សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋមួយចំនួន​ត្រូវបានសាក​សួរ​ជុំវិញ​ការ​មិនសុំ​​ការ​អនុញ្ញាត​ដើម្បីប្រារព្ធកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​ភូមិ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បន្ទាប់​ពី​ការ​ប្រារព្ធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៤។ (រូបភាពផ្តល់​ឱ្យ)
អ្នក​ភូមិ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បន្ទាប់​ពី​ការ​ប្រារព្ធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៤។ (រូបភាពផ្តល់​ឱ្យ)

ពលរដ្ឋចំនួនប្រាំបួននាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានប៉ូលិសនាំទៅសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចុះកិច្ចសន្យាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខេត្តកំពត។ ក្រុម​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា កន្លែង​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់​តែ​រឹត​បន្តឹង។​

ពលរដ្ឋប្រមាណ១០នាក់ រួមទាំងព្រះសង្ឃមួយអង្គ បានប្រមូលផ្តុំគ្នានៅសួនច្បារសាធារណៈ ដើម្បីប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ កាលពីថ្ងៃពុធ ក្នុងក្រុងកំពត។

នៅ​ម៉ោង៨ព្រឹក ពួកគេ​ត្រូវ​បាន​កោះហៅ​ពី​បទ​ប្រមូល​ផ្តុំ​គ្នា​ដោយ​គ្មាន​ការ​អនុញ្ញាត និង​អនុញ្ញាត​​ឱ្យ​ត្រឡប់​មក​វិញ​នៅ​ម៉ោង​ប្រហែល១០យប់​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២៤។

លោក មាស ដែន អាយុ៤៤ឆ្នាំ បាន​ឱ្យដឹង​ថា គាត់​បាន​មក​ដល់​ផ្ទះ​នៅ​ម៉ោង​ប្រហែល១០យប់ បន្ទាប់​ពី​ចុះ​កិច្ច​សន្យា​ថា​នឹង​ឈប់​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ប៉ូលិស​ក្រុង​កំពត​ទាក់​ទង​នឹង​ការ​ប្រារព្ធ​ពិធី​នេះ។

លោកបានបន្តថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីចែករំលែកចំណេះដឹង និងលើកតម្កើងស្មារតីនៃកិច្ចព្រមព្រៀង ដែលនិយាយអំពីការការពារអធិបតេយ្យភាពទឹកដី និងបញ្ហាសិទ្ធិមនុស្ស។

លោក មាស ដែន បាននិយាយថា៖ «យើងពិបាកនិយាយជាមួយគាត់ដែរ យើងគ្រាន់តែចែករំលែកច្បាប់ដល់អ្នកអត់ចេះដូចគ្នា ហើយគាត់មិនឱ្យធ្វើ មិនឱ្យចែករំលែក អត់អីមានត្រូវនិយាយ និយាយអត់កើត មិនដឹងថានិយាយម៉េចជាមួយគាត់»

លោកបន្ថែមថា៖ «បាទ!​ ខ្ញុំគិតចឹងការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ទីមួយយើងចែករំលែកពីច្បាប់មានអីត្រូវខុស​ គាត់ដូចកាត់ក្បាលកាត់កន្ទុយមិនឱ្យយើងចេះអីហ្មង»

អ្នកចូលរួមម្នាក់ទៀត ពេជ្រ សុខនី បាននិយាយថា ប៉ូលិសបានសាកសួរនាងទាក់ទងនឹងការប្រារព្ធពិធី និងការបង្កើតចលនាទាក់ទងនឹងទំព័រហ្វេសប៊ុករបស់ ស្រ៊ុន ស្រ៊ន ដែលជាសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

អ្នកស្រី សុខនី បានបញ្ជាក់ថា៖​ «សម្រាប់ខ្ញុំផ្ទាល់ជាពលរដ្ឋ ខ្ញុំយល់ថានេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ច៎ា! ហើយយល់ច្បាស់ហើយសព្វដថ្ងៃហ្នឹងយើងដឹកនាំតាមបែបប្រជាធិបតេយ្យ ការដឹកនាំនេះមិនអាស្រ័យលើបុគ្គលទេ គឺជាច្បាប់បានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ១៩៩៣»

អ្នកស្រី សុខនី បន្តទៀតថា៖ «ចឹងយើងគិតថានៅពេលអាជ្ញាធរដែលធ្វើបែបនេះចំពោះពលរដ្ឋ ដែលយើងជាពលរដ្ឋមិនបានធ្វើអ្វីខុស យើងនិយាយតែអំពីច្បាប់ ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក គាត់បែរជាធ្វើការគាបសង្កត់សេរីភាព បិទសិទ្ធិ និងជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»

