អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុបអាជ្ញាប័ណ្ណ ទោះបីមានការសុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញលិខិតសុំទោសយឺតពេល ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។
រឿងរ៉ាវបានកើតឡើង បន្ទាប់ពីស្ថាប័នវិទ្យុវីអូឌី ចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទីចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែលរងគ្រោះរញ្ជួយដី។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានចុះហត្ថលេខាទេ។
លោក ម៉េង គ្រុយពន្លក ជាអ្នកសារព័ត៌មានវីអូឌីអស់រយៈពេល៧ខែ បានបង្ហាញការខកចិត្ត និងព្រួយបារម្ភថាសម្លេងពលរដ្ឋនឹងកាន់តែបាត់បង់ក្រោយពេលស្ថាប័នសារព័ត៌មានឯករាជ្យមួយនេះត្រូវបានបិទ។
លោក គ្រុយពន្លក ឱ្យដឹងថា៖ «អ៊ីចឹង បើសិនជាបាត់វីអូឌីមួយ ខ្ញុំគិតថានៅតែមានសារព័ត៌មានអញ្ចឹង ប៉ុន្តែអាចថាសម្លេងហ្នឹងកាន់តែតិចមួយទៀត ដែលអាចថាសារព័ត៌មានខ្លះដែលគាត់ឯករាជ្យហ្នឹង ក៏គាត់មានការភ័យខ្លាចដែរ។ ពីព្រោះកន្លងទៅនៅពេលដែលយើងចុះទៅយកព័ត៌មានគឺយើងមានគ្នា តែនៅពេលបិទវីអូឌីទៅគឺគាត់អាចនឹងព្រួយបារម្ភជាងនេះទៀត»។
លោក គ្រុយពន្លក បន្តថា បន្ទាប់ពីបិទស្ថាប័ន លោកនឹងនៅតែរក្សាជំហរក្នុងការធ្វើជាអ្នកសារព័ត៌មានអាជីពនិងមានវិជ្ជាជីវៈដូចដែលលោកបានអនុវត្តនៅស្ថាប័នវីអូឌី ដែលវាមានសារៈសំខាន់ និងអាចពាំនាំសម្លេងពលរដ្ឋទន់ខ្សោយទៅកាន់សាធារណជន។
យ៉ាងណាមិញ លោកគិតថា ស្ថាប័នសារព័ត៌មានវីអូឌីនឹងអាចដំណើរការវិញ នៅពេលដែលសម្លេងពលរដ្ឋកាន់តែច្រើនបានបន្លឺឡើង។ លោកថា ពេលនោះរដ្ឋាភិបាលអាចនឹងយកវាមកគិតពិចារណាឡើងវិញអំពីតម្រូវការដែលប្រជាពលរដ្ឋចង់បាន។
លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានឱ្យដឹងថា បច្ចុប្បន្នភាពស្ថាប័នសារព័ត៌មានវីអូឌីបានកំពុងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយនិងការពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
លោក សូធឿត ថ្លែងថា៖ «ដូចដែលខ្ញុំបញ្ជាក់អញ្ចឹង គឺយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាជាមួយរដ្ឋាភិបាលផង។ ដែលយើងសង្ឃឹមថានឹងមានជាដំណោះស្រាយ»។

យោងតាមបុគ្គលិកVOD បានបញ្ជាក់ថា បុគ្គលិកVODនៃផ្នែកប្រព័ន្ធផ្សព្វផ្សាយប្រហែល៤០នាក់ត្រូវបានប៉ះពាល់ដល់ការងាររបស់ពួកគេ បន្ទាប់ពីអាជ្ញាប័ណ្ណស្ថាប័ននេះត្រូវបានដក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកផ្លូវការរបស់គាត់នៅម៉ោងជាង២ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ថា ការសុំទោសរបស់មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) គឺវាយឺតពេលហើយ លោក ហ៊ុន សែន បានសួរជាសំនួរថា ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសុំទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា៖ «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ»។
លោក ហ៊ុន សែន ក៏បានបន្ថែមថា សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ។
បន្ទាប់ពីមានប្រតិកម្មពីលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី អំពីព័ត៌មានដែលស្ថាប័នវីអូឌី បានចុះផ្សាយ។ លោកនាយករដ្ឋមន្រ្តី ក៏បានប្រតិកម្មយ៉ាងខ្លាំងពីករណីនេះ ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ លោកបានឱ្យពេលវេលាដល់វិទ្យុVOD ធ្វើការសុំទោសជាសាធារណៈត្រឹមរយៈពេល២៤ម៉ោង អំពីការផ្សាយអត្ថបទរបស់ខ្លួន បើមិនដូច្នេះ នឹងលុបអាជ្ញាប័ណ្ណស្ថាប័ននេះនៅព្រឹកស្អែក។
គួរបញ្ជាក់ថា ស្ថាប័នCCIM បានចេញលិខិតសោកស្តាយនិងអធ្យាស្រ័យលើកទី១ នៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានកំណត់ពេលវេលាឱ្យ២៤ម៉ោងដើម្បីសុំទោស ប៉ុន្តែលិខិតទី១នេះមិនបានប្រើពាក្យ «សុំទោស» ដោយគ្រាន់តែប្រើពាក្យសុំសោកស្តាយនិងអធ្យាស្រ័យ។ ក្នុងពេលនោះដែរ លោក ហ៊ុន សែន បានតបថា លោកមិនអាចទទួលយកបានទេ ពីព្រោះស្ថាប័ននេះ មិនបានសុំពាក្យ។
ស្ថាប័នCCIM បានចេញលិខិតសុំទោសលើកទី២ ចុះថ្ងៃទី១២ ខែកុម្ភៈ ដោយប្រើពាក្យ«សុំទោស»ដល់លោកនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ប៉ុន្តែលោក ហ៊ុន សែន បានតបថា លោកពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។
ក្រសួងព័ត៌មានបានចេញលិខិតលុបអជ្ញាប័ណ្ណសារព័ត៌មានVOD នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលើកមូលហេតុថា ពីព្រោះតែ«អង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
ទន្ទឹមនឹងនេះ កញ្ញា ភួន កែវរស្មី ជាសកម្មជនបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋជាង៣០នាក់បានទាមទារឱ្យរដ្ឋាភិបាលផ្ដល់នូវអាជ្ញាប័ណ្ណសារព័ត៌មានដល់វីអូឌីឡើងវិញ។ ដោយថាកន្លងមកមានតែស្ថាប័នសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះដែលឈរលើគោលការណ៍សារព័ត៌មានឯករាជ្យក្នុងការពាំនាំ និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈដែលមានភាពពិតប្រាកដ មិនលំអៀង និងផ្ដល់ជាប្រយោជន៍ដល់សង្គមជាតិ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំនៅតែស្នើសុំដដែលហើយដដែលទៀតថាផ្ដល់អាជ្ញាប័ណ្ណឱ្យវីអូឌីឡើងវិញ។ សូមបន្តឱ្យវីអូឌីដំណើរការដើម្បីប្រយោជន៍ប្រទេសកម្ពុជា។ ជាពិសេសវីអូឌីបានចូលរួមខ្លាំងមែនទែនមិនថាលើរឿងបរិស្ថាន រឿងសំរាម រឿងភ្នំតាម៉ៅ រឿងរបងដែលបានសាងសង់រំលោភដីឆ្នេរ រឿងកាប់បំផ្លាញព្រៃឈើផ្សេងៗ»។
កញ្ញាបន្ថែមថា វាជាការសហការដ៏ល្អមួយ ដោយកន្លងមកប្រជាពលរដ្ឋមូលដ្ឋានបានខិតខំធ្វើការអស់ពីសមត្ថភាព ហើយមានសារព័ត៌មានឯករាជ្យចាំចុះជួយក្នុងការផ្សព្វផ្សាយ ដែលវាជាចំណែកមួយក្នុងការការពារធនធានធម្មជាតិនៅកម្ពុជាផងដែរ។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញការសោកស្ដាយ និងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយគិតពិចារណាឡើងវិញចំពោះការបិទស្ថាប័នសារព័ត៌មានឯករាជ្យវីអូឌីនេះ ដោយថាកន្លងមករដ្ឋាភិបាលតែងប្រកាសថាកម្ពុជា ជាឋានសួគ៌នៃសង្គមស៊ីវិលដូច្នេះមិនគួរធ្វើឱ្យវាមានភាពចលាចលនោះឡើយ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលគាត់នឹងពិចារណាឡើងវិញ ពីព្រោះថាយើង[ប្រទេសកម្ពុជា]បានប្រកាសថាជាឋានសួគ៌នៃសង្គមស៊ីវិល។ ដូច្នេះប្រសិនបើជាឋានសួគ៌មែនគឺយើងមិនត្រូវធ្វើឱ្យវាចលាចលបែបនេះឡើយ។ ហើយវីអូឌីគាត់បានបំពេញនូវភារកិច្ចប្រកបដោយវិជ្ជាជីវៈ ហើយបើសិនជាមានបញ្ហាដោយសារអត្ថបទមួយហ្នឹង វាមិនគួរមានការឈានដល់ការបិទវិទ្យុវីអូឌីនេះទេ»។
លោកស្រី សុភាព បានបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមកនេះវិទ្យុវីអូឌី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះ និងការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ខណៈលំហូរសេរីភាពសារព័ត៌មានបានមានការរួមតូចដោយសារការបាត់បង់នូវស្ថាប័នឯករាជ្យមួយចំនួន។
លោកស្រីបន្ថែមថា៖ «ដូច្នេះការបាត់បង់វីអូឌីវានឹងជាការបាត់បង់នូវសច្ចៈភាពមួយនៅក្នុងសង្គម»។

Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ប្រចាំអាស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាមិនដែលចូលចិត្តការរាយការណ៍របស់ VoD ទេ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរឹតត្បិតចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ប៉ុន្តែនោះមិនមែនជាលេសសម្រាប់ខឹងសម្បារ និងគួរឱ្យអស់សំណើច ដើម្បីបិទពួកគេដោយផ្អែកទៅលើហេតុផលមិនសមរម្យអំពីអ្នកដែលបានចុះហត្ថលេខាលើឯកសាររដ្ឋាភិបាលដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគី។
លោក Robertson ថ្លែងថា៖ «ការសម្រេចចិត្តដ៏ស្រពេចស្រពិល និងមិនសមហេតុផលនេះ ស្ទើរតែបិទបាំងចេតនាពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់លើសេរីភាពសារព័ត៌មាន»។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៣ ខែកុម្ភៈ របស់ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចំនួន៩៣ រួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) បណ្ដាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា(CFJ) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា(OPCC) សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(COMFREL) ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដទៃទៀត បានសម្ដែង ការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញា-ប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា៖ «យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់»។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯងពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥។
សេចក្តីថ្លែងការណ៍នេះបន្ថែមថា៖ «ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី នៅមុនការបោះ-ឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្ដិ៍ ក្នុងឆ្នាំ២០១៨»។
ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងប្រទេសជាង១០របស់សហភាពអឺរ៉ុបបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាដែលរដ្ឋាភិបាលបានសមេ្រចដកអាជ្ញាប័ណ្ណសារព័ត៌មាន VOD ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេស។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បានសរសេរថា៖ «សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឱ្យសាធារណជន និងអ្នកសម្រេចចិត្ត ឱ្យដឹងការពិត ហើយធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ»។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ «អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលសារព័ត៌មាន VOD បានធ្វើសេចក្តីរាយការណ៍ដោយមិនលម្លៀង ហើយឈរលើការពិត លើបញ្ហាដែលបម្រើប្រយោជន៍ប្រជាជនកម្ពុជា»។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប បានលើកឡើងថា៖ «ការសម្រេចចិត្តនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងពហុនិយម ដែលមានសារៈសំខាន់សម្រាប់សង្គមបើកចំហ និងសេរីណាមួយ។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌»៕