ស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននិយាយថា ពួកគេនឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំណា ដែលពួកគាត់គិតថា អាចជួយពួកគាត់បានច្រើនបំផុត នៅពេលពួកគេចេញទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ។
អ្នកស្រី ស៊ឹម វ៉ាន អាយុ៣៣ឆ្នាំមកពីភូមិស្រែប្រាំងធ្លាប់បង្កបង្កើនផលលើដីទំហំ៦ហិកតាមុនពេលក្រុមហ៊ុនចិន Harmony Investment ចូលមកកាន់កាប់ដីនោះ ជាផ្នែកនៃសម្បទានដីទំហំ១.២០០ហិកតាដោយផ្តល់សំណងឲ្យអ្នកស្រី៥០០ដុល្លារ។
ស្ត្រីម្តាយកូនបួននាក់រូបនេះកំពុងតែជួបការលំបាកក្នុងការផ្គត់ផ្គង់គ្រួសាររបស់អ្នកស្រី បន្ទាប់ពីស្វាមីរបស់អ្នកស្រីឈ្មោះ ហឿន ស៊ីនាថ ត្រូវបានគេចាប់ដាក់ពន្ធនាគារដែលតាមចោទថា បានបំផ្លិចបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុន អំឡុងការតវ៉ាកាលពីឆ្នាំ២០២០។
អ្នកស្រីបាននិយាយថា៖ «វាពិបាកដែលយើងគ្មានស្រូវអង្ករគ្រប់គ្រាន់ ឬលុយកាក់ ដើម្បីចំណាយលើថ្លៃសាលារបស់កូនៗនិងថ្លៃភ្លើង»។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំនឹងបោះឆ្នោតគាំទ្រអ្នកណាដែលផ្តល់សេវាល្អដល់យើង» ដោយបានបន្ថែមថា កន្លងមកនៅពេលអ្នកស្រីស្វែងរកជំនួយពាក់ព័ន្ធនឹងជម្លោះដីធ្លី ក្រុមប្រឹក្សាឃុំ «រើសអើងនិងបក្សពួកនិយម»។
យោងតាមលោក ម៉ៅ ឌុន ជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្រុមហ៊ុន Harmony Investment បានទិញដីជាង១០០០ហិកតាពីប្រជាពលរដ្ឋដែលរស់នៅស្រុកតំបែរកាលពីឆ្នាំ២០១១។
អ្នកភូមិរាប់រយនាក់មកពីភូមិស្រែប្រាំងនិងបូស្នោបានតវ៉ានៅពេលដីរបស់ពួកគាត់ត្រូវបានគេរំលោភយកហើយកាលពីឆ្នាំ២០២០ អ្នកភូមិប្រហែល២០នាក់ត្រូវបានចាប់ខ្លួន ហើយភាគច្រើនត្រូវបានដោះលែងពីពន្ធនាការវិញ បន្ទាប់ពី ពួកគេយល់ព្រមឈប់ធ្វើការតវ៉ា។

អ្នកស្រី បាន សុខា អាយុ៣១ឆ្នាំមកពីភូមិបូស្នោធ្លាប់ដាំដំបូងមីនិងពោតនៅលើដីទំហំ៥ហិកតារបស់អ្នកស្រី ប៉ុន្តែនៅពេលនេះ អ្នកស្រីក៏ជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីផងដែរ។ អ្នកស្រីនិយាយថា អ្នកស្រីនឹងបោះឆ្នោតជូនមេឃុំណាដែលបម្រើផលប្រយោជន៍របស់ពលរដ្ឋ។
អ្នកស្រីបាននិយាយថា៖ «យើងនឹងបោះឆ្នោតឲ្យអ្នកណាដែលអាចជួយយើង។ វាពិបាកនឹងពឹងផ្អែកលើមេឃុំ ពីព្រោះគាត់សន្យាដោះស្រាយបញ្ហារបស់យើងកន្លងមក ហើយនៅពេលគាត់បានលុយ គាត់ឈប់រវីរវល់នឹងបញ្ហា ហើយប្រជាពលរដ្ឋនៅតែរងទុក្ខ»។
ស្ត្រីទាំងពីរមានភាពស្ទាក់ស្ទើរមិនហ៊ាននិយាយថា គាត់នឹងបោះឆ្នោតជូនអ្នកណាដោយសារតែបារម្ភពីផលវិបាក ប៉ុន្តែបានកត់សម្គាល់ថា ពួកគេបានឃើញយុទ្ធនាការឃោសនានៅក្នុងភូមិរបស់គាត់ដោយគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
អ្នកស្រី វ៉ាន បាននិយាយថា៖ «ខ្ញុំមិនចង់និយាយទេ។ នៅពេលណាយើងបញ្ចេញមតិ គេតែងតែលាបពណ៌យើង»។
អ្នកស្រី ហម ផេន អាយុ៤៧ឆ្នាំជាពលរដ្ឋមកពីភូមិស្រែប្រាំងមិនជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីទេ ប៉ុន្តែអ្នកស្រីបាននិយាយថា ខណៈពេលគណបក្សប្រជាជនកម្ពុជាឃោសនាពីសមិទ្ធផលកន្លងមករបស់ខ្លួន គណបក្សភ្លើងទៀតបានសន្យាថា នឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរជាងមុន។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបាន៣.២០០សំឡេងក្នុងឃុំត្រពាំងព្រីង ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន ១.៨៨៩សំឡេង។ គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈស្ទើរទាំងអស់។