អ្នកស្រីបាន​យល់​ឃើញ​ថា ការ​អប់រំ​សាធារណៈ​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ។

ប្រធានរដ្ឋបាល​ក្រុង​កំពត លោក ស្វាយ និត បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​បាន​សួរ​នាំ​ព្រោះ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

លោក ស្វាយ និត បានបញ្ជាក់ថា៖ «វាខុសហើយព្រោះចង់ផ្សព្វផ្សាយអ្វីក៏ដោយទោះបីខាងឯកជន ធ្វើអីអនាម័យបរិស្ថាន ក៏ត្រូវការសុំការអនុញ្ញាតដែរ»។ លោកបន្តថា៖ «ការជួបជុំ ការប្រមូលផ្តុំការផ្សព្វផ្សាយអីផ្សេងៗត្រូវមានការអនុញ្ញាត»

ស្នងការរងនគរបាលក្រុងកំពត លោក គង់ ប៊ុនធឿន មានប្រសាសន៍ថា មន្ត្រីនគរបាលបានហៅពួកគេទៅសួរព័ត៌មានទាក់ទងនឹងការប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក ប៊ុនធឿន បានលើកឡើងថា​៖ «យើងហៅមកសួរនាំព្រោះយើងក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ពេលយើងចង់ផ្សព្វផ្សាយ ឬក៏ការអីមួយនៅកន្លែងសាធារណៈ យើងអប់រំណែនាំគាត់ សំណូមពរឱ្យគាត់ប្រាប់អាជ្ញាធរមូលដ្ឋានជាមុន ដើម្បីអាជ្ញាធរមូលដ្ឋានរក្សារបៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពូកគាត់»

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន រួមនឹងមនុស្សបីនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់ឧក្រិដ្ឋកម្មកាលពីខែកក្កដា បន្ទាប់ពីការផ្សាយផ្ទាល់នៅលើ Facebook របស់លោក ស៊្រន អំពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងការបោះពុម្ពប្រចាំឆ្នាំ២០២៣ របស់ខ្លួនបានកត់សម្គាល់ថា ការរឹតត្បិត និងការរំលោភលើសិទ្ធិជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានកើនឡើង។

យោងតាមរបាយការណ៍ ឧប្បត្តិហេតុចំនួន៦៣៣ករណី ទាក់ទងនឹងសេរីភាពជាមូលដ្ឋានត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមឧប្បត្តិហេតុ២៥៥ករណី មានការរឹតត្បិតយ៉ាងហោចណាស់មួយ ហើយ៣៧៧ករណីពាក់ព័ន្ធនឹងការរំលោភបំពាន។

ឧប្បត្តិហេតុកៅសិបប្រាំបីនៃការបញ្ចេញមតិជាប្រព័ន្ធត្រូវបានកត់ត្រាដោយ៦៤%នៃការរំលោភបំពានទាំងនេះពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហ្វេសប៊ុក មាន​ចំនួន​ច្រើន​បំផុត​នៃ​ការ​រឹតត្បិត ឬ​ការ​បំពាន។

លោក យន់ ផល្លី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត បាន​សម្តែងការព្រួយបារម្ភថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបានធ្លាក់ចុះ ដោយកត់សម្គាល់ថា ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិនៅទីសាធារណៈដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក យន់ ផល្លី បានថ្លែងថា៖ «នៅក្នុងករណីនេះយើងមើលឃើញថា អាជ្ញាធរហាក់ដូចជាគាត់រឹតត្បិតទៅដល់ប្រជាពលរដ្ឋដែលគាត់មានការយល់ដឹងហើយ គាត់ចែករំលែកអំពីច្បាប់មួយចំនួន និងរដ្ឋធម្មនុញ្ញផ្សេងៗ ឱ្យពលរដ្ឋមានការយល់ដឹង»

លោក យន់ ផល្លី បានបន្ថែមថា៖ «ពលរដ្ឋគាត់មានសិទ្ធិក្នុងការបញ្ចេញមតិ ផ្សព្វផ្សាយ ឬក៏ចែករំលែកព័ត៌មានទៅដល់សាធារណជន ឫប្រជាពលរដ្ឋទូទៅឱ្យស្វែងយល់អំពីសិទ្ធិរបស់គាត់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Villagers Questioned Over Failure to Obtain Permission for Paris Peace Agreements Celebration

194 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម