អាជីវករនិងកម្មករជាង១០០នាក់នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំក្នុងខេត្ដឧត្ដរមានជ័យស្នើសុំអាជ្ញាធរបើកច្រកចេញចូលធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃដើម្បីងាយស្រួលប្រកបមុខរបរចឹញ្ចឹមជីវិត ខណៈអាជ្ញាធរទាមទារឱ្យពលរដ្ឋធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬហៅថា(បរិផាស) ស្របតាមច្បាប់ដែលចេញដោយក្រសួងមហាផ្ទៃ។
បើតាមពលរដ្ឋម្នាក់ អ្នកស្រី ឡត សុភា អាយុ៤៧ឆ្នាំ បានអះអាងប្រាប់ខេមបូចា ថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ា ដោយសារតែចង់ឱ្យអាជ្ញាធរបើកឱ្យចេញចូលធ្វើធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ រឺហៅថាបរិផាត់ទេ ពីព្រោះតែពលរដ្ឋដែលរស់នៅជាប់ព្រំដែនហ្នឹងនាំគ្នារកស៊ីនៅផ្សារមឿងម៉ៃងាយចេញចូលដើម្បីចឹញ្ចឹមជីវិត។ ម្យ៉ាងទៀតអ្នកស្រីថា បើសិនជាទៅឆ្ងាយអី អាហ្នឹងអ្នកស្រីមិនជំទាស់ទេ ប៉ុន្ដែនេះវានៅជាប់គ្នាដូច្នេះបានជាពួកអ្នកស្រីស្នើសុំត្រឹមបង់ធម្មតា។
អ្នកស្រីបានត្អូញត្អែរថា៖ «ពួកខ្ញុំរាល់ថ្ងៃសុទ្ធតែអ្នកក្រីក្រ អ្នកអុសរទេះ បើធ្វើចឹងពិបាកណាស់។ សុំសម្ដេចជួយកូនចៅផង កូនចៅអត់មានអីទេ សុំដំណោះដោះស្រាយសុំត្រឹមចូលដីថៃត្រឹម១០បាត បានហើយ»។
យោងតាមលិខិតស្នាមមេដៃមួយដែលខេមបូចាទទួលបានកាលពីថ្ងៃទី៧ខែធ្នូរឆ្នាំ២០២២បង្ហាញថា មានប្រជាពលរដ្ឋដែលជាអាជីវករ និងកម្មករ១០៧នាក់បាននាំគ្នាផ្ដិតមេដៃដើម្បីស្នើសុំទៅអាជ្ញាធរឱ្យបើកច្រកជាំនឹងទទួលយកតម្លៃធម្មតាដដែល។
ក្នុងលិខិតដដែលបញ្ជាក់ថា៖«យើងខ្ញុំជាអាជីវករ[ច្រកជាំ]ស្នើសុំចេញចូលធម្មតាមិនប្រើបរិផាត់ទេ ត្រឹមផ្សារថៃ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតជាអាជីករលក់ដូរ អ្នកស្រី សួង ប៊ុនថា អាយុ៤២ឆ្នាំ បានឱ្យដឹងថា បើឱ្យអ្នកស្រីទៅធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬបណ្ណបរិផាត់គឺត្រូវចំណាយពេលយូរដោយត្រូវឡើងទៅធ្វើនៅខេត្ដ ហើយរយៈពេលត្រូវប្រើជាង១អាទិត្យដូច្នេះហើយបានជាពួកអ្នកស្រីផ្ទុះការតវ៉ានឹងទាមទារឱ្យអាជ្ញាធរផ្ដល់ភាពងាយស្រួលដូចដើមវិញ។
អ្នកស្រីបន្ដថា៖ «ខ្ញុំសុំខាងខ្មែរ ខាងថៃឱ្យពួកខ្ញុំចេញចូលធម្មតា នឹងឱ្យអ្នករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកចេញចូលដូចមុន ពីព្រោះពួកខ្ញុំគ្មានអ្នកណាធ្វើស្រែទេ គឺពឹងផ្អែកតែរបរហ្នឹងឯង»។
អ្នកស្រីបន្ថែមថា ពលរដ្ឋដែលរកស៊ីនៅព្រំដែនជាំ នៅតែចង់ឱ្យអាជ្ញាធរជួយសម្រួលយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ពួកគាត់ដើម្បីប្រកបមុខរបរនឹងជួយជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ បើមិនអ៊ីចឹងទេ ជីវភាពពួកអ្នកស្រីកាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃហើយ។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមអាជីវករ និងកម្មករចេញចូលផ្សារមឿងម៉ៃជាប់ព្រំដែនខ្មែរ-ថៃជាច្រើននាក់លើកគ្នាតវ៉ាបិទផ្លូវនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំទាមទារឱ្យអាជ្ញាធរជួយសម្រួលដោះស្រាយបញ្ហាដល់ពួកគាត់ដោយពួកគាត់ស្នើឱ្យបញ្ចុះតម្លៃ និងពេលចូលទៅផ្សារថៃដោយពុំចាំបាច់ប្រើបណ្ណព្រំដែន។