ប៉ុន្តែនៅពេលនេះ លោក កន រី ជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនមានសុទិដ្ឋិនិយមថា គណបក្សរបស់លោកអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគណបក្សប្រជាជនកម្ពុជា។
លោកបាននិយាយថា៖ «ប្រជាពលរដ្ឋភាគច្រើនគាំទ្រខ្ញុំ ប៉ុន្តែពួកគាត់មិនបង្ហាញមុខ ពីព្រោះទីនេះមានការបំភិតបំភ័យ»។
លោក កាន រី ដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាជាមួយគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះបាននិយាយថា លោកបានធ្វើយុទ្ធនាការនៅទូទាំង១២ភូមិក្នុងឃុំរបស់លោកនៅមុនការបោះឆ្នោតថ្ងៃទី៥ខែមិថុនា ដោយពន្យល់ពលរដ្ឋអំពីគោលនយោបាយ៧ចំណុចរបស់គណបក្ស។
លោកក៏បានសន្យាដោះស្រាយជម្លោះដីធ្លីជូនអ្នកភូមិផងដែរ។
លោក រី បាននិយាយថា៖ «ប្រសិនបើមានជម្លោះដីធ្លីពាក់ព័ន្ធនឹងអ្នកមានអំណាច នៅពេលខ្ញុំជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ខ្ញុំនឹងធ្វើតាមការចង់បានរបស់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្ញុំ ហើយមិនកាន់ជើងក្រុមហ៊ុនទេ ពីព្រោះកន្លងមកពលរដ្ឋនៅមូលដ្ឋានទឹកភ្នែកដោយសារអ្នកមានអំណាចចាប់យកដីរបស់ពួកគាត់»។

បេក្ខជនគណបក្សភ្លើងទៀនរូបនេះបាននិយាយថា គណបក្សប្រជាជនកម្ពុជាបាននិងកំពុងព្យាយាមមកទិញទឹកចិត្តពលរដ្ឋយកសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋក្នុងឃុំនេះ ដោយចែកសារ៉ុង លុយ ខណៈយុទ្ធនាការផ្ទាល់របស់លោកមានការរារាំង ចំណែកអ្នកគាំទ្ររងការគំរាមឈប់ផ្តល់អត្ថប្រយោជន៍សង្គមផ្សេងៗ។
លោក រី បានលើកឡើងថា៖ «ខ្ញុំគិតថា ខ្ញុំនឹងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាង ប៉ុន្តែខ្ញុំមិនមានទំនុកចិត្តថា ខ្ញុំនឹងក្លាយជាមេឃុំនោះទេ ពីព្រោះពួកគេ [មន្ត្រីគណបក្សប្រជាជន] បានចុះពីផ្ទះមួយទៅផ្ទះមួយ ព្យាយាមនិងបញ្ចុះបញ្ចូលពលរដ្ឋនិងផ្តល់អំណោយដល់ពួកគាត់»។
លោកបានបន្ថែមថា៖ «កាលពីសប្តាហ៍មុន នៅពេលខ្ញុំកំពុងធ្វើយុទ្ធនាការនៅភូមិបូស្នោនិងភូមិស្រែប្រាំង មានមនុស្ស៤០នាក់ចូលរួមជាមួយខ្ញុំ។ នៅក្នុងយុទ្ធនាការបន្ទាប់ មានមនុស្សតែ៩នាក់ប៉ុណ្ណោះដែលបានចូលរួម ពីព្រោះអាជ្ញាធរបានគំរាមកំហែងពួកគេ»។
នៅក្នុងឃុំត្រពាំងព្រីង លោក រី នឹងប្រកួតប្រជែងជាមួយមេឃុំបច្ចុប្បន្នឈ្មោះ មុំ សាប៊ុន ដែលកាន់តំណែងមេឃុំបួនអាណត្តិមកហើយ។
លោក សាប៊ុន បាននិយាយថា៖ «សារសំខាន់ដែលយើងមានគឺថា ប្រទេសមានការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះទៀតព្រោះយើងបានដោះស្រាយរាល់កង្វល់របស់ពលរដ្ឋ»។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លី លោកបាននិយាយថា លោកបានដោះស្រាយជម្លោះ រួមទាំងក្រៅប្រព័ន្ធតុលាការដោយឲ្យភាគីពាក់ព័ន្ធធ្វើការសម្របសម្រួល។
លោក សាប៊ុន បាននិយាយថា៖ «ការដោះស្រាយជម្លោះដីធ្លីស្ទើរតែចប់អស់ហើយ។ ឥឡូវ វាគឺជាដីឯកជន។ ពួកគាត់មិនអាចចូលបានទៀតទេ»។
ប៉ុន្តែលោក ឃុន សាអាន ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននិយាយថា មេឃុំមកពីគណបក្សរបស់លោកនឹងដោះស្រាយបញ្ហាដីធ្លីជូនអ្នកភូមិ។
លោកបានសួរថា៖ «តើក្រុមហ៊ុនចិនបានអភិវឌ្ឍអ្វីខ្លះលើដីនោះ? ពួកគេគួរផ្តល់ដីនោះទៅអ្នកភូមិ ដើម្បីបង្កើបង្កើនផល»៕
