ខេត្តកំពង់ស្ពឺ—ស្រុកឱរ៉ាល់៖ អ្នកភូមិដែលប្រែក្លាយខ្លួនជាសកម្មជនបរិស្ថានបានបោះតង់នៅជើងភ្នំឱរ៉ាល់ ដោយមិនបោះបង់ការការពារព្រៃសហគមន៍របស់ខ្លួននោះទេ។ ពួកគេធ្វើការដោយប្តូរវេនគ្នា ដោយមានអ្នកភូមិជាបុរសចំនួន២០នាក់ ផ្លាស់ប្តូរវេនគ្នាយាមថ្ងៃនិងយប់ ដើម្បីការពារនិងទប់ស្កាត់មិនឱ្យក្រុមទាហានឈូសឆាយដីព្រៃ។
អ្នកភូមិបានប្រាប់ថាដីព្រៃដែលកាលពីដើមមានទំហំ២០០០ហិកតា បានថយចុះមកនៅត្រឹមប្រមាណជា៨០០ហិកតា ដោយដើមឈើរាប់សិនដើមត្រូវបានកាប់ដោយក្រុមទាហានដែលទើបទទួលបានដីព្រៃនៅតំបន់នោះធ្វើជាកម្មសិទ្ធិ។
នៅតាមបណ្តោយផ្លូវដីក្រហម អ្នកភូមិបានបោះជំរំបណ្តោះអាសន្ន ដោយមានតង់ អង្រឹង និងអាហារគ្រប់គ្រាន់ ដើម្បីឱ្យពួកគេអាចបន្តនៅយាមព្រៃសហគមន៍របស់ពួកគេបាន។ ក្នុងចំណោមនោះ មានអ្នកភូមិម្នាក់ ឈ្មោះ ឡោក សុខលី បានរៀបរាប់ប្រាប់ អ្នកសារព័ត៌មានខេមបូចា ដែលបានទៅដល់ទីតាំងនោះថា បើទោះបីជា អ្នកភូមិបានធ្វើឱ្យគ្រឿងចក្រចាកចេញពីតំបន់នោះក្តី ក៏ក្រុមទាហាននៅតែលបឆ្មក់ចូលលួចកាប់ឈូសឆាយដីព្រៃនៅទីនោះដដែល។
លោកបានបន្តថា៖ «គ្រឿងចក្រមួយគ្រឿងបានឈូសឆាយព្រៃប្រហែល៥ហិកតានៅតំបន់ភាគខាងជើង និងខាងលិច» ។ លោកបានបន្ថែមថាក្រុមរបស់លោកដើរល្បាតព្រៃ២ដងក្នុងមួយថ្ងៃ ដោយការល្បាតនីមួយៗត្រូវដើរពី៣ទៅ៤ម៉ោង។
លោក បានរៀបរាប់ថា៖« ពួកយើងបោះតង់ដេកចាំហ្នឹង ដោយសារតែយើងស្រលាញ់ព្រៃ ហើយបើព្រៃហ្នឹងវាបាត់បង់ យើងក៏ខាតបង់ច្រើនដែរ»។ លោកបានពន្យល់បន្ថែមថាអ្នកភូមិចំនួន៣ផ្សេងគ្នា ប្រើប្រាស់ព្រៃសហគមន៍នេះសម្រាប់រកអុស ផ្សិតនិងរុក្ខជាតិ ក៏ដូចជាឃ្វាលគោក្របីរបស់ពួកគេផងដែរ។
បុរសដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ បានមានប្រសាសន៍ថា៖ «នៅសល់ព្រៃសហគមន៍តែមួយហ្នឹងទៀតទេដែលយើងអាចប្រលែងគោឱ្យស៊ីស្មៅបាន ដោយសារតែតំបន់នៅជុំវិញហ្នឹងសុទ្ធតែដីសម្បទានឱ្យឯកជនទាំងអស់ហ្នឹង»។
អ្នកភូមិម្នាក់ទៀតឈ្មោះ ឈួន ស៊ុំ បានបន្ទរថា៖«យើងកំពុងតស៊ូ [ដើម្បីការពារព្រៃឈើ] សម្រាប់ក្មេងៗជំនាន់ក្រោយ»។ លោកបានបន្ថែមថាអ្នកភូមិក៏ចង់ការពារសត្វព្រៃនៅក្នុងព្រៃ ដែលមានរួមទាំងស្វា និងក្ងោកផងដែរ។

សមាជិកក្រុមល្បាតមួយរូបទៀត គឺលោក សយ សាត ក៏ប្ដេជ្ញាចិត្តអភិរក្សព្រៃឈើដែរ បើទោះលោកមានអាយុ៧០ឆ្នាំហើយក៏ដោយ។
លោក សាត បានប្រាប់ថា៖«ខ្ញុំមិនខ្វល់ថាខ្ញុំត្រូវជាប់ខ្នោះ ឬត្រូវដាក់គុកអីទេ ខ្ញុំនឹងតស៊ូ»។ លោក បានបន្ថែមថា៖«គេនឹងលួចចូលកាប់ឈើ បើយើងមិនដើរល្បាតជារៀងរាល់ថ្ងៃ ហើយបញ្ឈប់ពួកគេ»។