ពលរដ្ឋអ្នកតវ៉ាទាំងនោះមានសរសេរបដាស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយចំនួន៣ចំណុចរួមមាន ទី១ ស្នើសុំសំបុត្រ១០បាតអាចចេញចូលបាន(មិនប្រើបណ្ណបរិផាត់ត្រឹមផ្សារថៃ)។ ទី២ សុំចេញ-ចូលរាល់ថ្ងៃ(មិនចាំបាច់ថ្ងៃណាត់ រឺហៅត:ឡាតណាត់)។ ទី៣ សុំម៉ូតូចេញ-ចូល ២០បាត(ខ្មែរ-ថៃ) ។ ការតវ៉ានេះស្ថិតនៅត្រង់ចំណុចភូមិជា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ខេមបូចាមិនអាចសុំការបំភ្លឺពីលោក ប៊ុន កុសល្យ មេប៉ុស្ដិ៍ស្ដីទីអន្ដោប្រវេសន៍ច្រកទ្វារអន្ដរជាតិជាំ និងលោក សាប់ យឿន ប្រធានស្នាក់ការអន្ដរជាតិជាំបានទេជុំវិញរឿងខាងលើ ដោយទូរសព្ទចូលគ្មានអ្នកលើក។
ឆ្លើយតបនឹងបញ្ហានេះ លោក ងួន រិទ្ធី អភិបាលរងស្រុកអន្លង់វែង បានប្រាប់ខេមបូចាតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកមិញនេះថា ពលរដ្ឋដែលចង់ឆ្លងកាត់ទៅប្រទេសថៃដាច់ខាតត្រូវតែប្រើលិខិតឆ្លងដែន ឬក៏បណ្ណព្រំដែនកម្ពុជា ថៃ។ ប៉ុន្ដែក្រោយពីផ្ទុះការតវ៉ាអាជ្ញាធរក៏បានសម្របសម្រួលជាបណ្ដោះអាសន្នដើម្បីឱ្យពលរដ្ឋបានចេញចូលបាន ប៉ុន្ដែមិនទាន់សម្រេចឱ្យពិតប្រាកដយ៉ាងណានោះទេ។ ដោយលោកថានឹងរាយការណ៍ទៅថ្នាក់លើដើម្បីសុំគោលការណ៍សិន។
អភិបាលរងរូបនេះបន្ដថា៖ «ការស្នើសុំរបស់ប្រជាពលរដ្ឋទាំងអស់ហ្នឹង ខាងស្រុកនិងខាងខេត្ដនឹងរាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីសុំការអនុញ្ញាតគោលការណ៍បន្ដទៀត។ ប៉ុន្ដែឥឡូវនេះអនុញ្ញាតបណ្ដោះអាសន្នសិន»។
បើតាម លោក ឌី រ៉ាដូ អភិបាលរងខេត្ដឧត្ដរមានជ័យ បានឱ្យខេមបូចាដឹងកាលពីថ្ងៃពុធថា លោកមិនទាន់បានទទួលព័ត៌មានពីបញ្ហាពលរដ្ឋនាំគ្នាតវ៉ានោះទេ។ តែយ៉ាងណា លោកថា បញ្ហារឿងផ្ទុះការតវ៉ារបស់ពលរដ្ឋនេះ គឺអាជ្ញាធរចង់ឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្ដទៅតាមអ្វីដែលក្រសួងមហាផ្ទៃបានចេញ ដោយខាងថៃ និងខ្មែរមានការយោគយល់គ្នាក្នុងការឱ្យមានបណ្ណព្រំដែនកម្ពុជា-ថៃ ដើម្បីងាយស្រួលចេញចូល ប៉ុន្ដែបែរជាពលរដ្ឋមិនចង់ធ្វើតាមសេចក្ដីណែនាំរបស់អាជ្ញាធរទៅវិញ។
លោកថ្លែងថា៖ «សុំការអធ្យាស្រ័យបងពាក់ព័ន្ធនឹងការតវ៉ាមកដល់ពេលនេះ ខ្ញុំអត់ទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេបង។ រាល់លិខិតស្នាម ការចេញចូលព្រំដែនគឺយើងអនុវត្ដតាមលិខិតរបស់ក្រសួងមហាផ្ទៃបង ដោយសារយើងមានកិច្ចព្រមព្រៀងគ្នា ដើម្បីឱ្យពលរដ្ឋងាយស្រួលចេញចូល ដូច្នេះអាជ្ញាធរតម្រូវឱ្យពួកគាត់ធ្វើបង»។
