដើម្បី​ការពារខ្លួន ការពារក្រសួង និងកិត្តិយសរបស់កម្ពុជា ពីអំពើមូលបង្កាច់ ​និងការ​ទាញភ្ជាប់​ទៅនឹងអ្វីមួយដែលខ្លួនមិនបានពាក់ព័ន្ធ»។ លោកបានបន្ថែមថា ឧក្រិដ្ឋជនបាន​គំរាម​កំហែង​ដល់សុវត្ថិភាពរបស់លោក និងគ្រួសារទៅទៀត ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំបង្ក្រាបការឆបោកតាម​អនឡាញ និងការជួញដូរមនុស្ស។

ក្រុមហ៊ុន Nelson Mullins បានលើកឡើងថា ខ្លួននឹងផ្ដល់ការប្រឹក្សាដល់លោក សុខា ដែល​ជា​ឧប​នាយក​​រដ្ឋមន្ត្រីផងដែរអំពីសកម្មភាពការទូតនៅសហរដ្ឋអាមេរិក រហូតដល់ខែកក្កដា។ ក្រុម​ហ៊ុន​​នេះបានបន្តថា ការងាររបស់ខ្លួនអាចរួមមានការទាក់ទង​ជាមួយសមាជិក​​ព្រឹទ្ធ​សភា​ មន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយជំរុញទំនាក់ទំនងឲ្យប្រសើរឡើងវិញ។

ក្រុមហ៊ុន Seiden Law បាននិយាយថា ខ្លួននឹងផ្ដល់សេវាកម្មផ្នែកច្បាប់ ដែល​ទាក់ទងនឹង​ការ​ទំនាក់​ទំនងជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (Office of Foreign Assets Control) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក និងគណៈកម្មាធិការសភាមួយ ដែលកំពុង​ពិនិត្យ​សេចក្ដីព្រាងច្បាប់ផ្ដោតលើបុគ្គល និងស្ថាប័នបរទេសដែលមាន​ទំនាក់ទំនង​ជាមួយ​ការបោក​ប្រាស់​តាមប្រព័ន្ធអ៊ីនធឺណិត។

ឯកសារដែលដាក់ដោយ ក្រុមហ៊ុន Seiden បានបញ្ជាក់ថា ការងារខ្លួន​នឹងព្យាយាម​ដោះ​ស្រាយ​​​ការដាក់ឈ្មោះលោក សុខា ក្នុងសេចក្ដីព្រាងច្បាប់ដែលបានស្នើ ដែលនឹងតម្រូវ​ឱ្យ​ប្រ​ធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីរូបនេះ និង​បុគ្គល​ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាមានទំនួលខុសត្រូវចំពោះការបោកប្រាស់ដែល​​​ផ្ដោត​លើជនជាតិអាមេរិកាំង។ សេចក្ដីព្រាងច្បាប់នេះក៏នឹងបង្កើតក្រុមការងារ​ពហុស្ថាប័ន​មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្ដាញនៅពីក្រោយការបោកប្រាស់ទាំងនោះផងដែរ។

សេចក្ដីព្រាងច្បាប់ដែលបានស្នើនេះ ក៏បានដាក់ឈ្មោះមន្ត្រីកម្ពុជាជាច្រើននាក់ផ្សេងទៀត និងលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត សម្រាប់ការដាក់ទណ្ឌកម្មដែលអាចកើតមានផងដែរ។

ការចោទប្រកាន់អំពីទំនាក់ទំនងរបស់លោក សុខា ជាមួយបណ្ដាញឆបោក កើតចេញពី​តួនាទី​ពី​មុន​របស់លោក ដែលជាសហប្រធាននៃក្រុមហ៊ុនវិនិយោគ ជិនបី (Jinbei) ដែលត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹងសកម្មភាពឆបោកដែលប្រព្រឹត្តដោយលោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកនៃ​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប (Prince Group)។ នេះបើតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។ ទីក្រុង​វ៉ាស៊ីនតោន និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី និង​ក្រុមហ៊ុន​ព្រីនស៍​ កាលពីឆ្នាំមុន ដោយចោទប្រកាន់ក្រុមនេះ​ថា មានការពាក់ព័ន្ធក្នុង​ប្រតិ​បត្តិ​ការ​​ឆបោក ការលាងលុយកខ្វក់ និងការជួញដូរមនុស្ស។ ចាប់តាំងពីពេលនោះមក លោក ចេន ហ្ស៊ី ត្រូវបានបញ្ជូនខ្លួនទៅប្រទេសចិន។

លោក សុខៈ បាននិយាយថា ការទាក់ទងគ្នាពីមុនរបស់លោក សុខា ជាមួយលោក ចេន ហ្ស៊ី គឺ​ជា «ទំនាក់ទំនងសង្គមធម្មតាប៉ុណ្ណោះ» ហើយលោកបដិសេធទំនួលខុសត្រូវ​ចំពោះ​អំពើ​ខុស​ច្បាប់ណាមួយ ដែលលោក ចេន ហ្ស៊ី ប្រហែលជាបានប្រព្រឹត្ត។

រដ្ឋមន្ត្រីវ័យ ៤៥ ឆ្នាំរូបនេះ ដែលបានស្នងតំណែងពីឪពុករបស់លោកកាលពីឆ្នាំ២០២៣ បច្ចុប្បន្ន​កំពុងដឹកនាំយុទ្ធនាការរបស់កម្ពុជាប្រឆាំងនឹងការឆបោកតាមអនឡាញ និង​ការ​ជួញ​ដូរមនុស្ស។ យុទ្ធនាការនេះ ត្រូវបានដាក់ចេញ ខណៈ​ដែល​កម្ពុជាកំពុង​ប្រឈម​នឹងសម្ពាធ​អន្តរជាតិ​កាន់តែខ្លាំង ដោយសារប្រទេស​នេះបានត្រូវឧក្រិដ្ឋជនប្រើប្រាស់ជាមជ្ឈមណ្ឌល​នៃបណ្ដាញឆបោក​តាម​អ៊ីន​ធឺណិតឆ្លងដែន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sar Sokha Hires US Law Firms as Sanctions Loom

ព័ត៌មានថ្មី

អត្ថបទពេញនិយម