លោកគិតថាការពន្យល់របស់រដ្ឋាភិបាលដែលថាការប្រែក្លាយដីព្រៃនេះជាកម្មសិទ្ធិឯកជនគឺដើម្បីប្រគល់ជូនគ្រួសារកងទ័ព គ្រាន់តែជាលេសប៉ុណ្ណោះ ដោយថាទាហាន ១៦ នាក់ដែលទទួលដីបែងចែកនោះ មានតែ ២ នាក់ប៉ុណ្ណោះនៅលើដី ខណៈខ្លះទៀតទុកដីចោល ឬលក់ដីនោះទៅឱ្យក្រុមហ៊ុនឯកជន។
លោកអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលការផ្តល់ដីនេះឱ្យក្រុមទាហាន និងរក្សាព្រៃសហគមន៍សម្រាប់អ្នកភូមិវិញ។
លោក សាត បានមានប្រសាសន៍ថា៖«អ្វីដែលខ្ញុំទាមទារគឺមិនមែនជាដីសម្រាប់ទុកខ្លួនឯងទេ ប៉ុន្តែជាកម្មសិទ្ធិរួម»។
កាលពីខែសីហា រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយដោយធ្វើអនុប្បយោគផ្ទៃដីទំហំ២៦២,២៤ ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនក្រុមគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចំនួន៤១គ្រួសារ សម្រាប់សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផល។
អ្នកភូមិជាច្រើននាក់បានតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះកាលពីខែវិច្ឆិកា នៅពេលដែលទាហានមួយក្រុមមកពីអង្គភាពបញ្ជាការដ្ឋានរថក្រោះបានមកបោះបង្គោលព្រំដែនដី ហើយបានចាប់ផ្តើមឈូសឆាយព្រៃដោយប្រើគ្រឿងចក្រ។ ក្រោយការតវ៉ា អ្នកភូមិ៦នាក់ត្រូវបានកោះហៅមកសាកសួរ។

មន្ត្រីអនុរក្សព្រៃឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ខេមបូចាថា លោកមិនមានសិទ្ធិរារាំងទាហានមិនឱ្យឈូសឆាយដីនោះទេ ព្រោះដីនោះត្រូវបានធ្វើអនុប្បយោគជាកម្មសិទ្ធគ្រួសារកងទ័ពទាំងនោះ ហើយអ្វីដែលពួកគេកំពុងធ្វើគឺមិនខុសច្បាប់នោះទេ។
លោកបានបន្តថា៖ «អ្វីដែលសំខាន់គឺសម្តេច [ហ៊ុន សែន] បានចុះហត្ថលេខា [អនុក្រឹត្យ]រួចហើយ»។ លោកបានបញ្ជាក់ថាការវាយតម្លៃផលប៉ះពាល់បរិស្ថានក៏ត្រូវបានធ្វើរួចរាល់ហើយដែរ។ លោកបានបន្ថែមថា អនុប្បយោគផ្ទៃដីទំហំ២៦២,២៤ ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជា«ដីរដ្ឋ» មិនប៉ះពាល់ដល់ដីព្រៃសហគមន៍ដូចដែលអ្នកភូមិទាមទារនោះទេ។
មេភូមិពោធិ៍មាស លោក ភោគ ជុំ បានបង្ហាញការយល់ស្របទៅនឹងការលើកឡើងរបស់មន្ត្រីអនុរក្សថា នៅមានដីព្រៃសហគមន៍ប្រមាណ ៨០០ ហិកតា ដែលត្រូវបានដកចេញមិនធ្វើអនុប្បយោគជាកម្មសិទ្ធឯកជន។