អភិបាលរងរូបនេះក៏បានជម្រុញឱ្យពលរដ្ឋដែលផ្ទុះការតវ៉ាថា ពលរដ្ឋទាំងអស់មេត្ដានាំគ្នាធ្វើបណ្ណព្រំដែនកម្ពុជា-ថៃវាមិនចំណាយច្រើនទេ តម្លែត្រឹមតែ២ម៉ឺនរៀលនឹងអាចពន្យារពេលបន្ថែមបាន១ឆ្នាំនឹងចំណាយត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ហើយអាចចេញចូលបាន៣ខេត្ដក្នុងប្រទេសថៃ ដូចជាខេត្ដ សុរិន្ទ បូរីរាំ និងស៊ីសាកេត ដូច្នេះពលរដ្ឋទាំងអស់គួរតែធ្វើ។
លោកមានប្រសាសន៍ថា៖ «តម្លៃធ្វើបណ្ណបរិផាត់[បណ្ណព្រំដែនកម្ពុជា-ថៃ]គឺតម្លៃ២ម៉ឺនរៀលទេ និងមានរយៈពេល២ឆ្នាំ។ ហើយការធ្វើបណ្ណនេះគឺងាយស្រួលណាស់ពួកគាត់អាចធ្វើនៅច្រកចេញតែមួយរបស់សាលាខេត្ដ ឬក៏នៅច្រកព្រំដែនអូរស្មាច់ ទើបពួកគាត់អាចចេញចូលបាន»។
យ៉ាងណាមិញលោកថា ការតវ៉ា និងការទាមទាររបស់ពលរដ្ឋជាសិទ្ធិរបស់ពួកគាត់អាជ្ញាធរមិនហាមឃាត់ឡើយ សំខាន់ឱ្យតែការទាមទារទាំងនោះស្របតាមផ្លូវច្បាប់។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសមួយស្ដីអំពីបែបបទ និងនីតិវិធីនៃការផ្ដល់បណ្ណព្រំដែនកម្ពុជា-ថៃដោយបានបញ្ជាក់ថា គ្រប់ចក្រព្រំដែនកម្ពុជា-ថៃទាំងអស់តម្រូវឱ្យពលរដ្ឋធ្វើបណ្ណព្រំដែន ដែលមានភ្ជាប់នូវអត្ដសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងសំបុត្រកំណើត រូបថតជាដើម និងចុះហត្ថលេខាដោយរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ស ខេង។
ចំណែកឯ លោក ស្រី ណារ៉េន មន្ដ្រីសម្របសម្រួលនៃអង្គការ អាដហុក ប្រចាំខេត្ដឧត្ដរមានជ័យបានលើកឡើងថា ការតវ៉ារបស់ប្រជាពលរដ្ឋគឺជាសិទ្ធិ ជាពិសេសដោយសារតែកត្ដាជីវភាពរបស់ពួកគាត់ ពីព្រោះម្នាក់ៗក្រោយពីជំងឺកូវីដ១៩វាយលុកមក ហាក់មិនសូវមានភាពល្អប្រសើរឡើយ។
លោកបន្តថា តាមអ្វីដែលលោកបានសិក្សាកន្លងមកដោយសារតែបញ្ហាធ្វើបណ្ណបរិផាសឬបណ្ណព្រំដែនកម្ពុជា-ថៃមានភាពលំបាកច្រើនសម្រាប់ពួកគាត់ ទី១ ត្រូវឡើងមកធ្វើនៅសាលាខេត្ដដែលចម្ងាយជាង២០០គីឡូ ហើយរយៈពេលជាងមួយអាទិត្យដូច្នេះពួកគាត់គិតថា ចំណាយពេលច្រើនបានជាពួកគាត់ចង់ឱ្យអាជ្ញាធរបន្ដយកនីតិវិធីដដែលវាងាយស្រួលក្នុងការប្រកបមុខរបរពួកគាត់។
លោកថ្លែងថា៖ «ពួកគាត់មិនសូវសម្បូរលុយ ណាមួយវាឆ្ងាយផង បានជានាំគ្នាតវ៉ាបែបនេះ។ អាជ្ញាធរគួរតែបង្កើតកន្លែងធ្វើបណ្ណបរិផាត់[បណ្ណព្រំដែនកម្ពុជា ថៃ]ហ្នឹងនៅច្រកព្រំដែនផ្ទាល់តែម្ដង ដើម្បីឱ្យពួកគាត់ងាយស្រួលធ្វើ បើមិនអ៊ីចឹងទេ បញ្ហានេះមិនអាចដោះស្រាយបានឡើយ»។
លោក ណារ៉េន បន្ថែមថា កិច្ចការយឺតយ៉ាវរបស់អាជ្ញាធរក៏ជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់លំបាកក្នុងការប្រកបអាជីវកម្ម ហើយជាពិសេសការយកលុយយកកាក់របស់អាជ្ញាធរក៏ជាដើមចមនៃបញ្ហាទាំងអស់ហ្នឹងដែរ។ ដូច្នេះអាជ្ញាធរគួរតែពន្លឿនរយៈពេលក្នុងការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃត្រឹមរយៈពេលណាមួយដែលពលរដ្ឋអាចទទួលយកបាន ទើបបញ្ហាទាំងអស់នេះអាចបញ្ចប់បាន៕