លោក ជុំ និយាយថា៖«ខ្ញុំគិតថា អ្នកភូមិខុសព្រោះពួកគេ [ទាហាន] ត្រូវបានអនុញ្ញាតឱ្យចូលទៅទីហ្នឹងដោយស្របច្បាប់»។ លោក បានបន្ថែមថា៖ «ក្នុងកម្រិតខ្ញុំ ខ្ញុំមិនអាចដោះស្រាយបញ្ហានេះបានទេ ព្រោះវាជាអនុក្រឹត្យដីធ្លីអីហើយ»។

មេឃុំត្រពាំងជោ លោក ទេព ណែម ក៏យល់ឃើញដូចមន្រ្តីខាងលើដែរដោយថាអ្នកភូមិដែលបោះតង់ល្បាតព្រៃទាំងនោះជា«សកម្មជនដីធ្លី» ដែលប្រឆាំងនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «អ្នកភូមិខ្លះជាសកម្មជនដីធ្លីដែលបានតវ៉ាទាមទារដីនៅស្រុកថ្ពង និងស្រុកភ្នំស្រួចដែរ ហើយអ្នកភូមិផ្សេងទៀតជឿលើអ្នកញុះញង់ទាំងហ្នឹង»។
លោកថា ក្រុមទាហាននឹងបន្តឈូសឆាយទៀត ព្រោះពួកគេមានច្បាប់អនុញ្ញាតពីរដ្ឋាភិបាល ម្យ៉ាងតំបន់ដែលនឹងនៅជាព្រៃសហគមន៍ ហើយតំបន់ជាដីរដ្ឋក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបានសម្រេចរួចហើយដែរ។
ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អ្នកភូមិដែលបោះជំរំ គឺប្រឆាំងនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល និងរំលោភដីរដ្ឋ។
លោក បានបន្តថា៖«វាមិនមែនព្រៃសហគមន៍ទេ។ ដូចលោកដឹងហើយថា តើអ្នកភូមិរស់នៅតំបន់នេះនៅពេលណា? វាជាតំបន់សមរភូមិ ក្រោមការកាន់កាប់របស់ខ្មែរក្រហម»។

ទោះជាយ៉ាងនេះក្តី លោក ហេង គឹមហុង អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៅបណ្តាញយុវជនកម្ពុជា បានសម្តែងការខកចិត្តចំពោះអ្វីដែលលោកថារដ្ឋាភិបាលកំពុងបន្តបំផ្លាញព្រៃឈើក្នុងប្រទេសតាមរយៈការធ្វើអនុប្បយោគដីរដ្ឋជាកម្មសិទ្ធិឯកជន។
លោក គឹមហុង បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនឯកជនធំៗចំនួនពីរ គឺក្រុមហ៊ុន HLH កសិកម្ម និងភ្នំពេញ Sugar ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា លី យ៉ុងផាត់ ទទួលបានដីសម្បទានសេដ្ឋកិច្ចយ៉ាងច្រើននៅតំបន់ឱរ៉ាល់។
លោកបានថ្លែងថា៖«វាមិនមានតម្លាភាពទេ ក្នុងការធ្វើអនុប្បយោគដីរដ្ឋជាកម្មសិទ្ធិឯកជន ដោយមិនបានពិគ្រោះពិភាក្សាជាមួយអ្នកភូមិ ឬដាក់ទណ្ឌកម្មពួកគាត់ដែលចង់ការពារធនធានធម្មជាតិ»។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាសម្បទានដីព្រៃទៅឱ្យទាហាននេះទេ ហើយបានប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ លោក សូលីម៉ូ បានបង្វែរសំណួរត្រឡប់ទៅលោក ផល្លា វិញ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Villagers Camp Out, Patrol Forest Being Cleared by Soldiers